ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តន្រ្តីករ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​ ខណៈ​បរិយាកាស​នយោបាយ​តាន​តឹង


រូប​ថតតារា​ចម្រៀង​រ៉េប ឈុន ឌីម៉ី ដែល​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ Dymey-Cambo ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។

គ្មាន​អ្នកណា​ធ្លាប់​បាន​ស្គាល់​ ឬ​ឮ​ឈ្មោះ​របស់​លោក ឌីម៉ី ​ទេ​ រហូត​ទាល់​តែ​បទ​ចម្រៀង​រ៉េប​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញសង្គម​នានា​ ដែល​រួម​ទាំង​គណនី​ហ្វេសប៊ុក​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី ផងដែរ។

តារា​ចម្រៀង​ រ៉េប លោក ​ឈុន ឌីម៉ី​ នាពេលថ្មីៗ​នេះ​ហាក់​ដូចជា​បាន​ទាញ​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ គ្មាន​អ្នកណា​ធ្លាប់​បាន​ស្គាល់​ ឬ​ឮ​ឈ្មោះ​របស់​លោក ឌីម៉ី ​ទេ​ រហូត​ទាល់​តែ​បទ​ចម្រៀង​រ៉េប​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញសង្គម​នានា​ ដែល​រួម​ទាំង​គណនី​ហ្វេសប៊ុក ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី ផងដែរ។

ចាប់តាំង​ពី​ពេល​នោះ​មក​ ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ឳពុកម្តាយ​របស់​លោក ​ឌីម៉ី ​និង​ទៅ​កន្លែង​ធ្វើ​ការ​របស់​លោក។ សិល្បករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ​ឌីម៉ី ​ខេមបូ (Dymey-Cambo) បាន​សម្រេច​ចិត្ត​លុប​បទ​ចម្រៀង​របស់​លោក​ចេញ​ពី​គ្រប់​គណនី​បណ្តាញ​សង្គម​របស់​លោក។ បទ​ចម្រៀង​របស់​លោក​រៀបរាប់​ពី​បញ្ហាសង្គម ​និង​បញ្ហា​នយោបាយ​ជា​ច្រើន​ជំពូក​ ហើយ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​បទ​ចម្រៀង​រិះគន់​រដ្ឋាភិបាល។

លោក ឌីម៉ី​ បាន​ប្រាប់​កាសែត​ភ្នំពេញ​បុស្តិ៍​ថា៖ «ខ្ញុំ​ឈប់​និពន្ធ​បទចម្រៀង​បែប​នេះ​ទៀត​ហើយ។ ខ្ញុំ​នឹង​និពន្ធ​បទចម្រៀង​បែប​មនោសញ្ចេតនា​ ដែល​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ និង​រួបរួម​សាមគ្គី​គ្នា​វិញ»។

តាម​រយៈ​សារ​អេឡិចត្រូចនិក​ លោក ​សម រង្ស៊ី ​បាន​ហៅ​ការវិវត្តន៍​នៃ​រឿងរ៉ាវ​អ្នក​ចម្រៀង​រ៉េប​នេះថា​ ជា​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង។

លោក សម រង្ស៊ី ​និយាយ​សំដៅ​ដល់​នាយករដ្ឋមន្រ្តី​កម្ពុជា​ ដោយ​លោក​បាន​ថ្លែង​ថា​ឥឡូវ​នេះ​«សូម្បី​តែ​អ្នកសិល្បៈ ​និង​តន្រ្តីករ​ក៏​មាន​ការភ័យខ្លាច​ចំពោះ​ការវិវត្តន៍​ស្ថានការណ៍​នៅ​ក្នុង​សង្គម​គាប​សង្កត់​នេះ​ដែរ។ យើង​មិន​អាច​ទទួល​យក​បាន​ទេ​ ដែល​សូម្បី​តែ​អ្នក​សិល្បៈ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដោយ​របប​លោក ហ៊ុន សែន ដែរ»។

កញ្ញា ​Vartey Ganiva​ ដែល​ជា​តន្រ្តីករ​ម្នាក់​នៅ​កម្ពុជា​បាន​យល់​ពី​មូលហេតុ​ដែល​លោក ឈុន ឌីម៉ី សម្រេច​លុប​បទ​ចម្រៀង​របស់​លោក​ចេញ​ពីគណនី និង​ត្រឡប់​ទៅ​និពន្ធ​បទ​សម្រៀង​បែប​មនោសញ្ចេតនា​វិញ។ បទច្រៀង​របស់​កញ្ញា​រៀប​រាប់​ពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ ដូចជា​សិទ្ធិស្រ្តី​ និង​បញ្ហា​បរិស្ថាន​ជាដើម ប៉ុន្តែ​កញ្ញា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យពេចន៍​នៅ​ក្នុង​បទ​ចម្រៀង​ទាំង​នោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA ​កញ្ញា ​Vartey Ganiva​ បាន​និយាយ​ថា ​កញ្ញា​មាន​ក្តី​បារម្ភថា​ បើសិន​ជា​កញ្ញា​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ប្រើ​ប្រាស់​ពាក្យពេចន៍​នៅ​ក្នុង​បទ​ចម្រៀង​ទេ​នោះ​ ​ប៉ូលិស​នឹង​ចុះ​ទៅ​សាកសួរ​នៅ​ផ្ទះ​របស់​កញ្ញា​ដូច​ជា​ករណី​របស់​លោក​ ឌីម៉ី ដែរ។

