ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ខ្មែរ​ថា ​កម្ពុជា​ដើរតួ​សំខាន់​ក្នុង​បញ្ហា​អាស៊ាន​និង​សមុទ្រ​ចិន​ខាងត្បូង


រូបភាពឯកសារ៖ លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។
រូបភាពឯកសារ៖ លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

លោក ​ហោ ណាំហុង​ នៅ​ថ្ងៃ​អាទិត្យនេះ​​ បានថ្លែង​កោត​សរសើរ​តួនាទី​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រប​សម្រួល​វិវាទ​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ និង​​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ត្រៀម​ខ្លួនធ្វើ​សមាហរណ​កម្ម​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អាទិត្យនេះ បានថ្លែង​កោត​សរសើរ​តួនាទី​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រប​សម្រួល​វិវាទ​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ និង​បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​សមាហរណ​កម្ម​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (Asean Economic Community)។​

ប៉ុន្តែ អ្នក​វិភាគ​យល់​ថា​ ប្រទេស​កម្ពុជា​គួរ​ប្រកាន់​ជំហរ​អព្យាក្រិត្យ នៅ​ក្នុង​ជម្លោះ​មួយ​នេះ។​ រីឯ​ការ​ត្រៀម​ខ្លួន​របស់​យុវជន​ខ្មែរ​ទៅ​ក្នុង​សមាគម​អាស៊ាន​ ក៏ត្រូវ​បាន​អ្នក​មើល​ឃើញ​ថា​ មាន​ភាព​យឺតយ៉ាវ​ ហើយ​រដ្ឋាភិបាល​គួរ​ពន្លឿន​គោល​នយោបាយ​បណ្តុះ​បណ្តាល​យុវជន​ខ្មែរ​ឲ្យ​មាន​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ធុនធ្ងន់​ ដើម្បី​បញ្ចៀស​មិន​ឲ្យ​យុវជន​ខ្មែរ​នៅ​តែ​ប្រើ​កម្លាំង​បាយ​ក្នុង​ការ​ធ្វើការ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​ធ្វើ​បាឋកថា​ស្តីពី​យុវជន​ និង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ នៅ​ឯវិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ លោក ហោ ណាំហុង​ មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​ជួយ​ឲ្យ​សម្រេច​បាន​នូវ​សេចក្ដី​ថ្លែង​ការណ៍​រួម​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ឆ្នាំ​២០០២​ដែលហៅ​ថា (​DOC)។​ លោក​បាន​ហៅ​ការ​សម្រេច​បាន​នូវ​សេចក្តី​ថ្លៃង​ការណ៍​នេះ​ថា​ ជា​កិច្ច​ការ​ប្រវត្តិសាស្រ្ត​ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន។​

«យើង​បាន​ខិត​ខំ​សម្រេច​បាន​នូវ​ឯកសារ DOC ​នេះ​ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន។ នេះ​ជា​ឯកសារ​ប្រវត្តិសាស្រ្ត​ ដោយ​សារ​សព្វ​ថ្ងៃ​នេះ​ ពី​២០០២​រហូត​ដល់​២០១៥​នេះ គឺ​១៣​ឆ្នាំ​ ហើយ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ទាម​ទារ​អធិបតេយ្យ​ភាព​ក្នុង​សមុទ្រ​ខាង​ត្បូង​នៅ​តែ​ទាម​ទារ​ឲ្យ​អនុវត្ត​ពេញ​លេញ​នូវ​ DOCនេះ»។​

ទាក់ទិន​នឹង​ការត្រៀម​ខ្លួន​របស់យុវជន​ខ្មែរ​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែល​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ខែ​ធ្នូឆ្នាំ​២០១៥​ខាង​មុខ​នេះ​ លោក ហោ ណាំហុង ថ្លែង​ថា​ យុវជន​ខ្មែរ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​នេះ។​«ដោយ​សារ​យុវជន​ខ្មែរ​យើង​តំណាង​ឲ្យ​៣៥​ភាគរយ​នៃ​ប្រជាជន​ជាង​មួយ​ភាគ​បី​ ​ហេតុ​នេះ​យុវជន​មាន​តួនាទី​សំខាន់​ណាស់​ ក្នុង​ការ​ចូលរួម​កសាង​សហគមន៍​អាស៊ាន»។​

លោក​បញ្ជាក់​បន្ថែម​ថា ​យុវជនខ្មែរក៏ត្រូវ​រួម​ចំណែក​ក្នុង​ការ​ជួយ​កសាង​ប្រទេស​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ផង​ដែរ​ នៅ​មុនពេល​ដែល​ពួក​គេ​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន។​

លោក ហ៊ុន មានី ​កូន​ប្រុស​ទី​បី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​ជា​សមាជិក​សភាផង​ដែរ​នោះ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​យុវជន​ខ្មែរ​ត្រូវ​តែ​ត្រៀម​ខ្លួន​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចាប់​ពីពេល​នេះទៅ ដោយ​មិនត្រូវ​ចាំ​ដល់​ខែ​ធ្នូឆ្នាំ​២០១៥​នោះ​ទេ។​

«ខ្ញុំគិត​ថា​ យុវជន​ខ្មែរ​យើង​ ហើយ​ជាពិសេស​គឺ​ធនធាន​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ពោរ​ពេញ​ដោយ​សក្តានុពល​ ក៏​ដូច​ជា​គំនិត​ច្នៃ​ប្រឌិត។​ ក៏ប៉ុន្តែ អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​នោះ​ គឺទី​មួយ​គឺ​មិន​ត្រូវ​ចាំ​ដល់​ថ្ងៃ​៣១​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ពេល​យើង​ក្លាយ​ទៅ​ជា​សហគមន៍​អាស៊ាន​ នៅ​ថ្ងៃ​១​ខែ​មករា​ឆ្នាំ​២០១៦​ជា​ផ្លូវ​ការនោះ​ទេ។ តាមពិត​គឺយើង​ត្រូវ​ត្រៀម​ខ្លួន​ឯង​តែ​ម្តង​ ដោយ​ក្នុង​នោះ​គឺ​ការ​រៀន​សូត្រ​ រៀន​ភាសា​ឬ​ក៏​រៀន​ជំនាញ​ តែ​លើស​ពីនោះ​ថែម​ទៀត​បំផុសការ​យល់​ដឹង​ ហើយ​ស្វែង​យល់​ពី​សក្តានុពល​ និង​ឱកាស​នៅ​ក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​ស្រាប់»។​

នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ភាគខាង​ត្បូង​ ​ភាគី​នីមួយៗ​នៃ​សមាគមន៍​អាស៊ាន ​និង​ចិនបាន​ព្រម​ព្រៀង​គ្នាថា​ ត្រូវ​គោរព​ និង​អនុវត្ត​ការ​ទប់ចិត្ត​ (self-restraint)​ ដើម្បី​ចៀសវាង​ជម្លោះ​ និង​ចៀសវាង​ការតាំង​ទី​លំនៅ​លើ​កោះ​ដែល​សព្វ​ថ្ងៃ​គ្មាន​មនុស្ស​រស់​នៅ​ និង​តំបន់​ដែល​មាន​ការ​ប្រទាញ​ប្រទង់​ដទៃ​ទៀត។

ភាគី​ទាំង​ពីរ​ក៏​កំពុង​ធានា​ថា ​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាងត្បូង​មិន​បង្ក​បញ្ហា​ដល់​ទំនាក់ទំនង​ជាទូទៅ​រវាង​អាស៊ាន​និង​ចិន​ទេ។ ជាមួយគ្នា​នេះ​ដែរ ​ពួកគេ​ធ្វើ​ការ​ចរចា​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​ COC ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ខណៈ​ដែល​មាន​ការ​ពង្រីក​ការ​ជឿ​ជាក់​និង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។​

