ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាធារណជនប្រៀបធៀប​ករណី​ប៉ូលិស​ខ្មែរ​ប្រើ​ជង្គង់​សង្កត់​ក​បុរស​ម្នាក់​នៅ​ភ្នំពេញ​ទៅ​នឹង​ករណី​នៅ​អាមេរិក


រូបភាពបង្ហោះលើគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យឃើញសកម្មភាពរបស់ប៉ូលិសដែលប្រើជង្គង់សង្កត់លើកបុរសម្នាក់ (ឆ្វេង) និងលោក វ៉េ ឡុងរាជ (ស្តាំ) ជាជនសង្ស័យដែលត្រូវបានប៉ូលិសសង្កត់ជង្គង់លើករបស់លោក នៅខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
រូបភាពបង្ហោះលើគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យឃើញសកម្មភាពរបស់ប៉ូលិសដែលប្រើជង្គង់សង្កត់លើកបុរសម្នាក់ (ឆ្វេង) និងលោក វ៉េ ឡុងរាជ (ស្តាំ) ជាជនសង្ស័យដែលត្រូវបានប៉ូលិសសង្កត់ជង្គង់លើករបស់លោក នៅខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ​ស ថេត​ ទទួល​ស្គាល់​ថា​ ប៉ូលិស​វាយ​ជន​សង្ស័យ​នោះ​មែន​ តែ​លោក​មិន​ទទួល​ស្គាល់​ថា​ មាន​ការ​យក​ជង្គង់​សង្កត់​ក​បើ​ទោះ​វីដេអូ​បង្ហាញ​ហើយ​ មនុស្ស​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​និយាយ​ ហើយ​សំឡេង​ជាប់​ក្នុង​វីដេអូ​ក៏​ដោយ។​

ប៉ូលិស​ម្នាក់​ បាន​យក​ជង្គង់​សង្កត់​ក​បុរស​ម្នាក់​ក្នុង​ករណី​ចុះ​ចាប់​គ្រឿង​ញៀន​មួយ ​នៅ​សង្កាត់​ក្បាល​កោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ ​ដែល​បុរស​ម្នាក់​នោះ​ ត្រូវ​បាន​ចោទ​ថា​ ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន។ ​

វីដេអូ​នៃ​ការ​យក​ជង្គង់​សង្កត់​ក​បុរស​នោះ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​សារ​ព័ត៌មាន​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល ​គឺ ​Freshnews ​ផង​ដែរ។ ករណី​នេះ​ នាំ​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ​ដោយ​ប្រៀប​ធៀប​ករណី​នេះ​ ទៅករណី​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ប៉ូលិស​អាមេរិក​ស្បែក​ស​ បាន​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​ម្នាក់ ​ឈ្មោះ ​George Floyd កាល​ពី​ខែ​ឧសភា​ ដែល​ក្រោយ​មកបាន​ស្លាប់​អំឡុង​ពេល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ចប៉ូលិស​។​

នៅ​ក្នុង​វីដេអូ​ជាង​៨នាទី​នោះ​ គេ​ឃើញ​បុរស​ម្នាក់​បាន​យក​ជង្គង់​ស្តាំ​សង្កត់​ជន​សង្ស័យ​ម្នាក់ ​ជិត​មួយ​នាទី ​ដូច​ដែល​បង្ហាញ​ក្នុង​វីដេអូ។ ​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ រយៈ​ពេល​ប៉ុន្មាន​ ដែល​ប៉ូលិស​សង្កត់​ពិត​ប្រាកដ​នោះ​ទេ ​ដោយសារ​វីដេអូ​បង្ហាញ​ការ​សង្កត់​ក​រួច​ទៅ​ហើយ​ ពេល​វីដេអូ​ចាប់​ផ្តើម។​

បើ​តាម​គេហ​ទំព័រ​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នេះ​ជា​ករណី​បង្ក្រាប​គ្រឿង​ញៀន​នៅ​សង្កាត់​ក្បាល​កោះ ​ខណ្ឌ​ច្បារអំពៅ ​ដោយ​ប៉ូលិស​ថា​ ជន​សង្ស័យ​ ឈ្មោះ ​វ៉េ ឡុង​រាជ ​ស្ថិត​ក្នុង​«ស្ថាន​ភាព​ញៀន​គ្រឿង​ញៀន​ខ្លាំង ​និង​ស្រវឹង​ស្រា​ជោគជាំ​និង​មាន​ចេតនា​ប្រើ​ដំបង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់»។​

ប៉ូលិស​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ឆ្នាំ​២០២០ ​វេលា​ម៉ោង​៥​ កន្លះ​ល្ងាច​នគរបាល​មូលដ្ឋាន ​បាន​ចេញ​ល្បាត​ និង​ពួនស្ទាក់​តាម​គោល​ដៅ​ធ្លាប់​មាន​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន ​ក៏​បាន​ឃើញ​ជន​សង្ស័យ​ម្នាក់​នេះ​ ជិះ​ម៉ូតូ​ម៉ាក​ Suzuki Smash-V ​ពណ៌​ខ្មៅ ​បាន​ឈប់​ម៉ូតូ​ទទួល​យក​គ្រឿង​ញៀន​ពី​ជន​សង្ស័យ​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ។ ​រួច​ជន​សង្ស័យ​ម្នាក់​គេច​ចូល​ដីឡូត៍​ក្បែរ​នោះ​បាត់​ទៅ។​ ​ចំណែក​ជន​សង្ស័យ​ឈ្មោះ ​វ៉េ ឡុងរាជ ​បាន​ជិះម៉ូតូ​ចេញ​ ដើម្បី​គេច​ខ្លួន​ពី​សមត្ថកិច្ច។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ជន​សង្ស័យ​នោះ ​គឺ​ជា​មុខ​សញ្ញា​ចាស់​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ទីតាំង​ខាង​លើ​ដែល​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​កំពុង​ស៊ើប​អង្កេត​តាម​រក​ចាប់​ខ្លួន​ រួម​ជា​មួយ​ និង​បក្ខពួក​មួយ​ចំនួន​ទៀត។​

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក​ ស ថេត​ ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ សមត្ថកិច្ច​ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​កំហុស​ក្នុង​ការ​ប្រើ​កម្លាំង​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ ​ដោយ​លោក​ថា​ ជន​សង្ស័យ​ព្យាយាម​ត​ដៃ ​និង​ធ្វើ​ឲ្យ​ប៉ូលិស​ម្នាក់​ត្រូវ​ចំ​បូស​នៅ​លើ​ជើង​ រហូត​ដល់​មាន​ការ​វាយ ​និង​ទាត់​ជន​សង្ស័យ។ ​លោក​ថា​ លោក​បាន​ណែនាំ​ទៅ​ប៉ូលិស​នោះ ​តែ​មិន​មាន​ការ​ដក​ស័ក្តិ ​និង​បណ្តេញ​ចេញ​នោះ​ទេ។​

លោក ​ស ថេត​ ទទួល​ស្គាល់​ថា​ ប៉ូលិស​វាយ​ជន​សង្ស័យ​នោះ​មែន​ តែ​លោក​មិន​ទទួល​ស្គាល់​ថា​ មាន​ការ​យក​ជង្គង់​សង្កត់​ក​បើ​ទោះ​វីដេអូ​បង្ហាញ​ហើយ​ មនុស្ស​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​និយាយ​ ហើយ​សំឡេង​ជាប់​ក្នុង​វីដេអូ​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «មាន​ទៅ​សង្កត់​ក​ឯ​ណា ?​ សង្កត់​ខ្នង​អី​តើ!​ ពួក​ហ្នឹង​ចេះ​តែ​ថត​អ៊ីចឹង​ទេ។ ​ ហើយ​អាហ្នឹង​វា​មាន​ងាប់​ឯ​ណា?​ ​ហើយ​អាមេរិក​ធ្វើ​ប៉ុណ្ណឹង​ វា​ល្អ​ជាង​ខ្មែរ​ ឬ​ ខ្មែរ​ធ្វើ​ល្អ​ជាង?​ គិត​មើល​ទៅ!»​

បើ​តាម​វីដេអូ​ដែល​បង្ហោះ​នោះ ​ នៅ​ពេល​ត្រូវ​សង្កត់​ក ​នោះ ​ បុរស​ម្នាក់​នោះ​បាន​ស្រែក​ថា៖​ «ខ្ញុំ​អត់​មាន​អី​ក្នុង​ខ្លួន ​ទេ​ ម៉េច​មក​ចាប់​ខ្ញុំ​អ៊ីចឹង។ ​ខ្ញុំ​អត់​ដឹង​អី​ទេ»។ ​ហើយ​លោក​ក៏​បាន​ស្រែក​ថា ​«អូយ​បាក់​ក​ហើយ»។​

ក្នុង​វីដេអូ​នោះ​ ស្រ្តី​ពីរ​នាក់​ដែល​ក្នុង​នោះ​មាន​ស្រ្តី​ចំណាស់​ម្នាក់ ​ដែល​ទំនង​ជា​ម្តាយ ​បាន​ព្យាយាម​ចូល​ទៅ​មើល​បុរស​ម្នាក់​នោះ។ ​ ប៉ុន្តែ ​ប៉ូលិស​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​ធម្មតា​បាន​ស្រែក​ថា ​ប៉ូលិស​ត្រូវ​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស ​តែ​ជន​សង្ស័យ​នោះ​ មិន​ព្រម​ទៅ។​

