ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ ប៉ុន្តែមិនទាន់បានកំណត់ហេតុផលចំពោះការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទេ។ នេះគឺជាសំណុំរឿងដ៏ធំបំផុតមួយនៃអំពើហិង្សានយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទីភ្នាក់ងារអនុវត្តច្បាប់បាននិយាយថា បុរសឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ ជាអ្នករស់នៅក្រុង Bethel Park រដ្ឋ Pennsylvania គឺជា «អ្នកដែលពាក់ព័ន្ធ» ក្នុងការបាញ់ប្រហារដែលបានកើតឡើងក្នុងអំឡុងពេលឃោសនានយោបាយនៅជាយក្រុង Pittsburgh ដែលនៅក្បែរនោះ។
ជនឈ្មោះ Crooks បានចុះឈ្មោះជាអ្នកសាធារណរដ្ឋ ប៉ុន្តែក៏បានបរិច្ចាគវិភាគទានកាលពីពេលថ្មីៗចំនួន ១៥ ដុល្លារ ដល់ក្រុមសេរីនិយមផងដែរ។ នេះបើយោងតាមបញ្ជីអ្នកបោះឆ្នោតសាធារណៈដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
យ៉ាងហោចណាស់មានអ្នកចូលរួមម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារនេះ ដែលបានកើតឡើងនៅក្នុងទីធ្លាខាងក្រៅដ៏ធំដែលមិនមានអ្វីបិទបាំងនៅក្នុងតំបន់ជនបទមួយ។
ប្រហែលប្រាំមួយនាទី បន្ទាប់ពីលោក Trump ឡើងឆាក ស្នូរកាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើង ដែលជំរុញឱ្យអតីតប្រធានាធិបតី យកដៃស្ទាបត្រចៀកខាងស្តាំរបស់លោក ហើយបន្ទាប់មកដួលទៅលើឆាក មុនពេលត្រូវបានឡោមព័ទ្ធដោយកងអង្គរក្សនៃទីភ្នាក់ងារសេវាសម្ងាត់។
នៅក្នុងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា លោក «មិនអីទេ» បន្ទាប់ពីត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងដែលបានទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់លោក។ លោកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីល្ងាចថ្ងៃសៅរ៍។
នៅព្រឹកថ្ងៃអាទិត្យ លោក Trump បាននិយាយនៅក្នុងសារមួយទៀតថា «សូមអរគុណអ្នកទាំងអស់គ្នា ដែលបានគិតដល់ខ្ញុំ និង បន់ស្រន់ជូនខ្ញុំ កាលពីម្សិលមិញ ព្រោះមានតែព្រះជាម្ចាស់តែម្នាក់គត់ ដែលបានរារាំងរឿងដែលយើងគិតមិនដល់ មិនឱ្យកើតឡើង។ យើងនឹងមិន «ភិតភ័យទេ» ប៉ុន្តែផ្ទុយទៅវិញ យើងនឹងនៅតែមានជំនឿលើព្រះជាម្ចាស់ និង មិនចុះញ៉ម នៅចំពោះមុខអំពើអាក្រក់។
លោក Trump បាននិយាយថា លោកទន្ទឹងរង់ចាំការថ្លែងទៅកាន់ប្រទេសជាតិ នៅថ្ងៃព្រហស្បតិ៍ នៅឯសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ដែលនឹងធ្វើនៅទីក្រុង Milwaukee រដ្ឋ Wisconsin នៅពេលដែលលោកទទួលការតែងតាំងជាផ្លូវការ ជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ជាលើកទី៣ជាប់ៗគ្នា។
យោងតាមការរៀបរាប់របស់សាក្សី និងវីដេអូដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ជនបាញ់ប្រហារត្រូវបានគេឃើញកាន់កាំភ្លើង ហើយវារឡើងលើដំបូលអគារក្បែរនោះមួយសន្ទុះ មុនពេលការបាញ់ប្រហារចាប់ផ្តើម។ អ្នកឈរមើលជាច្រើននាក់បានស្រែកប្រាប់ឲ្យប៉ូលិសដឹង។ ក្រោយមកប៉ូលិសបានបាញ់សម្លាប់ជនសង្ស័យនោះ។
ឧប្បត្តិហេតុនេះបានចោទជាសំណួរអំពីកម្រិតនៃការការពាររបស់ក្រុមអង្គរក្សនៃសេវាសម្ងាត់ដែលផ្តល់ដល់លោក Trump។
មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភាបាននិយាយថា ពួកគេនឹងចាប់ផ្តើម «ការស៊ើបអង្កេតពេញលេញ» លើឧប្បត្តិហេតុនេះ ហើយបានស្នើឱ្យនាយកសេវាសម្ងាត់អ្នកស្រី Kimberly Cheatle ចូលរួមសវនាការលើបញ្ហានេះ។
នៅក្នុងលិខិតមួយដែលបានបង្ហោះកាលពីល្ងាចថ្ងៃសៅរ៍នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X គណៈកម្មាធិការរដ្ឋសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋបាននិយាយថា៖ «ពលរដ្ឋអាមេរិកាំងទាមទារចម្លើយអំពីការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump»។
លោក Alex Gray អតីតមន្ត្រីនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Trump បាននិយាយថា ការបាញ់ប្រហារបង្ហាញថា ការការពាររបស់សេវាកម្មសម្ងាត់របស់លោក Trump គឺ «តិចតួចបើប្រៀបធៀបទៅនឹងការគំរាមកំហែងដែលលោកកំពុងប្រឈមមុខ»។
លោក Gray បាននិយាយថា៖ «ពួកគេត្រូវតែបង្កើនឡើងភ្លាមៗនូវកងអង្គរក្សការពារលោកទៅដល់កម្រិតពេញលេញបំផុតដែលអាចធ្វើទៅបានដូចគ្នានឹងប្រធានាធិបតីដែរ គឺមិនមែនដូចជាអតីតប្រធានាធិបតីទេ ប៉ុន្តែដូចជាប្រធានាធិបតីបច្ចុប្បន្ន»។
កាលពីល្ងាចថ្ងៃសៅរ៍ លោក Kevin Rojek ភ្នាក់ងារពិសេសនៃទីភ្នាក់ងារ FBI ទទួលបន្ទុកការិយាល័យនៅក្រុង Pittsburgh បានប្រាប់អ្នកសារព័ត៌មានថា «វាគួរឱ្យភ្ញាក់ផ្អើល» ដែលខ្មាន់កាំភ្លើងបានបាញ់បួនទៅប្រាំគ្រាប់ មុនពេលជនសង្ស័យត្រូវបានគេបាញ់សម្លាប់។
លោក Trump ដែលក្រោយមកបានធ្វើដំណើរត្រឡប់ទៅគេហដ្ឋានរបស់លោកក្នុងរដ្ឋ New Jersey បាននិយាយតិចតួចអំពីការប៉ុនប៉ងធ្វើឃាត ក្រៅពីថាវា «មិនគួរឱ្យជឿទេដែលទង្វើបែបនេះអាចកើតឡើងនៅក្នុងប្រទេសរបស់យើង»។
កាលពីល្ងាចថ្ងៃសៅរ៍ សេតវិមានបាននិយាយថា លោក Biden បានសន្ទនានឹងលោក Trump ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតនៃការសន្ទនានេះភ្លាមៗក៏ដោយ។ រដ្ឋបាលរបស់លោក Biden ក៏បាននិយាយថា លោកត្រឡប់ទៅសេតវិមានវិញនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយមិនបន្តស្នាក់នៅគេហដ្ឋានរបស់លោកក្នុងរដ្ឋ Delaware តាមការគ្រោងទុកទេ។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ លោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាន ដោយហៅឧបទ្ទវហេតុនេះថា «អាក្រក់ណាស់»។
លោកបានថ្លែងថា៖ «អាមេរិកគ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះទេ។ អាក្រក់ណាស់។ អាក្រក់ណាស់។ នេះជាមូលហេតុមួយដែលយើងត្រូវតែបង្រួបបង្រួមប្រទេសនេះ។ យើងមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ។ យើងមិនអាចធ្វើអ៊ីចឹងទេ។ យើងមិនអាចអត់ឱនរឿងនេះបានទេ»។
ក្រុមយុទ្ធនាការលោក Biden ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុង «ផ្អាកការទំនាក់ទំនងខាងក្រៅទាំងអស់ និងធ្វើការដើម្បីដកការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍របស់យើងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
ក្រុមអ្នកវិភាគបានព្រមានថា ការប៉ុនប៉ងធ្វើឃាតនេះអាចធ្វើឲ្យយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បង្កើនវោហាសាស្ត្រនយោបាយដ៏ក្តៅគគុក និងធ្វើឱ្យសង្គមអាមេរិកាំងកាន់តែបែកបាក់ថែមទៀត។
លោក Jacob Ware អ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បាននិយាយថា៖ «នេះគឺជាថ្ងៃដ៏ខ្មៅងងឹតយ៉ាងខ្លាំងនៅអាមេរិក ដែលជាថ្ងៃខ្មៅងងឹតយ៉ាងខ្លាំងនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង»។ លោកបាននិយាយបន្ថែមថា៖ «វាប្រហែលជាអំពើហិង្សានយោបាយដ៏ធ្ងន់ធ្ងរបំផុតដែលយើងបានឃើញចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី ៩ ខែកញ្ញាមក»។
លោកបានប្រាប់ VOA ថា៖ «យើងកំពុងនិយាយអំពីការគំរាមកំហែងធ្វើឃាតដ៏គួរឱ្យជឿជាក់មួយលើអតីតមេដឹកនាំនៃពិភពលោកសេរី ដែលកំពុងធ្វើយុទ្ធនាការយ៉ាងសកម្មសម្រាប់តំណែងប្រធានាធិបតី ... វាពិតជាគួរឱ្យខ្លាច និងគួរឱ្យភ័យព្រួយក្នុងការគិតអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀតនៅក្នុងរឿងនេះ»។
លោកសាស្ត្រាចារ្យ Casey Burgat នៃសាកលវិទ្យាល័យ George Washington បាននិយាយថា៖ «ថ្ងៃនេះពិភពលោកបានផ្លាស់ប្តូរ។ ការប៉ុនប៉ងធ្វើឃាតលោកអតីតប្រធានាធិបតី Trump នឹងមិនត្រឹមតែមានផលវិបាកយ៉ាងជ្រាលជ្រៅលើការបោះឆ្នោតនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើស្ថានភាពនយោបាយអាមេរិកដ៏ទូលំទូលាយផងដែរ»។
លោកបានបន្ថែមថា៖ «ឧបទ្ទវហេតុនេះនឹងធ្វើឱ្យការបែងចែកបក្សពួកកាន់តែជ្រៅឡើង ខណៈពេលដែលក៏ជំរុញឱ្យមានកិច្ចសន្ទនាសំខាន់លើលក្ខណៈនៃសុន្ទរកថានយោបាយ និងអំពើហិង្សានៅក្នុងនយោបាយអាមេរិកសម័យទំនើប»។
លោកសាស្ត្រាចារ្យ Casey Burgat ថ្លែងទៀតថា៖ «វានឹងមានការចង្អុលដាក់គ្នាតាមបន្ទាត់នយោបាយបក្សអំពីរបៀប និងមូលហេតុដែលរឿងនេះកើតឡើង ប៉ុន្តែនៅទូទាំងវិសាលគមនយោបាយ យើងនឹងឮពីការបដិសេធជារួមនូវអំពើហិង្សានយោបាយទាំងអស់។ ខ្ញុំសង្ឃឹមថាការបដិសេធចោលអំពើហិង្សានយោបាយនឹងឈ្នះ»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង
វេទិកាបញ្ចេញមតិ