បទបញ្ជាបណ្តោះអាសន្នរបស់តុលាការក្នុងរដ្ឋកាលីហ្វញ៉ាកាលពីចុងឆ្នាំ២០១៧បានជួយពន្យាការបញ្ជូនលោកកុសល ឈឹម ចេញពីសហរដ្ឋអាមេរិកហើយពេលនេះគ្រួសាររបស់លោកកំពុងតែប្តឹងទាមទារឱ្យបើកសំណុំរឿងឡើងវិញដើម្បីសុំសិទ្ធិបន្តរស់នៅ។
អ្នកស្រី សាងហៀ ប្រាក់ ភរិយារបស់លោកកុសល ឈឹមបានដាក់ពាក្យបណ្តឹងទៅគណៈគ្រប់គ្រងបណ្តឹងឧទ្ធរណ៍របស់ជនអន្តោប្រវេសន៍ (The Board of Immigration Appeals) និងប្រមូលសំឡេងគាំទ្រ។
អ្នកស្រីបានបញ្ជាក់ប្រាប់វីអូអេថា៖
«នេះគឺជាអ្វីដែលមេធាវីរបស់យើងបានដាក់ប្តឹងទៅគណៈគ្រប់គ្រងបណ្តឹងឧទ្ធរណ៍ឱ្យបើកសំណុំរឿងរបស់គាត់ឡើងវិញ។ យើងកំពុងរង់ចាំការសម្រេច»។
លោកកុសល ឈឹម បានជាប់ពន្ធនាគារប្រាំឆ្នាំកាលពីឆ្នាំ២០០១ដោយសារតែការប្រើហិង្សាលើអតីតសង្សារ។
ពេលនេះកំហុសដែលលោកបានប្រព្រឹត្តកាលពី១៦ឆ្នាំមុន បានតាមមករកលោកវិញ។ លោកត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួនកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៧ពេលកំពុងរៀបចំចាកចេញពីផ្ទះទៅធ្វើការនៅពេលព្រឹកព្រលឹមហើយគ្រោងបញ្ជូនចេញទៅកម្ពុជានៅថ្ងៃទី១៨ខែធ្នូឆ្នាំមុន។ ប៉ុន្តែត្រូវអាក់ខានវិញបន្ទាប់ពីមានបទបញ្ជារបស់តុលាការរដ្ឋកាលីហ្វញ៉ាឱ្យផ្អាកសិនតាមបណ្តឹងរបស់ក្រុមការពារសិទ្ធិពលរដ្ឋដែលចោទថាការចាប់ខ្លួនមួយចំនួនធ្វើឡើងដោយមិនស្របតាមនីតិវិធី។
ក្រុមគ្រួសារលោកកុសល ឈឹមបានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣ពេលដែលកុសលមានអាយុ៨ឆ្នាំប៉ុន្តែមិនដែលបានចូលសញ្ជាតិអាមេរិកាំងទេ។
កុសលបានទិញផ្ទះមួយនៅទីក្រុងStafford រដ្ឋVirginiaកាលពីពីរឆ្នាំមុនដើម្បីសម្រេចក្តីសុបិនអាមេរិកាំងរបស់គាត់ហើយបានប្រមូលបងប្អូននិងម្តាយមកនៅជុំគ្នា។ ក្រុមគ្រួសាររំពឹងថាបន្ទុកដែលកុសលត្រូវរ៉ាប់រងដោយរួមទាំងបញ្ហាសុខភាពរបស់ម្តាយនឹងអាចធ្វើឱ្យគណៈគ្រប់គ្រងបណ្តឹងឧទ្ធរណ៍របស់ជនអន្តោប្រវេសន៍សម្រេចឱ្យបើកសំណុំរឿងរបស់គាត់ឡើងវិញ។
អ្នកស្រីមួយ គ្រួច ជាម្តាយបានបញ្ជាក់ថាការបញ្ជូនកុសល ចេញនឹងបង្កការលំបាកដល់ក្រុមគ្រួសារ។
«ពេលបញ្ជូនវាខ្ញុំមានការលំបាកណាស់។ ខ្ញុំមានកូនមួយកូនបងហ្នឹងបានជួយថែរក្សា។ ប្តីស្លាប់ទៅនៅសល់កូន។ ឥឡូវកូនត្រូវគេបញ្ជូនទៅទៀត»។
អ្នកស្រីមួយ គ្រួច មានជំងឺទន់ស្វិតសាច់ដុំហៅថា(Myasthenia Gravis)ដែលមានសុខភាពធ្លាក់ចុះជាលំដាប់៖
«ខ្ញុំសព្វថ្ងៃនិយាយមិនច្បាស់ទេ។ អណ្តាតរឹង។ អណ្តាតរឹងលេបអីអត់បានទេ។ ដល់យូរអត់មានម្អូបចូលពោះគេចោះពោះខ្ញុំដាក់ទុយោច្របាច់ម្អូបចូលក្នុងពោះ»។
