លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមេដឹកនាំកូរ៉េទាំងពីរបន្តជំហានឆ្ពោះទៅមុខទៀត ដើម្បីស្វែងរកការចរចាមួយ ខណៈលោកបានរិះគន់ប្រទេសមួយចំនួនដែលលោកថា មិនសប្បាយចិត្តនឹងការត្រូវរ៉ូវគ្នារបស់ប្រទេសកូរ៉េទាំងពីរ។
មួយរយៈចុងក្រោយនេះ មេដឹកនាំរបស់កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានចាប់ផ្តើមបោះដៃរកគ្នាដែលជាសញ្ញាមួយសម្រាប់ការចរចារបស់កូរ៉េទាំងពីរនៅពេលខាងមុខ។ កាលពីថ្ងៃច័ន្ទក្រសួងបង្រួបបង្រួមកូរ៉េនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកីឡាអូឡាំពិករបស់កូរ៉េខាងជើងបានបើកទ្វារឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការគំរាមកំហែង ក៏ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនលើកច្រើនសាររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប៉ុន្តែសហអាមេរិកកំពុងរង់ចាំមើលសញ្ញាបន្តទៀត ហើយថា ទណ្ឌកម្មលើកូរ៉េខាងជើងនៅតែបន្តមាន និងនៅតែខ្លាំងដដែល។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅរាជធានីភ្នំពេញ លោក ហ៊ុន សែនបានថ្លែងថា ជំហររបស់កម្ពុជាគឺស្វាគមន៍ដំណើរការទៅមុខមួយនេះ ហើយបន្តលើកទឹកចិត្តឲ្យមានជំហានទៅមុខទៀត ដើម្បីអាចឈានទៅរកការចរចាមួយ។
លោកមានប្រសាសន៍ថា៖
«កុំចាំតែក្តៅ នាំគ្នាស្រែកជេរ ហើយដល់ត្រជាក់ បែរជានាំគ្នានៅស្ងៀម។ អីចឹងកម្ពុជាសូមនិយាយហើយ សូមថា អបអរសាទរជាមួយនឹងដំណើរទៅមុខរបស់កូរ៉េទាំងពីរដែលជាបងប្អូនខ្លួនឯង។ កាយវិការទាំងសងខាងនេះបានបង្ហាញឲ្យឃើញអំពីការចង់ស្រុះស្រួលគ្នា បើទោះបីជារបបនយោបាយមិនត្រូវគ្នា។ ក៏ប៉ុន្តែគឺអ្នកជិតខាងគ្នា»។
ស្របពេលនឹងការអបអរសាទរនេះ លោកហ៊ុន សែន ដែលមានទំនាក់ទំនងស្និទ្ធបំផុតនឹងប្រទេសចិន ក៏បានថ្លែងរិះគន់ប្រទេសមួយចំនួន ដោយមិនបញ្ចេញឈ្មោះ ដោយលោកថា ប្រទេសទាំងនោះមិនសប្បាយចិត្តនឹងការត្រូវរ៉ូវគ្នារបស់កូរ៉េទាំងពីរ។
លោកបានថ្លែងថា៖
«ក៏ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ យើងពិតជាមានការលើកទឹកចិត្តមួយ ដោយសារមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូង ដែលជាបងប្អូនជាមួយគ្នានេះ គេរកវិធីសន្ទនាគ្នា ដែលខ្ញុំគិតថា ប្រទេសមហាអំណាចទាំងអស់ មិនថា មហាអំណាច ឬក៏មិនមហាអំណាចទេ គួរតែត្រូវអបអរសាទរ និងលើកទឹកចិត្តឲ្យកូរ៉េទាំងពីរសហការគ្នា»។
លោកហ៊ុន សែនបានបញ្ជាក់បន្ថែមថា៖
«ខ្ញុំពិតជាមានការធុញទ្រាន់ និងទើសទាល់ជាមួយឥរិយាបថរបស់ប្រទេសខ្លះ ដែលឃើញកូរ៉េខាងជើង កូរ៉េខាងត្បូងត្រូវរ៉ូវគ្នា បែរជាសម្តែងការមិនសប្បាយចិត្ត ហើយរកវិធីដាក់គំនាបបន្ថែម។ គួរណាស់ពេលហ្នឹង ឲ្យតែសភាពការណ៍អ្នកទាំងពីរគេត្រូវគ្នាទៅ យើងជួយអរទៅ វាម៉េច?»
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា Arend Zwartjes មានប្រសាសន៍ថា ស្ថានទូតមិនមានការអធិប្បាយលើបញ្ហានេះទេ។
កាលពីថ្ងៃច័ន្ទ អនុប្រធានាធិបតីអាមេរិកគឺលោក Mike Pence ត្រូវបានដកស្រង់សម្តីដោយកាសែត Washington Post ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការភ្ជាប់ទំនាក់ទំនងដើម្បីឈានទៅរកការពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែលោកថា មិនមានទណ្ឌកម្មអ្វីដែលត្រូវបន្ធូរបន្ថយនោះទេ។
លោកបញ្ជាក់ថា៖
«ដូច្នេះយុទ្ធនាការដាក់សម្ពាធអតិបរមាគឺនឹងបន្តនិងធ្វើឲ្យរឹតតែខ្លាំងឡើង។ ប៉ុន្តែប្រសិនបើអ្នកចង់ចរចា យើងនឹងចរចា»។
កាលពីថ្ងៃច័ន្ទ រដ្ឋមន្រ្តីការបរទេសជប៉ុនគឺលោក Taro Kono ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានយល់ស្របជាមួយសមភាគីរបស់លោកគឺលោក Vivian Balakrishna ក្នុងការសហការគ្នាកុំឲ្យកូរ៉េខាងជើងដោះខ្លួនចេញពីទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីខែសីហា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំនៅប្រទេសហ្វីលីពីន បណ្តាប្រទេសសមាជិកអាស៊ានបានផ្ញើរ«សារខ្លាំងៗ»ទៅប្រទេសកូរ៉េខាងជើង លើបញ្ហាអាវុធនុយក្លេអ៊ែរ និងការបាញ់កាំជ្រួចមីស៊ីលជាបន្តបន្ទាប់។ ពួកគេបានលើកឡើងថា សមាជិករបស់ខ្លួនអាចដើរតួនាទីណាមួយនៅក្នុងការស្វែងរកសន្តិភាពដល់ឧបទ្វីបកូរ៉េ។
លោក Paul Chambers សាស្ត្រាចារ្យ និងជាទីប្រឹក្សាស្ដីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងប្រាប់ VOA ថា អាស៊ានអាច និងគួរតែមានសំឡេងមួយទៅលើបញ្ហានេះ តាមរយៈវេទិកាថ្នាក់តំបន់អាស៊ាន (ASEAN Regional Forum) ដែលធ្លាប់បានបំពេញការងារក្នុងការបញ្ចប់ភាពតានតឹងរវាងរដ្ឋអាស៊ានកាលពីអតីតកាល។
លោកបានប្រាប់ VOA តាមរយៈអ៊ីមែល ឬសារអេឡិចត្រូនិកថា៖
«តាមពិតទៅ ឥឡូវនេះ អាស៊ានគួរតែលើកតម្កើងនូវដំណោះស្រាយសម្រាប់ជម្លោះរបស់កូរ៉េទាំងពីរ តាមរយៈវេទិកាថ្នាក់តំបន់អាស៊ានពីមុន ដោយសារវេទិកានេះធ្លាប់ទទួលបានជោគជ័យកាលពីអតីតកាល ហើយស្នើវេទិកាថ្នាក់តំបន់នេះទៅភាគីទាំងពីរ ក្នុងការផ្សព្វផ្សាយថា អាស៊ានជាអ្នកសម្របសម្រួលមួយដែលគួរជឿជាក់សម្រាប់ការស្វែងរកសន្តិភាព»។
ជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាបានថ្កោលទោសការបាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា ខ្លួនមានការសោកស្តាយ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
រដ្ឋាភិបាលកម្ពុជាក៏បានទាមទារឲ្យកូរ៉េខាងជើង«អនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េខាងជើងបានបន្សល់ទុកតាំងពីព្រះបាទនរោត្តម សីហនុ អំឡុងសម័យកាលដឹកនាំដោយមេដឹកនាំផ្តាច់ការកូរ៉េខាងជើងគឺលោកគីម អ៊ីលស៊ុង ដែលកាលនោះបានសង់ព្រះរាជដំណាក់ថ្វាយព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧៤។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥ ហើយព្រះបរមរតនកោដ្ឋក៏ធ្លាប់មានអង្គរក្សជាជនជាតិកូរ៉េខាងជើងផងដែរ៕