គម្រោងមួយលានលានដុល្លាររបស់លោកប្រធានាធិបតី Donald Trump ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបែកបាក់របស់សហរដ្ឋអាមេរិក គឺជាប្រធានបទ សំខាន់នៅក្នុងកិច្ចប្រជុំអភិបាលរដ្ឋទូទាំងប្រទេសចំនួនបីថ្ងៃ នៅរដ្ឋធានីវ៉ាស៊ីនតោន។
កំណែទម្រង់វិស័យសុខាភិបាល អប់រំ ភាពអត់ឃ្លានរបស់កុមារ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក៏ជាគោលនយោបាយសំខាន់ ដែលនឹងត្រូវបានគេពិភាក្សាផងដែរ នៅក្នុងការប្រជុំរបស់សមាគមអភិបាលរដ្ឋថ្នាក់ជាតិ រដូវរងាប្រចាំឆ្នាំរបស់គណៈអភិបាលរដ្ឋ មកពីគណបក្សទាំងពីរ នេះបើយោងតាមសមាគមអភិបាលរដ្ឋថ្នាក់ជាតិ។
កាលពីថ្ងៃសុក្រ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Jerry Brown បានប្រកាសពីគម្រោង ៤៣៧ លានដុល្លារ សម្រាប់គ្រប់គ្រងទឹកជំនន់ និងឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ បន្ទាប់ពីមានការព្រួយបារម្ភពីការបាក់ទំនប់ ដែលបានបង្ខំឲ្យមានការជម្លៀសប្រជាជនប្រមាណ ២០ម៉ឺននាក់៕