ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​លោក​ Donald Trump ​បាន​រងរបួស ​ប៉ុន្តែ ​«មានសុវត្ថិភាព»​ បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត


អតីត​ប្រធានាធិបតី​និយាយ​ថា​ លោកត្រូវ​បាន​គ្រាប់​កាំភ្លើង​ប៉ះចំ​ត្រចៀក​នៅ​ការ​ជួប​ជុំ​នៅ​រដ្ឋ Pennsylvania។
អតីត​ប្រធានាធិបតី​និយាយ​ថា​ លោកត្រូវ​បាន​គ្រាប់​កាំភ្លើង​ប៉ះចំ​ត្រចៀក​នៅ​ការ​ជួប​ជុំ​នៅ​រដ្ឋ Pennsylvania។

អតីត​ប្រធានាធិបតី​លោក​ Donald Trump ​បាន​រងរបួស​ក្បាល​កាលពី​ថ្ងៃសៅរ៍​ ប៉ុន្តែ​ លោក​«មិនអីទេ»​។ នេះ​បើ​យោង​តាម​ក្រុម​យុទ្ធនាការ​របស់​លោក​ បន្ទាប់ពី​មាន​ការបាញ់​ប្រហារ​ក្នុង​ទិសដៅ​របស់​លោក​នៅ​ឯការ​ប្រមូលផ្តុំ​យុទ្ធនាការ​ឃោសនា​មួយ​ក្នុង​រដ្ឋ Pennsylvania ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ក្រុម​យុទ្ធនាការ​របស់​លោក Trump ​បាន​និយាយ​ថា​ បេក្ខជនប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ បាន​ទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ។ លោក​បាន​ទៅ​ទីក្រុង Butler ​ក្នុង​រដ្ឋ​ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំង​ដើម្បី​ធ្វើ​ការឃោសនា។

លោក Steven Cheung ​ជា​អ្នកនាំពាក្យ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «លោក​ប្រធានាធិបតី Trump ​ថ្លែង​អំណរគុណ​មន្ត្រីអនុវត្ត​ច្បាប់​ និង​ក្រុមសង្គ្រោះ​បន្ទាន់ចំពោះ​សកម្មភាព​ដ៏​រហ័ស​របស់​ពួកគេ​ក្នុង​អំឡុងពេល​មាន​ទង្វើ​ដ៏​សាហាវ​នេះ។ ​លោកមិន​អី​ទេ ​ហើយ​កំពុង​ត្រូវ​បាន​គេ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​មូលដ្ឋាន​មួយ»។

ហ្វូង​អ្នកចូលរួមបាន​ឮ​សំឡេង​ផ្ទុះ​ប៉័ងៗជាច្រើន​ដែល​ស្រដៀង​នឹង​ការ​បាញ់​អាវុធ​ធុន​តូច​មុន​ពេល​ដែល​អតីត​ប្រធានាធិបតី​បាន​យក​ដៃ​ស្ទាប​មុខ​ម្ខាងរបស់​លោកហើយ​ក្រាប​ចុះ។ លោកត្រូវ​បានក្រុម​អង្គរក្ស​សម្រុក​ចូល​ការពារភ្លាមៗ​ ហើយ​អាច​ត្រូវ​បាន​គេ​ឮ​លោក​ស្រែកថា «ឱ្យ​ខ្ញុំ​យក​ស្បែក​ជើង​ខ្ញុំ​សិន»​ មុន​ពេល​ដែល​លោកក្រោក​ឈរ​ឡើង​វិញនោះ​មាន​កង​ភ្នាក់ងារការពារ​បានព័ទ្ធ​ការពារ​លោកយ៉ាង​ណែន។

បន្ទាប់មក​ ​ដោយ​មាន​ហូរ​ឈាម​ចេញ​ពី​ត្រចៀក​ខាង​ស្តាំ​ លោក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ «ចាំបន្តិច» ។ បន្ទាប់មក ​លោកបាន​លើក​កណ្តាប់ដៃ​ស្តាំ​ ហើយ​ធ្វើ​កាយវិការ​ខឹង​សំដៅកន្លែង​មួយ​នៅ​ចំ​កណ្តាល​ហ្វូង​មនុស្ស​ ហើយ​និយាយ​ពាក្យ​ដដែលបី​ដង។ ស្តាប់ទៅដូចជាពាក្យ​ថា​ «ប្រយុទ្ធ, ប្រយុទ្ធ, ប្រយុទ្ធ» ។

អ្នកនាំពាក្យ​កងអង្គរក្ស​ប្រធានាធិបតី​លោកAnthony Guglielmi​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​ X ​ដែល​ពី​មុន​ហៅ​ថា​ Twitter​ ថា​ «សេវា​សម្ងាត់​ការពារ​ប្រធានាធិបតី​បាន​អនុវត្ត​វិធានការ​ការពារ ​ហើយ​អតីត​ប្រធានាធិបតី​មាន​សុវត្ថិភាព។ នេះ​ជា​ការ​ស៊ើប​អង្កេត​របស់​សេវា​សម្ងាត់បន្ត​ទៀត​ ហើយ​ព័ត៌មាន​បន្ថែម​នឹង​ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​ណាមាន»។

ហើយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ខ្លីដែល​បាន​ផ្ញើទៅ​កាន់​អ្នកសារព័ត៌មាន​ សេតវិមាន​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី Joe Biden​«បាន​ទទួល​ដំណឹង​សង្ខេប​ដំបូង​អំពី​ឧប្បត្តិហេតុ​នៅឯ​ការជួបជុំ​របស់​លោក​អតីត​ប្រធានាធិបតី Trump»។ ប៉ុន្មាន​នាទី​ក្រោយ​មក​ ពួកគេ​បាន​និយាយ​ថា​ លោក​កំពុង​ត្រូវ​បាន​រាយការណ៍​ជូន​ដោយ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ រួមទាំង​ប្រធាន​កងអង្គរក្ស​ ជំនួយ​ការកំពូល​ និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។

​ខុទ្ទកាល័យ​អនុប្រធានាធិបតី​ក៏​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​អ្នកស្រី​ Kamala Harris កំពុង​ទទួល​បាន​ព័ត៌មាន​សង្ខេប​ដំបូង​ផងដែរ។

រដ្ឋអាជ្ញា​ស្រុក Butler​ លោក Richard Goldinger ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press ​ថា ​ជនសង្ស័យ​ជាខ្មាន់​កាំភ្លើងបាន​ស្លាប់​ ហើយ​យ៉ាងហោចណាស់​មាន​អ្នកចូលរួម​ក្នុង​ការប្រមូលផ្តុំ​ម្នាក់​ត្រូវ​បាន​សម្លាប់។

អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ Trump ​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​រហ័ស។

សមាជិក​ព្រឹទ្ធសភា​លោក​ JD Vance ​នៃ​រដ្ឋ Ohio​ ដែល​គេ​មើល​ឃើញ​ថា​ជាជម្រើស​នាំមុខ​គេ​សម្រាប់​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក​ Trump ​បាន​សរសេរ​ថា៖​ «អ្នករាល់គ្នា​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការអធិស្ឋាន​សម្រាប់​លោក​ប្រធានាធិបតី​ Trump ​របស់​យើង ​និង​អ្នករាល់គ្នា​នៅឯ​ការជួបជុំ​នោះ។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​មិន​អី​ទេ»។

គូ​ប្រជែង​ម្នាក់​ទៀត​សម្រាប់​តំណែង​នេះ​ គឺ​សមាជិក​ព្រឹទ្ធ​សភា​ លោក​ Marco Rubio ​នៃ​រដ្ឋFlorida​ បាន​សរសេរ​ថា​ «ព្រះ​ជា​ម្ចាស់​បានការពារ​លោក​ប្រធានាធិបតី Trump» ។

ហើយ​មេដឹកនាំ​សំឡេងភាគតិច​នៅ​ក្នុង​ព្រឹទ្ធសភា​ លោក​Mitch McConnell​ នៃ​រដ្ឋ Kentucky​ បាន​សរសេរ​ថា៖​ «យប់នេះ​ ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​មាន​អំណរគុណ​ដែល​លោកប្រធានាធិបតី Trump​ ហាក់​ដូចជា​មិន​អី​ទេ​ បន្ទាប់ពី​ការវាយប្រហារ​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​លើ​ការជួបជុំ​ដោយ​សន្តិវិធី។ ​អំពើ​ហិង្សា​មិនមាន​នៅក្នុង​នយោបាយ​របស់​យើង​ទេ។ យើង​សូម​កោតសរសើរ​ចំពោះ​ការងារ​ដ៏​ឆាប់រហ័ស​នៃ​ក្រុម​អង្គរក្ស​ការពារ​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត​»​។

ហើយ​មេដឹកនាំ​ពិភពលោក​ក៏ចាប់​ផ្តើម​មាន​ប្រតិកម្ម​ផងដែរ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​Benjamin Netanyahu ​បាន​និយាយ​ថា៖​ «ភរិយា​ខ្ញុំ​Sara ​និង​ខ្ញុំ​មាន​ការ​តក់ស្លុតចំពោះ​ហេតុការណ៍​ដែល​ទំនង​ជា​ការ​វាយ​ប្រហារលើ​លោក​ប្រធានាធិបតី Trump។ ​យើង​អធិស្ឋាន​សុំ​ឲ្យ​លោកមាន​សុវត្ថិភាព ​និង​ឆាប់​ជា​សះស្បើយ»។

សេចក្តី​រាយការណ៍​នេះ​ចូលរួម​ផ្តល់​ដោយ​អ្នកស្រី​ Patsy Widakuswara, លោក​Sayed Aziz Rahman, លោក​Mykhailo Komadovsky, អ្នកស្រី​Katherine Gypson ​និង​លោក​Steve Herman។

XS
SM
MD
LG