ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ខ្មែរ​អាមេរិកាំង​ប្រារព្ធ​ខួប​ទី​៣០​​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដោយ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


បាតុករ​កាន់​បដា​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ឈប់​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ពលរដ្ឋ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)

សកម្មជន​ខ្មែរ​អាមេរិកាំង​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​រដ្ឋ​ជាច្រើន​ក្នុងសហរដ្ឋ​អាមេរិក​និង​សកម្មជន​សិទ្ធិមនុស្ស​បាន​យក​ថ្ងៃ​ប្រារព្ធ​ខួប​លើកទី​៣០​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃសុក្រ​នេះ​ដើម្បី​រំឭក​ដល់​អ្នក​តាក់តែង​ច្បាប់​របស់​អាមេរិកាំង​ពី​ស្ថានភាព​ដុនដាប​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​ណា ឡែន ស្មីត​ អគ្គលេខាធិការ​រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «យើង​ចង់​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំង​១៩​សូម​ទាមទារ​ឲ្យ​គាត់​សើរើ​រឿង​ហ្នឹង​មកវិញ​ពីព្រោះ​ប្រទេស​យើង​ត្រូវការ​កិច្ចព្រមព្រៀង​នេះ​ហើយ​យើង​អំពាវនាវ​ឲ្យ​ពួកគាត់​ដោះលែង​អ្នកទោស​របស់​យើង​ដែល​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​នៅ​ក្នុង​រូប​ដែល​ខ្ញុំ​ពាក់​នេះ។ សូម​មេត្តា​ដោះលែង​ពួកគាត់»។

អ្នកតវ៉ា​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​តាំងពី​ទីក្រុង ​Long Beach (ឡុងប៊ិច) ​រដ្ឋ ​California (កាលីហ្វ័រញ៉ា)​ដែល​ជា​តំបន់​នា​ភាគ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក។

អ្នកស្រី Michelle Sin ​បាតុករ​មកពី​ទីក្រុង​ Long Beach (ឡុងប៊ិច) ​រដ្ឋ ​California (កាលីហ្វ័រញ៉ា)​ បាន​ថ្លែង​ថា៖​ «បើ​សិន​ជា​លោក ហ៊ុន សែន ​ចេះ​គោរព​សិទ្ធិមនុស្ស​ពួកយើង​គាំទ្រ​ប៉ុន្តែ​ដោយសារ​តែ​ហ៊ុន សែន​មិន​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​ហើយ​ដោយ​បិទ​សិទ្ធិ​តាំង​ពី​ការ​និយាយ​ស្តី​ការបញ្ចេញ​មតិ​សព្វ​បែបយ៉ាង​ដែល​នៅ​ស្រុក​ខ្មែរ​គឺ​មាន​ល្បិច​ច្រើន​ណាស់​រាប់​មិនអស់ទេ។ កន្លែង​ហ្នឹង​ហើយ​ដែល​ពួកយើង​ខ្ញុំ​មកឈរ​កន្លែង​នេះ​មក​តវ៉ា​នៅ​កន្លែង​នេះ​ដើម្បី​ផ្តល់​សេរីភាព​ដល់​ស្រុក​ខ្មែរ។ សូម​ឲ្យ​ខ្មែរ​អ្នកណា​ក៏ដោយ​ដែល​ចង់​បញ្ចេញ​មតិ​អ្វី​ក៏​ដោយ​ឲ្យ​គាត់​មក​និយាយ​កុំ​ឲ្យ​ចាប់​ដាក់​គុក​ចង់​និយាយ​អ្វី​ឲ្យ​បាន​និយាយ​ផង​កុំ​ប្រើល្បិច​បុក​ម៉ូតូ។ សូមផ្តាំ​ទៅ​ដល់​រដ្ឋាភិបាល​ហ៊ុន សែន​ឲ្យ​គោរព​សិទ្ធិមនុស្ស​ផង»។

បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​លោក រ៉ុង ឈុន មេដឹកនាំសហជីព​ និង​យុវជន​ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បញ្ចេញ​មតិ​រិះគន់​តាម​បណ្តាញ​សង្គម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​លោក រ៉ុង ឈុន មេដឹកនាំសហជីព​ និង​យុវជន​ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បញ្ចេញ​មតិ​រិះគន់​តាម​បណ្តាញ​សង្គម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​អ្នក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ដោយសារ​សកម្មភាព​សង្គមនិង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​អ្នក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ដោយសារ​សកម្មភាព​សង្គមនិង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)

ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​នៅ​ក្នុង​រយៈពេល​៤ឆ្នាំ​ចុងក្រោយ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​បណ្តាញ​សារព័ត៌មាន​និង​គណបក្ស​ប្រឆាំង។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឬ H.R.4686 កាល​ពី​ចុង​ខែ​កញ្ញា​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ។​សេចក្តី​ស្នើ​ច្បាប់​នេះ​កំពុង​ស្ថិត​នៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត។

ទន្ទឹម​គ្នា​នេះដែរ​លោក ​Ed Markey ​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Massachusetts ​ក៏បាន​ស្នើច្បាប់​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​សេចក្តី​ស្នើច្បាប់​ S.3052

លោក ​Micheal Buttner បុគ្គលិក​របស់​លោក Thom Tillis​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​North Carolina ដែល​ជាអ្នក​ចូលរួម​គាំទ្រ​ច្បាប់​នេះ​បាន​ថ្លែង​ថា​លោក​សមាជិក​ព្រឹទ្ធសភា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

លោក​ Michael Buttner ​បាន​បន្ថែម​ថា៖ «ប្រទេស​កម្ពុជា​គឺ​ជា​ឧទាហរណ៍​ដ៏​ជាក់​ច្បាស់​មួយ​ដែល​សិទ្ធិ​មនុស្ស​បាន​ខូចខាត។ សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ខ្លះ​គឺ​ពិបាក​រក​ឃើញ​ទីតាំង​នៅ​លើ​ផែនទី​ប៉ុន្តែ​បើវា​អាច​កើត​នៅ​កម្ពុជា​វា​ក៏​អាច​កើត​មាន​នៅ​ប្រទេស​ដទៃ​ដែរ»។

ចំណាត់ការ​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មាន​ក្តី​សង្ឃឹម។

លោក ហូ វ៉ាន់ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​បើ​សិន​ជា​សភាពការណ៍​នៅ​ប្រទេស​កម្ពុជា​នៅតែ​តានតឹង​នៅ​ប្រទេស​កម្ពុជា​បែបនេះ​ដោយ​មិន​គោរព​សិទ្ធិ​សេរីភាព​ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ហើយ​នៅតែ​ប្រកាន់​អំពើ​ផ្តាច់ការ​របៀបនេះ​ខ្ញុំយល់​ថា​ច្បាប់​នេះ​នឹង​ចេញ​ដោយ​ពិត​ប្រាកដ​ហើយ​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ផង»។

ក្រុម​បាតុករ​ក៏​បាន​បន្ត​ទៅ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ។ ស្ថានទូត​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ពេល​ដែល​វីអូអេ​ទាក់ទង។

ការតវ៉ា​របស់​បាតុករ​ត្រូវ​បាន​ផ្តល់​កម្លាំង​ទឹកចិត្ត​បន្ថែមមួយទៀត​នៅ​ឆ្នាំ​នេះ​ដោយ​ក្រុម​សកម្មជន​បាន​មូល​មតិគ្នា​រៀបចំ​ជា​គណៈកម្មការ​ស្វែងរក​ការពិត​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សិទ្ធិមនុស្ស​ធំៗ​ដូចជា ​Human Rights Watch។

លោក វិបុល តាន់​ សមាជិក​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា៖​«គណៈកម្មការ​នេះ​យើង​រៀបចំ​នេះ​ដោយ​មាន​ការ​យល់​ឃើញពី​ប្រជាជន​កម្ពុជា​យើង​ដែល​ដង្ហោយ​ឲ្យ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដោយសារ​ឥឡូវ​នេះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កម្ពុជាចុះ​ថយ​ជា​លំដាប់​ក្នុង​រយៈពេល​៤​ឬ៥ឆ្នាំ​កន្លង​មកនេះ»។

ដំណើរការ​នៃ​គណៈកម្មការ​ស្វែងរក​ការពិត​នេះ​បាន​ចាប់ផ្តើមនៅ​ថ្ងៃសៅរ៍​នេះ​ដោយ​មាន​ការបង្ហាញ​ភាពយន្ត​ឯកសារ​ស្តីពី​ការ​រំលោភ​សិទ្ធិមនុស្ស​នានា​ក្នុង​ពេល​កន្លង​មក​ដែល​អ្នកការពារ​សិទ្ធិមនុស្ស​និង​ពលរដ្ឋ​បានចងក្រង​ពីក្នុង​ប្រទេស​កម្ពុជា។

លោក វិបុល តាន់​ ​បាន​បន្ថែម​ថា៖ «គណៈកម្មការ​ស្វែងរក​ការពិត​នេះ​នឹង​សរសេរ​របាយការណ៍​ជាខ្នាត​អន្តរជាតិ​ហើយ​របាយការណ៍​ហ្នឹង​នឹង​ផ្ញើជូន​ទៅ​គ្រប់​ប្រទេស​ដែល​មិនមែន​ត្រឹមតែ​ជា​ហត្ថលេខី​ទេ​គឺ​រួមទាំង​អង្គការ​ផ្សេងៗ​ទៀត​ដែល​គេ​អាច​យក​របាយការណ៍​ទៅ​ប្រើ​ការ​បាន»។​

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ក៏ដូច​ជា​អ្នក​ដែល​រស់​នៅ​ប្រទេស​ដទៃ​ទៀត​សម្តែង​ក្តី​សង្ឃឹម​ថា​គណៈកម្មការ​ស្វែងរក​ការពិត​នេះ​នឹង​ផ្តល់​សំទុះ​ជាថ្មី​ដល់​ការតស៊ូ​មតិ​មិន​ចេះ​នឿយ​ណាយ​របស់​ពួកគេ​រហូត​ទាល់តែ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យកចិត្ត​ទុកដាក់​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​និពន្ធ៖ ប្រិយមិត្ត​អាច​ចូល​អាន​និង​ទស្សនា​ព័ត៌មាន​ទាក់ទងនានា​បន្ថែម​ទៀត​នៅ​ក្នុង​ទំព័រ​សេចក្តី​រាយការណ៍​ពិសេស​របស់​វីអូអេក្រោម​ចំណង​ជើង «ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ អ្នក​បន្ត​មរតក» ត្រង់​នេះ៖ https://khmer.voanews.com/cambodiappa30

អត្ថបទ​ទាក់ទង

XS
SM
MD
LG