ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យូណេស្កូ​បារម្ភ​ថា​ គម្រោង​ណាហ្គា​អាច​ប៉ះពាល់​គុណ​តម្លៃ​ឧទ្យាន​អង្គរ


រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

អង្គការយូណេស្កូ​ (UNESCO)​ បាន​ឱ្យ​ដឹង​ថា​ខ្លួន​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​លើ​គម្រោង​សង់​រមណីយដ្ឋាន​សិប្បនិម្មិត្ត​តម្លៃ​ប្រមាណ៣៥០​លាន​ដុល្លារ​របស់ក្រុម​ហ៊ុន​ណាហ្គាខប ​(NagaCorp Ltd) ដោយ​បារម្ភ​ថា​គម្រោង​នេះអាច «ប៉ះ​ពាល់​គុណ​តម្លៃ»​ ឧទ្យាន​បុរាណ​អង្គរ ក្នុង​ខេត្ត​សៀមរាប

មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​បាន​ទទួល​សំណូមពរ «ជា​ច្រើន» ​ពី​សំណាក់​ភាគី​ទី​បី​នានា បង្ហាញ​ពី​ការ​បារម្ភ​របស់​ពួក​គេ។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​អង្គការ​យូណេស្កូ​ ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រុមហ៊ុនណាហ្គាខប បាន​ប្រកាស​ពី​គម្រោង​សាង​សង់​រមណីយដ្ឋាន​លើ​ផ្ទៃ​ដី​ទំហំ​ ៧៥ ​ហិកតា នៅ​ទី​តាំង​ដី​ជួល​ពី​រដ្ឋ​រយៈ​ពេល​ ៥០ ​ឆ្នាំ ដែល​មាន​ចម្ងាយ ​៥០០ ​ម៉ែត្រ​ខាង​ត្បូង​តំបន់​ពីរ​នៃ​ឧទ្យាន​បុរាណ​អង្គរ ជា​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ដែល​ចុះ​បញ្ជី​ជាមួយ​អង្គការ​យូណេស្កូ តាំង​ពី​ឆ្នាំ​ ១៩៩២​ មក។

គម្រោង​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​នេះ​រួម​មាន​សណ្ឋាគារ​ ដែល​មាន ​៥០០ ​បន្ទប់ សួន​ទឹក​ ឆាយ​ណា​ថោន (China Town) ប្រព័ន្ធ​កសិណ​ទឹក សួន​ត្រូពិក និង​ភូមិ​វប្បធម៌​ជា​ដើម។

ណាហ្គាខប បាន​ប្រសិទ្ធ​នាម​គម្រោង​នេះ​ថា បឹង​អង្គរ​ដ៏​អច្ឆរិយ (Angkor Lake of Wonder)។ នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ណាហ្គាខប​ ដែល​ VOA ទទួល​បាន។

គម្រោង​អភិវឌ្ឍន៍​នេះ​គ្រោង​នឹង​ធ្វើ​ឲ្យ​រួច​រាល់ ​ក្នុង​ឆ្នាំ ​២០២៥។

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​អង្គរ (ICC-Angkor) នៅ​ចុង​ខែ​មករា គម្រោង​នេះ​បាន​ស្ថិត​ចំ​កណ្ដាល​នៃ​ការ​ពិភាក្សា ហើយយូណេស្កូ​ថា «យោបល់​បច្ចេកទេស​របស់​អ្នក​ជំនាញក្នុង​វិស័យ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នោះ ​គឺ​មិន​គាំទ្រ​យ៉ាង​ជាក់​ច្បាស់»។

អង្គការ​យូណេស្កូ បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «រយៈ​ចម្ងាយ​នៃ​គម្រោង​នេះ​ទៅ​នឹង​តំបន់​ទ្រនាប់​នៃ​ទី​ស្ថាន​បេតិកភណ្ឌ​ដែល​ត្រូវ​ការពារ និង​ក៏​ដូច​ជា​ទំហំ វិសាល​ភាព និង​គោល​គំនិត​នៃ​គម្រោង អាច​មាន​ផល​ប៉ះពាល់​ជាក់​ស្ដែង​ដល់​គុណ​តម្លៃ​ជា​សាកល​ដ៏​ល្អ​ឯក ​ដែល​អង្គរ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​យូណេស្កូ»។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​នៃ​ឧទ្យាន​អង្គរ​ទំហំ​ប្រមាណ​ ៤០០ ​គីឡូម៉ែត្រ​ការ៉េ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ការ​វិនិយោគ តែ​ខ្លួន​ក៏​ស្ដាប់​យោបល់​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ លោក​មិន​អាច​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ តើរដ្ឋាភិបាល​នឹង​បញ្ឈប់​គម្រោង​ណាហ្គា​ខប​ឬ​អត់ បើ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​អង្គរ ឬ ​ICC ផ្ដល់អនុ​សាសន៍​ដូច្នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​កិច្ច​ការងារ​អ្វី​ទាំង​អស់ អាជ្ញាធរ​ជាតិ​អប្សរា តែង​តែ​ឆ្លង​យោបល់​ទៅ​គណៈកម្មាធិការ ICC អង្គរ អ៊ីចឹង​ក្នុង​ករណី​ដែល​គណៈកម្មាធិការ​បាន​ផ្ដល់​នូវ​អនុ​សាសន៍​យ៉ាង​ដូច្នេះ នឹង​មាន​ការ​ពិភាក្សា​គ្នា​ឬ​យ៉ាង​ម៉េច​ទៀត ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ តែ​ប្រាកដ​ណាស់ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ស្ដាប់​យោបល់​របស់​គណៈកម្មាធិការ ​ICC ​អង្គរ»។

អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​ក្រុមហ៊ុន​ណា​ហ្គាខបបាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ពេល VOA ​ទាក់ទង​ស្នើ​សុំ​សម្ភាសន៍​តាម​ទូរស័ព្ទ ដោយ​ស្នើ​ឱ្យ​ផ្ញើ​ជា​សារ​អ៊ីមែល​វិញ។ មក​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ហ៊ុន​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​នៅ​ឡើយ​ទេ។

ក្នុង​កំណត់​ហេតុ​ចុះ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ផ្ញើ​ជូន​ម្ចាស់​ភាគហ៊ុន​ខ្លួន​ក្រុមហ៊ុន​ណា​ហ្គា​ខប​បាន​ឱ្យ​ដឹង​ថា ​គម្រោង​បឹង​អង្គរ​ដ៏​អច្ឆរិយ នេះ​ទទួល​បាន «ចំណាប់​អារម្មណ៍​ខ្លាំង​មែន​ទែន» ពី​សំណាក់​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ការ«ផ្ដល់​ហិរញ្ញប្ប​ទាន​សាង​សង់​និង​បញ្ចប់»។​

ក្រុម​ហ៊ុន​ណាហ្គាខប​បាន​ត្រឹម​បង្ហើប​ថា​ក្រុមហ៊ុន​រដ្ឋ​ចិន​នោះ​មាន​«កេរ្តិ៍​ឈ្មោះ​កសាង​សួន​កម្សាន្ត​ធំៗ​និង​ជា​ក្រុមហ៊ុន​ទទួល​កិច្ច​សន្យា​ខ្នាត​ធំ​ដែល​បាន​ពាក់ព័ន្ធ​នឹង​ទី​កម្សាន្ត Shanghai Disney Land»។

កំណត់​ត្រា​របស់​ Shanghai Disneyland បង្ហាញ​ថា ​ក្រុមហ៊ុន​រដ្ឋ​ចិន​ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​វិនិយោគ​កសាង​ទី​កម្សាន្តនោះ​មាន​ឈ្មោះ ក្រុម​ហ៊ុន Shanghai Shendi Group ដែល​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន Walt Disney Company របស់​សហរដ្ឋ​អាមេរិក

ណាហ្គាខប​ក៏​បាន​បរិយាយ​បឹង​អង្គរ​ដ៏​អច្ឆរិយ​ថា​ជា «គម្រោងរមណីយដ្ឋាន​ប្រមូលផ្ដុំ​ជា​កញ្ចប់​តែ​មួយ​គត់​ ដែល​មាន​រយៈ​ចម្ងាយ​ជិត​នឹង​ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរាប​ជាង​គេ»។

ក្រុមហ៊ុន​នេះ​បន្ថែម​ថា​ខ្លួនបាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ជាមួយអាជ្ញាធរជាតិ​អប្សរា តាំង​តែ​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ការ​ទទួល​បាន​ទីតាំង​ដី​ជួល​ប្រមាណ ​៧៥​ ហិកតា ក្បែរ​តំបន់​ការ​ពារ​នៃ​ឧទ្យាន​បុរាណ​អង្គរ។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ «សម្រេច​កិច្ច​ព្រម​ព្រៀង»ជាមួយ​ក្រុមហ៊ុន ណាហ្គាខប នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ២០២០ នោះ​ថា​ជា​ការណ៍​ពិត​ដែរ​ឬ​ទេ លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​វីអូអេ​ថា៖ «ធម្មតា ការ​វិនិយោគ​តែង​តែ​បាន​បញ្ជាក់​ច្បាស់ ហើយ​ការ​វិនិយោគ​ជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ពី​បរទេស។ អ៊ីចឹង​អា​នេះ ​វា​អត់​មាន​អី​ជា​បញ្ហា​អ្វី​ទេ ខ្ញុំ​អត់​គិត​ថា​មាន​អ្វី​ជា​បញ្ហា»។

ខណៈលើក​ឡើង​អំពី​ការ​ពិគ្រោះ​យោបល់​ជាមួយ​ ICC-Angkor នោះ លោក ឡុង កុសល​ ថា លោក​ក៏​មិន​ដឹង​ដែរ​ថា​ មុន​ពេល​ «សម្រេច​កិច្ច​ព្រម​ព្រៀង» ​ផ្ដល់​ដី​ជួល​ក្បែរ​ឧទ្យាន​អង្គរ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ណាហ្គាខប​កាល​ពី​ឆ្នាំ​មុន​នោះ អាជ្ញាធរ​ជាតិអប្សរា​បាន​សួរ​យោបល់ ​ICC​ ឬ​ក៏​យ៉ាង​ណា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG