ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហា​ក្សត្រ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឲ្យ​​លោក​​គង់ គាំ​​និង​កូនប្រុស​ក្រោយ​ស្នើ​លោក​​ហ៊ុន សែន


រូបឯកសារ៖ លោក គង់ គាំ​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ ​នៅក្នុង​ពិធីបង្សុកូល​ រំឭក​ ខួប​លើកទី២០​ នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ ៥-៦​ កក្កដា​ នៅស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (VOA)
រូបឯកសារ៖ លោក គង់ គាំ​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ ​នៅក្នុង​ពិធីបង្សុកូល​ រំឭក​ ខួប​លើកទី២០​ នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ ៥-៦​ កក្កដា​ នៅស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (VOA)

ក្រោយ​ពី​លោក​​ គង់ គាំ​ ​និង​​កូន​ប្រុស​ គឺ​លោក​​ គង់ បូរ៉ា​​បាន​សរសេរ​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ​នៅ​សប្តាហ៍​នេះ ​​ព្រះ​មហា​ក្សត្រ ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​អ្នកទាំង​ពីរ ​​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។

ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ព្រះបាទ ​នរោត្ដម សីហមុនីបានត្រាស់​បង្គាប់​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់លោក គង់ គាំ ​អតីត​ប្រធាន​គណ​បក្ស​សម រង្ស៊ី​ និង​លោក គង់ បូរ៉ា​ ​អតីត​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​ពួក​គេ​បាន​សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្រ្តីដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​វិញ។​

តាម​ព្រះ​រាជក្រឹត្យចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចេញ​នៅ​ថ្ងៃទី​១៥​ខែមករាឆ្នាំ​២០១៩​ ​ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ត្រាស់​បង្គាប់​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដល់​លោកគង់ គាំ​ ​និង​កូន​ប្រុស​របស់​លោក​គឺ​លោកគង់ បូរ៉ា​ ​ក្រោយ​ពួកគេត្រូវ​បាន​តុលាការ​កំពូលព្យួរ​សិទ្ធិមិន​ឲ្យ​ធ្វើ​នយោបាយ​អស់​រយៈពេល​ជាង​១​ឆ្នាំ។​

មាត្រា១​នៃ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ដែល​ត្រាស់​បង្គាប់​ផ្តល់​សិទ្ធិ​ឲ្យ​ ​លោកគង់ គាំ​ ​បញ្ជាក់​ថា៖​

«ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​ឡើង​វិញ​ឲ្យ​ឈ្មោះគង់ គាំ​ ​ភេទ​ប្រុស​ ​កើត​ថ្ងៃ​ទី៦ខែ​មេសា​ឆ្នាំ​១៩៤១ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​នយោបាយ​ ​សម្រាប់​រយៈ​ពេល​៥ឆ្នាំ​ ​តាម​អំណាច​សាល​ដីកា​លេខ​០៣៤​(ឆ)​ចុះ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល»។​

ព្រះ​រាជក្រឹត្យ​របស់ព្រះ​មហា​ក្សត្រ​ដែល​ត្រាស់​បង្គាប់​ឲ្យ​លោកគង់ គាំ​ ​និង​លោកគង់ បូរ៉ាបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​ឳពុក​កូន​ទាំង​ពីរ​រូប​នេះបាន​សរសេរ​លិខិត​ស្នើ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ហើយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ស្នើ​បន្ត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ។​

លោក គង់ គាំ​ ​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​ ​និង​ជា​អតីត​មន្រ្តី​ជាន់ខ្ពស់​ចាស់​វស្សា​បក្ស​ប្រឆាំង​ បាន​ប្រាប់​ ​VOA នា​រសៀល​ថ្ងៃពុធ​នេះ​ថា​ ​លោក​សប្បាយ​ចិត្ត​ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ។​ ​លោក​បន្ថែម​ថា​ ​លោក​នឹង​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​កូន​ប្រុស​ពៅ​របស់​លោកជា​ប្រធាន​ ​នា​ចុង​ខែ​មករា​នេះ។​

លោក​បញ្ជាក់​ថា៖​

«ថ្នាក់​ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ហ្នឹង​តែងតែ​ចង់​ឲ្យ​ខ្ញុំ​បានរួម​ចំណែក​ជា​ព្រឹទ្ធា​ចារ្យ​អី​អ៊ីចឹង​ ​ប៉ុន្តែ​ដោយ​បានទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​អ៊ីចឹង​ ​គេ​ប្រុងប្រៀប​នឹង​ជួប​ពិភាក្សា​គ្នា​ ហើយ​នឹង​ផ្តល់​តួនាទីផ្លូវការ​ជាក់លាក់​ណាមួយ​ តែ​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកគង់ បូរ៉ាបាន​ទេ។​ ​យ៉ាងណាក្តី​លោកគង់ គាំ​ ​ដែល​ជា​ឪពុក​ ​បាន​ប្រាប់​វីអូអេ​ថា​ ​លោកគង់ បូរ៉ា​នឹង​ចូល​ធ្វើការ​ដែល​មាន​ក្រប​ខណ្ឌ​នៅ​ក្រសួង​កសិកម្ម​ស្រាប់​ឡើង​វិញ។​

ការ​សរសេរ​លិខិត​ស្នើ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​លោកគង់ គាំ​ ​និង​លោកគង់ បូរ៉ា​កើត​មាន​បន្ទាប់​ពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ វិសោធន​កម្ម ដែល​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​អាច​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញនោះ​ ​បាន​ចូល​ជា​ធរមាន​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៩​នេះ។​

ក្រៅពី​លោក គង់ គាំ​ ​និង​កូនប្រុស​របស់​លោក ​គេ​មិនទាន់​ឃើញ​មាន​មន្រ្តី​គណបក្ស​ប្រឆាំង​ផ្សេង​ទៀតដែល​ជាប់​បម្រាមនេះ​ ​សរសេរ​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​ឡើយ​ទេ។

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ជាប់​បម្រាម​លើក​ឡើង​ថា​ តុលាការ​កំពូល​ជា​អ្នក​សម្រេច​ដាក់​បម្រាម​ពួកគេ​ជា​កញ្ចប់ ​ក្នុង​ពេល​តែមួយ​ ​ដូច្នេះ​តុលាការ​ក៏​នឹង​ត្រូវ​តែ​លើក​លែង​បម្រាម​ពួកគេ​ជា​កញ្ចប់ ​ដោយ​មិន​មាន​ការ​ស្នើ​សុំ។​

កាលពី​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​របស់​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ តុលាការ​នេះ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈ​ពេល​៥​ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG