ឪពុកម្តាយបង្កើតនិងសមាជិកគ្រួសាររបស់លោក រ៉ាត់ រត្នមុនី បានអំពាវនាវសារជាថ្មីឲ្យតុលាការផ្តល់យុត្តិធម៌ដល់លោក មុនី ជាអ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT នៅក្រោយពេលតុលាការកំពូលបានប្រកាសលើកពេលចេញសាលក្រម សម្រាប់បណ្តឹងទាស់នឹងការកាត់ក្តីរបស់សាលាឧទ្ទរណ៍។
សំណុំរឿងនេះពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តមួយ ស្តីពីការជួញដូរផ្លូវភេទដែលអាជ្ញាធរចោទថា នេះជាការប្រឌិតរឿងដែលមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
លោកស្រីចៅក្រម គឹម សត្ថាវី នៃតុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បានលើកពេលប្រកាសសាលក្រមសម្រាប់បណ្តឹងទាស់របស់លោក រត្នមុនី ទៅថ្ងៃទី១៥ ខែកក្កដាខាងមុខ បន្ទាប់ពីបើកសវនាការដែលគ្មានភាគីខាងបណ្តាញព័ត៌មានរបស់រុស្ស៊ី RT ចូលរួម។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានប្រកាសច្រានចោលបណ្តឹងជំទាស់របស់លោក រ៉ាត់ រត្នមុនី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងការចេញផ្សាយខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលផលិតដោយបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT។
លោក ធួក រ៉ាត់ វ័យ៧០ឆ្នាំ ឪពុកបង្កើតរបស់លោក មុនី ប្រាប់វីអូអេ នៅក្រៅរបងតុលាការកំពូលថា កូនប្រុសបង្កើតរបស់លោក បានរងអយុត្តិធម៌ចំពោះអំពើដែលកូនប្រុសរបស់លោកមិនបានប្រព្រឹត្ត។
«វាដូចអយុត្តិធម៌ដែរ ព្រោះកាសែតគេខាង RT គេថាតបមកយូរហើយ ពាក្យគេថា គឺយើងគ្រាន់តែបកប្រែដល់មានទោស។ អាហ្នឹងវាមានអយុត្តិធម៌ដែរ នៅក្នុងគ្រួសារខ្ញុំនោះបាទ»។
លោក រត្នមុនី អាយុ៤៩ឆ្នាំ នៅព្រឹកថ្ងៃពុធនេះ ត្រូវបានមន្ត្រីនគរបាលជាតិនាំទៅឃុំខ្លួនវិញ នៅពន្ធនាគារព្រៃស ដែលនៅចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងភ្នំពេញ ក្រោយបញ្ចប់សវនាការ។
ភរិយារបស់លោក មុនី គឺអ្នកស្រី ឡុង គឹមហ៊ាង អាយុ៣៦ឆ្នាំ និងមានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ៦ខែ បន្តសើ្នសុំឲ្យតុលាការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើស្វាមីអ្នកស្រី។
អ្នកស្រីយល់ថា ការឃុំខ្លួនស្វាមីអ្នកស្រីគ្រាន់តែជាបែបផែននៃការបន្លាចអ្នកកាសែត ឲ្យខ្លាចមិនហ៊ានរាយការណ៍ព័ត៌មាន ពាក់ព័ន្ធនឹងការជួញដូរមនុស្សតែប៉ុណ្ណោះ។
អតីតអ្នកការពារសិទ្ធិលំនៅដ្ឋានរូបនេះ បានប្រាប់វីអូអេពីប្រទេសថៃយ៉ាងដូច្នេះថា៖