ចិនចង់​បាន​ជា​ចម្បង​ឲ្យ​មាន​ការ​រក្សា​ទំនាក់​ទំនង​រឹងមាំ​ជាមួយ​អាស៊ាន​ ហើយ​នឹង​រក្សា​កិច្ច​សហ​ប្រតិបត្តិការ​ចេញ​ពី​សេចក្តី​ថ្លែង​ការណ៍​រួម​ DOC ​ឆ្នាំ​២០០២​ ដែល​បាន​ទទូច​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​ មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជុំវិញ​បញ្ហា​សមុទ្រ​ចិនភាគ​ខាង​ត្បូង។​

លោក អ៊ូ វីរៈ​ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ខ្មែរ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​គួរ​យកគម្រូតាម​អតី​តព្រះ​មហា​ក្សត្រ​ខ្មែរ​គឺ​ព្រះ​បរម​រតនៈកោដ្ឋ​នរោត្តម​ សីហនុ​ ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អព្យាក្រិត្យ។

«យក​ល្អ​ ប្រទេស​កម្ពុជា​គួរ​រៀនសូត្រ​ទៅតាម​សម្តេច​តា​ គឺ​កុំ​ឲ្យ​មាន​គោល​ជំហរ​ទាល់​តែ​សោះ​តែម្តង​ក្នុង​រឿង​ជម្លោះ។​ បើយើង​កុំ​ឲ្យ​លូក​ដៃ​ទាល់​តែ​សោះ​ទាក់​ទង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជារឿង​ល្អ​ ព្រោះ​អី​យើង​លូក​ដៃ​យ៉ាង​ម៉េច​ក៏យើង​អត់​ចំណេញ​ដែរ»។​

សម្រាប់​កិច្ច​ការ​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​វិញ​ អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​យ៉ាង​ដិតដល់​រូប​នេះ​ ឲ្យ​ដឹង​ថា​ យុវជន​កម្ពុជា​នឹង​មាន​ភាព​យឺតយ៉ាវ​បន្តិច​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​ ហើយ​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ពន្លឿន​គោល​នយោបាយបណ្តុះ​បណ្តាល​ជំនាញ​នៅ​ក្នុង​វិស័យ​ធុន​ធ្ងន់​ ប្រយោជន៍​ដើម្បី​ឲ្យ​យុវជន​ខ្មែរ​គេច​ចេញផុត​ពី​ការ​ធ្វើ​ការ​ត្រឹម​តែ​ជា​កម្មករ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល។

«ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​ជំរុញ​វិស័យ​ឧស្សហ​កម្ម​ឲ្យ​បាន​ខ្លាំង​ ហើយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ដើម្បី​ឲ្យ​យុវជន​យើង​មាន​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង។ រឿងយុវជន​ត្រៀម​ខ្លួន​គឺ​គាត់​ត្រៀម​មិន​ងាយ​លឿន​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ គោលនយោបាយ​រដ្ឋាភិបាល​អាចលឿន​បាន​ ប្រសិន​បើ​មាន​ការ​ដឹក​នាំ​បាន​ខ្ពស់​ ហើយ​នៅ​ក្នុង​កំណែ​ទម្រង់​បាន​ខ្ពស់​ នៅ​ក្នុង​២​ និង​៣ឆ្នាំ​ខាង​មុខ​នេះ»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពីដើម​ខែ​សីហា​ បាន​ប្រតិកម្ម​ជា​ថ្មី​ថា​ វា​ជា​រឿង​មិន​សមរម្យ​ទេ​ក្នុង​ការ​ស្តី​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​ថា​ លម្អៀង​ទៅ​រក​ចិន​ ហើយ​មិន​អាច​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២​ក្នុង​ប្រទេស​កម្ពុជា ​មាន​លទ្ធផល ​ជាពិសេស​ក្រមប្រតិបត្តិ​ COC ។​ លោក​ថា​ ​ប្រទេស​ជាច្រើន​រាប់ទាំង​ ភូមា ​ប្រ៊ុយណេ​ និង​ម៉ាឡេស៊ី​ក៏​មិន​អាច​ធ្វើ​ឲ្យ​ចេញ​លទ្ធផល​បាន​ដែរ​ តែ​មិន​រង​ការស្តី​បន្ទោស​ទេ៕

XS
SM
MD
LG