ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ ​Comfrel រក​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ប្រសិទ្ធភាព​ការ​ងារ​របស់​រដ្ឋ​សភា


លោក​ គល់​ បញ្ញា​ ​នា​យក​ប្រតិបត្តិ​របស់​អង្គការ​ខុម​ហ្វ្រែល​ (អង្គុយ​នៅ​កណ្តាល)​ ​នៅ​ថ្ងៃ​ទី ២១​ ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ​សម្រប​សម្រួល​កិច្ច​ពិភា​ក្សា​នៃ​​របាយការណ៍​​សង្កេត​រដ្ឋ​សភា​ ក្នុង​ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA)
លោក​ គល់​ បញ្ញា​ ​នា​យក​ប្រតិបត្តិ​របស់​អង្គការ​ខុម​ហ្វ្រែល​ (អង្គុយ​នៅ​កណ្តាល)​ ​នៅ​ថ្ងៃ​ទី ២១​ ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ​សម្រប​សម្រួល​កិច្ច​ពិភា​ក្សា​នៃ​​របាយការណ៍​​សង្កេត​រដ្ឋ​សភា​ ក្នុង​ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី​/VOA)

របាយការណ៍​របស់​អង្គ​ការ​ ខុមហ្វ្រែល​ ​​ត្រូវ​បាន​ចេញ​ផ្សាយ នៅ​ចំ​ពេល​ដែល​​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​​ ​ក្រោយ​សភា​ជាតិខ្មែរ​ដែល​មាន​តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។​

ក្រុម​អ្នកតំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា ​ពុំសូវ​មានភាព​សកម្ម​ក្នុង​កិច្ចការ​ជំនាញ​របស់​ខ្លួន​ ក៏​ដូច​ជា​ការ​ជជែក​ដេញ​ដោល​អំពី​សេចក្ដី​ព្រាង​ច្បាប់​នានា​ ​នៅ​ពេល​មានការ​រំលោភ​លើ​សិទ្ធិ​ និង​តួនាទី​ជាច្រើន​របស់អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​ដែល​ធ្វើឡើង​ដោយ​ក្រុម​មតិភាគច្រើន​ដែល​កាន់​អំណាច។​ ​

នេះ​បើ​យោង​តាម​របាយការណ៍​របស់ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ អង្គការ​ខុមហ្វ្រែល​ (Comfrel) ។​

របាយការណ៍​របស់​អង្គ​ការ​ ខុមហ្វ្រែល​ ត្រូវ​បាន​ចេញ​ផ្សាយ នៅ​ចំ​ពេល​ដែលស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង ​ក្រោយ​សភា​ជាតិខ្មែរ​ដែល​មាន​តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។​

ក្រុម​អង្គ​ការសិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ជា​បន្ត​បន្ទាប់​គ្នា​ ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​អនុម័ត សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ​ដែល​នឹង​ផ្ដល់សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ ក្នុង​ការ​រឹត​បន្តឹង​សកម្មភាព​និង​រំលាយ​ចោល ​គណបក្សនយោបាយ​ ​ហើយ​ថា​ ការ​អនុម័ត​នេះ​ ជា​ប្រផ្នូល​មួយ​នៃ​ការ​ស្លាប់​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

យោង​តាម​របាយ​ការណ៍​សង្កេត​រដ្ឋសភា​ក្នុង​ឆ្នាំ​ ២០១៦​ របស់​អង្គការ​ខុមហ្វ្រែល បាន​ឲ្យ​ដឹង​ថា​ ក្រុម​មតិ​ភាគ​ច្រើន​ ដែល​កាន់​អំណាច​ បាន​បំពារបំពាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាងរាស្ត្រគណបក្ស​ប្រឆាំង​ និងបន្ថយ​តួនាទី​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​លុប​ចោល​ថ្នាក់​ដឹកនាំតំណាង​រាស្ត្រ​ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​គណបក្ស​ប្រឆាំង​ទៀត​ផង។​

រូបឯកសារ៖ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

របាយ​ការណ៍​របស់​អង្គ​ការ​ខុមហ្វ្រែល​ បាន​បន្ត​ថា​ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នៃ​រដ្ឋ​សភា​ ​បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ ធ្វើការ​ចោទប្រកាន់ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណ​បក្ស​ប្រឆាំង។​

របាយ​ការណ៍​បញ្ជាក់​បន្ត​ថា៖«មាន​ការ​លើក​ទឹកចិត្ត​ ដំឡើង​ឋានន្តរសក្ដិ​ដល់​អ្នក​ដៃ​ដល់​ដែល​ជា​មន្ត្រី​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ កង​អង្គ​រក្ស​ ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​តំណាង​រាស្ត្រ​គណបក្សមតិភាគ​តិច»។

នៅក្នុងឆ្នាំ២០១៥ ​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រឆាំង​ពីរ​រូប​ ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​វាយ​យ៉ាង​ដំណំ​នៅ​មុខ​រដ្ឋសភា​ជាតិ។

នៅ​ក្នុង​ឆ្នាំ​២០១៦ ​អ្នក​វាយ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ទាំងនោះ​ដែល​គេ​ស្គាល់​ថា​ជា​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ដំឡើង​ដំណែង។​

លោក ​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ ​ខុមហ្វ្រែល​ ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​សង្កេត​សភា​ក្នុង​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​ធំៗ​ពីរ​នៅ​ក្នុង​សភា​ ​ពុំ​សូវ​ជជែក​គ្នា​ផុលផុស​ ក្នុង​ពេលពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នានា​នោះ​ទេ។​

«បុគ្គល​អ្នកតំណាង​រាស្ត្រ​មួយៗ​ ជា​ការ​ពិត​ ភាគ​ច្រើន​ គាត់​ដើរ​តាម​ គឺ​ថា​បក្ស​មាន​ជំហរ​អី​ទៅ​លើសេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​ គាត់​យក​តាម​ជំហរ​ហ្នឹង​ហើយ។​ អញ្ចឹង​ហើយ​ យើង​ឃើញ​ចំនួន​ ១២៣​ ក៏ប៉ុន្តែ​ពេល​ ពេល​ជាក់​ស្ដែង​របៀប​ការ​ដេញដោល​ពិភាក្សា​ បើ​យើង​មើល​តួលេខ​អស់​នេះ​ យើង​ឃើញ​ដូច​ជា​ពីរ​នាក់​ទេ​ អ្នក​ប្រជែង»។​

លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។ (លឹម សុធី/VOA)
លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។ (លឹម សុធី/VOA)

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​ជជែក​ដេញ​ដោល​លើ​សេចក្ដី​ព្រាង​ច្បាប់​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយការ​បញ្ចេញ​មតិ​តទល់​គ្នា​ដើម្បី​យក​ឈ្នះ​ចាញ់​ ជា​ជាង​ការ​ផ្ដោត​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​ចេញ​ពី​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ឡាយ​នោះ។​

«បើ​មិន​ត​តាំង​ប្រឆាំង​ទេ​ គឺ​វិជ្ជមាន​ទាំង​អស់​ទៅ​លើ​អា​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង។​ ប៉ុន្តែ​បើ​សួរ​ថា​ តើ​អាសេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​ វា​ប៉ះពាល់​លើ​មណ្ឌល​ លើ​ប្រជា​ពលរដ្ឋ​ នៅ​តាម​មណ្ឌល​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ អត់​មាន​ការ​ដេញ​ដោល​គ្នា​ស៊ី​ជម្រៅ​ទេ»។

របាយ​ការណ៍​អង្គ​ការ​ខុមហ្វ្រែល​ ក៏បាន​ឲ្យដឹង​បន្ត​ទៀត​ថា​ រដ្ឋ​សភា​បាន​អនុម័ត​ដោយ​សំឡេង​ឯក​បក្ស​លើ​របៀបវារៈ​សំខាន់ៗ​ ចំនួន​ ២១​។​ របៀប​វារៈ​ទាំងនោះ​ រួមមាន​ សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ១៦​ ការបោះ​ឆ្នោតជ្រើស​តាំង​ចំនួន​ពីរ​លើ​ក​ ការ​អនុម័ត​សេចក្ដី​សម្រេច​ចំនួន​ ពីរ​លើក​ និង​ការ​ឆ្លើយ​បំភ្លឺចំនួន​មួយ​លើក។​

ក្រុម​អ្នក​វិភាគ​ ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បង្ហាញ​របាយ​ការណ៍​នេះ​ ថ្លែង​ថា​ ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ នៅ​មិន​ទាន់​ដំណើរ​ការ​ទៅ​ដោយ​រលូន​នៅ​ឡើយ​ ព្រោះ​មាន​ការ​ចែងមិន​ច្បាស់​ពី​អំណាច​ទាំង​បី​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ និង​ការ​សង្កត់​សង្កិន​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​មក​លើ​គណបក្ស​ប្រឆាំង។

លោក​ ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ ​បាន​លើក​ឡើង​អំពី​ការ​រារាំង​របស់​សភា​ ក្នុងការ​សួរនាំមន្ត្រី​រដ្ឋាភិបាល ទាក់​ទិន​បញ្ហា​រសើប​មួយ​ចំនួន​ ដូចជា​ករណី​ឃាតកម្ម​លើ​លោក​កែម​ ឡី​ អ្នកវិភាគ​សង្គម​ និង​នយោបាយ​ដ៏​ល្បី​ល្បាញ​មួយ​រូប។​

រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ ដែ​លជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ម្នាក់ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​វត្ត​ក្តី​ចាស់ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១៦។ (រូបថត​ពី AP)
រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ ដែ​លជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ម្នាក់ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​វត្ត​ក្តី​ចាស់ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១៦។ (រូបថត​ពី AP)

​លោក​ មេធាវី សុក​ សំអឿន​ អតីត​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ថ្លែង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​ បាន​ចែង​អំពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ​តែ​ពុំ​មាន​ការ​កំណត់​និយម​ន័យ​ច្បាស់លាស់​ថា​ អ្វី​ទៅ​ជា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ​ទេ ខណៈ​ដែល​រដ្ឋសភា​បាន​សម្រេច​លើ​កិច្ច​ការ​ធ្វើ​ច្បាប់​ជាច្រើន​ ដោយ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​តែ​មួយ​នោះ។

លោក​ សុក​ សំអឿន​ មាន​ប្រសាសន៍​ថា​ គណបក្ស​កាន់​អំណាច​ ​ពេល​ខ្លះបាន​ផ្ដល់​សិទ្ធិ​សេរី​ភាព​ចូលរួម​ក្នុង​កិច្ចការ​រដ្ឋសភា​ដល់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ ជារឿយៗ​សមាជិក​គណបក្ស​ប្រឆាំង បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ ដើម្បីពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នានា។​ លោក​ពន្យល់​ថា៖​

«តាម​ខ្ញុំ​យល់​អញ្ចេះ​ ពេល​ដែល​គណបក្ស​ត្រូវ​រ៉ូវ​គ្នា​ គេ​បង្កើត​ឲ្យ​មាន​ស្អី​ក្រុម​ភាគ​តិច​ ភាគច្រើន។ដូច្នេះ​ បើ​យើង​មើល​អា​ទំនោរ​ហ្នឹង​គឺ​មាន​ន័យ​ថា​ គណបក្ស​កាន់​អំណាច​ហាក់​ដូច​ឲ្យ​សិទ្ធិ​ទៅគណ​បក្ស​សង្គ្រោះ​អាច​មាន​លទ្ធ​ភាព​ច្រើន​។​ ដូច្នេះ​ បើ​យើង​មើល​មានន័យ​ថា​ សិទ្ធិ​សេរីភាព​ហ្នឹង​វារាង​ឡើង ក៏​ប៉ុន្តែ​ដល់​ពេល​គេ​ថា​ គេ​លុប​វិញ​ដូច្នេះ​ វា​ចុះ​មក​វិញ»។

រូបឯកសារ៖ លោក សុក សំអឿន មេធាវី​ឯករាជ្យ និង​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធទី ២៥ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក សុក សំអឿន មេធាវី​ឯករាជ្យ និង​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធទី ២៥ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

លោក ​សុក​ សំអឿន​ ក៏​បាន​លើក​ឡើង​ថា​ ការ​កំណត់​ច្បាប់​មិន​ច្បាស់​លាស់​ ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ចង​ ​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​គាប​សង្កត់​លើ​សកម្មភាព​សំដែង​មតិ។

លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​VOA​ ថា​ របាយការណ៍​របស់​អង្គ​ការ​ខុមហ្រ្វែល​ ត្រូវ​បាន​ចងក្រង​ឡើង​ដើម្បី​គាំទ្រគណបក្ស​ប្រឆាំង។​ លោក​បញ្ជាក់​ថា៖

«គាត់​និយាយ​នេះ​ ការ​ពារ​គណបក្ស​ប្រឆាំង​យ៉ាង​ផ្គាប់​មុខ​ ពីព្រោះ​ការ​ចាប់​ខ្លួន​ ហុង​ សុខ​ហួរ​ អ៊ុំ សំអាន​ ក៏​ដូច​ជា​មនុស្ស​មួយ​ចំនួន​ហ្នឹង​វា​អាស្រ័យ​ទៅ​លើ​លទ្ធ​ផល​នៃ​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​ជន​ទាំង​នោះ​ទេ​ មិនមែន​រំលោភច្បាប់​ទេ។​ ពេល​ដែល​ចាប់​យើង​ហ្នឹង​ យើង​ឃើញ​ហើយ​ថា​ ជា​អំពើ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់ស្ដែង»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​ សុខ ឥសាន​ បាន​ថ្លែង​ការពារ​បក្ស​កាន់​អំណាច​ថា​ ប្រទេស​កម្ពុជា​មាន​រដ្ឋាភិបាល​ ហើយ​អំណាច​ទាំង​បី​ត្រូវ​បាន​បែង​ចែក​ដាច់​ដោយ​ឡែក​ពី​គ្នា។​

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​ ក៏បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​ទៅ​បំពេញ​ការ​ងារ​នៅ​តាម​មូលដ្ឋាន ដែល​ភាគច្រើន​សំដៅ​សំខាន់​លើ​តែ​ការចុះ​សួរ​សុខ​ទុក្ខ​ ការចែក​អំណោយ​ និង​ការ​សម្ភោធ​សមិទ្ធិ​ផល​ ការ​ចុះ​អន្តរាគមន៍​ និង​ការ​ចុះ​ពង្រឹង​គណបក្ស​ប៉ុណ្ណោះ។

លោក​បន្ត​ថា ​សកម្មភាព​ចូលរួម​របស់​តំណាងរាស្ត្រ​ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាជន នៅ​តែ​មិនសូវ​មាន​នៅ​ឡើយ។

ក្នុងពេលថ្មីៗនេះ​ ​ក្រុម​អង្គ​ការសិទ្ធិ​មនុស្ស​ក្នុងស្រុក​ និង​ក្រៅ​ប្រទេស​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ជា​បន្ត​បន្ទាប់​គ្នា​ ​ដោយ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​អនុម័តសេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ​ដែល​នឹង​ផ្ដល់សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ ក្នុង​ការ​រឹត​បន្តឹង​សកម្មភាព​និង​រំលាយ​ចោល ​គណបក្សនយោបាយ​ ​ហើយ​ថា​ ការ​អនុម័ត​នេះ​ ជា​ប្រផ្នូល​មួយ​នៃ​ការ​ស្លាប់​របស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

XS
SM
MD
LG