ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ប្រឈម​នឹង​ការ​ពិបាក​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ខាង​មុខ


រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​និង​ទទូច​ថា​ តុលាការ​មិន​មាន​ភាព​លំអៀង​នោះ​ទេ ​ហើយ​ការ​ផ្ដន្ទា​ទោស​ទាំង​នេះ​គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​តុលាការ​ឯករាជ្យ។

លោក កឹម សុខា ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​វិធីសាស្ត្រ​នយោបាយ​ផ្សេង​មួយ​បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ពី​ការ​លា​លែង​តំណែង​របស់​លោក សម រង្ស៊ី ​និង​ការ​គំរាម​កំហែង​ជា​ច្រើន​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ដោយ​មាន​ឥរិយាបថ​ទន់ភ្លន់​និង​ការ​ផ្ដោត​លើ​សេដ្ឋកិច្ច​តាម​ភូមិ ​និង​បញ្ហា​សង្គម ​លោក កឹម សុខា​ បាន​ជៀស​ឆ្ងាយ​ពី​ការ​រស់នៅ​បែប​ហ៊ឺហា ​ដែល​អ្នក​នយោបាយ​កំពូលៗ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកាន់​យក។ ការ​ចូលចិត្ត​រស់នៅ​បែប​សាមញ្ញ​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​នៅ​តាម​តំបន់​ជនបទ​ចូលចិត្ត​រូប​លោក។

ថា​តើ​ករណី​នេះ​គ្រប់គ្រាន់​សម្រាប់​ទម្លាក់​លោក ហ៊ុន សែន ​ចេញ​ពី​តំណែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ ​ឬ​ក៏​យ៉ាង​ណា​នោះ ​នឹង​ត្រូវ​បាន​សាកល្បង​នៅ​ក្នុង​រយៈពេល​ជិត ៤ ​ខែ​ខាង​មុខ​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដែល​ជា​ការ​ប្រកួត​ប្រជែង​ជា​ចម្បង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ។

ឃុំ​គឺ​ជា​បណ្ដុំ​នៃ​ភូមិ​ជា​ច្រើន ​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិន​មាន​ការ​ស្ទង់​មតិ​ជា​សាធារណៈ​ផ្លូវការ​ណា​មួយ​ធ្វើ​ឡើង​នោះ ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នេះ​ផ្ដល់​ជា​សញ្ញា​យ៉ាង​ច្បាស់​ថា​តើ​គណបក្ស​ចម្បងៗ​ទាំង​ពីរ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ដូច​ម្ដេច​នោះ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយ​នៅ​ក្នុង​រដ្ឋសភាជាតិ​មុន​កិច្ច​ប្រជុំ​អនុម័ត​ការ​ធ្វើ​វិសោធនកម្មច្បាប់ស្តីពី​គណបក្ស​នយោបាយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ​ចោល នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយ​នៅ​ក្នុង​រដ្ឋសភាជាតិ​មុន​កិច្ច​ប្រជុំ​អនុម័ត​ការ​ធ្វើ​វិសោធនកម្មច្បាប់ស្តីពី​គណបក្ស​នយោបាយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ​ចោល នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ការ​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់

លោក ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ការគ្រប់គ្រង​បាន​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ ​ដែល​ជា​ការ​បោះ​ឆ្នោត​ពោរពេញ​ទៅ​ដោយ​ភាព​ចម្រូង​ចម្រាស ​និង​ដែល​ជា​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រឆាំង​បាន​តវ៉ា​ដោយ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ។ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​កាន់​អំណាច​ដដែល តែ​មាន​ការ​ធ្លាក់​សំឡេង​ឆ្នោត​ជា​ច្រើន។ គណបក្ស​ប្រឆាំង​ត្រូវការ​បង្កើន​ចំនួន​អាសនៈ​សភា​របស់​ខ្លួន​ឲ្យ​បាន​ចំនួន​ ៧ ​អាសនៈ​បន្ថែម​ទៀត ​នៅ​ក្នុង​រដ្ឋសភា​ជាតិ​ដែល​មាន​ចំនួន​ ១២៣ ​អាសនៈ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​គណបក្ស​នេះ​ចង់​បង្កើត​រដ្ឋាភិបាល។

ក្ដី​រំពឹង​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​លោក សម រង្ស៊ី ​បាន​ប្រឈម​មុខ​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍​ ​ដែល​គាំទ្រ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ដន្ទា​ទោស ​និង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ករណី​ទៀត​ផង។

ករណី​ទាំង​នោះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​នានា​រិះគន់ ​ថា​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​នយោបាយ ​និង​គាំទ្រ​ដោយ​ប្រព័ន្ធ​តុលាការ​មួយ ​ដែល​ជា​រឿយៗ​ត្រូវ​បាន​រិះគន់​ថា​ខ្វះ​ឯករាជ្យ​ភាព​ និង​តម្លាភាព។

ការ​សម្រេច​ចិត្ត​របស់​លោក សម រង្ស៊ី ​ក្នុង​ការ​លាលែង​ពី​តំណែង​ជា​ប្រធាន​ និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​លោក ហ៊ុន សែន ​បាន​ប្រកាស​ថា​ លោក​នឹង​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ ​ដែល​រារាំង​អ្នក​ណា​ដែល​ជាប់​ទោស​ឧក្រិដ្ឋ​មិន​ឲ្យ​ដឹកនាំ​គណបក្ស​នយោបាយ ​ហើយ​បើ​យោង​តាម​លោក សម រង្ស៊ី ​ច្បាប់​នេះ​អាច​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

រដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​និង​ទទូច​ថា​ តុលាការ​មិន​មាន​ភាព​លំអៀង​នោះ​ទេ ​ហើយ​ការ​ផ្ដន្ទា​ទោស​ទាំង​នេះ​គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​តុលាការ​ឯករាជ្យ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​អាច​ទាក់ទង​សុំ​ការ​ផ្ដល់​យោបល់​លើ​បញ្ហា​ទាំង​នេះ​បាន​ទេ។

លោក រិន ចាន់រិទ្ធ​ អ្នក​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​និយាយ​ថា ​ករណី​ផ្លូវ​ច្បាប់​នេះ ​មាន​គោល​បំណង​រារាំង​លោក សម រង្ស៊ី ​ពី​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ​ខាង​មុខ​នេះ ​និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ប៉ុន្តែ​ការ​លាលែង​របស់​លោក​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជំរុញ​ទឹកចិត្ត​លោក កឹម សុខា ​និង​ក្រុម​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​លាលែង​របស់​លោក សម រង្ស៊ី ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ជាង​មុន​ ហើយ​សកម្មជន​ និង​អ្នក​គាំទ្រ​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ដោយសារ​តែ​សមត្ថភាព​របស់​លោក​នៅ​ក្នុង​ការ​ធានា​សន្តិសុខ ​ទើប​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​ឈាន​ដល់​សម័យកាល​នៃ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដែល​មិន​ដែល​មាន​ពី​មុន​មក​ ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​រយៈពេល ៣ ទសវត្សរ៍ ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ ១៩៩៨។ នេះ​ជា​ការ​អះអាង​ដែល​នៅតែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​វិល​ត្រឡប់​មក​វិញ​នូវ​សង្គ្រាម​ស៊ីវិល​ ប្រសិន​បើ​លោក​ចាញ់​ឆ្នោត ​ប៉ុន្តែ​ការ​គំរាម​កំហែង​ដូច​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​ក្នុង​ចំណោម​យុវជន ​និង​មិន​បាន​ធ្វើ​ឲ្យ​ជ្រួត​ជ្រាប​ដល់​អារម្មណ៍​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​វ័យ​ចំណាស់ ​ដូច​ដែល​ធ្លាប់​ពី​មុន​មក​នោះ​ទេ។

រូបឯកសារ៖ មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​គណបក្ស​សង្រ្គោះជាតិ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៦។
រូបឯកសារ៖ មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​គណបក្ស​សង្រ្គោះជាតិ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៦។

ទីក្រុង​ទល់​នឹង​ជនបទ

អ្នក​វិភាគ​នានា​និយាយ​ថា ​លោក សម រង្ស៊ី ​បាន​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ទីក្រុង ​និង​យុវជន ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មួយ​ផ្នែក​បណ្ដាល​មកពី​កត្តា​ប្រជា​សាស្ត្រ​ដែល​មាន​ការ​ប្រែប្រួល ​និង​កត្តា​នៃ​អ្នក​ដែល​កើត​ក្រោយ​សង្គ្រាម។ ប្រជាពលរដ្ឋ​ចំនួន​ច្រើន​ជាង ​៦៥ ​ភាគរយ​ មាន​អាយុ​ក្រោម ៣៥ ឆ្នាំ ​ហើយ​ភាគ​ច្រើន​មាន​ការ​ឆ្អែត​ឆ្អន់​ជាមួយ​នឹង​របៀប​ដឹកនាំ​ដែល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

លោក​វ៉ាន់ ថន ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា ​ការ​លាលែង​របស់​លោក សម រង្ស៊ី គឺ​ជា​ការ​ខក​ចិត្ត​ ប៉ុន្តែ​ជា​ការ​ចាំបាច់​ដើម្បី​សង្គ្រោះ​គណបក្ស ​និង​ដាក់​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ទី​មួយ​ដែល​មាន​ប្រៀប ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចូល​មក​ដល់ ​ដែល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ លោក វ៉ាន់ ថនបាន​រំពឹង​ថា លោក កឹម សុខា ​នឹង​ធ្វើ​ការងារ​បាន​ល្អ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​ ខ្ញុំ​ច្បាស់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​បាន​អាសនៈ​ជា​ច្រើន ហើយ​ករណី​នេះ​នឹង​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ប្រៀប​នៅ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដោយ​ហេតុ​ថា ​ជា​ទូទៅ ​នៅ​តាម​តំបន់​ជនបទ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មនុស្ស​ឥឡូវ​នេះ​ចាប់ផ្ដើម​ចាប់​អារម្មណ៍​ច្រើន​លើ​បញ្ហា​នយោបាយ»។

ការ​លាលែង​របស់​លោក សម រង្ស៊ី ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ​ដែល​ក្នុង​នោះ​មាន​ទាំង​លោក Billy Chia-Lung Tai ​ដែល​ជា​អ្នក​ផ្ដល់​យោបល់​ផ្នែក​សិទ្ធិ​មនុស្ស​ឯករាជ្យ​មួយ​រូប​នៅ​ឯ​ក្រុមហ៊ុន CL Consulting ​ផង​ដែរ​ ដោយ​លោក​បាន​និយាយ​ថា ​ប្រហែល​ជា​មាន​ការ​មិន​ពេញ​ចិត្ត​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​ដឹកនាំ​របស់​លោក សម រង្ស៊ី។

ក្នុង​នាម​ជា​អតីត​អ្នក​ធ្វើ​ការ​ធនាគារ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​រូប ​និង​ក្នុង​នាម​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ លោក សម រង្ស៊ី ​ត្រូវ​បាន​គេ​ស្គាល់​ថា ​បាន​ចំណាយ​ពេល​ឈប់​សម្រាក​ជិះ​ស្គី​ទឹកកក​ និង​ការ​រស់នៅ​បែប​ប្រសើរ។ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​រស់នៅ​និរទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

ចំណុច​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ ដែល​នៅ​ទី​នោះ ​បញ្ហា​នានា​ដូចជា ​ការ​កាប់​ឈើ​ខុស​ច្បាប់ ​ការ​ដណ្ដើម​ដីធ្លី ​អំពើ​ពុករលួយ និង​គម្លាត​ទ្រព្យសម្បត្តិ​ដ៏​ធំ​ និង​មាន​ឥទ្ធិពល​គ្រប​សង្កត់​លើ​សកម្មភាព​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ។

ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ២០ ​ភាគរយ ​នៅតែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ឡើយ។

ការ​ផ្ដោត​លើ​លោក កឹម សុខា

ដើម្បី​បាន​គ្រប់គ្រង​រដ្ឋាភិបាល​ លោក កឹម សុខា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​នៅ​តាម​តំបន់​ជនបទ​ ដែល​ជា​តំបន់​ដែល​លោក ហ៊ុន សែន ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង ​ដោយសារ​តែ​មាន​សន្តិភាព​រយៈពេល​ ២០ ​ឆ្នាំ ​និង​ដោយសារ​តែ​មាន​អតីត​យុទ្ធជន​វ័យ​ចំណាស់​គាំទ្រ​រូប​លោក។

លោក Chia-Lung Tai​ បាន​និយាយ​ថា៖ «តាម​យុទ្ធសាស្ត្រ ខ្ញុំ​គិត​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​គិត​ថា ​ពួកគេ​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​នៅ​តាម​ទីក្រុង​រួច​ទៅ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​បាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ទាំង​អស់​ដែល​ពួកគេ​អាច​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​បាន​រួច​ហើយ ហើយ​ពួកគេ​ប្រាកដ​ជា​ព្យាយាម​ទៅ​សុំ​ការ​គាំទ្រ​នៅ​តាម​តំបន់​ជនបទ។ ខ្ញុំ​គិត​ថា លោក កឹម សុខា ជា​បុគ្គល​មួយ​រូប​ដែល​អាច​ធ្វើ​បាន​ចំពោះ​រឿង​នេះ»។

បើ​យោង​តាម​ប្រភព​រដ្ឋាភិបាល ​និង​អ្នក​ការទូត​នានា ​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ​គណបក្ស​កាន់​អំណាច​អាច​បាត់បង់​សំឡេង​គាំទ្រ​ចំនួន​ ១០ ​ភាគរយ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ។ អ្នក​ខ្លះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បាត់​បង់​សំឡេង​គាំទ្រ​រហូត​ដល់​ ៣០ ​ភាគរយ ​ឯណោះ។

លោក Chia-Lung Tai ​បាន​បន្ថែម​ថា៖ «ចំនួន​សំឡេង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បាត់​បង់​គឺ​ពិតជា​សំខាន់​ណាស់ ហើយ​ខ្ញុំ​បារម្ភ​ថា ពួកគេ​នឹង​ធ្វើ​អ្វី​ៗ​សព្វ​បែប​យ៉ាង ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាស់​ថា ​ពួកគេ​នឹង​មិន​បាត់​បង់​សំឡេង​គាំទ្រ​នោះ​ទេ»៕

ប្រែសម្រួលដោយ ភី សុភាដា

XS
SM
MD
LG