លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃអាទិត្យ បានឲ្យដឹងថាការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែឧសភា ពោលគឺនៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃពុធ។ នេះបើតាមសារឆ្លើយឆ្លងរបស់លោក ហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News និងស្ថាប័នរដ្ឋនានារបស់រដ្ឋាភិបាល។
រដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ អស់រយៈពេលជិត៣សប្តាហ៍មកហើយ ពោលគឺមុនចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការបន្តឆ្លងរាលដាលជំងឺកូវីដ១៩។ ការបិទខ្ទប់នេះ ពីដំបូងឡើយមានរយៈពេល២សប្តាហ៍ ប៉ុន្តែត្រូវបានអូសបន្លាយមួយសប្តាហ៍ទៀត។
ក្នុងសារឆ្លើយតបទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ លោក ហ៊ុន សែន បានសរសេរថា«ពុំមានហេតុផល» ដែលបន្តបិទរាជធានីភ្នំពេញ និងបណ្តាខេត្តនោះទេ ប៉ុន្តែលោកថាតំបន់តូចៗដែលនៅមានហានិភ័យខ្ពស់នៃការឆ្លង នឹងត្រូវរឹតត្បិត។
លោក ហ៊ុន សែន បន្ថែមថា៖ «ការបិទកន្លងមក គឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ចប់ការបិទខ្ទប់នេះថាតើអាជ្ញាធរសុខាភិបាលអាចគ្រប់គ្រងជំងឺនេះបានឬយ៉ាងណា។ ប៉ុន្តែការឆ្លងថ្មីដែលប្រកាសដោយក្រសួងសុខាភិបាល នៅតែមានកម្រិតខ្ពស់ដដែលក្នុងមួយថ្ងៃ។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សជាង៧០០នាក់ឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះមានជាង៤៥០នាក់នៅរាជធានីភ្នំពេញ។ ចំណែកនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលក៏បានរាយការណ៍ការឆ្លងថ្មីជាង៨៤០ ហើយមានករណីស្លាប់ថ្មីចំនួន៤នាក់ ដែលនាំឲ្យករណីស្លាប់សរុបកើនឡើងដល់១០៦នាក់។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
អាជ្ញាធរបានបែងចែកទីតាំងឆ្លងនៅរាជធានីភ្នំពេញ ជា៣ ដោយកំណត់«តំបន់ក្រហម»ដែលសំដៅលើភូមិសាស្រ្តដែលមានការឆ្លងរាលដាលកូវីដ១៩ធ្ងន់ធ្ងរ «តំបន់លឿងទុំ» សំដៅលើតំបន់មានការរាលដាលកម្រិតមធ្យមនិង«តំបន់លឿង» សំដៅលើតំបន់មានការរាលដាលកម្រិតស្រាល។
នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃច័ន្ទនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថាក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញបន្ទាប់ពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរនៅតែរក្សាតំបន់ទាំង៣ឲ្យនៅដដែល ដោយមានការយាមកាមនិងរឹតត្បិតតឹងរ៉ឹង។ នេះបើតាមសារព័ត៌មានFresh Newsដែលបានដកស្រង់សម្តីរបស់លោក ឃួង ស្រេង។
នៅក្នុងការបិទខ្ទប់រាជធានីភ្នំពេញជិត៣សប្តាហ៍មកនេះ មនុស្សជាង៤០០នាក់ ក៏ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមាន១០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ហើយខ្លះត្រូវបានកាត់ទោសនិងខ្លះទៀតត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើយោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា។
លោកបានឲ្យដឹងថាចាប់ពីថ្ងៃទី១៥ ខែមេសា មកដល់ព្រឹកថ្ងៃទី៣ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ៤៣០នាក់ ដោយក្នុងនោះណែនាំអប់រំជាង៦០នាក់ និងពិន័យជាប្រាក់ប្រមាណ៣២០នាក់។ លោកបន្តថាសមត្ថកិច្ចរង់ចាំអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលថាតើនឹងបន្តបិទខ្ទប់ ឬបញ្ចប់ការបិទខ្ទប់នេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថាការគ្រប់គ្រងកុំឲ្យរីករាលខ្លាំងនៃជំងឺកូវីដ១៩ តាមរយៈការបិទខ្ទប់ទីក្រុង មានប្រសិទ្ធភាពគួរសម ហើយក៏ជាជម្រើសមួយដែរ។ ទោះជាយ៉ាងណា លោកថាវិធានការរបស់អាជ្ញាធរមិនច្បាស់លាស់ ហើយប្រជាជនមិនបានដឹងលម្អិតអំពីវិធានការ ដូច្នេះពួកគេពិបាកក្នុងការអនុវត្ត។
លោកមានប្រសាសន៍ថា៖ «ជួនកាល ការផ្លាស់ប្តូរលឿនពេក។ ការផ្លាស់ប្តូរពីវិធានការហ្នឹងលឿនពេក ហើយក៏ជ្រួតជ្រាបអត់ដឹងបានច្បាស់ទេបាទ»។
លោកបន្ថែមថា៖ «អញ្ចឹងខ្ញុំថារាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីហ្នឹង ត្រូវដាក់វិធានការណាមួយ គឺឲ្យមានភាពច្បាស់លាស់ និងប្រាកដប្រជា»។
លោក យង់ គិមអេង ក៏បានជំរុញឲ្យអាជ្ញាធរជួយដល់ប្រជាជនដែលរងគ្រោះគ្រប់គ្នា ឲ្យពួកគេទទួលបានអំណោយ ជាពិសេសពលរដ្ឋនៅតំបន់ក្រហម ដោយសារមិនអាចចេញទៅក្រៅបាន។ លោកបន្តថាការជួយដល់ប្រជាពលរដ្ឋលើបញ្ហាថ្លៃទឹក និងភ្លើង ក៏ត្រូវពិចារណាផងដែរ។
លោកបន្ថែមថា៖ «ក្នុងកាលៈទេសៈនេះ គួរតែជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះរដ្ឋគឺត្រូវតែមានកាតព្វកិច្ចជួយដល់ប្រជាពលរដ្ឋ ត្រូវទទួលខុសត្រូវនៅក្នុងកាលៈទេសៈដ៏លំបាក»។
លោក យង់ គិមអេង ក៏ជំរុញឲ្យរដ្ឋាភិបាលណែនាំឲ្យច្បាស់លាស់អំពីវិធានការក្រោយបញ្ចប់ការបិទខ្ទប់ ដើម្បីធានាថាប្រជាពលរដ្ឋអាចចូលរួមអនុវត្តបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមសហជីពនិងអង្គការសង្គមស៊ីវិលជាង៣០ កាលពីថ្ងៃទី២៨ ខែមេសា ពួកគេបានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩និងការបិទខ្ទប់តឹងរ៉ឹងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំឲ្យមានផលប៉ះពាល់បន្ថែមដល់ប្រជាពលរដ្ឋ។
ពួកគេបានស្នើដល់រដ្ឋាភិបាលដាក់ចេញកម្មវិធីផ្តល់ជំនួយសង្គម ជំនួយសង្រ្គោះបន្ទាន់ រួមមានស្បៀងអាហារនិងសម្ភារៈចំាបាច់ប្រចាំថ្ងៃនានាបន្ថែមទៀត ឲ្យទាន់ពេលវេលាក្នុងពេលនៃការបិទខ្ទប់ ជាពិសេសកម្មករនិងពលរដ្ឋខ្វះខាតក្នុង«តំបន់ក្រហម»។ ពួកគេក៏ស្នើឲ្យរៀបចំកន្លែងសមរម្យសម្រាប់អាជីវករ អ្នកលក់ដូរតាមដងផ្លូវ តាមទីផ្សារនិងនៅតាមទីសាធារណៈនានា ប្រកបដោយអនាម័យ និងសុវត្ថិភាពនៅនឹងកន្លែង។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាជ្ញាធរសុខាភិបាលនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលមានប្រមាណ៣លាននាក់ឲ្យបានរួចរាល់ក្នុងខែមិថុនា។ លោកបន្តថាពេលនេះ អាជ្ញាធរកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុង«តំបន់ក្រហម»៕