រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានសម្រេចមិនឱ្យក្រុមហ៊ុនណាហ្គាខប (NagaCorp) បន្តអនុវត្តគម្រោងសាងសង់រមណីយដ្ឋានកែច្នៃទ្រង់ទ្រាយធំ នៅក្បែរឧទ្យានបុរាណអង្គរនោះទេ ក្រោយពីមានការបារម្ភពីប្រទេសម្ចាស់ជំនួយនិងប្រតិកម្មពីសាធារណមតិ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី ២៣ ខែមីនា ដោយបានលើកឡើងថា៖
«ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានជំហរស្របគ្នាជាមួយគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor) និងយោបល់អ្នកជំនាញការ Ad Hoc ហើយយល់ឃើញថា គម្រោងអភិវឌ្ឍ«បឹងអច្ឆរិយៈអង្គរ» ដែលបានស្នើឡើងដោយក្រុមហ៊ុន Naga Group ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះ»។
ក្រុមហ៊ុនណាហ្គាខប (NagaCorp Ltd.) ដែលចុះបញ្ជីនៅផ្សារហ៊ុនហុងកុង (SEHK) បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួនទទួលបានការផ្ដល់សិទ្ធិជួលដីពីរដ្ឋទំហំ ៧៥ ហិកតា ចម្ងាយ ៥០០ ម៉ែត្រពីតំបន់ពីរក្បែរឧទ្យានបុរាណអង្គរ ដើម្បីសាងសង់គម្រោង «បឹងអង្គរអច្ឆរិយៈ»។
បើតាមណាហ្គាខប គម្រោងដែលមានតម្លៃ ៣៥០ លានដុល្លារ និងដែលមានទំនាក់ទំនងបោះទុនវិនិយោគពីក្រុមហ៊ុនរដ្ឋចិនមួយនេះ រួមមានសណ្ឋាគាររាប់រយបន្ទប់ តំបន់ពាណិជ្ជកម្មទេសចរណ៍ឆាយណាថោន (ChinaTown) សួនទឹក សួនរុក្ខជាតិកែច្នៃនិងប្រព័ន្ធគូទឹកទាក់ទាញទេសចរ។
តែក្នុងកិច្ចប្រជុំកាលពីចុងខែមករា ក្រុមអ្នកជំនាញនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ (ICC-Angkor) បានជំទាស់ «យ៉ាងជាក់ច្បាស់» ទៅនឹងការអនុញ្ញាតគម្រោងនេះ។ នេះបើយោងតាមអង្គការយូណេស្កូ។
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់វីអូអេ អំពីការសម្រេចរបស់រដ្ឋាភិបាល ថា៖ «ក្នុង Press Release [សេចក្តីថ្លែងការណ៍] ហ្នឹងច្បាស់ហើយតើ អាហ្នឹងមិនអាចអនុវត្តបាន បានន័យថា បដិសេធហ្នឹងហើយ»។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះ បានលើកឡើងថាក្រសួងទទួលឯកភាពពីធាតុចូលបានមកខាង ICC-Angkor និងក្រុមជំនាញចំពោះកិច្ច ទៅលើការបដិសេធគម្រោងនេះចោល។
«នេះគេយល់រួមគ្នាថាវាធំពេក ប្អូន វាអត់មានខុសអ្វីទេ ក៏ប៉ុន្តែវាធំពេក។ អាមួយស្ងប់ស្ងៀម អាមួយរាង រាងដូចធំពេកអ៊ីចឹងទៅណា៎ វាសប្បាយសប្បាយពេកអ៊ីចឹងណាប្អូន វាខុងត្រាស់គ្នា»។
លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំប្រទេសកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។
ក្នុងការឆ្លើយតបតាមសារអេឡិចត្រូនិកមកកាន់វីអូអេ លោក Alam បានរំឭកអំពីយន្តការ ICC និងសេចក្ដីណែនាំប្រតិបត្តិការនៃសន្ធិសញ្ញាបេតិកភណ្ឌពិភពលោក ដែលចែងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍដោយចីរភាពនិងការអភិរក្ស។
លោក Alam បានថ្លែងក្នុងន័យដើមថា៖ «យូណេស្កូសម្ដែងការពេញចិត្តយ៉ាងខ្ពង់ខ្ពស់ ដែលអាជ្ញាធរកម្ពុជានៅតែបន្តការប្ដេជ្ញាចិត្តពេញលេញ ចំពោះការអនុវត្តតាមសន្ធិសញ្ញាស្ដីពីបេតិកភណ្ឌពិភពលោក និងបានធ្វើឱ្យប្រាកដថាការរក្សាការពារគុណតម្លៃជាសាកលដ៏ល្អឯករបស់អង្គរ នឹងនៅតែស្ថិតនៅកណ្ដាលបេះដូងនៃរាល់ដំណាក់កាលសម្រេចចិត្តនានានៃទីស្ថាននោះនិងតំបន់ជុំវិញ»។
នៅពេលត្រូវបានសួរឱ្យបញ្ជាក់អំពីការអះអាងរបស់ក្រុមហ៊ុនណាហ្គាខប ថាខ្លួនទទួលបានការព្រមព្រៀងអនុញ្ញាតឱ្យជួលទីតាំងដី ៧៥ ហិកតានោះ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ បដិសេធមិនធ្វើអត្ថាធិប្បាយ និងបានស្នើអ្នកសារព័ត៌មានឱ្យសួរទៅកាន់ក្រុមហ៊ុនវិញ។
ក្រុមហ៊ុនណាហ្គាខបមិនទាន់ឆ្លើយតបនឹងសារអេឡិចត្រូនិករបស់វីអូអេ ដើម្បីសុំការបំភ្លឺនៅឡើយទេគិតត្រឹមរសៀលថ្ងៃពុធនេះ។
ក្រុមហ៊ុនណាហ្គាខប មានលោក Chen Lip Keong មហាសេដ្ឋីជនជាតិម៉ាឡេស៊ីជាប់សែស្រឡាយចិន ជាស្ថាបនិកនិងជាប្រធាននាយកប្រតិបត្តិ។ លោក Chen អាយុ ៧២ ឆ្នាំ ទទួលបានសញ្ជាតិខ្មែរកាលពីចុងឆ្នាំ ២០២០ និងមានទ្រព្យប្រមាណ ៤,៥ ពាន់លានដុល្លារ ជាអ្នកមានលំដាប់ទី ៤ នៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមទស្សនាវដ្ដី Forbes។
ការចេញផ្សាយរបស់ The Cambodia Daily កាលពីឆ្នាំ ២០១៧ ដែលទទួលបានសារឆ្លើយឆ្លងទូរស័ព្ទឯកជនដែលបែកធ្លាយបង្ហាញថា លោក Chen ទំនងជាមានចំណងទាក់ទងជាមួយសមាជិកក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) បានផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុនថា ទីតាំងដីដែលណាហ្គាខបប្រាថ្នាចង់សាងសង់អនុវត្តគម្រោងខាងលើនេះ ធ្លាប់ត្រូវបានត្រួសត្រាយបញ្ចប់ជម្លោះរ៉ាំរ៉ៃយូរឆ្នាំដោយលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៥៕