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​រិះគន់​ករណី​នេះ​ ដោយ​ភ្ជាប់​ជាមួយ​ករណី​នៅ​អាមេរិក​ផង​ដែរ។​អ្នក​ប្រើប្រាស់​ម្នាក់​និយាយ​ថា៖ ​«ខំ​រិះគន់​អាមេរិក​តែ​ឥឡូវ​ប៉ូលិស​ខ្មែរ​សាហាវ​ឃោរឃៅ​មិន​ចាញ់​អាមេរិក​ដែរ»។​

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ទៀត​លើក​ឡើង​ថា៖ ​«ហួស​ហេតុ​ពិត​មែន​ហើយ​វ៉ៃ​ផង ​ទាត់​ធាក់​ផង សង្កត់​ក​ផង​ដូច​ប៉ូលិស​នៅ​អាមេរិក​ដែរ​ហើយ​ហ្នឹង!​ ជន​ល្មើស​មាន​ទោស​ តែ​កុំ​ប្រើ​ហិង្សា​ហួស​ហេតុ​ពេក»។​

លោកស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​ចាត់​ទុក​ករណី​នេះ​ជា​អំពើ​អមនុស្ស​ធម៌ ​ ការ​ប្រើ​កម្លាំង​លើសលប់ និង​ឃោរ​ឃៅ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «នៅ​ប្រទេស​កម្ពុជា​យើង​ក៏​មិន​មែន​ថ្មី​ដែរ ​ក៏​មាន​រឿង​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​នេះ​ដែរ។ ​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ ជា​រឿង​មួយ​ដែល​មិន​គួរ​កើត​ឡើង​នោះ​ទេ ​ ដែល​វា​ផ្ទុយ​ពី​គោល​ការណ៍​ទាំង​ច្បាប់​ជាតិ​និង​អន្តរ​ជាតិ»។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ថា​ នេះ​ជា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ដូច​រឿង​ដែល​កើត​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក។ ​ លោក​យល់​ថា​ ការ​ប្រើ​ប្រាស់​ហិង្សា​ហួសហេតុ​របស់​សមត្ថកិច្ច​ មាន​ច្រើន​ករណី​នៅ​កម្ពុជា ​ គ្រាន់​តែ​មិន​មាន​ការ​ថត ​និង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​គឺ​ជា​រូបភាព​ដែល​យើង​បាន​ឃើញ​នៅ​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។​ ខ្ញុំ​ជឿ​ថា​ អាច​នឹង​មាន​ច្រើន​ជាង​ហ្នឹង​ទៀត​ដែរ ​ដែល​មិន​មាន​ការ​ផ្សព្វផ្សាយ។ ​អ៊ីចឹង​ហើយ ​ចំណុច​ដែល​ឃើញ​បណ្តាញ​សង្គម​ធ្វើ​ការ​ផ្សព្វផ្សាយ​ទាំង​អស់​ហ្នឹង​ គឺ​ជា​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ហើយ​នឹង​មាន​វិធានការ​យ៉ាង​ណា​ ដើម្បី​កុំ​ឲ្យ​មាន​ទង្វើ​បែប​ហ្នឹង​កើត​ឡើង​បន្ត​ទៀត»។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លើក​ឡើង​ថា​ ការ​យក​ករណី​នេះ​ទៅ​ប្រៀប​ធៀប​នឹង​សហ​រដ្ឋ​អាមេរិក ​គ្រាន់​តែ​ជា​ការ​រិះគន់​តែ​ប៉ុណ្ណោះ ​ ដោយ​សារ​ករណី​នៅ​អាមេរិក​ជា​ការ​រើស​អើង​ពូជសាសន៍ ​និង​ជា​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ។​

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​វិញ​រូបភាព​ដូច​គ្នា ​តែ​អង្គហេតុ​វា​ខុស​គ្នា។ ​ទិដ្ឋភាព​នៃ​សំណុំ​រឿង​ខុស​គ្នា ​អ៊ីចឹង​យក​ទៅ​ប្រៀបធៀប​គ្នា​វា​ចេះ​តែ​បាន។​អ្នក​ដែល​មាន​ចេតនា​ទុច្ចរិត​ ចេតនា​អាក្រក់ ​ចង់​ធ្វើ​ការ​រិះគន់ ​ដោយ​យក​រូបភាព​ទៅ​ធ្វើ​ការ​ប្រៀប​ធៀប​ ហើយ​ធ្វើ​ការ​រិះគន់។​ អាហ្នឹង ​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ»។​

លោកស្រី ​ចក់ សុភាព​ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​លើក​ឡើង​ដែរ​ថា​មិន​គួរ​មាន​ការ​ប្រៀបធៀប​អាមេរិក​មក​កម្ពុជា​នូវ​អំពើ​អាក្រក់​នោះ​ទេ ​ហើយ​មិន​គួរ​យក​ចំណុច​អាក្រក់​របស់​ប្រទេស​ណា​មួយ​មក​ប្រៀប​ធៀប​ជា​មួយ​កម្ពុជា​ទេ។ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​រៀន​សូត្រ​ពី​ករណី​ទាំង​អស់​នោះ៕

XS
SM
MD
LG