ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​យល់​ព្រម​ផ្តល់​ថវិកា​បញ្ជូន​កីឡាករ​ចូលរួម​អូឡាំពិក​ពិសេស​នៅ​អាមេរិក​

  • ហ៊ាន សុជាតា

លោក វ៉ាន់ វុន កីឡាករ​ជិះ​រទេះ ហ្វឹកហាត់​​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។ REUTERS/Samrang Pring

បន្ទាប់ពីអំពាវនាវ​សុំ​ថវិកា​ពី​អង្គការ​ស្ថាប័ន​ សប្បុរសជន​នានា​មួយ​រយៈ​មក នៅ​ថ្ងៃ​ពុធ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ពិសេស​ (Special Olympics) ​បញ្ជាក់​ថារាជ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​គាំទ្រថ្លៃ​ចំណាយ​ចំនួន​២៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​សំបុត្រ​យន្ត​ហោះ​ដល់ក្រុម​អត្តពលិក​ Special Olympics ​ទៅ​ចូល​រួម​ប្រកួត​នៅ​ទីក្រុង​ Los Angeles ​សហរដ្ឋ​អាមេរិកពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២ ខែ​សីហា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក ​ឃ្លាំង ចន្ធូ ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ពិសេស​កម្ពុជា ​ឱ្យ​ដឹង​ថា​គណៈកម្មាធិការ​នេះ​ពុំ​ទាន់​ទទួល​បាន​សាច់ប្រាក់​មក​ដល់​ដៃ​នៅឡើយ​ទេ៖

«ជាក់​ស្តែង​ យើង​អត់​ទាន់​បាន​ទឹកប្រាក់​នៅឡើយ​ទេ តែ​មាន​តួលេខ​ យើង​កំពុង​តែ​ដំណើរការ​សុំ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច ។ រឿង​ទិញ​សំបុត្រ​យន្តហោះ យើង​ប្រហែល​ត្រូវ​ខ្ចី​លុយ​គេ​សិន»។​

លោក​ឃ្លាំង​ ចន្ធូ ​យល់​ថា​សកម្មភាព​កីឡា​ វា​ពឹង​ផ្អែក​ច្រើន​លើ​វិស័យ​ឯកជន៖​

«នៅ​ឆ្នាំ​២០១៦​នេះ​ យើង​នឹង​លើក​សំណើ​គម្រោង​ផ្សេងៗ ​ជា​ចំណែក​របស់​រដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ដែរ ​ក៏ប៉ុន្តែ​ចំណាយ​ធំៗ​ យើង​នឹង​ខំ​ព្យាយាម​រក​ Sponsor ​[អ្នក​ឧបត្ថម្ភ​] ព្រោះ​វិស័យ​កីឡា​វា​ពឹង​ផ្អែក​ច្រើន​លើ​វិស័យ​ឯកជន​ច្រើន»។

លោក មាស សារិន​ ទីប្រឹក្សា​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​លើក​ឡើងថា ការលើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ស្មារតី​ជា​ការ​យក​ចិត្ត​ទុកដាក់​របស់​ Special ​ Olympics​ កម្ពុជា៖

«ក្នុង ​Special Olympics​ យើង​បាន​កំណត់​ពាក្យស្លោក​ថា​យើង​មិន​ត្រូវ​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​យើង​ទេ។ ចឹង ចង់​ឬ​មិន​ចង់​យើង​ត្រូវ​តែ​មាន​ការ​ជ្រោមជ្រែង​ ឧបត្ថម្ភ​គាំ​ទ្រ​ដើម្បី​ឱ្យបង​ប្អូន​ជន​ពិការ​[បញ្ញា]ឱ្យគាត់​បាន​រស់​ក្នុង​សង្គម​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។​

វិញ្ញាសា​ប្រកួត​សរុប​របស់​ អូឡាំពិក​ពិសេស​មាន​ចំនួន​២៧ ​វិញ្ញាសា ​ក៏​ប៉ុន្តែ​ លោក មាស សារិន ​ អះអាង​ថា មាន​តែ​វិញ្ញាសា​តែ២​តែ​ប៉ុណ្ណោះ​ដែល​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួត​គឺ​ វិញ្ញាសា​អត្ត​ពលកម្ម​រត់​ប្រណាំង​ និង​វិញ្ញាសា​ប៊ូល​ឈើ​ហើយ​មាន​អត្តពលិក​ចំនួន​៨​រូប។​

«ការ​ប្រកួត​កីឡា​វា​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ យើង​មិន​អាច​លោភ​ហួស​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ទេ ពី​ព្រោះ​សេដ្ឋកិច្ច​មិន​អាច​ទ្រទ្រង់​កីឡា​បាន​ច្រើន​ទេ​។ កីឡា​គ្រប់​ទិស​ទី​ទាំង​អស់​តែង​ទទួល​ការ​គាំ​ទ្រ​ពី​វិស័យ​ឯកជន។​ នៅ​ប្រទេស​យើង ​ប្រទេស​ក្រីក្រ​ បើ​រដ្ឋាភិបាល​មិន​ជួយ​ មិន​អាច​ដើរ​ទៅ​មុខ​បាន»។

នេះ​ជា​លើក​ទី៣​ហើយ ​ដែល​ប្រទេស​កម្ពុជា​នឹង​ចូលរួម​ប្រកួត​អូឡាំពិក​ពិសេស​រដូវ​ក្តៅ​ពិភព​លោក​ បន្ទាប់​ពី​ការ​ប្រកួត​នៅ​ទីក្រុង​សៀងហៃ​ក្នុង​ឆ្នាំ​២០០៧ ​ ​និង​ការ​ប្រកួត​នៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិក​ក្នុង​ឆ្នាំ​២០១១។

អូឡាំពិក​ពិសេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥​ក្នុង​គោលដៅ​លើក​កម្ពស់​សកម្មភាព​កីឡា​ដល់​អ្នកមាន​បញ្ញា​ខ្សោយ​នៅ​កម្ពុជា៕

XS
SM
MD
LG