ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​ ខណៈ​​ម៉ាឡេស៊ី​​បាន​ដក​ខ្លួន


រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)
រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

រដ្ឋាភិបាល​ម៉ាឡេស៊ីបាន​សម្រេច​នៅ​សប្តាហ៍នេះ​លុបចោល​គម្រោង​ការកសាង​ផ្លូវ​ដែក​តម្លៃរាប់​សិប​ពាន់​លាន​ដុល្លារ​ដោយ​ហេតុថា គម្រោង​​ដែល​ផ្តល់​លុយ​ដោយ​ចិន​នេះ​ថ្លៃ​ពេក​។ ក៏ប៉ុន្តែ​ កម្ពុជា​នៅបន្ត​ជឿជាក់​លើ​ការ​រក​ស៊ីជាមួយ​​ចិន​ដដែល​ ពីព្រោះ​គម្រោង​របស់​ចិន​នឹង​អាច​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​បន្តទៀត។​

គ្រា​ដែល​រដ្ឋាភិបាលក្រុង​គូឡាឡាំពួ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​Mahathir Mohamad​ ​សម្រេច​លុប​ចោល​គម្រោង​ផ្លូវ​ដែកដែល​ផ្តល់​លុយ​ដោយ​ចិន​ ចំនួន​២០ពាន់​លានដុល្លារ​ជាផ្នែក​មួយ​គម្រោង​ផ្លូវ​ក្រវ៉ាត់ពាណិជ្ជក​ម្មរបស់​ប្រធានាធិបតី​ចិន​ ​ស៊ី ជីនពីង​ (​Xi Jinping)នោះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាលក្រុង​ភ្នំពេញ​ នៅបន្ត​យល់​ឃើញថា​ គម្រោង​ផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម​របស់​ចិន​ នឹង​រួម​ចំណែក​ដល់​ការ​រក្សា​សុខភាព​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អប្រសើរ។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ មាន​ប្រសាសន៍​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្ពុជា​សង្ឃឹម​ថា​ កម្ពុជា​នឹង​ទទួល​បាន​ការ​រីកចម្រើន​ពីគម្រោង​ ​ដែល​ពង្រីក​ការភ្ជាប់​រវាង​ប្រទេស​នានា​នៅ​ក្នុង​សាកល​លោក។​

«យើង​សង្ឃឹម​ច្បាស់​ ពីព្រោះ​ពិភពលោក​ ក៏ដូច​ជានៅក្នុង​តំបន់​ ដែល​យើង​ធ្វើ​អនុវត្ត​នូវ​ផែន​ការមួយ​ ​គេ​ហៅ​ថា​ ​ការ​តភ្ជាប់​ [connectivity] ហើយ​និង​ការ​ចល័ត​ ទាំង​កម្លាំង​ បច្ចេកទេស​ ទាំង​ចល័ត​ធនធាន​ដែល​យើង​មាន​នៅ​ខាង​ក្រៅ​ តាម​រយៈ​ថ្នល់​នេះ​ឯង​ ផ្លូវ​ថ្នល់​នេះ​ឯង​ជា​បន្ទាត់​ ដែល​វាផ្ទៀង​ផ្ទាត់​ឆ្លើយ​តប​នឹង​សេច​ក្តី​ត្រូវការ​របស់​ប្រទេស​ខ្មែរ​ ក៏ដូច​ជា​ស្ថិត​នៅ​ក្នុង​តំបន់​ ដែល​យើង​រៀប​ចំ​គោល​ការណ៍​អាស៊ាន​នេះឯង​ គឺការ​តភ្ជាប់​ ដែល​មាន​ស្ពាន​ថ្នល់​ ឬអ្វី​ៗ​ វាពាក់​ព័ន្ធ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​ អះអាង​ថា​ ប្រទេស​នៅអឺរ៉ុប​មួយចំនួន​ ក៏បាន​ចួលរួម​ជា​មួយ​ចិន​ ដើម្បី​អនុវត្តន៍​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​នេះ​ដែរ។

​«ការ​អភិវឌ្ឍន៍នេះ​នៅ​ក្នុង policy​នេះ​វាមាន​បារាំង​ ហើយ​និង​អង់គ្លេស​ក៏គាំទ្រ​ដែរ​ ​ហើយ​ឃើញ​ការណ៍​ដែល​ផ្លូវ​ថ្នល់​ដែល​ភ្ជាប់​ ពីប្រទេស​ចិន​រហូត​ទៅដល់​អង់គ្លេស​ ​មាន​រួច​ស្រេច​ទៅ​ហើយ​ មាន​រថភ្លើង​រត់​ចុះ​ រត់​ឡើង​ហើយ​បាទ»។

