ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​​​ ណែនាំ​ឱ្យ​សមាជិក​សភា​អាស៊ី-ប៉ាស៊ីហ្វិក​រួមគ្នា​លើក​តម្កើង​សិទ្ធិ​មនុស្ស​


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧​ ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៩។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧​ ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៩។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)

ក្នុង​វេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី២៧​  ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ផ្តល់​អនុសាសន៍​​ទៅ​បណ្តា​ប្រទេស​​ចូលរួម​ទាំងអស់​ថា ​ត្រូវ​រួមគ្នា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ និង​កតិកា​សញ្ញា​ផ្សេងៗ​នៃ​អង្គការ​សហ​ប្រជា​ជាតិ។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ​ការ​ថ្លែង​នេះ​គ្រាន់តែ​ជា​ការ​បិទបាំង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​អន្តរ​ជាតិ​ចាត់​ទុក​ថា​ ជា​ប្រជាធិបតេយ្យ​ដែល​ខ្ទេចខ្ទី​តែ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ផ្តល់​អនុសាសន៍​ដល់សមាជិក​សភា​អាស៊ី-ប៉ាស៊ីហ្វិក​(APPF-27)​រួមគ្នា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ ​និង​កតិកា​សញ្ញា​ផ្សេងៗ​នៃ​អង្គការ​សហ​ប្រជា​ជាតិ។​

ក្នុង​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧​ ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​ ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ថា​ ​ក្រោម​នយោបាយ​ ​ឈ្នះ-ឈ្នះរបស់​លោក​ ​កម្ពុជា​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ​ ​និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការរីក​លូត​លាស់​ជា​បន្ត​បន្ទាប់។​ ​លោក​បាន​បន្ថែម​ដោយផ្តល់​ជា​អនុសាសន៍​សំខាន់​ចំនួន​៥​ចំណុច​ដល់​អ្នក​ចូលរួម​ ​ដែល​អ្នក​ជា​តំណាង​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាស៊ីហ្វិក​ប្រមាណ​ជា​ជិត​៣០ប្រទេសនោះ។ ​លោក​និយាយ​ថា​ ​ត្រូវ​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់​លើ​តួនាទី​អង្គការ​សហ​ប្រជា​ជាតិ​ ​តួនាទី​អាស៊ាន​ ​តួនាទី​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ ​និង​វិស័យ​ឯកជន។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​កាន់​អំណាច​ចំនួន​៣៤​ឆ្នាំ​មក​ហើយ​នោះ​ ​បញ្ជាក់​ពី​ចំណុច​ទី​២​នៃ​អនុសាសន៍​នោះ​ថា៖​

«ត្រូវ​រួមគ្នា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ ​និង​កតិកា​សញ្ញា​ផ្សេងៗ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​ជាពិសេស​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​ ​ឬ​បង្កើត​សកម្ម​ភាព​ខុស​ច្បាប់​ផ្សេងៗ​ ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ​ឬ​ភាព​វឹកវរ​ក្នុង​តំបន់ ​និង​ពិភព​លោក»។​

កម្ពុជា​កំពុងធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ ​លើក​ទី២៧​ ​ដែល​ធ្វើ​ឡើង​នៅក្នុង​ខេត្ត​សៀមរាប​ ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​១៧​ខែ​មករា​ ​ឆ្នាំ​២០១៩។​ ​វេទិកាក្រោម​ប្រធាន​បទ​«ពង្រឹង​ភាព​ជា​ដៃគូ​សភា​ដើម្បី​សន្តិភាព​ ​សន្តិសុខ​ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»នេះ​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​និងថ្នាក់​ដឹកនាំមួយ​ចំនួន​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ​និង​ពិភព​លោក។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​បន្ថែម​ក្នុង​វេទិកានោះ​ថា ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​ជម្លោះ​ដែល​កើត​ឡើង​ ​តាម​រយៈ​ការ​ចរចា​ដោយ​សន្តិវិធី​ ឬ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ ​ឬតាម​រយៈ​នយោបាយ​ឈ្នះ-ឈ្នះ​ ​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ទាំង​សង​ខាង​ឈ្នះ-ឈ្នះ ឬ​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​ ដោយ​សុខ​សន្តិភាព។​ ​ ត្រូវ​រួមគ្នា​ទប់ស្កាត់​ ​និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​ ​និង​មាន​ប្រសិទ្ធភាពនូវ​អំពើ​ភេរវ​កម្ម ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ។​ ​ត្រូវ​រួម​គ្នា​លើក​តម្កើង​វប្បធម៌ តាមរយៈ​ការ​ផ្លាស់ប្តូរ​ ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ទាំង​នៅក្នុង​តំបន់ ​និង​លើ​ពិភព​លោក​ ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

លោក​ មាស នី​ ​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យបាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ថ្លែង​ផ្តល់​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​គ្រាន់តែ​ជា​ការ​បិទបាំង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​អន្តរជាតិ​ចាត់ទុកថា ​ជា​ប្រជា​ធិបតេយ្យ​ដែល​ខ្ទេចខ្ទី​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា ​រដ្ឋ​បាល​របស់​លោក​ហ៊ុន សែនគួរ​តែ​អនុវត្ត​ការ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជា​ធិបតេយ្យ​ពេញ​លេញ ​ដើម្បី​ជាគំរូ​ពិត​ប្រាកដ​ជាមុន​សិន។​

លោក​បញ្ជាក់​ថា៖​

«បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​នូវ​អ្វី​ដែល​បាន​ថា​នោះ​ អានេះ​វា​ជា​ទិដ្ឋភាព​មួយ​ប្រសើរ​បំផុត​សម្រាប់ប្រទេស​ខ្លួន​ឯង​ផង សម្រាប់​ប្រទេស​ដទៃ​ដែល​បាន​ចូលរួម​ប្រជុំ​ផង។​ ​ប៉ុន្តែ​បើសិន​ជា​យើង​មិន​បាន​ធ្វើ​អាហ្នឹង​ទេ ​ហើយ​យើង​ដើរ​ប្រដៅ​គេ ​អាហ្នឹង​ដូច​ខ្មែរ​យើង​ហៅ​ថាគីង្គក់​លក់​ថ្នាំ​ស្រែង។​ ​រឿង​ផ្ទះ​ឯង​ដោះ​ស្រាយ​មិន​រួច​ ​ទៅ​ផ្តល់​យោបល់​ឲ្យ​គេ​អ៊ីចឹង»។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ទៅ​កាន់​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​នោះធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​រងនូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​ដោយសារ​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុម​សំឡេង​ប្រឆាំង ​អង្គការសង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។ ​ក្រោយ​ការ​ឈ្នះ​ឆ្នោត​ដោយ​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង គណ​បក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែនបាន​និង​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស។​

វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ជា​បណ្តុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។​ ​វេទិកា​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ​ក្នុង​ប្រទេស​ជប៉ុន​ ​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​២៧​ប្រទេស​ ​ដែល​ផ្តល់​ឱកាស​ដល់​សមាជិក​សភានៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ដើម្បី​ពិនិត្យ​ការវិវត្ត​ថ្មីៗ​ខាង​ផ្នែក​នយោបាយ​ ​សង្គម​ ​និង​វប្បធម៌​ ​ដែល​កើត​ចេញ​ពី​សមាហរណកម្ម​ ​និង​កំណើន​សេដ្ឋ​កិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG