ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​ ខណៈ​មិន​មាន​ដំណោះស្រាយ​នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃគ្នា នៅមុខរដ្ឋសភា ក្រោយកិច្ចប្រជុំរួមគ្នាមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

សភា​អឺរ៉ុប​បានអនុម័ត​សម្រច​មួយ​ទាក់​ទងនឹង​ប្រទេស​កម្ពុជា ដោយអំពាវនា​វ​ឲ្យបញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្រ្តី​បក្ស​ប្រឆាំង ទម្លាក់​ចោល​ការ​កាត់​ទោស​លើ​ពួកគេ និង​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ផ្សះ​ផ្សា​ជាតិ​មួយ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ ឬញត្តិ ចុះ​ថ្ងៃ​ទី​ ១១ ខែមីនា ដែល​បង្ហោះលើគេហទំព័រសភា​អឺរ៉ុប។

ក្នុងញត្តិ​នោះ សភាអឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ​២០ ឆ្នាំ កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រោយ​ពី​ការ​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្រ្តី​បក្ស​ប្រឆាំង សភា​អឺរ៉ុប​ ក៏ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ផ្សះផ្សា​ជាតិមួយ​ផង​ដែរ។

ញត្តិ​ដដែល​ឲ្យ​ដឹងតាមសេចក្តី​ដើម​ថា៖ «អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​ដំណើរ​ការ​មួយ​នៃ​ការ​ផ្សះ​ផ្សា​ជាតិ តាម​រយៈ​ការ​សន្ទនា​ពិត​ប្រាកដ​ និង​មាន​ការ​ចូលរួមពី​បក្ស​នយោបាយ​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល»។

បើ​តាម​ញត្តិនោះ សភាអឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ ដែល​បាន​សម្រេច​ដកប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ឬ​ EBA ​ពី​កម្ពុជា ​កាល​ពី​ឆ្នាំ​មុន តាម​ដានយក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា និង​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​ការ​ដក​ EBA ​មួយ​ផ្នែក។

បន្ថែម​ពី​នេះ សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​រដ្ឋសមាជិក​ទាំង​អស់​ព្យួរ​ជំនួយ​ហិរញ្ញវត្ថុ​ទ្វេ​ភាគី​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ទាំង​អស់​ ហើយ​ផ្តោត​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​វិញ។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២០ សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន ​២០​%​ លើ​ទំនិញ​កម្ពុជា​ ជា​ការ​ឆ្លើយ​តប​នឹង​ «ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ ញត្តិ​របស់​សភា​អឺរ៉ុប​នេះ ត្រូវ​បាន​អនុម័ត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ​៦១០ សំឡេង​ប្រឆាំង​ ៤៣ និង​អនុបវាទ​ ៣៧ លើ​សំឡេង​សរុប​ ៦៩០។

រូបឯកសារ៖ ក្រុមអ្នកគាំទ្រ ​គណបក្ស​សង្គ្រោះជាតិ​កាន់​រូបថត​លោក សម រង្សុី​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ក្រុមអ្នកគាំទ្រ ​គណបក្ស​សង្គ្រោះជាតិ​កាន់​រូបថត​លោក សម រង្សុី​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

លោក Phil Robertson អនុប្រធាន​ផ្នែក​តំបន់​អាស៊ី​នៃ Human Rights Watch បាន​ចាត់​ទុកភាសា​ក្នុង​ញត្តិ​របស់​សភា​អឺរ៉ុប​មាន​លក្ខណៈ​ធ្ងន់។ លោក​បន្ថែម​ថា​ សមាជិក​សភា​អឺរ៉ុប​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ខ្លាំង​ក្លា​ សម្រាប់​គោល​នយោបាយ​ការ​បរទេស​អឺរ៉ុប​ ដើម្បី​បញ្ចប់​ការ​កាត់​ទោស​ទ្រង់​ទ្រាយ​ធំ​លើ​បក្ស​ប្រឆាំង ការ​ដោះ​លែង​សកម្មជន​នយោ​បាយ ​សិទ្ធិ​មនុស្ស និង​ការ​ស្តា​ឡើង​វិញ​នៃគណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ កាល​ពី​ឆ្នាំ​ ២០​១៧។

លោក​ ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​នៃសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មាន​ប្រសាសន៍​ថា​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ នោះ​គួរ​មាន​ការ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ តាម​សំណើ​របស់​សភា​អឺរ៉ុប។ លោក​បន្ត​ថា​ បណ្តា​ប្រទេស​លោកសេរី​ផ្តល់​ជំនួយ​ដល់​កម្ពុជា ក៏​ដោយ​សារ​កម្ពុជា​បានប្តេជ្ញា​ជាមួយ​កិច្ច​សន្យា​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​ បណ្តា​ប្រទេស​ទាំង​អស់​ហ្នឹង គេ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​សិទ្ធិ​របស់​គេ​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​លទ្ធភាព។ មាន​ន័យ​ថា ​ប្រទេស​ណា គេ​អាច​ធ្វើ​អី​បាន ​គេ​នឹង​ធ្វើ ដើម្បី​ឲ្យកម្ពុជា​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ»។

លោក​ក៏​បារម្ភអំពី​វិធាន​ការ​បន្ត​ទៀត​របស់​សហភាព​អឺរ៉ុប​និង​បណ្តា​ប្រទេស​ផ្សេងៗ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ «ដែល​មិន​មាន​តម្លៃ​ជា​សកល​អាច​ទទួល​យក​បាន​ពី​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​នោះ​ទេ»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប​ មាន​ប្រសាសន៍​ថា​ ជំហរ​របស់​សភា​អឺរ៉ុប គឺ​ «ដដែលៗ​» ដោយចង់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ។ លោក​បន្ត​ថា ​ជំហរ​របស់​រដ្ឋាភិបាល​មិន​អាច​យក​តាម​ការ​លើក​ឡើង​របស់​សភា​អឺរ៉ុប​បាន​ទេ។ លោក​បាន​ចោទ​សភា​អឺរ៉ុប​ថា​ «កាន់​ជើង​តែ​អ្នក​ខុស​ច្បាប់ »​។

លោក​មាន​ប្រសាសន៍​ថា៖ «អត់​និយាយ​ដល់​រឿង​ចរចា​ទេ ជាប់​គុក​សិន។ ទើប​តែ​កាត់​ទោស​ថ្មីៗ​ផង មក​ចង់​ស្តា​អ្នក​ជាប់​គុក​ម៉េច។ ខ្ញុំ​ដូច​ឆ្ងល់​ដែរ។ អឺរ៉ុប​ហ្នឹង​ វា​អត់​គោរព​ច្បាប់​ទេ តាម​មើល»។

បើ​តាម​លោក​សុខ ឥសាន​ លោក ​សម រង្ស៊ី ​និង​លោក កឹម សុខា ​មិន​អាច​ដឹកនាំ​គណបក្ស​នយោបាយ​ណាមួយ​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​ ២០២២ ​និង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ បាន​នោះ​ទេ។

លោក​ថ្លែង​ថា៖ « ២​ នាក់​ហ្នឹង​ អត់​មាន​ដាច់​ខាត​ហើយ ហើយ​ក្នុង​ចំណោម​ ១១៨​ ហ្នឹង ​(អ្នក​ដែល​ត្រូវ​កាត់​សិទ្ធិ​នយោបាយ) មាន​តែ ​១៤ ​នាក់ ​ដែល​មក​សុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ បើ​គាត់​ចង់​បង្កើត​គណបក្ស​សិទ្ធិ​របស់​គាត់​ទូលំទូលាយ»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិ​ធម៌ លើក​ឡើង​ថា ​ក្រសួង​នឹង​បន្ត​ពិភាក្សា​និងពន្យល់​អំពីនីតិវិធី​ច្បាប់​របស់​កម្ពុជា​ទៅ​សភា​អឺរ៉ុប ដោយ​ថា ​នេះ​ជា​ការ​អនុវត្ត​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ។

នៅ​ក្នុង​ញត្តិ​នោះ សភា​អឺរ៉ុប​ក៏​បាន​ជំរុញ​ឲ្យ​ពិចារ​ណា​មិន​យក​ប្រទេស​កម្ពុជា​រៀប​ចំកិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​ ១៣ ដែល​បាន​លើក​ពេល​ម្តង​រួច​ហើយ ដោយ​សារជំងឺ​កូវីដ​១៩ ប្រសិន​បើ​ប្រជា​ធិបតេយ្យ​មិន​ត្រូវ​បាន​ស្តា​ឡើង​វិញ៕

XS
SM
MD
LG