ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី៖ តុលាការ​កំពូល​សម្រេច​ថា​ សំណុំ​រឿង​លោក​ រ៉ាត់ រត្នមុនី​ មាន​បញ្ហា​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្នាក់​ក្រោម​វិញ


រូបឯកសារ៖ រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​ក្តី​ឡើង​វិញ​ចំពោះ​សំណុំ​រឿង​របស់​លោក​រ៉ាត់ ​រត្នមុនី​ អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី ​ RT ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទចោទ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»​ទាក់ទង​នឹង​ភាពយន្ត​ឈ្មោះ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។​

លោក​ ឡោ ជុនធី​ ​មេធាវី​របស់​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ដឹង​ថា ​ចៅក្រម​សម្រេច​ដូចនេះ​ដោយ​សារ​មាន​“បញ្ហា​ការណ៍​ពិត”​ក្នុង​ពេល​ជំនុំ​ជម្រះ។ ​តុលាការ​ជាន់​ទាប​ កាលពី​ឆ្នាំ​មុន​ បាន​កាត់​ទោស​លោក​រ៉ាត់ រត្នមុនី​អាយុ​៤៩​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​ជួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​រុស្ស៊ី​RT ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា​ មាន​“ព័ត៌មាន​ក្លែងក្លាយ”​អំពី​ប្រទេស​កម្ពុជា។​

លោក​បាន​និយាយ​ថា​តុលាការ​កំពូល​បាន​បង្វិល​សំណុំ​រឿង​នេះ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា​មាន​បញ្ហា​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ។​

មេធាវី​ម្នាក់​ទៀត​របស់​លោក​រ៉ាត់ រត្នមុនី​ គឺ​លោក ​សំ ទិត្យ​សីហា​បាន​ថ្លែង​ថា ​មាន​បញ្ហា​ខ្វះខាត​ខ្លះ​ក្នុង​ការ​ជំនុំ​ជម្រះ។​

អ្នក​នាំពាក្យ​តុលាការ​កំពូល​លោក​អ៊ុក គឹមសិទ្ធិ​បាន​បញ្ជាក់​អំពី​សេចក្តី​សម្រេច​បង្វិល​សំណុំ​រឿង​ នៅ​ថ្ងៃ​ពុធ​នេះ។ ​ភាពយន្ត​ឯកសារ​“ម្តាយ​ខ្ញុំលក់ខ្ញុំ”​និយាយ​អំពី​ក្មេងស្រី​ម្នាក់​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​ភាពយន្ត​នេះ​ថា​ ត្រូវ​បាន​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​សាកសួរ​អ្នក​ពាក់ព័ន្ធ។​ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា​ ក្មេង​ស្រី​រងគ្រោះ​និង​ម្តាយ​របស់​នាង​ត្រូវ​បាន​គេ​ឲ្យ​ប្រាក់​២០០​ដុល្លារ​ ឲ្យ​និយាយ​កុហក​សម្រាប់​ផលិត​ខ្សែ​ភាពយន្ត​ដែល​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។ ​

សារ​ព័ត៌មាន​រុស្ស៊ី ​ RT​បាន​បដិសេធ​ថា​ ខ្លួន​មិន​ដែល​ឲ្យ​លុយ​តួអង្គ​ក្នុង​ភាពយន្ត​ឯកសារ​ឬ​អ្នក​ត្រូវ​សម្ភាស​ទេ។​

លោក​រ៉ាត់ រត្នមុនី​អតីត​មេដឹកនាំ​សហជីព​ត្រូវ​បាន​បញ្ជា​ឱ្យ​សង​ជំងឺ​ចិត្ត​ចំនួន​១៧៥០០​ដុល្លារ​ឲ្យ​ម្តាយ​ក្មេង​ស្រី​ពីរ​នាក់​ក្នុង​ខ្សែ​ភាពយន្ត​នោះ។ ​

អ្នកស្រី​ឡុង គឹមហៀង ​ភរិយា​លោក​រ៉ាត់ រត្នមុនី​ ដែល​នៅ​ប្រទេស​ថៃ​ក្រោម​ការ​ការពារ​ពី​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​អ្នកស្រី​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៅ​ថ្ងៃពុធ​នេះ​ទេ។​

អ្នក​ស្រី ​គឹមហៀង​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖​«ខ្ញុំ​ពិត​ជា​ខក​ចិត្ត​នឹង​តុលាការ​កំពូល​ ដោយសារ​តែ​បើ​តុលាការ​កំពូល​រក​ឃើញ​ការ​កាត់​ក្តី​មិន​ត្រឹមត្រូវ​លើ​ប្តី​ខ្ញុំ​ហើយ ​តុលាការ​កំពូល​គួរ​តែ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ មិន​គួរ​ឲ្យ​គាត់​បន្ត​ឲ្យ​នៅ​ក្នុង​(ពន្ធនាគារ)​ព្រៃ​ស​ទាំង​អយុត្តិធម៌​បែប​ហ្នឹង​ទៀត​ទេ។​ ប្តី​ខ្ញុំ​គួរ​ត្រូវ​បាន​ដោះលែង»។​

លោក ​យី សុខសាន្ត ​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក ​និយាយ​ថា៖​«​ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ផង​ដែរ​ ខ្ញុំ​យល់​ថា​ការ​ដែល​តុលាការ​គ្រប់​ជាន់ថ្នាក់​ដែល​ធ្វើ​របៀប​នេះ​គឺ​ហាក់​ដូច​ជា​មិន​ផ្តល់​សិទ្ទិ​សេរីភាព​ដល់​ជន​ជាប់​ចោទ​ជាពិិសេស​កូន​ក្តី​ខាង​ខ្ញុំ​ដោយសារ​បើ​យើង​គិត​មក​ដល់​ពេល​នេះ​គឺ​នៅ​សល់​តែ​ប្រាំខែ​ទៀត​ទេ​គឺ​គាត់​នឹង​រួច​ផុត​ពី​ទោស​ដែល​គាត់​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ហើយ​គាត់​អត់​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាល់​តែ​សោះ​ ហើយ​ធ្វើ​ឲ្យ​តុលាការ​ហ្នឹង​ហាក់​ដូច​ជា​ពន្យារ​ពេល​បង្វិល​ចុះ​បង្វិល​ឡើង​ធ្វើ​ឲ្យខាត​ប្រយោជន៍​ដល់​ខាង​កូន​ក្តី​ដែល​មេធាវី​ខាង​ខ្ញុំ​ការពារ​បាទ»៕

XS
SM
MD
LG