ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយ​មួយ


ផ្ទាំង​កុំព្យូទ័រ​មួយ​បង្ហាញ​ពី​គេហទំព័រ​សារព័ត៌មាន Tuoi Tre ដែល​ត្រូវ​បាន​បិទ​ដោយ​អាជ្ញាធរ​នៅ​ការិយាល័យ​សារព័ត៌មាន​មួយ​នេះ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ផ្ទាំង​កុំព្យូទ័រ​មួយ​បង្ហាញ​ពី​គេហទំព័រ​សារព័ត៌មាន Tuoi Tre ដែល​ត្រូវ​បាន​បិទ​ដោយ​អាជ្ញាធរ​នៅ​ការិយាល័យ​សារព័ត៌មាន​មួយ​នេះ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ការណ៍​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្អាក​ប្រតិបត្តិការ​របស់​គេហទំព័រ​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយ​មួយ​ដែល​គេ​ស្គាល់​ថា​ជា​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​រឿងរ៉ាវ​​នានា​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត គឺ​ជា​វិធានការ​ថ្មី​ចុងក្រោយ​បំផុត​មួយ​របស់​រដ្ឋាភិបាល​វៀតណាម​នៅ​ក្នុង​ការ​បង្កើន​កិច្ច​ប្រឹងប្រែង​​ដើម្បី​ដាក់​កំហិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របប​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​កន្លង​ទៅ​នេះ ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍ បាន​បិទ​គេហទំព័រ​ព័ត៌មាន​មួយ​ដែល​មាន​ឈ្មោះ​ថា Tuoi Tre សម្រាប់​រយៈពេល ៣ ខែ។ គេហទំព័រ​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​បាន​រាយការណ៍​បញ្ហា​ជា​ច្រើន​ដូចជា​បញ្ហា​អំពើ​ពុករលួយ​ជាដើម។

គេហទំព័រ Tuoi Tre ក៏​ជា​សារព័ត៌មាន​មួយ​ផង​ដែរ ដែល​គ្រប់គ្រង​ដោយ​សហជីព​យុវជន​កុម្មុយនិស្ត​ហូជីមិញ និង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ គេហទំព័រ​នេះ​ត្រូវ​បាន​គេស្នើ​ឲ្យ «កែ​តម្រូវ​ព័ត៌មាន​មិន​ពិត» និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៩ ពាន់ ៥ រយ​ដុល្លារ​អាមេរិក។នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Viet Nam News។

ការ​ផ្អាក​គេហទំព័រ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋសភា​វៀតណាម​បាន​អនុម័ត​ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត​ដែល​ជា​ច្បាប់​មួយ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ និង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំពោះ​អ្នក​សរសេរ​ប្លុក​ដែល​សរសេរ​ចោទ​សួរ​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម។

លោក Murray Hiebert នាយក​រង​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​និង​កិច្ចការ​អន្ដរជាតិ CSIS នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​គួរតែ​កត់​សម្គាល់​ទុក​ចំពោះ​បញ្ហា​នេះ។

លោក Hiebert បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​បិទ​គេហទំព័រ Tuoi Tre នេះ​គឺ​ជា​ការ​ព្រមាន​មួយ​ដែល​សំដៅ​ឆ្ពោះ​សារព័ត៌មាន​នេះ និង​សារព័ត៌មាន​ផ្សេងៗ​ទៀត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។ រដ្ឋាភិបាល​វៀតណាម​មាន​ការ​វិលវល់​ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សរសេរ​ប្លុក​នានា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ»។

ភាព​ប្រយ័ត្ន​ប្រយែងចំពោះ​សេរីភាព​បញ្ចេញ​មតិ

លោក Hiebert បាន​និយាយ​ថា ចាប់​តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម និង​បណ្ដាញ​សង្គម​បាន​រាយការណ៍​អំពី​ការ​ងាប់​របស់​ត្រី​សមុទ្រ​ជា​ច្រើន​ដែល​ដែល​បណ្ដាល​មក​ពី​ការ​បំពុល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​រោងចក្រ​ដែក​ថែប​មួយ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​តៃវ៉ាន់​កាល​ពី ២ ឆ្នាំ​មុន​មក រដ្ឋាភិបាល​វៀតណាម​បាន​បង្កើន​ការ​គ្រប់គ្រង​លើ​អត្ថបទ​ព័ត៌មាន​នានា។

លោក Hiebert បាន​បន្ថែម​ថា ក្រុម​មន្ត្រី​សន្តិសុខ​វៀតណាម​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន «ដើម្បី​ពិភាក្សា​រក​វិធី​គ្រប់គ្រង​អ៊ីនធឺណិត​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន»។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ត្រួត​ពិនិត្យដ៏​តឹងតែងលើ​អត្ថបទ​នានា​នៅ​លើ​អ៊ីនធឺណិត។ ខុស​ពី​ប្រទេស​ចិន ប្រទេស​វៀតណាម​មិន​សូវ​ទប់ស្កាត់​គេហទំព័រ​ផ្សេងៗ​ប៉ុន្មាន​ទេ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​អ្នក​សរសេរ​ប្លុក​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​សាធារណជន​អំពី​អំពើ​ពុករលួយ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បរាជ័យ​ក្នុង​ការ​សម្រេច​កិច្ចការ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​នានា។ អ្នក​សរសេរ​ប្លុក​ម្នាក់​ដែល​បាន​បញ្ជាក់​ថា បញ្ហា​ត្រី​សមុទ្រ​ងាប់​ទាំង​នោះ​គឺ​បណ្ដាល​មកពី​រដ្ឋាភិបាល​ដ៏​ទន់​ខ្សោយ​នោះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ កាល​ពី​ឆ្នាំ​មុន។

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត «ច្បាប់គ្រប់គ្រង​សន្តិសុខ​តាម​អ៊ីនធឺណិត» កាល​ពី​មួយ​ឆ្នាំ​មុន ដើម្បី​ឲ្យ​ខ្លួន​អាច​មាន​អំណាច​បន្ថែម​ទៀត​ដើម្បី​ហាម​ឃាត់​រាល់​អត្ថបទ និង​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​រដ្ឋាភិបាល។ នៅ​ទី​បំផុត បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​របស់​បរទេស​នានា​ប្រហែល​ជា​តម្រូវ​ឲ្យ​ផ្ទុក​ទិន្នន័យ​របស់អ្នក​ប្រើប្រាស់​ជនជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​វៀតណាម និង​លុបចោល​អត្ថបទ​ដែល​ហាម​ឃាត់​ទាំង​នោះ «ភ្លាមៗ» ប្រសិន​បើ​មាន​ការ​ស្នើ​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Hiebert។

អ្នក​ខ្លះ​ខ្លាច​ថា បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ប្រហែល​ជា​កន្លះ​ឆ្នាំ​ខាង​មុខ​នេះ​មក ច្បាប់​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលវៀតណាម​ស្នើ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​នានា​ឲ្យ​ចែក​រំលែក​ព័ត៌មាន​អំពី​អ្វី​ដែល​អ្នក​ប្រើ​ធម្មតា​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត។ ច្បាប់​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​វៀតណាម​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក Frederick Burke ដែល​ជា​ដៃគូ​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie នៅ​ក្នុង​ទីក្រុង​ហូជីមិញ បាន​ថ្លែង​ថា៖ «ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិតនេះ​ពិតជា​បង្កើន​នូវ​ហានិភ័យ​បន្ថែម​ទៀត​សម្រាប់​អ្នក​ដែល​បង្ហោះ​សារ​នៅ​លើ​អ៊ីនធឺណិត។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត»។

លោក Burke បាន​និយាយ​ថា ការ​ផ្អាក​គេហទំព័រ Tuoi Tre នេះ គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​ក្នុង​ប្រទេសវៀតណាម។

ស្វែងរក​ការ​ឯកភាពជាតិ

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​បញ្ជាក់​កាល​ពី​ទី ១៩ ខែ​កក្កដា​កន្លង​ទៅ​នេះ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្អាក​គេហទំព័រ​ព័ត៌មាន​នេះ​ថា ខ្លួន​មាន​ការ «ភ្ញាក់ផ្អើល​ដែល​ឃើញ​ដូច្នេះ។ បន្ទាប់ពី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មក អាជ្ញាធរ​ពេល​នេះ​កំពុង​សំដៅ​ទៅ​លើ​អ្នក​ដែល​ធ្វើ​តាម​គោលការណ៍​របស់​គណបក្ស។

លោក Carl Thayer សាស្ត្រាចារ្យ​ឯកទេស​ខាង​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា គេហទំព័រ Tuoi Treត្រូវ​បាន​ផ្អាក​គឺ​ដោយសារតែ​សេចក្ដី​រាយការណ៍​មួយ​របស់​គេហទំព័រ​នេះ ដែល​បាន​ដកស្រង់​សម្ដី​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ។

លោក Carl Thayer បាន​និយាយ​ថា របាយការណ៍​នោះ​បាន​សរសេរ​ថា លោក​ប្រធានាធិបតី Tran Dai Quang មាន «ការ​អាណិត​អាសូរ» ចំពោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក Carl Thayer បាន​បន្ថែម​ថា អ្នក​ដែល​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឱ្យ «ប៉ះពាល់​ដល់​ឯកភាព​ជាតិ»។

រដ្ឋាភិបាល​វៀតណាម​មាន​មោទនភាព​នៅ​ក្នុង​ការ​បង្រួបបង្រួម​វៀតណាម​ខាងជើង និងវៀតណាម​ខាង​ត្បូង ដែល​វៀតណាម​ទាំង​ពីរ​បាន​បែក​ជា​ពីរ​ដូច​នេះ​រហូត​ទាល់តែ​ពេល​ដែល​ពួក​កុម្មុយនិស្ត​បាន​ឡើង​កាន់​អំណាច​កាល​ពី​ទសវត្សរ៍ ១៩៧០។

លោក Trung Nguyen ព្រឹទ្ធបុរស​ដេប៉ាតឺម៉ង់​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ នៅ​ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ប្រហែល​ជា​ខឹង​សម្បារ​ចំពោះ​ការ​រាយការណ៍​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អំពើ​ពុករលួយ។

រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ពី​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា Petro Vietnam ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដែល​ករណី​នេះ​ជា​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ហៅ​ថា​ជា​វិធានការ​ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​ឃើញ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោស​សម្អាត​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​វៀតណាម​ទូទៅ​បាន​អំពាវនាវ​ចង់​បាន​រដ្ឋាភិបាល​ស្អាតស្អំ​ជាង​មុន​មួយ ដោយសារតែ​ពួកគេ​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អំពើ​សូក​ប៉ាន់​ឲ្យ​ប៉ូលិស និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​កើត​ឡើង​នៅ​ក្នុង​ដំណើរការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម។

សារ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​កាល​ពី​ពេល​នោះ​ថា នៅ​ឯ​សន្និបាត​មួយ​កាល​ពី​ខែ​ឧសភា គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដើម្បី​តាមដាន​ពិនិត្យ​មើល​សមាជិក​របស់​ខ្លួន​ដោយ​តឹងរ៉ឹង​បំផុត​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ណា​មួយ​ឡើយ។

លោក Nguyen បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ​នៅ​ក្នុង​សង្គម «ដោយ​មិន​លម្អៀង» ប៉ុន្តែ​ត្រូវ​រាយការណ៍​តំណាង​ឲ្យ​រដ្ឋាភិបាល ក្នុង «សំឡេង​បង្រួប​បង្រួម» តែ​មួយ។

លោក Nguyen បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​វៀតណាម​នឹង​ចាត់​វិធានការ​គ្រប់គ្រង​ទាំងស្រុង​លើ​អត្ថបទ​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារតែ​ស្រប​ទៅ​តាម​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ កាសែត​ខ្លះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ផ្សព្វផ្សាយ​ជ្រុល​ហួសហេតុ​ពេក»៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG