ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​និង​អ្នក​តាមដាន​នៅ​កម្ពុជា​ថា អាមេរិក​ត្រូវ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​បន្ថែម ក្រោយ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump


អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រង​ការ​បាញ់​ត្រង់​ត្រចៀក ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា នៅ​ទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រង​ការ​បាញ់​ត្រង់​ត្រចៀក ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា នៅ​ទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន និង​អ្នក​តាម​ដាន​នៅ​កម្ពុជា​លើក​ឡើង​ថា ​សហរដ្ឋ​អាមេរិក​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​ឱ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​ ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ និង​ជា​ប្រទេស​ដែល​គេ​ជឿ​ថា​មាន​សន្តិសុខ​រឹងមាំ។

ការ​លើក​ឡើង​បែប​នេះ កើតឡើង​ក្រោយ​មាន​ការ​បាញ់​ធ្វើ​ឃាត​មិន​បាន​សម្រេច​លើ​លោក ដូណាល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នា​ឆ្នាំ​នេះ។ លោក ដូណាល់ ត្រាំ ត្រូវ​បានគេលប​បាញ់ ហើយ​រង​របួស​ត្រង់​ត្រចៀក ក្នុង​ពេល​ថ្លែង​សុន្ទរកថា ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា។

កំពុង​អង្គុយ​លើ​ម៉ូតូ​កង់បី លើ​ផ្លូវ​៥៧ កែង​ផ្លូវ​៣២២ ក្នុង​រាជធានី​ភ្នំពេញ លោក យ៉ាង មឿន អាយុ​ ៥៦ ឆ្នាំ អ្នក​រត់​ម៉ូតូ​កុងបី​ខ្មែរ​ដែល​តាម​ដាន​ព័ត៌មាន​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នេះ ប្រាប់​វីអូអេ​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​ជាមហា​អំណាច​មួយ​ដែល​មាន​សន្តិសុខ​រឹងមាំ ដូច្នេះ​មិន​គួរ​កើត​មាន​ករណី​បាញ់​ប្រហារ​បែប​នេះ​ឡើយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «កន្លង​មក ​ខ្ញុំ​គិត​ថា​ អាមេរិក​គឺ​ជាប្រទេស​មួយ​ដែល​មាន​សន្តិភាព មាន​សន្តិសុខ​ល្អ! ប៉ុន្តែ​ដល់​ឃើញ​សកម្មភាព​ហ្នឹង​កើត​ឡើង ខ្ញុំ​គិត​ថា ​ពិភព​លោក​ដូច​មាន​ភាព​រញ៉េ​រញ៉ៃ​ជ្រួលច្របល់​គ្រប់​ទី​កន្លែង​ទាំង​អស់»។

លោក​បន្ថែម​ថា ​គួរ​តែ​មាន​ការ​ចាប់​ខ្លួន​ជន​ដៃដល់មក​សាក​សួរ ជា​ជាង​ការ​បាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​កំពុង​ឈរ​លក់​នំ​ក្រោម​ម្លប់​ដើម​ឈើ ក្នុង​រាជធានី​ភ្នំពេញ លោក ធី សេងហ៊ អាយុ​ ២៦ ​ឆ្នាំ ប្រាប់​វីអូអេ​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​ពង្រឹង​ច្បាប់​លើ​ការ​ប្រើ​ប្រាស់​អាវុធ​ក្នុង​ប្រទេស។

លោក​ថ្លែង​ថា៖ «អាមេរិក​គួរតែ​ពង្រឹង​លើ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ហ្នឹង​ បើ​សិន​ជា​ប្រជា​ពលរដ្ឋ​ធម្មតា អត់​អាច​ឱ្យ​គាត់​មាន​សិទ្ធិ​ប្រើ​ទេ។ មូល​ហេតុ​ បើ​សិន​គាត់​មានអាវុធ​ប្រើ​គ្រប់​គ្នា​អ៊ីចឹង វា​អាច​មាន​គ្រោះ​ថ្នាក់​ច្រើន អត់​អាច​គ្រប់គ្រង​បាន។ បើអត់​រឹត​បន្តឹង​ទេ វា​អាច​មាន​ហានិភ័យ​ខ្ពស់»។

លោក​យល់​ថា​ ការ​បាញ់​សម្លាប់​ជន​ដៃ​ដល់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ដោយ​កង​ការពារ គឺ​ជា​ការ​ការពារ​សុវត្ថិភាព។

លោក យ៉ាង មឿន អ្នករត់ម៉ូតូកង់បីខ្មែរក្នុងរាជធានីភ្នំពេញ អង្គុយលើកង់បីផ្តល់បទសម្ភាសន័ឲ្យ​អ្នកសារព័ត៌មានវីអូអេ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក យ៉ាង មឿន អ្នករត់ម៉ូតូកង់បីខ្មែរក្នុងរាជធានីភ្នំពេញ អង្គុយលើកង់បីផ្តល់បទសម្ភាសន័ឲ្យ​អ្នកសារព័ត៌មានវីអូអេ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក ធី សេងហ៊ អ្នកលក់នំចៀន កំពុងឈរលក់នំក្នុងរាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ឲ្យ​អ្នកសារព័ត៌មានវីអូអេ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក ធី សេងហ៊ អ្នកលក់នំចៀន កំពុងឈរលក់នំក្នុងរាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ឲ្យ​អ្នកសារព័ត៌មានវីអូអេ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

យុវជន គន់ គឹមលាង អាយុ​ ១៨ ​ឆ្នាំ និស្សិត​ឆ្នាំ​ទី​ ១ ​ផ្នែក​គ្រប់គ្រង​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​រាជ​ធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ ករណី​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធីបតី លោក ដូណាល់ ត្រាំ មិន​គួរ​កើត​មាន​ឡើយ​នៅ​លើ​ទឹក​ដី​អាមេរិក ដោយ​លោក​ថា​ អាមេរិក​ជា​ប្រទេស​មាន​សេរីភាព​និង​សន្តិសុខ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ​ប្រព័ន្ធ​សន្តិសុខ​អាច​ខ្សោយ​ដែរ។ ដោយ​សារតែ​គាត់​ជា​បេក្ខភាព​ប្រធានា​ធិបតី ប៉ុន្តែ​ដោយសារ​តែ​ការ​បាញ់​ធ្វើ​ឱ្យ​គាត់​រាង​ខ្សោយ​ដែរ ណា​មួយ​ខ្សោយ​ទាំង​ការ​ធ្លាក់​ចុះ​នូវ​ប្រទេស​សហរដ្ឋ​អាមេរិក​ ដែល​កាន់​លទ្ធិហ្នឹង​ដែរ ព្រោះ​កាន់​លទ្ធិ[ប្រជាធិបតេយ្យហ្នឹង​បែរ​ជា​អសន្តិសុខ​ទៅ​លើ​បេក្ខភាព​ប្រធានាធិបតី»។

អតីត​ប្រធានា​ធិប​តី​សហ​រដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​រង​ការ​បាញ់​ប្រហារ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរ​កថា​ឃោស​នា​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ Pennsylvania កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​ ១៣​ ខែ​កក្កដា ឆ្នាំ​ ២០២៤។ លោក​ ត្រាំ​ បាន​សរ​សេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ​គ្រាប់​កាំ​ភ្លើង​បាន​ទម្លុះ​ផ្នែក​ខាង​លើ​នៃ​ត្រ​ចៀក​ខាង​ស្តាំ​របស់​លោក។ ការ​បាញ់​ប្រហារ​នេះ​ក៏​បណ្តាល​ឱ្យ​អ្នក​ឈរ​ក្បែរ​ប្រធានាធិប​តីម្នាក់​ស្លាប់ និង​មនុស្ស​ពីរនាក់​ផ្សេង​ទៀត​រង​របួស។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា បាន​ការ​សោក​ស្តាយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ដូណាល់ ត្រាំ នៅ​មុន​ដំណើរ​ការ​បោះ​ឆ្នោត ខណៈ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ជាង​គេ មាន​សេរីភាព សន្តិសុខ​ខ្ពស់​ជាង​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក។

លោក​ថ្លែង​ថា៖ « ស្ថានភាព​នេះ​ចង់​មិន​ចង់​វា​អាច​ធ្វើ​ឱ្យ​ជះឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ប្រទេស​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មួយ​ ជា​ប្រទេស​មាន​សុវត្ថិភាពនិង​សន្តិសុខ»។

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក គិន ភា ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ប៉ុន​ប៉ង​សម្លាប់​ លោក ដូណាល់ ត្រាំ បង្ហាញ​ថា ​ប្រព័ន្ធ​គ្រប់​គ្រង​សន្តិសុខ​សហរដ្ឋ​អាមេរិក​នៅ​មាន​កម្រិត ​ដែល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ជា​ពិសេស​លើ​ការ​ប្រើ​ប្រាស់​អាវុធ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិកនៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​វា​ពិត​ជា​មាន​ឥទ្ធិពល​ទៅដល់​ការបោះ​ឆ្នោត​ ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​ ប្រ​ហែល​ជា​កាន់​តែ​មាន​ការ​គាំ​ទ្រ​ លោក ដូណាល់ ត្រាំ ច្រើន​ជាង​មុន ហើយ​ក៏​វា​ជា​ការ​គំរាម​កំហែង​ដល់​ការ​បោះ​ឆ្នោត​ដែរ»។

ចំណែក​សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់​វីអូ​អេ​ថា ​ហេតុការណ៍​ប៉ុន​ប៉ង​បាញ់​សម្លាប់​ លោក ដូណាល់ ត្រាំ​ អាច​មាន​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ ប៉ុន្តែ​លទ្ធ​ផល​ឈ្នះ​ ឬ​ចាញ់​គឺ​អាស្រ័យ​លើពល​រដ្ឋ​អាមេរិក។ លោក​បន្តថា ​បើ​ទោះ​ជា​ហេតុការណ៍​បាញ់​ លោក ដូណាល់ ត្រាំ អាច​ជា​ចំណែកជួយ​ឱ្យ​លោក​ឈ្នះ​សន្លឹកឆ្នោត​ ប៉ុន្តែ​ចំពោះ​តម្លៃ​ការងាររបស់​ លោក ចូ បៃដិន (Joe Biden) នៅ​តែ​មាន​ប្រៀប​ជាង​ លោក ដូណាល់ ត្រាំ ក្នុង​កិច្ច​ការ​នានា ​រួម​មាន​នយោបាយ​ការ​បរទេស ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច ការ​ដោះ​ស្រាយ​បញ្ហា​របស់ពលរដ្ឋ និង​កិច្ច​ការទូត​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «លោក ដូណាល់ ត្រាំ ដោយ​សារ​តែ​គាត់គិត​ផ្តោត​លើ​ពលរដ្ឋ​អាមេរិក​ខ្លាំង​ច្រើន​ពេក​ គាត់​ភ្លេច​គិត​ពី​ប្រយោជន៍​សាកល​ដែល​ពល​រដ្ឋ​សាកល​លោក​ហ្នឹង​ចាត់​ទុក​អាមេរិក​ដូច​ជា​បង​ធំ​ទី​មួយ​អ៊ីចឹង។ ពឹង​ផ្អែក​លើ​ប្រជា​ធិប​តេយ្យ​ហ្នឹង​សំដៅ​ទៅ​លើ​មើល​បង​ធំអា​មេរិក។ ប៉ុន្តែបើ​សិន​ជា​សហរដ្ឋអាមេរិក​មិន​កាន់​កិច្ច​ការ​ប្រជា​ធិប​តេយ្យ​ខ្លាំង​លើ​សាកល​លោក​ទេ​ បាន​វា​ប៉ះ​ពាល់។ ក៏ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ស្ថាន​ភាព​ ឬ​ក៏នយោ​បាយ​ការ​ទូត​របស់​សហរដ្ឋ​អាមេរិកក្រោមរដ្ឋ​បាល​ លោក​ ចូ​ បៃ​ដិន ហ្នឹងហាក់​ដូចជា​ដើរ​បាន​ល្អ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា អ្នក​នយោបាយ​អាមេរិក​គួរតែប្រកាន់​ភ្ជាប់​នូវ​ភាព​ចាស់​ទុំ ដើម្បី​លុប​បំបាត់​បញ្ហា «បដិវាទកម្ម​នយោបាយ» ឬ​ហៅ​ថា ភាព​ផ្ទុយ​គ្នា​ក្នុង​ផ្នែក​នយោ​បាយ។

លោក​ថ្លែង​ថា៖ «បើ​យើង​ចង់​បាន​អំណាច យើង​ទៅ​ប្រើ​ហិង្សា​នយោបាយ​ដើម្បី​ដណ្តើម​អំណាច​ អាហ្នឹង​វា​មិន​មែន​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ ទោះ​បី​ប្រទេស​ហ្នឹង​ប្រកាស​ថា​មហា​ប្រជាធិប​តេយ្យ​ក៏​ដោយ ក៏​ប៉ុន្តែ​រឿង​សកម្មភាព​ដែល​កើត​មាន​ឡើង​បដិវាទ​កម្ម​នយោបាយ​នេះ វា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​មិន​មែន​ប្រើ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយតាម​ឆន្ទៈ​ពី​ប្រជាពលរដ្ឋ​ស្រប​តាម​លទ្ធិប្រជាធិប​តេយ្យ​ទេ»។

ក្រោយ​ការ​បាញ់​ប្រហារ​មិន​បាន​សម្រេច លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​ជាមួយ ​លោក ដូណាល់ ត្រាំ នា​ពេល​ខាង​មុខ បាន​ថ្លែង​ថា​ ការ​បាញ់​ប្រហារ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​អាមេរិក​រួបរួមគ្នា។ លោក​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​មិន​អាច​អនុញ្ញាត​ឱ្យអំពើ​ហិង្សា​បែប​នេះ​ក្លាយ​ជា​រឿង​ធម្មតា​បាន​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG