ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​​ជំរុញ​សភា​អឺរ៉ុប​​វាយ​តម្លៃ​ស្ថាន​ភាព​ដោយ​​ផ្អែក​លើ​ការ​ពិត


រូបឯកសារ៖ បុរស​ម្នាក់​បរ​ម៉ូតូ​កាត់​មុខ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ បុរស​ម្នាក់​បរ​ម៉ូតូ​កាត់​មុខ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋសភាកម្ពុជា​ដែល​មាន​តំណាង​រាស្រ្ត​ទាំង​អស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​និង​តុលាការ ក្នុង​ការ​ចាប់​ខ្លួន​និងកាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង ហើយ​ជំរុញ​ឲ្យ​សភា​អឺរ៉ុបវាយ​តម្លៃ​ស្ថាន​ភាព ដោយ​ផ្អែក​លើ​ការ​ពិត។

នេះ​ជា​ការ​ឆ្លើយ​តប​មួយ​របស់​រដ្ឋសភា​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កាន់​អំណាច​របស់​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន ទៅ​នឹងញត្តិ​មួយ​របស់​សភា​អឺរ៉ុប ដែល​បាន​ទាម​ទារ​ឲ្យបញ្ចប់​សវនា​ការទ្រង់​ទ្រាយ​ធំ​លើ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង និង​អ្នក​គំា​ទ្រ និង​ជំរុញ​ឲ្យ​មាន​ការ​ស្តា​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​ផ្សះ​ផ្សា​ជាតិ​មួយ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១៧ ខែមីនា រដ្ឋសភា​កម្ពុជា​បញ្ជាក់​ថា​ កម្ពុជា​មាន​ «សិទ្ធិ​អនុវត្ត​នូវ​គោល​នយោបាយ​ស្វ័យ​សម្រេច​របស់​ខ្លួន ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ» ដោយ​ការពារការ​កាត់​ទោស​សកម្ម​ជន និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ថា​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ពាក់ព័ន្ធនានា​របស់​ប្រទេស។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា៖ «យើង​ខ្ញុំ​មិន​អាច​អត់​ឱន​បាន​ឡើយ​ចំពោះ​រាល់​ចេតនា​និង​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​មាន​បំណង​បង្ក​ការ​រំខាន​ដល់​សុខ​សន្តិភាព​និង​ស្ថិរភាព ​ដែល​ខិត​ខំ​រក​បាន​ដោយ​លំបាក​របស់​កម្ពុជា»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​៖ «រាល់​ការ​ប៉ុន​ប៉ង​រៀបចំផែន​ការ​បះ​បោរ តាម​រយៈ​ការ​ប្រើ​ភាសា​បរិហារ​កេរ្តិ៍ ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា ក៏​ដូច​ជា​ការ​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោក​ឈរ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​ត្រូវ​តែ​ធ្វើ​ការ​ថ្កោល​ទោស​ជា​ដាច់​ខាត»។

រដ្ឋសភា​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា​ «ប្រជាធិប​តេយ្យ​រូបនីយ៍កម្ម​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់ ហើយ​មិន​អាច​វិល​ត្រឡប់​ថយ​ក្រោយ​បាន​ឡើយ​»។ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់សភា​អឺរ៉ុប ដែល​បានជំរុញ​ឲ្យ​ស្តាដំណើរ​ការ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រោយ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

រដ្ឋសភា​កម្ពុជា​បញ្ជាក់​ថា​៖ «ដូច្នេះ​យើង​ខ្ញុំ​សូម​ជំរុញ​ឲ្យ​សភា​អឺរ៉ុប​មេត្តា​វាយ​តម្លៃ​ប្រក​ប​ដោយ​សត្យានុ​ម័តិ​ចំពោះ​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា និង​សូម​បន្ត​ចូលរួម​សិក្សា​ស្វែង​យល់​អំពី​ក្រុម​បក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ឈរ​លើ​គោល​ការណ៍​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា ការ​គោរព​គ្នា និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក»។

