ការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឲ្យមេដឹកនាំកូរ៉េខាងត្បូងលោក Moon Jae In ទៅធ្វើទស្សនកិច្ចនៅក្នុងទីក្រុងព្យុងយ៉ាង អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការទូតរបស់រដ្ឋាភិបាលលោក Trump ក្នុងការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើងឲ្យលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
លោក Kim Jong Un បានអញ្ជើញលោក Moon Jae In តាមរយៈប្អូនស្រីរបស់លោកគឺអ្នកស្រី Kim Yo Jong។ អ្នកស្រី Kim Yo Jong បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាផ្នែកមួយនៃការចូលរួមរបស់គណៈប្រតិភូកូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ម្សិលមិញ។
គំនិតផ្ដួចផ្ដើមផ្នែកការទូតរបស់កូរ៉េខាងជើងនេះបានកើតឡើងស្របពេលដែលមានការកើនឡើងនូវការដាក់សម្ពាធពីអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីដាក់សម្ពាធជាអតិបរមាទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកការទូតលើរបបដឹកនាំកូរ៉េខាងជើង។
កាលពីអតីតកាល កិច្ចប្រជុំរវាងកូរ៉េខាងពីរជារឿយៗបណ្ដាលឲ្យមានការផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ចដ៏ក្រាស់ក្រែលទៅឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប្រសិនបើលោក Moon Jae In ធ្វើតាមអ្វីដែលមេដឹកនាំកូរ៉េខាងត្បូងធ្លាប់ធ្វើកាលពីលើកមុន វាអាចប៉ះពាល់ដល់យុទ្ធនាការរបស់រដ្ឋាភិបាលលោក Trump ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់លោក Ken Gause ប្រធានក្រុមកិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌល Center for Naval Analyses។
លោក Bruce Klinger អតីតអ្នកវិភាគរបស់ទីភ្នាក់ងារ CIA ដែលនាពេលបច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Heritage Foundation បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចរំលោភលើការដាក់ទណ្ឌកម្មអន្តរជាតិក្នុងការផ្ដល់ជំនួយសេដ្ឋកិច្ចដល់រដ្ឋាភិបាលកូរ៉េខាងជើង៕