អត្តពលិកកម្ពុជាបានឈ្នះមេដាយមាសចំនួន១ និង សំរិទ្ធចំនួន២ នៅក្នុងការប្រកួតកីឡា Special Olympics ដែលជាកីឡាសម្រាប់ជនពិការស្មារតី នាថ្ងៃពុធម្សិលមិញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីការទូតកម្ពុជាប្រចាំនៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) សហរដ្ឋអាមេរិក។
លោក គឹម ឆាហួត ជាអគ្គកុងស៊ុលកិត្តិយសរបស់កម្ពុជានៅទីក្រុងឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា (California) បានប្រាប់ VOA តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដែលត្រូវនឹងរាត្រីថ្ងៃពុធនៅសហរដ្ឋអាមេរិកថា ជ័យលាភីនេះធ្វើឲ្យប្រទេសកម្ពុជានិងប្រជាពលរដ្ឋមានមោទនភាព។
«ខ្ញុំមានសេចក្តីសោមនស្ស និងមោទនភាពជាក្រៃលែង បានក្រុមកីឡា Special Olympics Games មកពីកម្ពុជាបានឈ្នះមេដាយ»។
ក្នុងចំណោមកីឡាករទាំង៨រូបរបស់កម្ពុជា លោក ថៃ សុគន្ធីម បានទទួលមេដាយមាស និងលោក មាស មករា បានទទួលមេដាយសំរិទ្ធ ក្នុងវិញ្ញាសាររត់ចម្ងាយ ២០០ ម៉ែត្រ ផ្នែកបុរស និង កញ្ញា រដ្ឋ សម្ផស្ស ឈ្នះមេដាយសំរិទ្ធក្នុងវិញ្ញាសារបោះប៊ូលឈើ។ នេះបើយោងតាមលោក មាស សារិន ប្រធានប្រតិភូដែលដឹកនាំកីឡាករចូលរួមការប្រកួតនៅទីក្រុងឡូសអាន់ជឺឡេស។
លោក មាស សារិន បានអោយដឹងថា ថ្វីបើកម្ពុជាមានកង្វះខាតធនធានយ៉ាងណាក្តី ក៏កម្ពុជាអាចទទួលបានជោគជ័យពីការប្រកួតនេះ។
«កីឡាករយើងអ្នកដែលមានបញ្ញាខ្សោយ ក៏យើងអាចមានសមត្ថភាពអាចប្រកួតជាមួយប្រទេសដទៃ។ កុំតែបានសម្តេច[នាយករដ្ឋន្ត្រីហ៊ុនសែន] ជួយលុយសំបុត្រយន្តហោះ កុំអីអត់បានមកទៀត។ ស្មានថាអត់បានមកផង»។
វិញ្ញាសារប្រកួតសរុបរបស់អូឡាំពិកពិសេសឬ Special Olympics មានចំនួន២៧ វិញ្ញាសារ ក៏ប៉ុន្តែកម្ពុជាមានលទ្ធភាពបញ្ជូនអត្តពលិករបស់ខ្លួនទៅប្រកួតវិញ្ញាសារតែ២ប៉ុណ្ណោះគឺ វិញ្ញាសារអត្តពលកម្មរត់ប្រណាំង និងវិញ្ញាសារប៊ូលឈើ។
លោក ថៃ សុគន្ធីម ជាអត្តពលិកដែលទទួលបានមេដាយមាសពីការប្រកួតវិញ្ញាសាររត់ចម្ងាយ ២០០ ម៉ែត្រ ផ្នែកបុរសនេះ។ នៅក្នុងវ័យ ២០ឆ្នាំ កីឡាករដែលលូតលាស់ខាងស្មារតីយឺតជាងក្មេងដទៃរូបនេះបានអោយដឹងថាខ្លួនរំភើប និងត្រេកអរចំពោះលទ្ធផលនេះ។
លោក ថៃ សុគន្ធីម «រំភើប ត្រេកអរ»។
លោក ថៃ ស៊ីផា ជាឳពុករបស់កីឡាករមេដាយមាស ថៃ សុគន្ធីម ជាមន្ត្រីរាជការក្នុងខេត្តកំពង់ធំ បានថ្លែងពីភាពត្រេកអរ ខណៈពេលដែលទទួលដំណឹងដ៏រីករាយនេះពី VOA ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់ចំពោះជោគជ័យរបស់កូន។ ដោយសារគំនិតបញ្ញារបស់គាត់ ខ្ញុំមិនហ៊ានទស្សន៍ទាយទេ កាលពីខ្ញុំជូនដំណើរគាត់ទៅ ហើយគាត់បែរជាទទួលជោគជ័យគួរជាទីមោទនភាព»។
គួរកត់សម្គាល់ផងដែរថា នេះគឺជាលើកទី៣ហើយ ដែលប្រទេសកម្ពុជាបានចូលរួមប្រកួតអូឡាំពិកពិសេសរដូវក្តៅពិភពលោក ឬ Special Olympics បន្ទាប់ពីការប្រកួតនៅទីក្រុងសៀងហៃក្នុងឆ្នាំ២០០៧ និងការប្រកួតនៅទីក្រុងអាថែនប្រទេសក្រិកក្នុងឆ្នាំ២០១១។ ក្នុងនោះកីឡាអត្តពលិក កម្ពុជាដែលមានការលូតលាស់សតិបញ្ញាខ្សោយ ធ្លាប់ទទូួលបានមេដាយមាស៧ មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៤។
អូឡាំពិកពិសេសកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងគោលដៅលើកកម្ពស់សកម្មភាពកីឡាដល់អ្នកមានបញ្ញាខ្សោយនៅកម្ពុជា។ ក្នុងនោះសហព័ន្ធកីឡា Special Olympics កម្ពុជាធ្លាប់ត្អួញត្អែរពីកង្វះខាតការឧបត្ថម្ភ។
ហើយកាលពីដើមខែកក្កដាកន្លងទៅ សហព័ន្ធកីឡា Special Olympics កម្ពុជា ក៏ធ្លាប់បានអំពាវនាវសុំជំនួយថវិកានិងសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើររបស់ខ្លួន ក្នុងការចូលរួមការប្រកួតកីឡានេះនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