ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយទាក់ទាញ​ការ​រិះគន់​ច្រើន​ពី​អន្តរជាតិ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយ​នៅ​ក្នុង​រដ្ឋសភាជាតិ​មុន​កិច្ច​ប្រជុំ​អនុម័ត​ការ​ធ្វើ​វិសោធនកម្មច្បាប់ស្តីពី​គណបក្ស​នយោបាយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ​ចោល នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

លោក​ Phil Robertson ​នាយក​រង​​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch​ និយាយ​ថា ​ការ​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​ បង្ហាញ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ នឹង​ក្ដាប់​អំណាច​ពេញ​ទី​ ហើយ​ក៏​ជា​ជោគ​ជ័យ​របស់​របប​អំណាច​ផ្ដាច់​ការ។

សហគមន៍​អន្តរ​ជាតិ​ បាន​ហៅ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ​ថា​ជា​របត់​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​របស់​ស្ថាន​ទូត​សហ​ភាព​អឺរ៉ុប​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​ដែល​ VOA​ ទទួល​បាន​នា​ថ្ងៃ​ចន្ទ​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​រឹតត្បិត​យ៉ាង​ខ្លាំងលើ​សកម្ម​ភាព​នយោបាយ​របស់​គណបក្សជំទាស់​នានា​ គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ និង​គ្រោះថ្នាក់​ ហើយ​ថា​គណបក្ស​កាន់​អំណាច​ព្យាយាម​ក្ដោបក្ដាប់​យក​អំណាច។

លោក​ Phil Robertson ​នាយក​រងប្រចាំ​តំបន់​អាស៊ី​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch​ និយាយ​ថា ​ការ​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​ បង្ហាញ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ នឹង​ក្ដាប់​អំណាច​ពេញ​ទី​ ហើយ​ក៏​ជា​ជោគ​ជ័យ​របស់​របប​អំណាច​ផ្ដាច់​ការ។

លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«ការ​អនុម័ត​រាល់​ការ​ធ្វើ​វិសោធនកម្ម​នេះ​ នឹង​បង្ហាញ​ពី​ការ​ប្រមូល​ផ្តុំ​អំណាច​ទាំងស្រុង​ចុង​ក្រោយ​នៅ​ក្នុង​ដៃ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច។​ ថ្ងៃ​នេះ​ នឹង​ត្រូវ​បាន​ចង​ចាំ​ថា​ ជា​ជោគជ័យ​របស់​របប​អំណាច​ផ្ដាច់ការ​ ទៅ​លើ​ក្ដី​សុបិន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​សំដៅ​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​ គ្មាន​អ្វី​ដែល​ត្រូវ​បំភ្លៃ​ក្នុង​ការ​និយាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ទាំងនេះ​ គឺ​ដូច​ជា​កាំភ្លើង​ដែល​ភ្ជង់​ចំ​បេះដូង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ ហើយ​សំណួរ​ដែល​ត្រូវ​សួរ​នោះ​ គឺ​នៅ​ពេល​ណា​ និង​សំអាង​លើ​ហេតុផល​អ្វី​ ដែល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ខាង​នយោបាយ​នេះ​ នឹង​កើត​មាន​ឡើង​នោះ?»

​លោក​បញ្ជាក់​បន្ត​ទៀត​ក្នុង​ន័យ​ដើម​ថា៖

«យុទ្ធសាស្ត្រ​របស់​លោក​ ហ៊ុន សែន​ គឺ​ច្បាស់​ណាស់៖​ កម្ទេច​នូវ​អ្វី​ដែល​នៅ​សេស​សល់​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា​របស់​ប្រទេស​កម្ពុជា ដោយ​ការ​ប្រើ​ប្រាស់​ច្បាប់​ផ្សេងៗ​ដូច​ជា​ច្បាប់​នេះ​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ធ្វើ​ការ​បំភិតបំភ័យ​សង្គម​ស៊ីវិល​ មិន​ឲ្យ​និយាយ​អ្វី​ទាំង​អស់​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​តាម​អំពើ​ចិត្ត និង​ការ​គំរាម​កំហែង​ដើម្បី​លុប​ចោល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ចេញ​ពី​បញ្ជី»។

លោក ​ Phil Robertson ​បន្ថែម​ថា៖ «មេរៀន​របស់​គណបក្ស​ប្រជាជន​កម្ពុជា អំពី​ការ​បរាជ័យ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រសិន​បើ​ប្រជាជន​មិន​ចូល​ចិត្ត​លោក​ ហ៊ុន​ សែន ទេ នោះ​ពួកគេ​មិន​មាន​ជម្រើស​ណាមួយ​ផ្សេង​ទៀត​ទេ។​ ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ ដែល​នឹង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ហើយ​ប្រហែល​ជា​ប្រសើរ​ជាង​ប្រទេស​វៀតណាម​បន្តិច​បន្តួច​តែប៉ុណ្ណោះ​ ជា​មួយ​នឹង​ច្បាប់​ជាច្រើន​ ដែល​អនុវត្ត​ដោយ​តុលាការ​អាយ៉ង នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា»។

ជាមួយ​គ្នា​នេះ​ អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព្រមាន​ ថា​ សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ​ ដែល​ធ្វើឡើង​ដោយ​គណបក្ស​កាន់​ក្នុង​សប្ដាហ៍​នេះ​ នឹង​បង្កើត​ឲ្យ​មាន​នូវ​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

លោក​ Charles Santiago ​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖

«ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​ នឹង​បង្ហាញ​ពី​ប្រផ្នូល​នៃ​ការ​ស្លាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះ​ បាន​បញ្ជាក់​ថា​ សេចក្ដី​ស្នើ​ច្បាប់​នេះ​ចែង​អំពី​ការ​ធ្វើ​វិសោធនកម្ម​ ដែល​នឹង​ផ្ដល់​នូវ​អំណាច​ដែល​ធ្លាប់​មាន​ដល់​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ ដើម្បី​ព្យួរ​ និង​រំលាយ​គណបក្ស​នយោបាយ។

ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

បន្ថែម​លើ​ការ​អធិប្បាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​ កាល​ពី​សប្ដាហ៍​មុន​ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ស្នើ​រដ្ឋ​សភា​ផ្អាក​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ ការ​ឲ្យ​អំណាច​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​គណបក្ស​ដែល​ប្រកួតប្រជែង ​អាច​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះ​មិន​ត្រឹមត្រូវ។

​ពួក​គេ​លើក​ឡើង​ថា​ ចៅ​ក្រម​ និង​មន្ត្រី​តុលាការ​មួយ​ចំនួន​ជា​សមាជិក​គណបក្ស​កាន់​អំណាច ដូច្នេះ​រាល់​ការ​សម្រេច​នឹង​មិន​មាន​ភាព​ឯករាជ្យ។

ចំណែក​សមាជិក​សភា​អាមេរិក និង​សមាជិក​សភា​អឺរ៉ុប​ក៏​បាន​រិះគន់​ទៅ​លើ​ច្បាប់​នេះ​ថា​ នឹងអាច​នាំកម្ពុជា​ទៅ​រក​ការ​គ្រប់​គ្រង​របស់​គណបក្ស​តែមួយ​ទៅ​ថ្ងៃ​អនាគត ដោយ​លើក​ឡើង​ថា​ ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​ មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​រារាំង​គណ​បក្ស​នយោបាយ​ដទៃ​ដែល​ជា​គូ​ប្រជែង​ខ្លួន​មិន​ឲ្យ​ធ្វើ​នយោបាយ​បាន ហើយ​ទៅ​ថ្ងៃ​មុខ​វា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ Goerge​ Edgar​ ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់ VOA​ តាម​សារ​អេឡិចត្រូនិក​ ឬ​ email​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ ​សហភាព​អឺរ៉ុប​ សម្លឹង​ទៅ​លើ​អាជ្ញាធរ​ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ដែល​គណបក្ស​ប្រឆាំង​ និង​ក្រុម​សង្គម​ស៊ីវិល​ អាច​ដំណើរ​ការ​បាន​ដោយ​សេរី។

​លោក​បញ្ជាក់​តាម​រយៈ​សារ​អេឡិចត្រូនិកនោះ​ក្នុង​ន័យ​ដើម​ថា៖

«ការ​អនុម័ត​ច្បាប់​ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រឹត​បន្តឹង​សកម្ម​ភាព​របស់​គណបក្ស​នយោបាយ​នានា​យ៉ាង​ខ្លាំង​ក្លា​ ឬ​ក៏​ការ​ធ្វើ​ឲ្យ​រលាយ​សូន្យ​នៃ​គណបក្ស​នោះ​ ​ដោយ​តុលា​ការ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។​ សកម្មភាព​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​នានា​នេះ​ នាំ​ឲ្យ​មាន​សំណួរ​ទៅ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការបោះឆ្នោត​ដែល​កំពុង​តែ​ខិត​ចូល​មក​ដល់»។

​លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ច្រាន​ចោល​រាល់​ការ​អធិប្បាយ​នា​នា​នៅ​ពី​ក្រោយ​ការ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក​បាន​ប្រាប់​ VOA ថា​ ក្រុម​អ្នក​រិះគន់​មក​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ​គួរ​គិត​គូ​លើ​បញ្ហា​ក្នុង​ប្រទេស​របស់​ពួក​គេ​ ជា​ជាង​ចាំតែចាប់​កំហុស​របស់​ប្រទេស​កម្ពុជា​ ដែល​កំពុង​ផ្ដោត​លើ​ការ​ពង្រឹង​នីតិរដ្ឋ​នោះ។

«គាត់​និយាយ​ហ្នឹង​ វា​តាំង​ពី​ដើម​មក វា​មិន​ដែល​ល្អ​ទេ​ ហើយ​យើង​គិត​មើល​ឥឡូវ​ហ្នឹង​ ស្ថាន​ភាព​ពី​មុន​ ហើយ​អា​ក្រោយ​សភា​អនុម័ត​ច្បាប់​ហ្នឹង​ វា​បញ្ហា​អី​ខុស​ប្លែក​គ្នា​ វា​អត់​មាន​ខុស​ប្លែក​អី​ផង​ អស់​លោក​ហ្នឹង​ដូច​ព្រួយ​បារម្ភ​ពេក។​ ចិត្ត​ខ្ញុំ​យល់​ថា​ គួរ​តែ​គិត​តែ​ប្រទេស​គាត់​ទៅ​ឲ្យ​វា​ស្រួល​ទៅ​ អា​ហ្នឹង​មាន​ស្អី​ មក​គិត​អី​ជំនួស​កម្ពុជា​ វា​មាន​រាជ​រដ្ឋាភិបាល​ មាន​សភា​ មាន​ព្រឹទ្ធ​សភា​ មាន​ព្រះ​មហាក្សត្រ​ លោក​ដឹកនាំ​ហើយ​ វា​មាន​បញ្ហា​អី​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ»។​

លោក​ សុខ​ ឥសាន ​បាន​បន្ត​ថា​ រដ្ឋាភិបាល​ មិន​អាច​ព្យាករណ៍​បាន​ទុក​ជាមុន​ អំពី​សម្ពាធ​អន្តរជាតិ​ រួមមាន​ប្រទេស​ម្ចាស់​ជំនួយ​ ដែល​នឹង​ដាក់​មក​លើ​កម្ពុជា។​ លោក​បន្ថែម​ថា​ ការ​រិះគន់​កន្លង​មក​នោះ​ គឺជា​មតិ​របស់​បុគ្គល​ ឬ​ក្រុម​មួយ​តែ​ប៉ុណ្ណោះ។

«ក៏ប៉ុន្តែ​ ខ្ញុំ​យល់​ថា​ អ្នក​មាន​មតិ ដូច​ជា​សមាជិក​ព្រឹទ្ធ​សភា​ ប្រទេស​មួយ​នោះ​អី​ ខ្ញុំ​គ្រាន់​តែ​សំឡេង​ភាគ​តិច​ ជា​កោសិកា​តូច​មួយ​នៅ​ក្នុង​សភា​របស់​ប្រទេស​នោះ​ទេ​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch គាត់​ជ្រើស​យក​ថ្ងៃ​ហ្នឹង​ គាត់​ធ្វើ​ការ​ឲ្យ​គណបក្ស​ប្រឆាំង​ទេ»។

បន្ទាប់​ពី​ការ​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​សមាជិកសភា​របស់​គណបក្ស​កាន់​អំណាច​នោះ​ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ ឈ្មោះ​ថា​ Licadho​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​មាន​អំណាច​ផ្អាក​គណបក្ស​នយោបាយ​នានា​ក្នុង​រយៈពេល​មួយ​ ដោយ​គ្មាន​ការ​កំណត់​រយៈពេល​ជា​អតិបរមា។

​ច្បាប់​នេះ​ នឹង​ហាម​ឃាត់​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ពិរុទ្ធភាព ឬ​បាន​ចំណាយ​ពេល​ ឬ​មិន​បាន​ចំណាយ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ដែល​គ្មាន​ការ​ពន្យារ​ពេល​ពី​ការ​កាន់​តួនាទី​នានា​នៅ​ក្នុង​គណបក្ស​នយោបាយ​ផង​ដែរ៕

XS
SM
MD
LG