ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែង​តាំង​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី រង​ការ​រិះគន់


​រូបឯកសារ៖ លោក លី យ៉ុង​ផាត់ ដែល​ជា​ឧកញ៉ា​​និង​ជា​​​​​សមា​ជិក​ព្រឹទ្ធសភា​មួយ​រូប ឈរ​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ចូលរួម​វេទិកា​វិនិយោគ​និង​ជំនួញ​កម្ពុជា-ចិន នៅ​ជាយរាជធានី​ភ្នំពេញ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦។

រដ្ឋាភិបាល​បាន​តែង​តាំង​លោក លី យ៉ុង​ផាត់ ដែល​ជា​ឧកញ៉ា​ម្នាក់​និង​ជា​សមា​ជិក​ព្រឹទ្ធសភា​មួយ​រូប ឱ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​តែង​តាំង​នេះ​នាំ​ឱ្យ​អ្នក​តាម​ដាន​រិះគន់​ថា​ មិន​មាន​ការ​បែង​ចែង​អំណាច​របស់​រដ្ឋ​ឱ្យ​ដាច់​ពី​គ្នា ព្រោះ​ព្រឹទ្ធសភា​មាន​អំណាច​នីតិបញ្ញត្តិ ដែល​ត្រូវត្រួត​ពិនិត្យ​ការ​ងាររដ្ឋាភិបាល។

​ប៉ុន្តែ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថា ​ការ​តែងតាំង​សមា​ជិក​ព្រឹទ្ធសភា គឺមិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​មិន​មាន​ច្បាប់​ណា​មួយ​ចែង​ហាម​ប្រាម​មិន​ឱ្យ​តែង​តាំងសមាជិក​ព្រឹទ្ធសភា ទៅ​ជា​ទីប្រឹក្សា​ផ្ទាល់នាយក​រដ្ឋ​មន្ត្រី​ឡើយ។

​កាលពី​ថ្ងៃទី ៦ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២២ លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា ជា​អ្នក​ជំនួញ​ដែល​មាន​រឿង​អាស្រូវ​រឿង​ដី​ធ្លី និង​ជា​ម្ចាស់​ទូរទស្សន៍​ PNN ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​រប​ស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​វីអូអេ​ទទួល​បាន។

បើ​តាម​ព្រះរាជ​ក្រឹត្យ មុខ​ងារ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ហើយ​មុខងារ​នេះ លោក លី យ៉ុងផាត់ មិន​ទាន់​បាន​ប្រាក់​បំណាច់​ឡើយ។

លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​កម្ពុជា (API) លើក​ឡើងថា នៅ​ពេល​ណា​ដែល​សមាជិក​ព្រឹទ្ធសភា ក្លាយ​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​បែប​នេះ វា​ធ្វើ​ឱ្យអំណាច​ទាំង​បី គឺ​អំណាច​នីតិ​ប្រតិបត្តិ នីតិបញ្ញត្តិ និង​អំណាច​តុលាការ នឹងមាន​ការ​ច្របូក​ប្របល់​គ្នា ឬ​បែង​ចែង​មិន​ដាច់​ពី​គ្នា។

​លោក​ថ្លែង​ថា៖ «ពេ​ល​ណា​ដែល​យើង​ជា​អ្នកជំនួ​ញ​ យើង​អ្នក​បង្កើត​ច្បាប់ ​រួច​ហើ​យ​យើង​ជា​អ្នក​ផ្តល់​អនុសាសន៍​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ ដើម្បី​អភិវឌ្ឍ​ទៀត​ ពេល​ខ្លះ​ផល​ប្រយោជន៍​សាធារណៈ​ហ្នឹង​ជា​សញ្ញា​មួយ​ដែល​យើង​ត្រូវ​ចោទ​សួរ ​ថា​តើ​ផល​ប្រយោជន៍​គាត់​ជា​វិស័យ​ឯកជន​ ជា​ផ​ល​ប្រយោជន៍​ចម្បង ឬក៏​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ ជា​ផល​ប្រយោជន៍​ចម្បង»។

លោក​បន្ត​ថា៖ «ដល់​ពេល​យើង​បក្ស​តែ​មួយ​ ហើយ​យើង​ធ្វើ​គ្រប់​តួនាទី ​ទាំង​ប្រតិបត្តិ ទាំងបញ្ញត្តិ​ ខ្លួន​ឯង​ផង​ វិស័យ​ឯកជន​ខ្លួន​ឯង​ផង [គឺ]​ចង់​មិន​ចង់​ការ​បែង​ចែក​អំ​ណាច​ស្ថាប័ន​ទាំង​បី​ ទាំង​បួន​ហ្នឹង វា​ទៅ​ជា​មិន​ដាច់​ វា​មិនមាន​ប្រសិទ្ធភាព​ខ្ពស់ ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​លើ​ការ​បំពេញ​ការងារ​របស់​ស្ថាប័ន​ប្រតិបត្តិ​របស់​រដ្ឋាភិបាល»។

លោក​បន្ថែម​ថា ​រដ្ឋា​ភិបាល​ត្រូវ​តែ​ប្រើប្រាស់​គោលការណ៍​អភិបាល​កិច្ច​ល្អ ជាពិសេស​ការ​បែងចែងអំណាច​ទាំង​បី​ឱ្យ​ដាច់​ពីគ្នា ​ដើម្បីធានា​គណនេយ្យភាព​ត​គ្នា រវាង​រដ្ឋាភិបាល​ជាមួយ​រដ្ឋសភា រដ្ឋសភា​ជាមួយ​ព្រឹទ្ធសភា និ​ង​សភា​ជាមួយប្រជាពលរដ្ឋ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក​ សន ជ័យ ក៏​យល់​ស្រដៀងគ្នា​នឹងលោក ឡាំ សុជាតិ ផង​ដែរ​ ដោយ​លោក​ថា​ ប្រសិន​បើ​ការ​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋ​មន្ត្រី​ បន្ថែមលើ​មុខងារ​បច្ចុប្បន្ន គឺវាបង្ហាញ​ថា ​ការ​បែង​ចែង​អំណាច​ធំៗ​ទាំង​បី​របស់​រដ្ឋ​ គឺ​មិន​ដាច់​ស្រឡះ​ពីគ្នា និង​ជា​រូបភាព​ស្មុគ​ស្មាញនៃ​ការ​បែង​ចែង​អំណាច​រដ្ឋ​ផង​ដែរ។

​លោក​ថ្លែង​ថា៖ «ការ​ផ្តល់​តួនាទី​បែប​នេះ មិន​ស្រប​ទៅ​តាម​អ្វីដែល​ យើង​មើល​ឃើញ​នៅ​ក្នុង​ការ​បែង​ចែង​អំណាច​ទាំង​បី នៅ​ក្នុង​រដ្ឋ​មួយ​ អំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។ អ៊ីចឹង​យើង​គួរ​តែ​មាន​ការគិត​គូរ​ពិចារណា​ ជាមួយ​នឹងសមាសភាព​នៅ​ក្នុង [ដែល] គេហៅថា ​ការ​បែង​ចែក ឬ​ការ​ផ្តល់​តួនាទី​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​ច្របល់​ចូល​គ្នា​បែប​នេះ»។

លោក ​លី ​យ៉ុង​ផាត់ ប្រាប់​វី​អូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ថៃ ទើប​រដ្ឋា​ភិបាលតែង​តាំងលោក​ឱ្យ​ទៅ​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី។ លោក​បន្ត​ថា តួនាទី​របស់​លោក​ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​តួនាទី​ថ្មីនេះ នឹង​ជា​ទម្ងន់​មួយ​ក្នុង​ការ​ពិភាក្សា​ការ​ងារ​ជាមួយ​ប្រទេស​ថៃ​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «ការ​តែង​តាំង​ ​វា​សំខាន់ ​វា​ទាក់​ទិន​ ដើម្បី​ចូល​រួម​ទៅ​ប្រជុំ​នៅ​ថៃ​ អ៊ីចឹង​ក៏​មតិ ​បា​ន​តែង​តាំងជា​ទី​ប្រឹក្សា ដើម្បី​មាន​តួនាទី​ចូល​រួម​ទៅ​ប្រជុំ​ជាមួយ​ក្រសួង​យើង ហើយ​និង​ប្រទេស​ថៃ»។

លោក លី យ៉ុង​ផាត់ បាន​កាត់​ផ្តាច់​ទូរសព្ទ មិន​ឆ្លើយ​តប​នឹង​សំណួរ​បន្ថែម​ទៀត​របស់​វីអូអេ​ឡើយ។

លោក ​ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​នាំ​ពាក្យ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ ការ​តែង​តាំងលោក លី យ៉ុងផាត់​ ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី គឺ​មិន​ខុស​នីតិវិធីច្បាប់ និង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​បំពេញការងារ​ជាសមាជិក​ព្រឹទ្ធសភា​នោះ​ទេ។ លោក​បន្តថា ​លោក​ លី យ៉ុង​ផាត់ ជា​ប្រធាន​អ្នក​ឧកញ៉ា​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​តួនាទី​ជា​ទី​ប្រឹក្សា​នេះ គឺជា​អ្នក​ផ្តល់​យោបល់​ទៅ​កាន់នាយក​រដ្ឋមន្ត្រី ​ពាក់ព័ន្ធ​ការងារ​អ្នក​ឧកញ៉ា​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «វា​អត់​មាន​ពាក់​ព័ន្ធ​អី​ផ្លូវ​ច្បាប់ ​ឬ​អី​ក៏ពាក់​ព័ន្ធ​អី​ទេ [​គឺ​]អត់​មាន​ទេ។ បាទ! ​អត់​មាន​វិសាលភាពជាមួយ​នឹង​ច្បាប់​ក្នុង​ព្រឹទ្ធ​សភា [គឺ]​ អត់​មាន​ទេ»។

លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ក៏​លើក​ឡើង​ដូច​គ្នា​នេះ​ផង​ដែរ​ថា​ ការ​តែងតាំង​លោក លី យ៉ុងផាត់ ជា​ទី​ប្រឹក្សា​នាយករដ្ឋមន្ត្រី គឺ​មិន​ខុស​អ្វី​នោះ​ទេ ព្រោះ​មិន​មាន​ច្បាប់​ណា​ហាម​ឃាត់​ឡើយ។

លោក​ថ្លែង​ថា​៖ «សមាជិក​ព្រឹទ្ធ​សភា ឬព្រឹទ្ធសភា​ទាំង​មូល​ហ្នឹង​ គ្រាន់​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ ក្នុ​ង​ការ​ពិនិត្យ​មើល​ច្បាប់​ អាន​ច្បាប់ ហើយ​នឹង​ផ្តល់​យោបល់​ដល់​រដ្ឋ​សភា​តែ​ប៉ុណ្ណឹង»។

គួរ​បញ្ជាក់​ថា ​ព្រឹទ្ធសភា​កម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្រុង ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ចុង​ឆ្នាំ ២០១៧៕

XS
SM
MD
LG