ប្រទេសកម្ពុជាបានគ្រោងទទួលយកពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិកចំនួន៧០នាក់កាលពីខែធ្នូ។ នៅពេលនេះកុសលកំពុងតែត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងFarmville Detention Center ក្នុងរដ្ឋVirginia ហើយក្រុមគ្រួសារអាចទៅជួបបានមួយម៉ោងនៅរាល់ចុងសប្តាហ៍។
មុនពេលចាប់ខ្លួនកុសលគឺជាអ្នកបច្ចេកទេសខាងម៉ាស៊ីនត្រជាក់និងជាប្រភពចំណូលចិញ្ចឹមក្រុមគ្រួសារ។នៅពេលនេះផលវិបាកបានប៉ះពាល់គ្រួសារដោយអ្នកស្រីសាងហៀ ប្រាក់ត្រូវធ្វើការទ្វេដងដោយត្រូវបែងចែកពេលវេលារវាងការងារនៅមន្ទីរពេទ្យនាពេលយប់និងជាគ្រូបង្រៀននៅពេលថ្ងៃហើយត្រូវមើលថែកូនតូចនិងម្តាយក្មេកដែលមានជំងឺ។ បន្ថែមពីនេះគឺត្រូវរត់ការក្រដាសស្នាមតុលាការនិងតម្លៃជួលមេធាវីដ៏ថ្លៃ។
នាង គីម ស័រ ដែលត្រូវជាប្អូនថ្លៃបញ្ជាក់ថា៖
«អត់គាត់គឺពិតជាពិបាកណាស់។ ជីវភាពពួកយើងនឹងពិបាកខ្លាំង។ ខ្ញុំមិនដឹងថាយើងនឹងត្រូវធ្វើយ៉ាងម៉េចទៀតទេ។ យើងអាចខំប្រឹងប៉ុន្តែយើងត្រូវការគាត់ឱ្យនៅជាមួយយើងជាពិសេសកូនរបស់គាត់និងការមើលថែផ្ទះនេះ»។
កុសលមានកូនស្រីមួយអាយុទើបតែពីរឆ្នាំជាមួយនឹងអ្នកស្រីសាងហៀ ប្រាក់និងកូនប្រុសស្រីពីរនាក់ទៀតជាមួយនឹងប្រពន្ធមុន។
អ្នកស្រីសាងហៀ ប្រាក់ បញ្ជាក់ថាបន្ទាប់ពីចេញពីពន្ធនាគារក្នុងឆ្នាំ២០០៧ រហូតមកកុសល ឈឹមមិនដែលមានប្រព្រឹត្តខុសអ្វីទៀតទេ។
«គាត់មិនដែលធ្វើបាបខ្ញុំផង។ ពេលខ្ញុំរៀននៅបូស្តុនគាត់ជួយខ្ញុំ។ គាត់ធ្វើការ។ ពួកយើងអត់នៅជាមួយគ្នាទេ។ ខ្ញុំរៀននៅបូស្តុនហើយគាត់នៅVirginia ។ គាត់ជួយប្រាក់កាក់។ គាត់មិនដែលធ្វើបាបខ្ញុំទេ។ ពួកយើងនៅជាមួយគ្នា។ ខ្ញុំនៅបូស្តុនបីបួនឆ្នាំទាល់តែខ្ញុំរៀនចប់បានពួកយើងនៅជួបជុំនៅជាមួយគ្នា។ គាត់មិនមែនមនុស្សអាក្រក់ទេ»។
អ្នកជិតខាងក៏ចូលរួមជួយគាំទ្រដែរដោយបានសរសេរលិខិតទៅសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ។
អ្នកស្រី អេលលី ខនលី (Ellie Conley) ដែលជាអ្នកជិតខាងបានបញ្ជាក់ថា៖
«គាត់បង្ហាញនូវក្តីមេត្តាករុណានិងមិត្តភាពដល់យើងគ្រប់គ្នានិងអ្នកជិតខាង។ គាត់ទ្រទ្រង់គ្រួសារ។ គាត់ស្រឡាញ់ប្រពន្ធកូននិងក្រុមគ្រួសារ។ យើងនឹងខកចិត្តបើគាត់មិនអាចមកផ្ទះវិញបាន»។
អ្នកស្រីជេរី ស្តេហ្វឹន (Jeri Stephens)ដែលនៅផ្ទះទល់មុខបានបន្ថែមថា៖
«ខ្ញុំគិតថាយើងនឹងបាត់ពលរដ្ឋល្អម្នាក់។ គាត់ចូលមកនៅហើយគោរពតាមស្តង់ដាសហគមន៍របស់យើងនិងរដ្ឋធម្មនុញ្ញប្រទេស។ វាជាការបាត់បង់សម្រាប់ពួកយើង។ ហើយសម្រាប់គ្រួសាររបស់គាត់ថាតើត្រូវដោះស្រាយរឿងនេះយ៉ាងណា? អ្វីដែលពួកគេជួបប្រទះគឺពិតជាពិបាកណាស់តើពួកគេអាចរស់នៅបានដូចម្តេចទៅ?»
អ្នកស្រីមែរី ស្តែនហ្វដ(Meri Stanford) ដែលជាអ្នកជិតខាងម្នាក់ទៀតបានបញ្ជាក់ថា៖
«ខ្ញុំខូចចិត្តណាស់។ ខ្ញុំមានអារម្មណ៍ក្តុកក្តួលដោយសារគាត់ជាមនុស្សល្អ។ ខ្ញុំបន់ស្រន់ដល់គាត់រាល់ពេលព្រឹកព្រលឹមសូមឱ្យព្រះជាម្ចាស់ជួយឱ្យគាត់បានស្នាក់នៅជាមួយនឹងក្រុមគ្រួសារ។ ខ្ញុំនឹងខ្លោចផ្សារក្នុងចិត្តបើសិនជាគេបញ្ជូនគាត់ទៅស្រុកខ្មែរ។ តើគាត់អាចធ្វើអ្វីបាន? តើគាត់ត្រូវទៅទីណា? គ្រួសារគាត់នៅទីនេះទាំងអស់។ គាត់មានប្រពន្ធកូន ម្តាយនិងបងប្អូន។ ពួកគេនៅទីនេះទាំងអស់ដូច្នេះគាត់ត្រូវតែនៅទីនេះ»។
ក្រុមគ្រួសារនៅតែរក្សាក្តីសង្ឃឹមថាអាចនឹងឈ្នះក្តីនេះឡើងវិញព្រោះការបណ្តេញចេញនេះមិនយុត្តិធម៌ទេហើយកុសលបានចូលរួមធ្វើសកម្មភាពសង្គមយ៉ាងសកម្ម។
អ្នកស្រីសាងហៀ ប្រាក់បានបន្ថែមថា៖
«ខ្ញុំមានអារម្មណ៍ថាវាជាទោសប្រហារជីវិតដល់ជនណាម្នាក់ដែលមានស្ថានភាពដូចគាត់អីចឹងដោយសារតែគាត់មកដល់ទីនេះតាំងតែពីតូច។ គាត់ស្គាល់តែសហរដ្ឋអាមេរិក។ នៅពេលណាអ្នកយកអ្នកណាម្នាក់ទៅដាក់ប្រទេសដែលគេមិនស្គាល់សោះហើយមិនចេះអាននិងសរសេរគឺពិតជាលំបាកណាស់»។
បើសិនជាបរាជ័យក្នុងការទាមទារតាមផ្លូវតុលាការគឺអ្នកស្រីនឹងត្រូវរើទៅនៅប្រទេសកម្ពុជាវិញដែរ៖
«មានន័យថាបើគេបញ្ជូនគាត់ទៅស្រុកខ្មែរគឺខ្ញុំនិងកូនត្រូវទៅតាមដែរហើយពួកយើងអត់ចង់បែកបាក់គ្រួសារទេ»។
ប៉ុន្តែសម្រាប់អ្នកស្រី មួយ គ្រួច ជាម្តាយគឺមិនអាចផ្លាស់ទៅកម្ពុជាវិញទេដោយសារតែស្ថានភាពសុខភាព។
អ្នកស្រីបន្ថែមថា៖
«ជំងឺខ្ញុំគ្រាន់តែទៅមើលកូនគឺទៅបានតែជំងឺខ្ញុំទៅទីនោះខ្ញុំមានលុយឯណាមើលខ្លួន? ជំងឺខ្ញុំមួយថ្ងៃកាត់មួយថ្ងៃកោ។ ជំងឺខ្ញុំសព្វថ្ងៃរស់តែនឹងថ្នាំហ្នឹង។ ខ្ញុំអត់លេបថ្នាំខ្ញុំអត់លេបអីរួចទេ»។
ក្រុមគ្រួសារកំពុងតែធ្វើយុទ្ធនាការតាមអ៊ីនធឺណិតដើម្បីរៃអង្គាសប្រាក់សម្រាប់បង់សេវាមេធាវីការពារក្តី។ https://www.gofundme.com/not1morefamily-please-save-my-dad
នៅទូទាំងសហរដ្ឋអាមេរិកមានពលរដ្ឋខ្មែរដែលប្រឈមនឹងការចាប់បញ្ជូនចេញជិត២០០០នាក់។ ចាប់តាំងពីប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០២ជាមួយសហរដ្ឋអាមេរិកទទួលយកពលរដ្ឋរបស់ខ្លួនទៅវិញគឺបានទទួលចំនួនជាង៥០០នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមសកម្មជនសិទ្ធិពលរដ្ឋ៕