ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​«រន្ធត់»​នឹង​ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ប្រតិកម្ម​ធ្ងន់ៗលើ​សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា ​ដែល​បាន​កាត់​ទោស​មេដឹកនាំ ​៩ ​រូប ​រួមទាំង​លោក​ សម រង្ស៊ី នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ ២០ ឆ្នាំ ទៅ​ដល់ ២៥ ឆ្នាំ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយនៃ​ក្រុមអ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​បួនរូប​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ចេញ​ផ្សាយ​ថ្ងៃទី​៥ ​ខែមីនា បាន​រៀបរាប់​ថា៖​ «យើង​មាន​ការ​រន្ធត់​ចិត្ត​ ចំពោះ​ការ​កាត់​ទោស​ជនជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​វែង និង​មិន​សមាមាត្រ​ដែល​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់»។

ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​ អ.ស.ប ក៏​បាន​គូស​បញ្ជាក់រួមគ្នា​ផងដែរ​ថា៖ «ដំណើរ​ការ​ជំនុំ​ជម្រះ​ទាំង​មូល មាន​ភាព​មិន​ប្រក្រតី និង​បំពាន​យ៉ាង​ច្បាស់​ទៅ​នឹង​ច្បាប់​អន្តរជាតិ រួមទាំង​ការ​ជំនុំ​ជម្រះ​ដែល​មិន​បាន​ប្រព្រឹត្ត​ទៅ​ជា​សាធារណៈ»។

ក្រុម​អ្នក​ជំនាញ​ទាំង ៤ រូប ដែល​ក្នុង​នោះ​រួមមាន​លោក​ស្រី រ៉ូណា ស្មីត អតីត​អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដូច្នេះ​ បួន​ថ្ងៃ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​សាលក្រម​កាត់ទោសកំបាំង​មុខ​ ល​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ភរិយា​គឺ​លោកស្រី ជូឡុង សូមូរ៉ា ឲ្យជាប់​ពន្ធនាគារ​រយៈពេល ២៥ឆ្នាំ​ម្នាក់ និងកាត់​ទោសអ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​បក្ស​នេះ ​៧ នាក់​ទៀត រួមមាន​លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និង​លោក នុត រំដួល ដោយ​ម្នាក់​ៗជាប់​ពន្ធនាគារ​ចាប់​ពី ២០ ​ឆ្នាំ ដល់ ២ ៥ឆ្នាំ។

ឥស្សរជន​នយោបាយ​ទាំង​ ៩ នាក់​នេះ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ «ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» និង​«បទ​ឧបឃាត» ក្រោម​មាត្រា ​២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពួកគេ​មក​កាន់​ប្រទេស​កម្ពុជា កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

ពួកគេបាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស បន្ទាប់​ពីបក្ស​ប្រឆាំង​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ​មុនការ​បោះឆ្នោតឆ្នាំ ២០១៨ ។ គណបក្ស​ប្រជាជនកម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បានឈ្នះអាសនៈទាំងអស់​ក្នុងរដ្ឋសភា ប៉ុន្តែមិន​បានធ្វើ​ឲ្យ​ក្រុមជំទាស់ ​ដែលខ្លះ​កំពុង​ជាប់ឃុំ​និងភៀស​ខ្លួនទៅ​ក្រៅប្រទេស​នោះ​ ទទួលស្គាល់​លទ្ធផល​នោះឡើយ។

នៅ​ក្នុង​ពេល​ប្រកាស​សាលក្រម ដែល​មាន​តែ​វត្តមាន​មេធាវី​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី១ ខែមីនា ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់ ​៩ ​នាក់ ដែល​ជា​ជន​ជាប់​ចោទ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​សំខាន់ៗ រួម​មាន​សិទ្ធិបោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​និង​សិទ្ធិ​បំពេញ​ការងារ​ជា​មន្ត្រី​ក្រប​ខណ្ឌ​មុខ​ងារ​សាធារណៈ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ប្រចាំ អ.ស.ប ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល «ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ពួកគេ​ឡើងវិញ និង​ធានា​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​ឱកាស​ស្មើគ្នា ​ដើម្បី​ចូលរួម​ក្នុង​ជីវិត​នយោបាយ»។

តុលាការ​កម្ពុជា​តែង​តែ​រង​ការ​រិះគន់​ថា​ មាន​ភាព​លម្អៀង​ទៅខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រងការ​ចោទ​ប្រកាន់​ពីក្រុមជំទាស់​ថា ជា​ឧបករណ៍​មួយ​របស់​រដ្ឋាភិបាល ​ក្នុងការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​ខាង​នយោបាយ និង​សិទ្ធិមនុស្ស។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​នេះ​ចេញ​ផ្សាយ​ ក្រោយ​ពេល​ដែល​មាន​ភាពចម្រូង​ចម្រាស​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សប្រចាំ​ឆ្នាំ​លើកទី ៤៦​ នៅសប្តាហ៍នេះ​រវាងឧត្តមស្នងការ​សិទ្ធមនុស្ស​អ.ស.ប និង​អ្នក​តំណាង​កម្ពុជា​នៅ​ឯ​ អ.ស.ប ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស។

​មន្ត្រី អ.ស.ប​ បានលើក​ឡើងចំៗ​អំពីការ​រឹតត្បិតខាង​សេរីភាព​នានា​ ការចុះ​ខ្សោយ​លំហ​សេរីភាព​សង្គម​ស៊ីវិល​ដ៏ធ្ងន់ធ្ងរ ការ​គ្មាន​សមាមាត្រនៃសភា​ ការប្រើ​ប្រាស់​អំណាច​រដ្ឋដើម្បី​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ សិទ្ធិ​ជួបប្រជុំ​ សិទ្ធិ​ទទួល​បានព័ត៌មាន​ និង​សិទ្ធិផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​ដែល​អ្នក​ពាក់ព័ន្ធ​រងការ​បង្ក្រាប​ចោទ​ប្រកាន់​ទោស​ពីបទ​ព្រហ្មទណ្ឌ​នោះ។

ប៉ុន្តែ អ្នក​តំណាង​កម្ពុជា​បាន​ថ្លែងការពារស្ថានភាពសិទ្ធិមនុស្ស​កម្ពុជា​និង​សេរីភាព​នានា៕

XS
SM
MD
LG