មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាមួយរូបថ្លែងថា ការវាយប្រហាររបស់លោកប្រធានាធិបតី ស.រ.អា. ដូណាល់ ត្រាំ ទៅលើអ្នកកាសែត គឺជាការលើកទឹកចិត្តមួយសម្រាប់ប្រទេសរបស់លោកឲ្យពិនិត្យមើលព្រំដែននៃសេរីភាពក្នុងការបញ្ចេញមតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានព្រមានបណ្តាក្រុមហ៊ុនព័ត៌មាន ដែលមានរួមទាំងស្ថានីយវិទ្យុ២ ដែលបានទទួលថវិកាពីរដ្ឋាភិបាល ស.រ.អា. នោះថា អាជ្ញាធរកម្ពុជាប្រហែលជាអាចចាត់វិធានការណ៍ប្រឆាំងនឹងស្ថានីយវិទ្យុទាំង២នោះ ប្រសិនបើសេចក្តីរាយការណ៍របស់វិទ្យុទាំងពីរនេះ គំរាមកំហែងដល់ស្ថិរភាពនៃប្រទេសកម្ពុជា។
បណ្តាញផ្សាយព័ត៌មានធំៗទាំងអស់ក្នុងប្រទេសកម្ពុជា គាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់ពេល ៣ ទសវត្សរ៍មកហើយនោះ ជាស្រេចរួចទៅហើយ។
លោក ផៃ ស៊ីផាន បានធ្វើអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុននៅលើទំព័រ Facebook របស់លោកថា លោក ត្រាំ បានផ្ញើរសារមួយយ៉ាងច្បាស់លាស់ថា របាយការណ៍របស់អ្នកកាសែតវិជ្ជាជីវៈខ្លះ មិនបានឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែងទេ។ លោកថ្លែងថា លោក ត្រាំ ចង់និយាយថា « សេរីភាពនៃការបញ្ចេញមិតិយោបល់ ត្រូវតែស្ថិតនៅក្នុងដែនកំណត់នៃច្បាប់ និងត្រូវតែគោរពដែនអំណាចរដ្ឋ ក្នុងកិច្ចទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ រាប់ទាំងផលប្រយោជន៍និងសន្តិភាពជាតិ»។
លោក ផៃ ស៊ីផាន បានព្រមានស្ថានីយវិទ្យុល្បីល្បាញ៣ គឺស្ថានីយវិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី និង វិទ្យុ VOA ដែលឧបតម្ថថវិកាដោយរដ្ឋាភិបាលស.រ.អា. ជាមួយនឹងបណ្តាញផ្សាយព័ត៌មានដទៃទៀតដែលមិនបញ្ចេញឈ្មោះ «ត្រូវតែពិចារណាសារជាថ្មីចំពោះការប្រើប្រាស់រលកអាកាស ក៏ដូចជាបោះពុម្ភផ្សាយមុនពេលរាជរដ្ឋាភិបាលមានចំណាត់ការ ឆ្លើយតបទៅនឹងព័ត៌មានបំផ្លៃការពិត ញុះញង់ដែលគំរាមគំហែងដល់ស្ថិរភាព និង សន្តិភាពរបស់កម្ពុជា»។ អាណត្តិនៃស្ថានីយវិទ្យុដែលស.រ.អា.គាំទ្រទាំង២នេះ គឺដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និង ការចែកចាយព័ត៌មានដោយសេរី។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គការឯករាជ្យមួយទទួលមូលនិធិពីសំណាក់បណ្តាប្រទេសផ្តល់ជំនួយនោះ បានកត់សម្គាល់ថា អង្គការអ្នកកាសែតគ្មានព្រំដែនដែលគាំទ្រវិស័យសារព័ត៌មាននោះ បានដាក់ប្រទេសកម្ពុជាក្នុងលំដាប់ថ្នាក់លេខ ១២០ ក្នុងចំណោមប្រទេសចំនួន ១៨០ សម្រាប់សេរីភាពសារព័ត៌មាន ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងងាយស្រួលសម្រាប់អ្នកយកព័ត៌មានធ្វើការនោះទេ៕