ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​ដែល​រដ្ឋសភា​គ្រោង​នឹង​អនុម័ត


រូបឯកសារ៖ រដ្ឋ​សភា​​នៃ​ប្រទេស​ក​ម្ពុជា

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ ប្រសិន​បើ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។ ក្រុម​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ​បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទេ។

បើ​មិន​មាន​ការ​កែប្រែ​នោះ​ទេ នៅ​វេលា​ម៉ោង​៨ព្រឹកថ្ងៃ​ចន្ទនេះ​ រដ្ឋសភា​នឹង​បើកកិច្ចប្រជុំ​ពិសេស​មួយ ដើម្បីពិភាក្សា​និង​អនុម័តសេចក្តី​ស្នើ​កែ​ច្បាប់​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន ស្នើ​ឡើង​ដោយ​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រំលាយ គណបក្ស​នយោបាយ​ណា​ដែល។ គណបក្ស​ប្រឆាំង​ចាត់ទុក​ច្បាប់​នេះ​ ធ្វើឡើង​ដោយ​ប្រញាប់​ប្រញាប់ និង​អាច​យក​មក​ប្រើ​ដើម្បី​បំផ្លាញ​គូ​ប្រជែង​នយោបាយ។

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ ប្រសិន​បើ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។

ក្រុម​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ​បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទេ ដោយ​លើក​ឡើង​ថា​ ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​ ផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​និង​អាច​យក​មក​ប្រើដើម្បីគាប​សង្កត់​និង​បំផ្លាញ​គណបក្ស​គូ​ប្រជែង។

ការ​ស្នើ​កែ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ដោយ​ក្រុមតំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ចុង​ខែមករា​និង​ដើម​ខែ​កុម្ភៈ។ ភ្លាមៗ បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​បាន​ស្នើ​សុំ រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ចេញ​ជា​សេចក្តី​ស្នើ​ច្បាប់​មួយ។

បើតាម​សេចក្តី​ស្នើ​ច្បាប់​នោះ ចំណុច​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​នោះ​រួម​មាន​ទណ្ឌិត​មិន​អាច​ធ្វើ​ជា​ប្រធាន​ អនុប្រធាន​បក្ស​ ឬ​មាន​សមាសភាព​ក្នុង​គណៈកម្មាធិការ​នាយក​ឬគណៈកម្មាធិការ​អចិន្រ្តៃយ៍​បាន​នោះ​ទេ។ ចំណុច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដើម្បី​កុំ​ឲ្យ​លោក សម រង្ស៊ី ដែលកំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ។

បើ​តាម​ការ​កែ​ច្បាប់នោះ ក្នុងករណី​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ​ ក្នុង​នោះ​រួម​មាន​បទ​ល្មើស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​បែក​បាក់​ជាតិ​និង​ការ​ធ្វើ​ឲ្យ​មាន​អបគមន៍​ដែលនាំ​ឲ្យ​អន្តរាយ​ដល់​ឯក​ភាព​ជាតិ​និង​បូរណភាព​ទឹក​ដី គណបក្ស​អាច​ត្រូវ​បាន​រំលាយ។

ចំណែក​មាត្រា​មួយ​ទៀត​បាន​ហាមគណបក្សមិន​ឲ្យទទួល​វិភាគ​ទាន​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជន​បរទេស ឬ​អង្គការ​ដែលមាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។ ប្រសិន​បើ​មាន​ការ​រំលោភ​បំពាន​ករណី​នេះ ក្រសួង​មហាផ្ទៃ​អាច​សម្រេច​ផ្អាក​សកម្មភាព​របស់​គណបក្ស​ជា​បណ្តោះ​អាសន្ន​ ហើយ​បើ​មាន​ការ​ប្រព្រឹត្ត​បន្ត​ទៀត ក្រសួង​អាច​ប្តឹង​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​បាន។

បើ​តាម​ច្បាប់​ថ្មី​នេះ ក្រសួង​មហាផ្ទៃមាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​បាន។ តុលាការ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា ស្ថិត​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល។

គណបក្ស​សង្រ្គោះជាតិ​តែង​ត្រូវ​បាន​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រភព​ខាង​ក្រៅ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ជា​ដើម។

ដោយ​សារ​ការ​ស្នើ​ច្បាប់នេះ លោក សម រង្ស៊ី កាលពីថ្ងៃ​ទី​១១ ខែកុម្ភៈ​បាន​សម្រេច​លាលែង​ពី​ប្រធាន​គណបក្សសង្រ្គោះជាតិ ដោយ​លោក​លើក​ឡើង​ថា​ដើម្បី​កុំ​ឲ្យ​គណបក្ស​ត្រូវ​បាន​រំលាយ។​

«បើ​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធាន ហើយ​បើ​គណបក្ស​ត្រូវ​គេ​រំលាយ​ តើ​វា​មាន​ន័យ​អី​ វា​ខូច​ខាត​ដល់​ផល​ប្រយោជន៍​យើង​ ផល​ប្រយោជន៍​គណបក្ស ផល​ប្រយោជន៍​ជាតិ។ យើង​ចង់​បាន​អី យើង​ចង់​បាន​ការ​បោះឆ្នោត»។

អ្នក​នំាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា​ច្បាប់​ថ្មី​នេះ​មិន​មាន​គោលដៅ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​នោះ​ទេ។ នៅ​ពេល​សួរ​ថា​តើ​បទ​ល្មើស​ធ្ងន់​ធ្ងរ​ប្រភេទ​ណា​ដែល​អាច​ឈាន​ដល់​ការ​រំលាយ​បក្ស​ លោក សុខ ឥសាន សំដៅ​ថា​ជា​សកម្មភាព​របស់លោក សម រង្ស៊ី ដែល​បាន​ធ្វើ​កន្លង​មក។

«ព្រោះ​កន្លង​ទៅ​សម រង្ស៊ី ធ្វើ​នយោបាយ​ហ្នឹង គឺ​ដើម្បី​បែក​បាក់ជាតិ​ហ្នឹង ហើយ​បន្ទោស​អ្នក​គេ​អ្នក​ដទៃ​ ជា​ពិសេស​បន្ទោស​គណបក្ស​កាន់​អំណាច​ទៅ​វិញ។ កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី២២ ខែកក្កដា​ ឆ្នាំ២០១៤ នេះ​គឺ​ដើម្បី​ស្រុះ​ស្រួល​ជាតិ​ហ្នឹង​ហើយ។​ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ប៉ុន្មាន​ផង​ វាយ​ប្រហារ​អ្នក​នេះ​អ្នក​នោះ ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចុះ ក្បត់​ជាតិ លុប​ព្រំដែន ខ្សែ​បន្ទាត់​ព្រំដែន​ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​បែក​បាក់​ជាតិ»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា​ ពាក្យ​ជន​បរទេស​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ មិន​សំដៅ​លើ​ប្រជាជនខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ទោះ​ជាយ៉ាងណា​ លោក សុខ​ ឥសាន​ មាន​ប្រសាសន៍​ថា បទ​ល្មើស​ធ្ងន់ធ្ងរ​មិន​ងាយ​នឹង​កើត​មាន​នោះ​ទេ លុះ​ត្រា​តែ​គណបក្សនយោបាយ​មាន​ចេតនា​អាក្រក់ ហើយ​ការ​សម្រេច​នោះ​កើតឡើង​ដោយ​ការ​គិត​រួមគ្នា​របស់​គណបក្ស​ មិន​មែន​ជា​រឿង​បុគ្គល​នយោបាយ​តែ​ម្នាក់​ឯង​នោះ​ទេ។

«លោក​ត្រូវ​វិភាគ​បែង​ចែក​ឲ្យ​ច្បាស់​ មួយ​ជា​បុគ្គល​ មួយ​ជា​អង្គភាព។ ឥឡូវ​ខ្ញុំ​ឧទាហរណ៍ សម រង្ស៊ី ក៏​រង​បណ្តឹង​របស់​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង​ ទៅ​បរិហាកេរ្តិ៍​ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង។ អាហ្នឹង ទោស​របស់​គាត់ គាត់​ទទួល​តែ​ទោស​បុគ្គល​របស់​គាត់ គណបក្ស​គ្មាន​ប៉ះពាល់​អី។ ក៏​ប៉ុន្តែ​បើ​ សម រង្ស៊ី ដឹកនាំ​ធ្វើ​កុបកម្ម ធ្វើ​អបគមន៍​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ថា ជា​កំហុស​ធ្ងន់ធ្ងរ អាហ្នឹង​វា​ចូល​ហើយ ពី​ព្រោះ​សម រង្ស៊ី មិន​មែន​ដឹកនាំ​ក្នុង​នាម​ជា​បុគ្គល​រដ្ឋ​ទេ ក្នុង​នាម​ជា​អង្គភាព​គណបក្ស។ អាហ្នឹង ក៏​ប្រធាន អនុ​ប្រធាន និង​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ហ្នឹង​ក៏​ត្រូវ​រលាយ ហើយ​គណបក្ស​ហ្នឹង​ក៏​ត្រូវ​រលាយ​ដែរ‍»។​

លោក អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​កម្ពុជា​និង​ជា​អ្នក​វិភាគ​មួយរូប បាន​រិះគន់​ច្បាប់​ថ្មីនេះ​ថា​អាច​បកស្រាយ​បាន​ដោយ​ទូលំ​ទូលាយនិង​ផ្តល់អំណាច​ដល់​ក្រសួង​មហាផ្ទៃ​ដែល​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាលនិង​តុលាការ​ដែល​ត្រូវ​បាន​រិះគន់​ថា​មិន​ឯក​រាជ្យ។

«អញ្ចឹង​រឿង​ឯកភាព​នេះ ​គឺ​ពាក្យ​មួយ​ដែល​ខ្ញុំ​មើល​ទៅ​គ្រោះ​ថ្នាក់​មែន​ទែន។ ជាពាក្យ​មួយ​ដែល​អាចមាន​ខ្លឹម​សារ​ទូលំទូលាយ ហើយ​បកស្រាយ​ស្រេច​តែ​ចិត្ត ជា​រឿង​មួយ​ដែល​យើង​ព្រួយ​បារម្ភ»។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក អ៊ូ វីរៈ ​បន្តថា ប្រសិន​បើបុគ្គល​នយោ​បាយ​ណាប្រព្រឹត្តខុស ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ដោយ​មិន​ចាំ​បាច់រំលាយគណបក្ស​នយោបាយ​នោះ​ទេ។

អ្នក​វិភាគ​រូប​នោះ​យល់​ថា ការ​កែ​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​មិន​ចាំបាច់​សម្រាប់​កម្ពុជា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ ហើយ​អាចប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា។

តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ​មិន​ប៉ះពាល់​នោះ​ទេ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​ស្រី Rhona Smith បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពីការ​ប្រញាប់​ប្រញាល់​នៃការ​ស្នើ​ច្បាប់​និង​អនុម័ត​ច្បាប់​នេះ។

លោកស្រី​បញ្ជាក់​ប្រាប់​ VOA តាម​រយៈ​អ៊ីម៉ែល​ថា៖

​«ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋសភា​នឹង​មើល​ទៅ​លើ​ការ​វិភាគ​សិទ្ធិ​មនុស្ស​សម្រាប់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ មុន​ពេល​អនុម័ត»។

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុងពេល​លោកស្រី​ចុះ​បេសកកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុងពេល​លោកស្រី​ចុះ​បេសកកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ស្រី​បន្ថែម​ទៀត​ថា៖

«ក្នុង​ពេល​ការបោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែមិថុនា​និង​ការ​បោះឆ្នោត​សាកល​ក្នុង​ឆ្នាំ​ក្រោយ​ជិត​មក​ដល់ ការ​កែ​ប្រែ​ច្បាប់​ដែល​ប៉ះពាល់​ដល់​មេ​បក្ស​នយោបាយ​ ការ​ចុះ​ឈ្មោះ​និង​ដំណើរ​ការ​បក្ស​នយោបាយ​ កំពុង​ក្លាយ​ជា​បញ្ហា»។

លោកស្រី Elizabeth Becker ជា​អ្នក​កាសែត​អាមេរិក​ល្បី​ឈ្មោះ​ម្នាក់​ដែល​សរសេរ​សៀវភៅ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នៅ​កម្ពុជា​បាន​ប្រាប់ VOA​ថា ការ​ស្នើ​កែ​ច្បាប់​គណ​បក្ស​នយោបាយ​ទំនង​ជា​ការ​ប៉ុនប៉ង​មួយ​ ដើម្បី​ធានា​ពី​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

«នេះ​ទំនង​ជា​ជំហាន​ចុង​ក្រោយ​របស់​លោក​ហ៊ុន សែន ក្នុង​ដំណើរការ​បង្កើត​រដ្ឋ​ដែល​មាន​គណបក្ស​នយោបាយ​តែ​មួយ។ ប្រសិន​បើ​វា​ធ្វើ​ទៅបាន តាម​អ្វី​ដែល​បាន​គិត​ឃើញ នោះ​នឹង​មិនមាន​គណបក្ស​ប្រឆាំង​នោះ​ទេ។ វា​មិន​មែន​ជាសំណួរ​ទេ​ដែល​លោក​ហ៊ុន សែន ចេញ​មក​ដើម្បី​បំផ្លាញ​គណបក្ស​ប្រឆាំង‍»។

រូបឯកសារ៖ លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្មនៅសាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)
រូបឯកសារ៖ លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្មនៅសាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)

លោក​បណ្ឌិត​ អៀ សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យOccidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​ជា​ការ​ដើរ​ថយ​ដ៏​អាក្រក់​នៃ​ប្រជាធិបតេយ្យ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។

«យើង​ធ្លាប់​ឆ្លង​កាត់​ច្រើន​ណាស់​មក​ហើយ ប៉ុន្តែ​មិន​ដែល​មា​នចំណុច​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ ថា​តើ​ទៅ​ខ្វល់​រឿង​ការ​បោះ​ឆ្នោត​ធ្វើ​អី្វ»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧​និង​ការ​បោះ​ឆ្នោត​សាកល​នៅ​ខែកក្កដា ឆ្នាំ​២០១៨។ កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​៥៥​អាសនៈ។

អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Jay Raman មាន​ប្រសាសន៍​ថា គួរ​តែ​មាន​ការ​ចូល​រួម​និង​ការ​ពិភាក្សា​របស់​គណបក្ស​នយោបាយ មុន​ពេល​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។

«ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ធ្វើ​ឲ្យ​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ​ថយ​ចុះ និង​ផ្ទុយ​ពីការ​ចង់​បាន​របស់​សាធារណជន​កម្ពុជា»។

រូបឯកសារ៖ លោក Jay Raman មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​លោក ប៉ូច រាសី នៃ VOA និង​អ្នក​កាសែត​ដទៃ​ទៀត​នៅ​ក្រោយ​ការ​ចាក​ចេញ​របស់​ លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក Jay Raman មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​លោក ប៉ូច រាសី នៃ VOA និង​អ្នក​កាសែត​ដទៃ​ទៀត​នៅ​ក្រោយ​ការ​ចាក​ចេញ​របស់​ លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោកស្រី Elizabeth Becker បាន​អំពាវនាវ​ឲ្យ​អន្តរ​ជាតិ​ថ្កោល​ទោស​ជាសាធារណៈ​លើ​ទង្វើ​នេះ​ជា​បន្ទាន់។

​លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​មាន​ប្រសាសន៍​ថា វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ក្នុង​ការ​កំណត់​អនាគត​នយោបាយ​របស់​ពួកគេ។

«ប្រសិន​បើ​គ្មាន​ការ​ផ្សះ​ផ្សា ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កម្ពុជា​នឹង​បាត់​បង់​ឱកាស​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ក្នុង​តំបន់។ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​និង​ធ្វើ​ការ​ជាមួយ​គ្នាសម្រាប់​ប្រទេស​ជាតិ»។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

លោក​បន្ថែម​ថា៖ «ខ្ញុំ​ខ្លាច​តែ​ដល់​ដំណាក់​កាលនេះ យើង​នឹង​ចូល​ទៅ​ដល់​ផ្នែក​មួយ​ដ៏​ខ្មៅ​នៃ​ប្រវត្តិ​សាស្រ្ត​កម្ពុជា ដែល​មាន​ការ​ស្អប់ខ្ពើម សង​សឹក មិន​ទុក​ចិត្ត​គ្នា​និង​ហិង្សា​ជា​ដើម»។

ទោះ​ជាយ៉ាងណា​ក៏ដោយ អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​ លោក សុខ ឥសាន បាន​អះអាង​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​១០០​ភាគរយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បើ​ទោះ​ជា​គ្មាន​វត្តមាន​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ក៏​ដោយ។ លោក​បញ្ជាក់​ថា​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ប្រញាប់៕

XS
SM
MD
LG