ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ព័ត៌មាន​របស់​លោក Trump បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​តបត​ខ្លាំងក្លា


ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​បន្ទប់ខាងកើត​របស់​សេតវិមាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី ១៦ កុម្ភៈ ២០១៧។
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​បន្ទប់ខាងកើត​របស់​សេតវិមាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី ១៦ កុម្ភៈ ២០១៧។

ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងៗ​ជា​បន្ត​បន្ទាប់​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ទៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ខ្លាំងៗ​ដូច​គ្នា​នេះ​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅ​កន្លែង​ផ្សេងៗ​ទៀត។

លោក John McCain សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី Meet the Press របស់​ទូរទស្សន៍ NBC ថា៖ «ប្រសិន​បើ​អ្នក​ចង់​រក្សា​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​ត្រូវតែ​មាន​សារព័ត៌មាន​ដែល​មាន​លក្ខណៈ​សេរី និង​ភាគ​ច្រើន​មាន​លក្ខណៈ​ប្រឆាំង។ ប្រសិន​បើ​គ្មាន​ដូច្នេះ​ទេ ខ្ញុំ​ខ្លាច​ថា យើង​នឹង​បាត់​បង់​សេរីភាព​ផ្ទាល់​ខ្លួន​របស់​យើង​បន្តិច​ម្ដង​បន្តិច​ម្ដង។ នេះ​ជា​លក្ខខណ្ឌ​ដែល​បណ្ដាល​ឲ្យ​មាន​មេដឹកនាំ​ផ្ដាច់​ការ​កើត​ឡើង​បាន»។

ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក Trump បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter ដោយ​បាន​ចាត់ទុក​ប្រព័ន្ធ​ព័ត៌មាន​កំពូលៗ​ថា​ជា «សត្រូវ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង» មក​លោក​បាន​បន្ត​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​នៅ​ឯ​ការ​ជួបជុំ​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida។

លោក Trump បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​រាប់​ពាន់​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលម្ង៉ៃ​យ៉ាង​ដូច្នេះ​ថា៖ «ប្រព័ន្ធ​ព័ត៌មាន​នានា​បាន​ក្លាយ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​បញ្ហា។ ប្រព័ន្ធ​ព័ត៌មាន​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ពុករលួយ។ នៅ​ពេល​ដែល​ប្រព័ន្ធ​ព័ត៌មាន​កុហក​ប្រជាពលរដ្ឋ ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ទាំង​នោះ​រួច​ខ្លួន​នោះ​ទេ។ ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា​ប្រព័ន្ធ​ព័ត៌មាន​ទាំង​នោះ​មិន​អាច​រួច​ខ្លួន​បាន»។

លោក Adam Schiff សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​នៅ​ក្នុង​កម្មវិធី This Week របស់​ទូរទស្សន៍ ABC ថា៖ «នេះ​ជា​អ្វី​ដែល​អ្នក​ឮ​ពួក​មេដឹកនាំ​ផ្ដាច់ការ​និយាយ នៅ​ពេល​ដែល​ពួក​គេ​ចង់​គ្រប់គ្រង​ព័ត៌មាន​ទាំង​អស់»៕

XS
SM
MD
LG