កាល​ពី​សប្តាហ៍​មុន សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេចឬ​ញត្តិ​មួយ​ទាក់​ទងនឹង​ប្រទេស​កម្ពុជា ដោយ​អំពាវនា​វ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្រ្តី​បក្ស​ប្រឆាំង ទម្លាក់​ចោល​ការ​កាត់​ទោស​លើ​ពួកគេ និង​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ផ្សះ​ផ្សា​ជាតិ​មួយ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេចចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ដែល​បង្ហោះ​លើ​គេហ​ទំព័រ​សភា​អឺរ៉ុប។

ក្នុង​ញត្តិ​នោះ សភា​អឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ កាល​ពី​ពេល​ថ្មីៗ​នេះ។

បើ​តាម​ញត្តិ​នោះ សភាអឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ដែល​បាន​សម្រេច​ដកប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ឬ​ EBA ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​មុន តាម​ដានយក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជានិង​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​ការ​ដក ​EBA ​មួយ​ផ្នែក។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តបតាម​សារ​អ៊ីមែល​ពី​លោកស្រី ​Carmen Moreno ឯក​អគ្គ​រដ្ឋ​ទូត​របស់​សហភាពអឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​ ជា​ធម្មតា​មុន​នឹង​ចេញសេចក្តី​ថ្លែង​ការណ៍​តំណាង​ប្រជាពលរដ្ឋ រដ្ឋ​សភា​កម្ពុជាត្រូវ​បើក​កិច្ច​ប្រជុំ ដើម្បី​ពិភាក្សា។ លោក​បន្ត​ថា​ សភា​អឺរ៉ុប​មាន​យន្ត​ការ​ច្បាស់​លាស់​ក្នុង​ការ​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

លោក​ប្រាប់​ VOA​ ថា៖ «តាម​ពិត​ទៅ​សមាជិក​សភារបស់​សហភាព​អឺរ៉ុប​ហ្នឹង គេ​មិន​មែន​ធ្វើ​ការអត់​មាន​បច្ចេក​ទេស អត់​មាន​ហេតុ​ផល អត់​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ទេ»។

លោក ប៉ា ចន្ទ​រឿន បន្ថែម​ថា​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ ត្រូវ​តែ​បង្ហាញ​ «អំពី​ឆន្ទៈ​និង​ការ​ប្តេជ្ញាចិត្ត​ពិត​ប្រាកដ» នៅ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្តា​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ។ លោក​បញ្ជាក់បន្ថែម​ថា​ញត្តិ​របស់​សភា​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ គឺ​ជា​ការ​បង្ហាញ​គោល​ជំហរ​របស់​សភា​អឺរ៉ុប​ឡើង​វិញ ហើយ​វា​ក៏​ជា​ «ការ​ពញ្ញាក់​ស្មារតី​ឡើង​វិញ» ដល់​រដ្ឋាភិបាល​កម្ពុជាផង​ដែរ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប ប្រាប់​VOA ​នៅ​សប្តាហ៍​នេះ​ថា​ជំហរ​របស់​សភា​អឺរ៉ុប គឺ​ «ដដែលៗ​» ដោយចង់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ។ លោក​បន្ត​ថា ​ជំហរ​របស់​រដ្ឋាភិបាល​មិន​អាច​យក​តាម​ការ​លើក​ឡើង​របស់​សភា​អឺរ៉ុប​បាន​ទេ។ លោក​បាន​ចោទ​សភា​អឺរ៉ុប​ថា​ «កាន់​ជើង​តែ​អ្នក​ខុស​ច្បាប់»។

លោក​បន្ថែម​ថា​លោក​សម រង្ស៊ី ​និង​លោក កឹម សុខា ​មិន​អាច​ដឹកនាំ​គណបក្ស​នយោបាយ​ណាមួយ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​ ២០២២ ​និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣​ បាន​នោះ​ទេ។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២០ សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន ​២០​%​ លើ​ទំនិញ​កម្ពុជា​ជា​ការ​ឆ្លើយ​តប​នឹង​«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ​» លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​តាម​ដាន​នៅ​កម្ពុជាបង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធនេះ​បន្ត​ទៀត ប្រសិន​បើ​មិន​មាន​ការ​ស្តា​លទ្ធិ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស តាម​ការ​ចង់​បាន​របស់​សហ​ភាព​អឺរ៉ុប៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG