ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​វិសោធនកម្ម​​ច្បាប់​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស


ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេដឹកនាំ​បក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​សម្រេច​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្នុង​សំឡេង​៦៦​លើ​៦៦ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ ទោះ​បី​ជា​រង​ការ​រិះ​គន់ជាច្រើន​ពីមជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ក៏​ដោយ។​

ការ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​នេះ ធ្វើឡើង​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក ស្នើ​ទៅរដ្ឋសភា​ដើម្បីធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។

លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេដឹកនាំ​បក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​

​សេចក្ដីស្នើ​វិសោធនកម្មច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន​៦០​រូប​ស្នើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ​ ហើយ​ត្រូវ​បាន​រដ្ឋសភា​សម្រេច​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋ​សភាឲ្យ​បើក​កិច្ច​ប្រជុំ​ភ្លាមៗ​ ដោយ​មិន​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ពី​គណ​បក្សនយោបាយ​ជាង​៤០​ផ្សេង​ទៀត​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

បន្ទាប់ពី​បើក​កិច្ចប្រជុំ​វិសាមញ្ញ​អស់​រយៈពេល​ជិត​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​កុម្ភៈ នេះ រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​សំឡេង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃម្សិល​មិញបានប្រកាស​ថា ពួកគេ​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​ដោយសារ​វិសោធនកម្ម​ច្បាប់ដែលធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​នេះ​ នឹងបង្ក​ឲ្យ​មាន​ការបែក​បាក់​ឯកភាព​ជាតិ ផ្ទុយពី​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ខុស​ពី​ឆន្ទៈ​រាស្ត្រ និង​មាន​បំណង​បំផ្លាញ​គណបក្ស​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ជា​មួយ​គណ​បក្ស​កាន់​អំណាច។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​ថា វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ដដែល ដើម្បីអាច​ដាក់​ឲ្យអនុវត្តជា​ប្រញាប់។ ​

ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​បន្ត​ថា អវត្តមាន​របស់​បក្ស​ប្រឆាំង​ក្នុង​ការប្រជុំ​អនុម័ត​នេះ បង្ហាញ​ថា គណបក្ស​ប្រឆាំង​មិន​មាន​ចេតនា​ក្នុង​ការ​សន្ទនា​ជា​មួយ​គណ​បក្ស​កាន់​អំណាច ក្នុង​គោល​បំណងដើម្បី​ចំណេញ​នយោបាយ​របស់​ខ្លួន។

លោក​បញ្ជាក់​ថា៖ «ពហិការ​របស់​គាត់​គឺ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា គាត់​ហ្នឹង​មិន​ចង់​ធ្វើ​ការ​សន្ទនា​អី​ទេ​។ ហើយ​យើង គណបក្ស​កាន់​អំណាច​ ចេះ​តែ​ថា​បើ​ចង់​មានវប្បធម៌​សន្ទនា សូម​អញ្ជើញ​សន្ទនា​ក្នុង​រដ្ឋសភា ហើយ​គាត់​មិនព្រម​សន្ទនា​ទេ។ ហើយ​គាត់​នៅ​តែ​មិនព្រម​ចូល​មក​ធ្វើ​ការ​ជា​ធម្មតា​ទេ។ គាត់​ធ្វើ​សកម្មភាព​លេចធ្លោ​ដើម្បី​ចំណេញ​ខាងនយោបាយ។ ដូច្នេះ​ហើយ​នេះ​ជា​ចរិត​ធម្មតា​របស់​គាត់។ អញ្ចឹង​ហើយ​យើង​គិត​ថា គាត់​គួរតែ​ពិចារណា​ដើម្បី​ចូល​មក​ក្នុង​រដ្ឋសភា ធ្វើ​ការ​ធម្មតា។ ហើយ​ធ្វើ​ការ​សន្ទនា​ធម្មតា ធ្វើ​ការ​តស៊ូ​មតិ​ធម្មតា អា​ហ្នឹង​ជា​ការ​ល្អ»។

VOA មិន​អាច​ទាក់ទង​ក្រុម​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ស្នើ​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

វិសោធនកម្ម​ច្បាប់​ដែល​រដ្ឋសភា​ទើប​តែអនុម័ត​នេះ​ បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​តុលាការ​កំពូល​ អាច​ផ្អាក​ ឬ​រំលាយ​គ​ណ​បក្ស​នយោបាយ​ណា​មួ​យ​ចោល ប្រសិនបើ​ក្រសួង​រក​ឃើញ​ថា​គណបក្ស​នយោបាយ​នោះ បំពាន​លើ​មាត្រា​ណា​មួយ​នៃច្បាប់​ថ្មី​នេះ។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​ បាន​រិះ​គន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ។ ពួកគេ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ខែ​មិថុនា ខាងមុខ៕​

XS
SM
MD
LG