ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ការពារ​អ្នក​កាសែត​ទទូច​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែត​អាស៊ីសេរី ​និងអ្នកបកប្រែ​ឲ្យ​សារព័ត៌មាន​រុស្សី RT


រូបផ្គុំ៖ (ពីឆ្វេង) ​លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ដែលជាអតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី និង​​អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី​ RT​ (Russia Today)​​លោក​រ៉ាត់ រត្នមុនី។ (វីអូអេ និងហ្វេសប៊ុក)
រូបផ្គុំ៖ (ពីឆ្វេង) ​លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ដែលជាអតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី និង​​អ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី​ RT​ (Russia Today)​​លោក​រ៉ាត់ រត្នមុនី។ (វីអូអេ និងហ្វេសប៊ុក)

សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​​ថា ការបន្ត​នីតិវិធី​ក្នុង​សំណុំរឿង​របស់​អ្នកទាំងបី​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ និង​ជីវភាព​រស់​នៅ​របស់​ពួកគេ។

សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ឬ​ ហៅ​កាត់​ថា ​ខេមបូចា នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ ចោល​បទ​ចោទប្រកាន់​ប្រឆាំង​អតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​រូប​គឺ​លោក ​អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា និងអ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី​ RT​ (Russia Today) ​ម្នាក់​ទៀត​ គឺ​លោក ​រ៉ាត់ រត្នមុនី។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​នេះ អង្គការ​សារ​ព័ត៌មាន​ឯករាជ្យ​នេះ​ បាន​លើក​ឡើង​ថា​ ការ​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​របស់​អ្នក​ទាំង​បី​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ និង​ជីវភាព​រស់​នៅ​របស់​ពួកគេ។​

ការ​ទទូច​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​តុលាការ​កំពូល ​នៅ​ថ្ងៃ​ដដែល​នេះ ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ ​លើ​សំណុំ​រឿង​របស់​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ីសេរីទាំង​ពីរ​រូប និង​បាន​សម្រេច​ឲ្យសាលាឧទ្ធរណ៍ជំនុំ​ជម្រះ​ឡើងវិញ​លើ​សំណុំ​រឿង​របស់​លោក​ រ៉ាត់ រត្នមុនី ដោយ​លើកឡើង​ថា​ សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍«មិន​ត្រឹមត្រូវ»។​

សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​បាន​សរសេរ​ថា៖​

«ខេមបូចា​យល់​ឃើញ​ថា​ ការ​សម្រេច​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កត​ឡើងវិញ​លើ​សំណុំ​រឿង​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យ​អាស៊ីសេរី​ គឺជា​ការ​បន្ត​គំរាម​កំហែង​ និង​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រើប្រាស់​សេរីភាព​សារ​ព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​ដែល​កំពុង​តែ​បន្ត​ធ្លាក់​ចុះ​ចាប់តាំង​ពី​ឆ្នាំ​២០១៧​មក»។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សារ​ព័ត៌មាន​នេះបន្តទៀត​ថា៖​

«ខេមបូចា​យល់​ឃើញ​ដែរ​ថា ​តុលាការ​កំពូល​ គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី​ ក្រោយ​ពេល​ដែល​រក​ឃើញ​ថា​ សេចក្តីសម្រេច​របស់​សាលា​ឧទ្ទរណ៍​ថា​«មិន​ត្រឹមត្រូវ» ប៉ុន្តែ​តុលាការ​កំពូល​បែរ​ជា​សម្រេច​ឲ្យ​បញ្ជូន​សំណុំ​រឿង​លោក ​រ៉ាត់ រត្នមុនី​ ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ជំនុំ​ជម្រះ​ឡើង​វិញ​ទៅ​វិញ»។​

លោក ​យាង សុធារិន្ទ ​អតីត​ការី​និពន្ធ​ និង​លោក ​អ៊ួន ឈិន ​អតីត​អ្នក​ថត​វីដេអូ​របស់​វិទ្យុ​អាស៊ីសេរី​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ផលិត​រូបភាព​អាស​អាភាស»​បន្ថែម​លើ​បទ​ចោទ​«‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ក្រោយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​

ចំណែក​លោក​ រ៉ាត់ រត្នមុនី​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង» បន្ទាប់​ពី​អតីតមេ​ដឹកនាំ​សហជីព​រូប​នេះ​ បាន​បកប្រែ ​និងសម្រប​សម្រួល​ឲ្យ​សារ​ព័ត៌មាន​រុស្សី​ថ្ងៃនេះ​ RT ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​រឿង​«ម្តាយ​ខ្ញុំលក់​ខ្ញុំ»​។ ខ្សែ​ភាពយន្ត​នេះ​ និយាយ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ក្មេងស្រី​ខ្មែរ​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​រឿង​«មិន​ពិត» ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ប្រទេស​កម្ពុជា៕

XS
SM
MD
LG