ទោះ​ណា​ជា​កម្ពុជា​មាន​សុទិដ្ឋិនិយម​ជាមួយ​គម្រោង​ផ្លូវក្រវ៉ាត់​ពាណិជ្ជកម្ម​នេះ​ក្តី​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ South China Morning Post ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង ហុង កុង​ បានពណ៌នា​ពី​ការសម្រេច​របស់​ប្រទេស​ម៉ាឡេស៊ី​ ក្នុងការ​លុបចោល​គម្រោង​សង់​ផ្លូវ​ដែក​ដ៏ធំ​ ដែល​គំាទ្រ​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​ចិន។

សេចក្តី​រាយការណ៍​របស់​កាសែត​ South China Morning Post​ ​ចេញផ្សាយ​កាលពីថ្ងៃសៅរ៍​ ទី​២៦​ ខែមករា​ ឆ្នាំ​២០១៩ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​មួយ​របស់​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ផាត់​ចោល​ គម្រោង​ផ្លូវ​ដែក​ប្រវែង​៦៨៨​គីឡូម៉េត្រ​ដែល​ផ្តល់​លុយ​ដោយ​ចិន​ ចំនួន​២០ពាន់​លាន​ដុល្លារ ដោយ​សារ​តែ​ការព្យាយាម​ចរចា​បញ្ចុះតម្លៃ​អនុវត្តន៍​គម្រោង​មិន​បាន​ជោគ​ជ័យ។​

កាសែត​នេះ​ បាន​ស្រង់​សម្តី​លោក​ Azmin Ali ​រដ្ឋមន្ត្រី​កិច្ច​ការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ក្នុងន័យដើម​ថា៖​

«គណៈរដ្ឋមន្ត្រី​បាន​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​ ដោយ​សារ​តែ​តម្លៃ​ការ​អភិវឌ្ឍ​ថ្លៃ​ពេក​ ហើយ​យើង​មិនមាន​សមត្ថភាព​ខាង​ហិរញ្ញវត្ថុ​នៅពេល​នេះ»។

រដ្ឋមន្ត្រីរូប​នេះ​ ត្រូវ​កាសែត​នេះ​ ស្រង់​សម្តី​ទៀតថា​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ នៅ​ពេល​នេះ​ ក៏កំពុង​ធ្លាក់​ក្នុង​បំណុល​ដ៏សម្បើម​ ដែល​បន្សល់​ទុកដោយ​រដ្ឋាភិបាល​ដ៏​អាស្រូវ​របស់​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក​ Najib Razak។​

កាសែត South China Morning Post បានរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ គម្រោង​ផ្លូវ​ដែក​ខាង​លើ​ នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ ចិន​ China Communications Construction Company (CCCC) ​ហើយ​៨៥​ភាគរយ​នៃ​លុយ​សម្រាប់​អនុ​វត្តន៍​គម្រោងនេះ​ ត្រូវបាន​ផ្តល់​ដោយ​ធនាគារចិន​ Export-Import Bank of China។ គម្រោង​នេះ​ ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជាមូលដ្ឋានគ្រឹះមួយ​ក្នុង​ចំណោម​មូលដ្ឋាន​គ្រឹះជាច្រើន​នៃការអនុវត្តគម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជក​ម្មរបស់​ប្រធានាធិបតី​ចិន​Xi Jinping។​

លោក Mahathir Mohamad ក៏ធ្លាប់​ត្រូវបាន​គេ​រាយការណ៍​កាលពីឆ្នាំ​២០១៨ ដោយ​ផ្អែក​លើ​ការ​អធិប្បាយ​លោក​ថា​ គម្រោង​ផ្លូវ​របស់​ចិន​មានតម្លៃ​២០​ពាន់​លាន​ដុល្លារ​នេះ​ ក៏អាច​នឹង​ធ្វើ​ឲ្យប្រទេស​របស់​ក្ស័យ​ធន​ផង​ដែរ​។​

ក្រៅ​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​គាំទ្រ​ដោយចិន​នេះ​ ដោយ​បារម្ភ​ពី​ផលវិបាក​ខាង​ហិរញ្ញវត្ថុ​ដែល​អាច​កើត​ឡើង​ក្រោយ​ការ​បញ្ចប់​គម្រោងនោះ​ មានប្រទស​មួយ​ចំនួន​ទៀត​ ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ ASEAN ​បាន​បង្ហាញ​ជំហរ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រកស៊ី​ជាមួយ​ចិន​ ដោយ​សារ​បារម្ភពី​ការ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។

សេចក្តី​រាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​មួយ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ភូមា​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​សម្រេច​បង្រួម​ឲ្យ​តូច​នៃគម្រោង​វិនិយោគ​កំពង់​ផែ​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ពីទឹកប្រាក់​ដល់​ទៅ​ ១០ពាន់​លានដុល្លារ​ មកត្រឹម​១,៣ពាន់​ដុល្លារ​អាមេរិក​ ដើម្បី​សង់​កំពង់​ផែ​ទឹកជ្រៅ​តាម​ដំណាក់កាល។ ការ​បង្រួម​គម្រោង​នេះ​ ធ្វើ​ឡើង​ដោយការ​បារម្ភថា​ ប្រទេស​ភូមា​ ឬមីយ៉ាន់​ម៉ា​អាច​ធ្លាក់​ក្នុង​ «អន្ទាក់​បំណុល​» របស់​ចិន​ ដូច​អ្វីដែល​ប្រទេស​ស្រីលង្កា​ (Sri Langka) និង​ប៉ាគីស្ថាន​ (Pakistan)បាន​ឆ្លង​កាត់​រួម​មកហើយនោះ​។​

កាលពី​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​ស្រី​លង្កា ត្រូវ​គេ​រាយការណ៍​ថា​ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ ​១,១​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​ដើម្បី​លក់​ភាគ​ហ៊ុន​មួយ​ភាគ​ធំ​នៃកំពង់​ផែ​ទឹកជ្រៅដ៏​ចម្រូង​ចម្រាស​មួយ​ ​ដើម្បី​កាត់បន្ថយ​បំណុល​របស់ខ្លួន​។​

សាងសង់​ឡើង​ដោយ​ប្រើ​កម្ចី​យ៉ាង​ច្រើន​ពី​ប្រទេស​ចិនក្នុង​ឆ្នាំ​២០១០ កំពង់ផែ Hambantota ​ត្រូវ​បាន​គេ​យល់​ថា​ជា គន្លឹះសម្រាប់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ ប្រកប​ដោយ​មហិច្ឆតារបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​គម្រោង​នេះ​គឺ​ មាន​បំណង​ភ្ជាប់​ផ្លូវ ​និង​កំពង់ផែ​ទូទាំង​ទ្វីប​អាស៊ី​ និង​អឺរ៉ុប ក៏​ដូចជា​ជំរុញ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួននៅ​តំបន់​មហា​សមុទ្រ​ឥណ្ឌា។

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ការ​ពារ​ថា​ កម្ពុជា​ នឹង​មិន​ស្ថិត​លើ​គន្លង​មួយ​ទៅរក​អន្ទាក់​របស់​ចិន​នោះ​ឡើយ។

«យើង​កុំ​យក​ពីគេ​មក​ដាក់​ខ្លួន​យើង​ យើង​មើល​ខ្លួន​យើង​ មើល​កញ្ចប់​ថវិកា​របស់​យើង មើល​គម្រោង​របស់​យើង​ តើ​គម្រោង​របស់​យើង​ហ្នឹង​ ឬ​ក៏​កម្ចី​របស់​យើង​ហ្នឹង វា​ឆ្លើយ​តប​សេច​ក្តី​ត្រូវការ​ពិត​ប្រាកដ​ទេ​ ឆ្លើយ​តប​នឹង​លទ្ធភាព​នៃការ​សង​បាន​ដែរ​ឬទេ​ ​យើង​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។

ប៉ុន្តែ​ ​លោកបណ្ឌិត​ ​មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​ ព្រមានថា​ គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​ អាច​បង្កើត​ជាបន្ទុកបំណុល​បន្ថែម​ទៀត​ ដល់​ប្រទេស​នានា​ដែល​ចូលរួម​ជាមួយ​គម្រោង​នេះ​ ដែល​ជា​មុខជំនួញរបស់​ចិន​ ដើម្បីរក​ប្រាក់​ចំណេញ​តែ​ប៉ុណ្ណោះ។