«សម្រាប់ខ្ញុំការឃុំខ្លួនប្តីខ្ញុំហ្នឹង គឺជារឿងដែលរំលោភសិទ្ធិគាត់ធ្ងន់ធ្ងរទៅហើយ ហើយមួយទៀតហ្នឹងគឺវាជាការដាក់សម្ពាធទៅដល់អ្នកកាសែតដទៃទៀត ដើម្បីកុំឲ្យហ៊ានធ្វើរឿងដែលនិយាយអំពីការរំលោភសិទ្ធិមនុស្សការជួញដូរមនុស្ស...គឺជាការគំរាមកំហែងទៅដល់អ្នកកាសែតតែប៉ុណ្ណឹងទេ។ ហើយអ៊ីចឹងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាល ឬក៏តុលាការហ្នឹងដោះលែងប្តីរបស់ខ្ញុំ ឲ្យមានសេរីភាព»។
កន្លងទៅ តុលាការបានបង្គាប់ឲ្យលោក រត្នមុនី បង់ប្រាក់ជំងឺចិត្តចំនួន ៧០លានរៀល ឬស្មើនឹងប្រមាណ ១៧.៥០០ដុល្លារអាមេរិក ដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួនពីរនាក់ ដែលជាតួសម្តែងក្នុងខ្សែភាពយន្តឯកសាររឿង «ម្តាយខ្ញុំលក់ខ្ញុំ»។ អាជ្ញាធរថាពួកគេមិនមានសាច់រឿងដូចក្នុងវីដេអូ ដែលផ្សាយដោយសារព័ត៌មាន RT នោះទេ។
លោក ឡោ ជុនធី មេធាវីមួយរូបរបស់លោក រ៉ាត់ រត្នមុនី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនក្តីលោកបានចប់ការងារជាមួយព័ត៌មានរដ្ឋរុស្ស៊ីរួចទៅហើយ នៅមុនការបញ្ចេញភាពយន្តរឿង «ម្តាយខ្ញុំលក់ខ្ញុំ» កាលពីខែតុលា ឆ្នាំ២០១៨។ ហេតុដូច្នេះលោកជឿថា កូនក្តីលោកគ្មានទោស។
«RT គេព្យាយាមហើយ។ គេបានដាក់លិខិតទៅស្ថានទូតរបស់យើង នៅមូស្គូ បានឆ្លើយបញ្ជាក់ពីអាណត្តិរបស់ការងាររបស់គាត់ គាត់អស់អាណត្តិតាំងពីខែកុម្ភៈ ២០១៨ម្ល៉េះ។ អ៊ីចឹងអាការផ្សព្វផ្សាយពីថ្ងៃ១៥ តុលាហ្នឹង RT ជាអ្នកធ្វើ»។
លោកមេធាវីបន្ថែមថា ស្ថាប័នតុលាការមិនមានសាក្សីសំខាន់ម្នាក់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាខាងភាគី RT ដើម្បីគាំទ្រដល់ការកាត់ទោសកូនក្តីរបស់លោក។
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលបាននៅឡើយទេ នៅថ្ងៃពុធនេះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោក រ៉ាត់ រត្នមុនី មិនមែនជាអ្នកដែលត្រូវរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយភាពយន្តឯកសាររឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះទេ ពីព្រោះលោក មុនី បានបំពេញភារកិច្ចត្រឹមតែជាអ្នកបកប្រែ និងសម្របសម្រួលឲ្យក្រុមការងារផលិតព័ត៌មានរបស់បណ្តាញព័ត៌មាន RT ប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩ លោកស្រី Ekaterina Yakovleva ប្រធានផ្នែកផលិតភាពយន្តឯកសាររបស់បណ្តាញព័ត៌មាន RT បានសរសេរលិខិតមួយទៅលោក កែ វិចិត្ រឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយបញ្ជាក់ជាថ្មីថា លោក មុនី ពិតជាអ្នកបកប្រែ និងសម្របសម្រួលការទំនាក់ទំនងឲ្យបណ្តាញព័ត៌មាន RT ប្រាកដមែន។
រហូតមកដល់ពេលនេះ លោក រ៉ាត់ រត្នមុនី ដែលជាអតីតអ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់ បានជាប់ឃុំអស់រយៈពេល ១ឆ្នាំ ៦ខែ មកហើយ គឺនៅសល់តែ ៦ខែទៀត លោកនឹងមានសេរីភាពឡើងវិញ៕