ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកទោស​តវ៉ា​ដើម្បី​បន្ត​នៅ​អាមេរិក​ក្រោយពី​ត្រូវ​លើកលែងទោស​


លោក សុក ផល ​គឺជា​អ្នករៀបចំ​កិច្ចការសហគមន៍​នៅ​អង្គការ​សម្ព័ន្ធ​យុត្តិធម៌​សម្រាប់​យុវជន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា។ (ម៉ែន គឹមសេង/VOA Khmer)
លោក សុក ផល ​គឺជា​អ្នករៀបចំ​កិច្ចការសហគមន៍​នៅ​អង្គការ​សម្ព័ន្ធ​យុត្តិធម៌​សម្រាប់​យុវជន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា។ (ម៉ែន គឹមសេង/VOA Khmer)

ក្រោយពី​ត្រូវ​បាន​ដោះលែង​ លោក សុក ផល ត្រូវ​បាន​ចាប់​សារ​ជា​ថ្មី ហើយ​បញ្ជា​ឱ្យ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​​ដោយសារ​មាន​​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០២​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​កម្ពុជា​វិញនូវ​រាល់​អ្នកទោស​​ដែល​បាន​ជាប់​ពន្ធនាគារ​រួច​​ហើយ។

លោក សុក ផល មិន​បាន​កើត​នៅ​ប្រទេស​កម្ពុជា​ទេ​ ហើយក៏​មិន​ដែល​ទៅ​ប្រទេស​កម្ពុជាដែរ ​និង​បាន​រស់នៅ​សហរដ្ឋ​អាមេរិក​ជាង​៣៧​ឆ្នាំ​ហើយដោយ​ចំណាយ​ពេល​ជិត​ពាក់​កណ្តាលនៃ​រយៈពេល​នេះ​នៅ​ក្នុង​ពន្ធនាគារ​និង​មន្ទីរ​ឃុំឃាំង។

បើ​ទោះ​បី​ជា លោក ​សុក ផល មក​ដល់​សហរដ្ឋ​អាមេរិក​តាំង​ពី​អាយុ​បី​ខែ ​ប៉ុន្តែ​លោកមិន​ដែល​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​ទេ ​ហើយ​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​គឺ​ត្រូវ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ដើម​វិញ​គឺ​ប្រទេស​កម្ពុជា ក្រោយ​ពី​ជាប់​ពន្ធនាគារ​រួចរាល់។

ឥឡូវ​នេះ​ លោក សុក ផល ​ត្រូវ​តស៊ូ​តាមច្បាប់​អន្តោប្រវេសន៍ដើម្បី​បាន​បន្ត​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្រោយពី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​លោក​អភិបាល​រដ្ឋ ​ជែរី ប្រោន (Jerry Brown)។ លោក​បាន​បញ្ជាក់​ប្រាប់​ VOA ​ក្នុង បទសម្ភាសន៍​មួយ​នៅ​ការិយាល័យ​ក្នុងទីក្រុង​ឡូសអាន់ជឺឡេស រដ្ឋ​កាលីហ្វ័រញ៉ាថា៖

«ត្រូវ​ទៅ​ឡើង​តុលាការ​មួយ​សារ​ទៀត​ទៅ​ជួប​តុលាការ​រឿង​ហ្នឹង។ ទៅ​ទាក់ទង ​ICE​ (ប៉ូលិស​អន្តោ​ប្រវេសន៍) ថា​គេ​ព្រម​បិទ​ឬ​អត់​ប៉ុន្តែ​តាម​ច្បាប់​គេ​ត្រូវ​បិទ។ ពេល​ទៅ​តុលាការ​សុំ​ឱ្យ​គេ​បិទ​។ ពេល​បិទ​ហើយ​បាន​ Green Card (បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍) បាន​ទុក​ហើយ​អាច​សុំ​ចូលសញ្ជាតិ​អាមេរិកាំង‍»។

កាល​ពី​ថ្ងៃ​ទី​១០ខែ​សីហា​កន្លង​មក​នេះ លោក​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា បាន​លើកលែងទោស​អតីត​អ្នកទោស​ខ្មែរ​ចំនួន​៣នាក់​រួម​ទាំង​លោក សុក ផល ​ផង​ដែរ។ ការ​លើកលែង​ទោស​នេះ​ដើម្បីជួយ​ពួកគេ​រួចផុត​ពី​ការ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​សារ​តែ​ពួកគេ​បាន​ជាប់​ពន្ធនាគារ​រួច​រាល់​និង​បាន​ធ្វើ​កិច្ចការ​ដើម្បី​ជួយ​សង្គម។

លិខិត​របស់​លោក​ ជែរី ប្រោន ​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បញ្ជាក់​ថា៖

«លោក (សុក ផល) បាន​បង្ហាញ​ថា​ ចាប់​តាំងពី​ដោះលែង​ចេញ​ពី​ពន្ធនាគារ​មក​ លោក​បាន​រស់នៅ​ប្រកប​ដោយ​ជីវភាព​ត្រឹមត្រូវ​និង​ស្មោះត្រង់​ បង្ហាញ​អត្តចរិត​ល្អ​ត្រឹមត្រូវ ហើយធ្វើ​ខ្លួន​ជា​ពលរដ្ឋ​ដែល​គោរព​ច្បាប់‍»។​

លោក​ សុក ផល​ មានជាប់ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ពេល​មាន​អាយុ​១៧ឆ្នាំហើយ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់​រដ្ឋ​កាលីហ្វ័រញ៉ាកាត់​ទោស​ដូច​មនុស្ស​ពេញវ័យឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៣ឆ្នាំ​៨ខែ​ កាល​ពី​ពី​ខែមេសា​ឆ្នាំ​២០០០។

លោក ​សុក ផល ​ត្រូវ​បាន​ដោះលែង​នៅ​ឆ្នាំ​២០១៥ គឺ​មុន​កាលកំណត់​ដោយសារ​បាន​ប្រព្រឹត្ត​ល្អ​ពេល​ជាប់​ពន្ធនាគារ​និង​ច្បាប់​ថ្មី​កំណត់​ថា​អនីតិជន​មិន​ត្រូវ​ទទួលទោស​ដូច​មនុស្ស​ពេញវ័យ​ទេ។

ក្រោយពី​ត្រូវ​បាន​ដោះលែង​ លោក សុក ផល ត្រូវ​បាន​ចាប់​សារ​ជា​ថ្មី ហើយ​បញ្ជា​ឱ្យ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញដោយសារ​មានកិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០២​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​កម្ពុជា​វិញនូវ​រាល់​អ្នកទោសដែល​បាន​ជាប់​ពន្ធនាគារ​រួចហើយ។ ក្រោយ​ពី​ចាប់​ដាក់​ឃុំឃាំង​ចំនួន​៦​ខែ​ លោក​ សុក ផល​ត្រូវ​បាន​ដោះលែង​វិញ​សិន ​ក្នុង​ពេល​រង់ចាំ​ឯកសារ​បញ្ជូន​ចេញ។ ប៉ុន្តែ​បួន​ខែ​ក្រោយ​មក​ប៉ូលិស​អន្តោប្រវេសន៍​បាន​មក​ចាប់​ខ្លួន​វិញ​ដើម្បី​ត្រៀម​បញ្ជូន​ចេញ។ នៅ​ពេល​នោះ​លោក សុក ផល បានតវ៉ា​នឹង​ការ​បញ្ជូន​ចេញ​ដោយ​ប្តឹង​ឱ្យ​តុលាការ​ពិនិត្យ​មើល​សំណុំ​រឿង​ឡើងវិញ។ លោក​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង​ដោយសារ​មិន​មាន​ថវិកា​ដើម្បី​ជួល​មេធាវី។ លោក​ សុក ផល ​បាន​ចំណាយ​ពេល​អាន​សំណុំ​រឿង​ចាស់ៗ​និង​ស្រាវជ្រាវច្បាប់​អន្តោប្រវេសន៍​ដែល​ខ្លួន​ធ្លាប់​បាន​សិក្សា​កាលពី​នៅ​ក្នុង​ពន្ធនាគារ​លើក​មុនដើម្បី​តស៊ូ​ទល់​នឹង​ការ​បណ្តេញ​ចេញ​នេះ។

លោក​បាន​បញ្ជាក់​ថា៖

«នៅ​ពេល​នោះ​ខ្ញុំ​ធ្វើ​ក្រដាស​ស្នាម​ខ្លួន​ឯង​ព្រោះ​កាល​រយៈ​ដែល​ខ្ញុំ​នៅ​ក្នុង​គុក​១៥ ឬ១៦ឆ្នាំនោះ​បាន​រៀន​ច្បាប់​ច្រើន​គឺ​ច្បាប់​អាមេរិក​ខាង​រដ្ឋធម្មនុញ្ញ ព្រហ្មទណ្ឌ​និង​អន្តោប្រវេសន៍។ ខំ​អង្គុយ​រៀន។ ខំ​រៀន​មហាវិទ្យាល័យ​ដែរ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ពេល​ចេញ​មក​យើង​អាច​មាន​ដំរេះ​មាន​អី​ខ្លះ​កុំ​ចេញ​មក​វិញ​អត់មាន​ដំរេះ​វិជ្ជា​ធ្វើ​អ្វី​នៅ​ក្រៅ។ ដល់​ពេល​ចូល​ទៅ​ដឹង​ច្បាប់​ហ្នឹង​ក៏​ចាប់​ផ្តើម​សរសេរ​ចាប់​ផ្តើម​ធ្វើ​ទៅ‍»។

នៅ​ទី​បំផុតសំណុំរឿង​នោះ​បាន​បើក​ឡើងវិញ​ហើយ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ដោយ​បង់​ប្រាក់​ធានា​ដែល​សហគមន៍​បាន​ខិតខំ​រៃ​អង្គាស​ថវិកា​ដើម្បី​បង់​ជូន​តុលាការ។

ការ​លើកលែង​ទោស​របស់​លោកអភិបាល​រដ្ឋ​មិន​បញ្ឈប់​ការ​បញ្ជូន​ចេញ​ដោយ​ស្វ័យប្រវត្តិ​ទេ​ប៉ុន្តែ​វា​ជួយ​លុបចោល​ការ​ដាក់ទោស​ដែល​អាជ្ញាធរ​ប្រើប្រាស់​ជា​ហេតុផល​ដើម្បី​បញ្ជូន​ចេញ។ លិខិត​លើក​លែង​ទោស​របស់​លោក​អភិបាល​រដ្ឋ​បាន​បន្ថែម​ថា៖

«...ដោយសារតែ​បាន​ទទួលទោស​សព្វ​គ្រប់​ហើយ​និង​មាន​ចរិត​មារយាទ​ល្អ​នៅ​ក្នុង​សហគមន៍​ដែល​លោក​រស់នៅ​ចាប់​តាំង​ពី​ចេញ​ពី​ពន្ធនាគារ​មក លោក ​សុក ផល​ បាន​សងបំណុល​ដល់​សង្គម​រួចរាល់​ហើយ ​និង​ទទួល​បាន​ការ​លើកលែង​ទោស​ពេញ​លេញ​និង​គ្មាន​លក្ខខណ្ឌ‍»។

លោក​ សុក​ ផល​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«តាំង​ពី​បាន​អាហ្នឹង (លិខិត​លើក​លែង​ទោស) មក​ មើល​ទៅ​ដូច​ជា​ធូរ​ចិត្ត​បន្តិច​ដែរ​ព្រោះ​បាន​មាន​តាមច្បាប់​ហើយ​មាន​ផ្លូវ​នៅ​ទុក ​Green card (បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍) នៅ​ជុំ​បង​ខ្ញុំ​នៅ​ទី​នេះ‍»។

ក្រុម​គ្រួសារ ​លោក សុក ផល​ បាន​ចាក​ចេញ​ពី​ខេត្ត​កណ្តាល នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​រត់​គេច​មក​ដល់ជំរុំ​នៅ​ក្នុង​ប្រទេស​ថៃ។ លោក សុក ផល​កើត​នៅ​ក្នុង​ជំរុំ​ក្នុង​ប្រទេស​ថៃ​មុន​ពេល​ដែល​គ្រួសារ​បាន​ទទួល​ឋានៈ​ជា​ជនភៀស​ខ្លួន​មក​ដល់​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨១។

ម្តាយ​បាន​ចាកចេញ​ពី​គ្រួសារ​នៅ​ពេល​ដែល​ សុក ផល ​មាន​អាយុ២ឆ្នាំ។ លោក​បាន​ប្រាប់​ VOA ​ថា ​ឥឡូវ​នេះ​មិន​ដឹង​ថា​ម្តាយ​នៅ​ឯណា​និង​មាន​មុខមាត់​យ៉ាងណា​ទេ​បើ​សិន​ជា​ជួប​គាត់​ព្រោះ​បាត់​ដំណឹង​ឈឹង​តាំង​ពី​ពេលនោះ​មក។

ឪពុក​បាន​ស្លាប់​ដោយ​ជំងឺ​មហារីក​នៅ​ពេល​ដែល​លោក​ ផល មាន​អាយុ​១៦​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​លោកបាត់​ទីពឹង​និង​ត្រូវ​រស់​នៅ​តែលតោល​តាម​ចឹញ្ចើម​ផ្លូវ​មុន​នឹង​សេព​គប់​មិត្តភក្តិ​ដែល​មិន​ល្អ​ហើយ​ត្រូវ​សាលា​បណ្តេញ​ចេញ។

ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ត្រាំ​ឡើង​កាន់​អំណាចដោយ​ប្រើប្រាស់​គោល​នយោបាយ​ប្រឆាំ​ង​នឹង​ជន​អន្តោប្រវេសន៍​ រដ្ឋបាល​របស់​លោកបាន​ពន្លឿន​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​និង​ជន​ដែល​ប្រព្រឹត្ត​ខុស​ចេញ​ពី​សហរដ្ឋ​អាមេរិក។ ​កាល​ពី​ដើម​ខែ​មេសា សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ចេញ​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៣នាក់​និង​ក្នុង​ខែ​សីហា​បាន​បញ្ជូន​ចេញ​ចំនួន​៣០​នាក់​ទៀត។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​៨៨០នាក់​ហើយ​ត្រូវ​បាន​បញ្ជូន​ចេញពីសហរដ្ឋ​អាមេរិក​បើ​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២០១៨នេះ ហើយ​មាន​ចំនួន​ជិត​១.៦០០​នាក់ទៀត​កំពុងតែ​មាន​ភាព​មិន​ច្បាស់​លាស់​ចំពោះ​អនាគត​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អង្គការ​មជ្ឈមណ្ឌល​ធនធាន​សកម្មភាព​សម្រាប់​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍ (SEARAC)។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ខ្មែរ​យ៉ាងហោចណាស់​៧នាក់ដែរ​ដែល​ប្រឈម​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ត្រូវ​បាន​លោក​អភិបាល​រដ្ឋ​លើកលែង​ទោស។

លោកស្រី ជែននី ហ្សាវ ​មេធាវី​ផ្នែក​អន្តោប្រវេសន៍​នៃ​ក្រុមហ៊ុន​ច្បាប់​អាស៊ី ដែល​មានឈ្មោះ​ថា​«ស្វែង​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង‍» បាន​ប្រាប់ VOA ​ថា៖

«ពួកគេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​លុប​បំបាត់​ចោល​បញ្ហា​អន្តោប្រវេសន៍​តាម​រយៈ​ការ​លើកលែង​ទោស​នេះ។ ដូច្នេះ​ការ​លើកលែង​ទោស​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​ទទួល​បាន​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​វិញ‍»។

លោកស្រី​ ជែននី ហ្សាវ បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា ការ​លើកលែង​ទោស​នេះ​គឺជា​ការ​ទទួល​ស្គាល់​ថា ​ជនភៀសខ្លួន​កម្ពុជា​ទាំងនេះ​បាន​ចូលរួម​ចំណែក​ដល់​សហគមន៍​របស់​ពួកគេ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ បើ​ទោះ​បី​ជា​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ក្នុង​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​កាល​ពី​ពេល​ពួកគេ​នៅ​ក្មេង​ ក៏​ពួកគេ​បាន​កែប្រែ​ហើយ​បាន​មក​ជួយ​ក្រុមគ្រួសារ​របស់​ពួកគេ។ ជា​រឿង​ល្អ​ខ្លាំង​ណាស់​ដែល​លោក​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ទទួលស្គាល់​ចំណុច​នេះ‍»។

សព្វ​ថ្ងៃ​នេះ ​លោក​សុក ផល​គឺជា​អ្នក​រៀបចំ​កិច្ចការ​សហគមន៍​នៅ​អង្គការ​សម្ព័ន្ធ​យុត្តិធម៌ សម្រាប់​យុវជន (Youth Justice coalition) ដែល​តស៊ូ​មតិ​ដើម្បី​ជួយ​ដល់​ការ​កែទម្រង់​ច្បាប់​ព្រហ្មទណ្ឌ​និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​អនីតិជន។ លោក​ក៏​បាន​ជួយ​ដល់​ក្រុមគ្រួសារ​ខ្មែរ​ជាច្រើន​ដែល​នៅ​ជាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន៍​បាន​ចេញ​មក​ដើម្បី​តស៊ូ​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត​ប្រឆាំង​នឹង​ការ​បញ្ជូន​ចេញ។ ​

«តាំង​ពី​ចេញ​មក​ចូល​ជួយ​គេ​អ្នក​ដែល​ជាប់​ទោស​កំហុស​ដែល​ជាប់​នៅ​មន្ទីរ​ឃុំ​ឃាំង​នៅ​សហរដ្ឋ​អាមេរិក​ជួយ​គ្រួសារ​ដែល​បែក​បាក់​គ្នា។ ឥឡូវ​នេះខ្ញុំ​មាន​គ្រួសារ​ខ្មែរ​ទូរស័ព្ទ​រក​ផ្លូវ​ជួយ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​បាន​ឪពុកម្តាយ​ចេញ​មក​វិញ។ ឥឡូវ​ធ្វើការ​ខាង​អង្គការ​របស់ខ្ញុំ​ជួយ​អ្នក​ណា​ដែល​ធម្មតា​សាលា​គេ​បណ្តេញ​ចេញ​ មក​ទទួល​នៅ​សាលា​នេះ។ ជួយ​គេ​ឱ្យ​បាន​កុំ​ធ្វើ​អ្វី​ ផ្តេសផ្តាស‍»។

សវនាការ​បន្ទាប់​ទៀត​គឺ​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៦ខែ​វិច្ឆិកា​នេះ​នៅ​តុលាការ​អន្តោប្រវេសន៍​នៃ​ទីក្រុង​ឡូស​អាន់ជឺឡេស​ រដ្ឋ​កាលីហ្វ័រញ៉ា។​ បើ​សិន​ជា​ឈ្នះក្តី​នៅ​សប្តាហ៍​ក្រោយ​នេះ​ លោក​ សុក ផល​ ​ប្រាថ្នា​ថា ​នឹង​ដាក់​សុំ​ចូល​សញ្ជាតិ​អាមេរិកាំងហើយ​សិក្សា​ដើម្បី​ជួយ​ដល់​ខ្មែរ​ដទៃ​ទៀត​ដែល​មាន​បញ្ហា​ហើយ​នឹង​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​ដូច​រូបលោក​កាល​ពី​ពេល​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG