ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ឲ្យ​​កាត់​ក្តី​​ឡើង​វិញលើ​លោក រ៉ាត់ រត្នមុនី ដោយ​សារ​ការ​កាត់​ក្តី​«មិន​ត្រឹម​ត្រូវ»


រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

មន្រ្តី​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​រក​ឃើញ​ថា​ការ​កាត់​ក្តី​របស់​តុលា​ការ​ថ្នាក់​ក្រោម​លើ​ជន​ជាប់​ចោទ​រ៉ាត់ រត្នមុនី មិន​ត្រឹមត្រូវ ដោយ​តុលាការ​ជាន់​ខ្ពស់​នេះ បង្វែរឲ្យ​ជំនុំ​ជម្រះ​ឡើង​វិញ។

នៅ​ម៉ោង​ជាង​៨​និង​៣០​នាទី លោកស្រី គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​ប្រកាស​ថា​ការ​កាត់​ក្តី​របស់​តុលាការ​ថ្នាក់​ក្រោម«មិន​ត្រឹមត្រូវ» ហើយ​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំនុំ​ជម្រះ​ឡើង​វិញ។ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ជាក់​ថា​តើ​មិន​ត្រឹម​ត្រូវ​ត្រង់​ចំណុច​ណា​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «យល់​ឃើញ​ថា​សាលដីកា​ព្រហ្មទណ្ឌ​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​បាន​សម្រេច​សេចក្តី​មក​នេះ មិន​ត្រឹម​ត្រូវទេ»។

កាល​ពី​ថ្ងៃទី​២៦​ខែ​មិថុនា ​ឆ្នាំ​២០១៩ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ «ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង»​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ដែល​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​RT។ បន្ទាប់មក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​លោក ប្លង់ សំណាង បាន​សម្រេច​តម្កល់​ការ​សម្រេច​កាត់​ទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​លោក មុនី។

លោក រ៉ាត់ រត្នមុនី ដែល​កំពុង​ពិសារ​បាយ​សាច់​ជ្រូកនិង​កាហ្វេ​ខ្មៅ​ក្នុង​បន្ទប់​រង់ចាំ​មួយ​នៅ​ទីធ្លា​តុលាការ​កំពូល បាន​ងើប​ឈរ ហើយ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​លោក​សង្ឃឹម​ថា​តុលាការ​នឹង​សម្រេច​ថា​លោក​គ្មាន​ទោសពៃរ៍​នោះ​ទេ ខណៈ​លោក​នៅ​សល់​ជាង​៥​ខែ​ទៀត រួច​ផុត​ការ​ជាប់​ទោស ដែល​លោកត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ។

លោក មុនី និយាយ​ទាំង​ញញឹម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​តុលាការ​ឧទ្ធរណ៍​ទម្លាក់​ការ​ចោទ​ប្រកាន់»។ បន្ទាប់​មក​លោក​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃខាង​ធ្វេង ហើយ​ខ្នោះ​ម្ខាង​ទៀត​ដាក់​ជនជាប់​ចោទ​ម្នាក់​ទៀត ហើយ​សមត្ថកិច្ច​នាំ​ពួកគេទៅ​បន្ត​ទៀត។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ និង​លោក ប្លង់ សំណាង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្តី​របស់​សាលា​ឧទ្ធរណ៍ដែល​កាត់​ទោស លោក មុនី បាន​នៅ​ឡើយ​ទេ។ ភរិយា​របស់​លោក​មុនី គឺលោកស្រី​ ឡុង គឹមហ៊ាង​ អាយុ​៣៦​ឆ្នាំ​និង​មាន​កូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​៦​ខែ​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោកស្រី​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​តុលាការ​កំពូល​រក​ឃើញ​ថា​ការ​កាត់​ទោសរបស់​តុលាការ​ជាន់​ក្រោម​មិន​ត្រឹមត្រូវ​ហើយ​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍​វិញ។ ប៉ុន្តែ​លោកស្រី​ថា​តុលាការ​គួរ​តែ​ដោះ​លែង​ប្តី​របស់​លោកស្រី​នៅ​ពេល​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​នឹង​តុលាការ​កំពូល ដោយសារ​តែ​បើ​តុលាការ​កំពូល​រក​ឃើញ​ការ​កាត់​ក្តី​មិន​ត្រឹមត្រូវ​លើ​ប្តី​ខ្ញុំ​ហើយ តុលាការ​កំពូល​គួរ​តែ​ដោះ​លែង​ឲ្យ​មាន​សេរីភាព មិន​គួរ​ឲ្យ​គាត់​បន្តឲ្យ​នៅ​ក្នុង(ពន្ធនាគារ)​ព្រៃ​សទាំង​អយុត្តិធម៌​បែប​ហ្នឹង​ទៀត​ទេ។ ប្តី​ខ្ញុំ​គួរ​ត្រូវ​បាន​ដោះលែង»។

លោកស្រី​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​ក្តី​នេះ​ឲ្យ​បានលឿន​ដើម្បី​ឲ្យ​ប្តី​របស់​លោកស្រី​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ។

លោក ​យី សុខសាន្ត ​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក ដែល​បាន​ឃ្លាំមើល​ការ​ប្រកាស​សាលដីកា​នេះ មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​ការ​ពន្យារ​ពេល​បន្ថែម​លើ​ជន​ជាប់​ចោទ ដែល​លោក​ថាគ្មាន​ទោស​កំហុស។ លោក​បន្ត​ថា​មន្រ្តី​តុលាការ​ថ្នាក់​ក្រោម​គួរ​តែ​ត្រូវ​ពិន័យ​ចំពោះ​ការ​កាត់​ទោស​មិន​ត្រឹម​ត្រូវ​លើ​លោក មុនី។

លោក​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​កំពូលជិត​ព្រះ​បរម​រាជវាំង​ថា៖ «បើ​សិន​ជាគាត់​យក​ថា​មន្រ្តី​សាលា​ឧទ្ធរណ៍ កាត់​មិន​ត្រឹម​ត្រូវ មាន​ន័យ​ថា​គាត់​គួរ​តែ​ដាក់​ទោស​ដល់​មន្រ្តី​សាលា​ឧទ្ធរណ៍ គាត់​មិន​គួរ​ទៅ​បង្វិល​សំណុំ​រឿង​ហ្នឹង​ទៅ​វិញទេ»។

កាល​ពី​កន្លង​ទៅ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក​រត្នមុនី​ បង់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៧០​លាន​រៀល​ឬ​ស្មើ​នឹង​ប្រមាណ​១៧.៥០០​ដុល្លារ​អាមេរិក​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ពីរ​នាក់​ដែល​ជា​តួ​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ឯក​សារ​រឿង​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។​អាជ្ញាធរ​ថា​ពួកគេ​មិន​មាន​សាច់​រឿង​ដូច​ក្នុង​វីដេអូ​ដែល​ផ្សាយ​ដោយ​សារ​ព័ត៌មាន​RT​ នោះ​ទេ។ អាជ្ញាធរ​បញ្ជាក់ថា​នេះការ​ប្រឌិត​រឿង​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​នៅ​កម្ពុជា៕

XS
SM
MD
LG