«អានេះ​ វា​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ​ ត្រូវ​ចេញ​សង​គេ​ជាប្រាក់​កម្ចី​ របស់​ចិន​បាទ​ អានេះ​ ជារឿង​ការ​ភាន់​ច្រឡំ​ សម្រាប់​ពលរដ្ឋ​ខ្លះ​ ដែលមិន​បាន​យល់​ យើង​គិតថា​ ផ្លូវ​នេះ​ចិន​ដើរ​សង់ឲ្យ​ វាមិន​មែន​ទេ​ ចិន ចរិត​របស់​ចិន​ យើង​ដឹង​ស្រាប់ហើយ​ គឺគេ​ជា​អ្នក​ដែល​រក​ស៊ីបាទ»។

កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​កិច្ច​ខិត​ខំ​ជំរុញ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​ បាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ចិន​ បាន​ប្រកាស​បន្ថែម​ទឹកប្រាក់​ ប្រមាណ​១២៤​ពាន់​លាន​ដុល្លារ​ទៀត​ ដើម្បី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន។​

កាល​ពីពេល​ថ្មីៗ​នេះ​ រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​(Xi Jinping)​ បានព្រម​ព្រៀង​គ្នា​ថា​ នឹង​រក​ចំណុច​រួម​មួយ​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់​ ​និង​ផ្លូវ​ ​ឬ​គេ​ហៅ​ម៉្យាង​ទៀត​ថា​ គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិននេះ។

រដ្ឋាភិបាល​លោក ​ហ៊ុន សែនបាន​ព្រម​ព្រៀង​យ៉ាង​ដូច្នេះ​ជាមួយ​ចិន​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​ផ្តល់​ជំនួយ​ ​ជិត​៦០០​លាន​ដុល្លារ​ ហើយ​បាន​ដំឡើងកូតា​ឲ្យ​កម្ពុជា​នាំអង្ករ​រហូត​ដល់​៤​សែន​តោន​ចូល​ទៅ​ប្រទេស​ចិន។ ប្រទេស​ទាំង​ពីរ ក៏នឹង​ខិត​ខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឡើង​ដល់​១០​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​។

មន្ត្រី​អង្គការ​សង្គមស៊ីវិល មួយ​ចំនួន​មើល​ឃើញថា​ ទំហំពាណិជ្ជកម្មនេះ​ នឹង​ធ្វើ​ឲ្យចិន​កាន់តែ​ចំណេញ​ច្រើន​ ឯខ្មែរ​កាន់​តែខាត។

លោក ​គល់​ បញ្ញា ​នាយកប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅកម្ពុជា​ (Comfrel) ​បាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃ​ទី​២៦ ខែ​មករា​ឆ្នាំ​២០១៩តាមន័យ​ដើម​ថា៖

«នៅ​ពេល​ទំហំ​នៃ​ពាណិជ្ជកម្ម​អាច​កើតឡើង​ដល់​ ១០​ ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​នោះ​ គឺ​ ចិន​ចំណេញ​ តែ​កម្ពុជា​ឱនភាព​ឬ​ ខាតទេ​»។

លោក​បាន​បន្ត​ថា៖​«​ឆ្នាំ​កន្លង​មក​និន្នាការ​នៃពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កុម្មុយនីស្ត​មួយនេះ​ដែល​មិនគាំទ្រសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ចិន​នាំ​ចេញ​ឬ​កម្ពុជា​នាំចូល​ពី​ចិន ៥តែចិន​នាំ​ចូល​ឬ​កម្ពុ​ជា​នាំ​ចេញ​ទៅ​ចិន​បាន​តែ ១។​ ​គឺ​ឱនភាព​ឬ​ខាត​ខ្លាំង​សម្រាប់​កម្ពុជា​តែ​ចិន​ ទេជា​អ្នក​ចំណេញ​ ​៥​ទល់១»។

ប្រធាន​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ​ បាន​បន្ថែម​ថា ក្រៅ​ពី​ឲ្យ​លុយ​ខ្ចី​ជាមួយ​លក្ខខណ្ឌ​ការ​ប្រាក់​ខ្ពស់​និង​ការបញ្ចាំ ​ប្រទេស​ក្រីក្រ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​ចិន ជូប​បញ្ហា​ឱនភាព​នៃជញ្ជីង​ពាណិជ្ជកម្ម​ធ្ងន់ធ្ង​រជា​មួយ​ចិន និង​ជាប់​អន្ទាក់​បំណុល​ដោយ​បោះបង់​កម្មសិទ្ធិ​គម្រោង​និង​ប្រគល់​ធនធាន​ធម្មជាតិឲ្យ​ទៅចិន៕

XS
SM
MD
LG