ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កីឡាករ​កម្ពុជា​ទៅចូល​រួម​ប្រកួត​កីឡា​ Special Olympic ​ពិភពលោក​រដូវ​ក្តៅ​ ​នៅ​ទីក្រុង ​Los Angeles

  • ហ៊ាន សុជាតា

ទំព័រ​ Facebook ​របស់គណៈ​កម្មធិការ​កីឡា​​អូឡាំពិក​​ពិសេស​ ​Special Olympic ​ធ្វើ​នៅទីក្រុង ​Los Angles ស.រ.អា.​ឆ្នាំ២០១៥​

អត្តពលិក​ខ្មែរ​ចំនួន​៨រូប​ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​រៀបចំឡើង​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​ស្មារតី​មិន​សូវមាំមួន ​ប៉ុន្តែ​ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​កង្វះខាត​ថវិកា​ ដោយសារ​គ្មាន​អ្នក​ជួយ​ឧបត្ថម្ភ។​

កម្ពុជា​មាន​គម្រោង​នឹង​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួន​ទៅចូលរួមប្រកួត​កីឡា​អូឡាំពិក​ពិសេស​ឬ​ Special Olympic ​ពិភពលោក​រដូវ​ក្តៅ​ នៅ​ទីក្រុង​ Los Angeles ​សហរដ្ឋ​អាមេរិក​ពីថ្ងៃទី​២១​ខែ​កក្កដា​ដល់​ថ្ងៃ​ទី៣​ខែ​សីហា​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ។​ ក៏​ប៉ុន្តែ​គណៈកម្មាធិការ​អូឡាំពិក​ពិសេស ឬ​ Special Olympic ​អះអាង​ថា ​កម្ពុជា​កំពុងខ្វះ​ថវិកា​ក្នុង​ការ​បញ្ជូន​ក្រុម​កីឡា​របស់​ខ្លួន។​

កីឡាករចំនួន​៨រូប​ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​គឺលោក​ចាប រតនានឹង​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ពិសេស​ឬ​ Special Olympic​ សម្រាប់​វិញ្ញាសារ​២​គឺ​វិញ្ញាសារ​អត្ត​ពលកម្ម​រត់​ប្រណាំង ​និង​វិញ្ញាសារ​បោះ​ប៊ូល​ ឬប៉េតង។

កីឡា​អូឡាំពិក​ពិសេស​ឬ​ Special Olympic ​ដែល​មាន​សមាជិក​ជាង​១៧០​ប្រទេស​នេះ​ គឺជា​ការ​ប្រកួត​កីឡាអូឡាំពិក​សម្រាប់​អ្នក​មាន​បញ្ញា​ខ្សោយ​ ឬ​អ្នក​ដែល​មាន​ IQ​ ឬ​បញ្ញា​ស្មារតី​ទាប​ជាង​មនុស្ស​ទូទៅ។​

លោក​ចាប រតនា​បាន​ឲ្យដឹង​ថា ​ការ​បង្ហាត់​កីឡាករ​អូឡាំពិក​ពិសេស​ឬ​ Special Olympic​ នេះ​មាន​ការ​លំបាក​ច្រើន​ជាង​កីឡា​ធម្មតា។​

«ទាក់ទង​នឹង​ការ​បង្វឹក​ គឺ​មាន​ការ​លំបាក​ច្រើន​ ក្នុង​ការ​ហ្វឹក​ហាត់។ ​មូលហេតុ​អី ​ដោយសារ​តែ​ ​ឧទាហរណ៍​កីឡាករ​ធម្មតា​ក៏​វា​ពិបាក​មួយ​ចំនួន​ធំ​ហើយ ​ចុះ​ទម្រាំ​តែ​គ្នា​ពិការ​សតិ​បញ្ញា​ មាន​ន័យ​ថា ​ពេល​យើង​និយាយ​ឲ្យគាត់​ទៅ​ជើង​ គាត់​ទៅ​ត្បូង។ ​អញ្ចឹង​គឺ​ការ​ហ្វឹក​ហាត់​ជួប​ផល​លំបាក​ច្រើន​មែន​ទែន។​ វា​ទាម​ទារ​ឲ្យមាន​ការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត»។​

លោក​រតនា​បន្ថែម​ថា​ ​ការ​បង្វឹក​កីឡាករ​គឺធ្វើ​ឡើងជារៀង​រាល់​ព្រឹក​ចុង​សប្តាហ៍។ ​ក្រៅពី​នោះ​គឺ​ជា​បន្ទុក​របស់​ឳពុក​ម្តាយ​ ឬ​អាណា​ព្យាបាល​របស់​កីឡាករ ដែល​ត្រូវ​ផ្តល់​ការ​ហ្វឹកហាត់​បន្ថែម​នៅ​ផ្ទះ​ ឬ​នៅ​អង្គការ​ដែល​ពួក​គេ​ស្នាក់​នៅ។​

«អញ្ចឹង​យើង​ទាម​ទារ​ឲ្យពួកគាត់​ហាត់​នៅ​ផ្ទះ​មួយ​ចំនួន​ហើយ​ តាំង​ពី​មិន​ទាន់​ជ្រើស​រើស​ពួក​គាត់​ម្ល៉េះ​ គ្រាន់​តែ​វា​មិនទាន់​ស៊ី​ជម្រៅ​ខាង​បច្ចេកទេស​នោះ​ទេ​ ដូចជា​ការ​កំដៅ​សាច់ដុំ​ រត់​ ព្រោះ​វា​ជា​កីឡា​ងាយ​ ព្រោះ​កីឡាករ​ កីឡាការិនី​ស្តាប់​ឳពុក​ម្តាយ​ជាង​គ្រូ​បង្វឹក»។​

លោក​ឃ្លាំង ចន្ធូ ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ពិសេស​ឬ​ Special Olympic ​កម្ពុជា ​បាន​លើក​ឡើង​ថា​ អូឡាំពិក​ពិសេស​ឬ​ Special Olympic ​គឺ​ជា​ការ​ប្រកួត​ដើម្បី​លើក​ទឹកចិត្តដល់​កីឡាករ​ជាជាង​ការ​ប្រកួត​ប្រជែងធ្វើជា​ជ័យ​លាភី៖

«Special Olympic ​(អូឡាំពិក​ពិសេស)​ គឺ​ជាការ​ផ្តល់ឱកាស​មួយ​ដើម្បី​ឲ្យពួក​គាត់​បាន​មក​លេង​កីឡា ​ហើយចូល​រួម​ក្នុង​សកម្មភាព​សង្គម។ ​បើ​អត់​មាន​Special Olympic ​(អូឡាំពិក​ពិសេស) ទេ ​ពួក​គាត់​ដូចជាត្រូវ​បាន​គេ​បោះ​បង់​ចោល​ឲ្យគាត់​នៅ​ឯកោ។ ​ក្រោយ​ពេល​ហ្វឹក​ហាត់​ គាត់​មាន​ភាព​ក្លាហាន​ ហើយ​សុខភាព​គាត់​ក៏​ល្អ​ជាង​មុន​ដែរ»។​

កីឡាករ​ទាំង​៨​រូប​របស់​កម្ពុជា​ រួម​មាន​លោក​ថៃ ​សុគន្ធីម​ លោក​អ៊ុត​ សំអាង​ លោក​មាស​ មករា​ កញ្ញា​វ៉ន​ សូជូលៀ​ កញ្ញា​គៀន ស្រីពៅ​ និង​កញ្ញា​ ផល្លី​ អម្ពរ​ពេជ្រ​សម្រាប់​វិញ្ញាសារ​អត្ត​ពលកម្ម​ និង​កីឡាករ​ កីឡាការនី​២រូប​ទៀត​សម្រាប់​វិញ្ញាសារ​បោះប៊ូល​(ប៉េតង់)​គឺ​លោក​ប៉ឹង វុទ្ធី​ និង​កញ្ញា​រដ្ឋ​សម្ផស្ស។​ ពួក​គេ​៧​រូប​មក​ពី​ទីក្រុង​ភ្នំពេញ​ និង​មួយ​រូប​ទៀតមក​ពី​ខេត្ត​កំពង់ធំ។​

ការ​ជ្រើស​រើស​កីឡាករ​ កីឡាការិនី​ប្រភេទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងតាម​រយៈ​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​ក្នុង​ចំណោមអ្នក​ខ្សោយ​បញ្ញា នៅ​អង្គការ​នានា ​ដែល​ធ្វើ​ការ​ជាមួយ​អ្នក​មាន​បញ្ហា​ខាងបញ្ញា​ស្មារតី​ដើម្បី​បង្វឹក​បន្ថែម​សម្រាប់​ចេញ​ទៅ​ប្រកួតអូឡាំពិក​ពិសេស(Special Olympic )។​ មក​ទល់​ពេល​នេះ ​កីឡា​ករ​កម្ពុជា​ទទួល​បាន​ការ​ហ្វឹក​ហាត់ជា​មូលដ្ឋាន​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ ហើយ​២​ខែ​ទៀត​សម្រាប់​ការ​បង្វឹកលក្ខណៈ​បច្ចេកទេស។​

អ្នក​ស្រី​ខៀវ ច័ន្ទម៉ូលី ​ជា​ម្តាយ​របស់​កីឡាការិនី​ផល្លីអម្ពរ ​ពេជ្រ ​ដែល​មាន​ការ​លូតលាស់​ខាង​ស្មារតី​យឺត​ជាង​ក្មេង​ដទៃ។ ​អ្នក​ស្រី​ម៉ូលី​អះអាង​ថា​ ​អូឡាំពិក​ពិសេស​ (Special Olympic )​ បាន​ជួយ​ផ្លាស់​ប្តូរ​ធ្វើឲ្យ​កូន​របស់គាត់​កាន់​តែ​ប្រសើរ​ជាង​មុន​ ទាំង​ស្មារតី​ និង​សុខភាព។​

អ្នកស្រី​ខៀវ ច័ន្ទ​ម៉ូលី​ថ្លែង​ថា៖

«ខុស​ប្លែក​ ដូច​ថា ​រាង​មាំទាំ​ជាង​មុន។ ​មុន​ដូច​យឺតយ៉ាវ។ ​ពេល​ញ៉ាំ​ ពេល​អី​ពិបាក។​ តែ​ដល់​ពេល​ចូល​ក្នុង​ក្រុម​ហ្នឹង ​គេ​ចេះ​ចង់​ញ៉ាំ​ មាន​កម្លាំង​ ​គ្រាន់​ជាង​មុនឆ្ងាយ»។​

កម្ពុជា​ធ្លាប់​បាន​ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក​ពិសេស​ (Special Olympic )​ រដូវ​ក្តៅពិភព​លោក​ចំនួន​២​លើក​មក​ហើយគឺ​នៅ​ទីក្រុង​សៀងហៃ​ក្នុង​ឆ្នាំ​២០០៧​ ​ដោយ​ទទួល​បាន​មេដាយ​មាស​៣ ​មេដាយប្រាក់​៣ ​មេដាយ​សំរឹទ្ធ២។ ​ហើយនៅ​ក្នុង​ការ​ប្រកួតនៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិកក្នុង​ឆ្នាំ​២០១១​ កម្ពុជា​ទទួល​បាន​មេដាយ​មាស​៤​ មេដាយ​ប្រាក់៤ ​និងមេដាយសំរឹទ្ធ​២​។ ​កម្ពុជា​ក៏​ធ្លាប់​ចូលរួម​ប្រកួតអូឡាំពិក​ពិសេស​ (Special Olympic ) រដូវ​រងារ​ផង​ដែរ​នៅ​ឆ្នាំ​២០១៣​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដោយ​ទទួល​មេដាយ​មាស​១ ​និង​មេដាយ​ប្រាក់១។ ​ជា​សរុប ​កម្ពុជា​ទទួល​បាន​មេដាយ​ជាង​១០ពី​ការ​ប្រកួតអូឡាំពិក​ពិសេស​ (Special Olympic )​ របស់​ខ្លួន​កន្លង​មក។​

យ៉ាង​ណាមិញ​ គណៈ​កម្មាធិការ​ជាតិអូឡាំពិក​ពិសេស​ (Special Olympic )​កម្ពុជា​គឺ​លោក​ឃ្លាំង ចន្ធូ​បញ្ជាក់ថា ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះថវិកា​សម្រាប់​ថ្លៃ​សំបុត្រ​យន្តហោះ​ក្នុង​ការ​បញ្ជូន​កីឡាករ​ខ្លួនទៅ​ប្រកួត​នៅ​ស.រ.អា.​នេះ​គឺដោយសារ​តែអូឡាំពិក​ពិសេស​ (Special Olympic )​ កម្ពុជា​មិន​មាន​កញ្ចប់​ថវិកា​បម្រុង​ប្រចាំ​ឆ្នាំ​សម្រាប់​សកម្មភាព​របស់​ខ្លួន ​ដែល​ទាម​ទារ​ឲ្យខ្លួន​អំពាវនាវ​សុំ​ថវិកា​ពី​អង្គការ​ ស្ថាប័ន​សប្បុរសជន​នានា​ ឬ​ពី​រាជ​រដ្ឋាភិបាល។​

លោក​ឃ្លាំង ចន្ធូ​បន្ថែម​ថា៖ ​«ឥឡូវ​នេះ​ ប្រកួត​ឆ្នាំ​២០១៥​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​ យើង​អត់ទាន់​រក​ Sponsor​ [អ្នក​ឧបត្ថម្ភថ្លៃ​សំបុត្រ​យន្តហោះ]​ បាន​ទេ ហើយ​សព្វ​ថ្ងៃ​ហ្នឹង​ យើង​កំពុង​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សង្គមកិច្ច​ តែ​ឥឡូវ​វា​ជិត​ដល់​ថ្ងៃ​ហើយ​ មិន​ដឹង​ថា ​យ៉ាង​ម៉េច​ទេ ​ព្រោះ​វា​ចំណាយ​ប្រហែល​ជា​ជាង២​ម៉ឺនដុល្លារ។​ រាល់​ដង​ដូចជា​នៅ​ទី​ក្រុង​សៀង​ហៃ ​ក្រុមហ៊ុន​យន្ត​ហោះ​នៅ​ចិន​គេ​ជួយ។ ​កាល​ទៅ​អាថែន​ ប្រទេស​ក្រិច​ ខាង​ប្រទេស​អូស្ត្រាលី​គេ​ជួយ។ ​ទាល់​តែ​មាន ​Sponsor ​ទើប​មាន​លទ្ធភាព​បញ្ជូន​ទៅ»។​

គួរ​បញ្ជាក់​ផង​ដែរថា​ គណៈ​កម្មាធិការ​ជាតិអូឡាំពិក​ពិសេស​ (Special Olympic )​ កម្ពុជា​ស្ថិត​នៅ​ក្រោម​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវ​នីតិ​សម្បទា។ គណៈ​កម្មាធិការ​ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥​ក្នុង​គោលដៅ​លើក​កម្ពស់​សកម្មភាព​កីឡា​ដល់​អ្នកមាន​បញ្ញា​ខ្សោយ​នៅកម្ពុជា៕

XS
SM
MD
LG