កញ្ញា​បាន​ពន្យល់​អំពី​យុទ្ធសាស្រ្ត​របស់​កញ្ញា​ ដើម្បី​ជៀសវាង​ការ​ប្រឈម​ជាមួយ​នឹង​អាជ្ញាធរ​ ដោយ​កញ្ញា​បាន​លើក​ឡើង​ថា «ខ្ញុំ​និពន្ធ​បទចម្រៀង​ក្នុង​ន័យ​វិជ្ជមាន។ ខ្ញុំ​មិន​និពន្ធ​បទចម្រៀង​ដែល​រៀប​រាប់​អំពី​បញ្ហា​រសើប​ក្នុង​សង្គម​ទេ។ ​ខ្ញុំ​មិន​និពន្ធ​បទចម្រៀង​ដែល​ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល​ទេ។

ខ្ញុំ​និពន្ធ​បទ​ចម្រៀង​ដែល​រៀប​រាប់​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង​នានា។ ប៉ុន្តែ​ខ្ញុំ​មិន​សរសេរ​ត្រង់ៗ​អំពី​រដ្ឋាភិបាល​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​យល់​ថា​ ហេតុអ្វី​បាន​ជា​យើង​មាន​បញ្ហា​បរិស្ថាន​ដូច​សព្វ​ថ្ងៃ​នេះ។ តើ​វា​កើតឡើង​ដោយ​សារ​អ្វី? ថា​តើ​វា​កើត​ឡើង​ដោយសារ​តែ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ​ ឬ​ដោយសារ​ការកើន​ឡើង​ការ​ប្រើ​ប្រាស់​បា្លស្ទីក​ជាដើម»។

នៅ​ពេល​សួរ​ថា​ តើ​កញ្ញា​ធ្លាប់គិត​ថា​កញ្ញា​ត្រូវ​ត្រួត​និពិត្យ​ និង​ត្រូវ​កំណត់​ពីការ​បញ្ចេញ​មតិ​របស់​ខ្លួន​ដែរ​ឬទេ? កញ្ញា​បាន​ឆ្លើយ​ថា «ខ្ញុំ​ចង់​មាន​ន័យ​ថា​ អ្នក​អាច​យល់​ហើយ​ថា ខ្ញុំ​មិន​អាច​ប្រើ​ពាក្យ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល​ទេ​ ព្រោះ​ថា​ខ្ញុំ​ក៏ចង់​ការពារ​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ចង់​បន្ត​អាជីព​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​នេះ​ឲ្យ​បាន​យូរ​ត​ទៅ​ទៀត​ ដូច្នេះ​បើសិន​ជា​ខ្ញុំ​សរសេរ​អ្វីប៉ះ​ពាល់​ដល់​រដ្ឋាភិបាល ​នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​អាជីព​របស់ខ្ញុំ​ និង​បង្ក​បញ្ហា​ផ្សេងៗ​ដល់​ខ្ញុំ»។

កញ្ញា ​Vartey Ganiva​ បាន​និយាយ​បន្ត​ថា កញ្ញា​ត្រូវ​តែ​ប្រយ័ត្ន​ដោយសារ​តែ​កញ្ញា​គិតថា​ ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​មិនការពារ​អ្នកសិល្បៈ​បាន​គ្រប់គ្រាន់​ទេ។ អ្នកស្រី ​Naly Pilorge​ នាយិកាអង្គការសិទ្ធិមនុស្ស​លីកាដូ​ បានថ្លែងថា ជារឿយៗ​ច្បាប់​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល។

អ្នកស្រី Naly Pilorge​ បាន​ប្រាប់​ VOA ថា៖ «ករណី​របស់​លោកឌីម៉ី ​បាន​ឆ្លុះ​បញ្ចាំង​ពី​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​និន្នាការ​របស់​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​បំភិត​បំភ័យ​ និង​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​លើ​ប្រជាពលរដ្ឋខ្មែរ​ ជាពិសេស​គឺ​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត។ នៅ​ស្រប​ពេល​ដែល​សិល្បៈ​គឺ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ដើម្បី​អាច​ឲ្យ​គេ​សំដែង​មតិ​ និង​គួរ​តែ​ត្រូវ​បាន​ការពារ​ដូច​ទៅ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែរ​នោះ​ យើង​ក៏​អាច​មើល​ឃើញ​ផង​ដែរ​ថា ​រប​បផ្តាច់ការ​កំពុង​ខ្លាច​វេទិកា​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ចាំ​បាច់​ត្រូវ​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់​បំផុត»។​

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី ​ភឿង សក្ខណា​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សុំអតា្ថធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ។

ទោះ​បី​ជា​កញ្ញា​ Vartey Ganiva ​មានអារម្មណ៍​ថា​កញ្ញា​ត្រូវ​ប្រយ័ត្ន​ក្នុង​កា​រប្រើ​ប្រាស់​ពាក្យ​ពេចន៍​នៅ​ក្នុង​បទ​ចម្រៀង​របស់​កញ្ញា​ក៏​ដោយ​ ក៏​កញ្ញា​ពេញចិត្ត​ចំពោះ​ការងារ​របស់​កញ្ញា​ដែល​មាន​សារ​ដ៏​មាន​អត្ថន័យ​និង​ច្បាស់​លាស់។

កញ្ញា​បាន​បញ្ចាក់​ប្រាប់​ថា៖ «ការវិវត្តន៍​ស្ថានការណ៍​នា​ពេលបច្ចុប្បន្ន​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​ខ្ញុំ​បន្តិច​បន្តួច​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​និពន្ធ​បទចម្រៀង​ដែល​មាន​អត្ថន័យ​ល្អ។ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​សិល្បករថ្មីៗ​ផ្តោត​លើ​ការ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ មិន​មែន​ចម្លង​ពី​គេ​ទេ។ គេ​អាច​តែង​បទ​ចម្រៀង​ដែល​មានអត្ថន័យ​ផ្សេងៗ​បាន​ច្រើន​ក្រៅ​ពី​បទចម្រៀង​អំពី​រឿង​ស្នេហា»៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG