ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​ក្នុង​សប្តាហ៍​នេះ


លោក Tim Scott (កណ្ដាល) សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ South Carolina ខាង​គណបក្ស​សាធារណរដ្ឋ អម​ដោយ​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ខណៈ​ដែល​លោក​ថ្លែង​អំពី​ច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​ថ្មី នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៧ ខែមិថុនា កន្លង​ទៅ​នេះ៕

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធសភាដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ រំពឹង​ថា ​ក្នុង​សប្តាហ៍​នេះ​នឹង​ធ្វើ​ការ​បោះឆ្នោត​សំខាន់ៗទាក់ទង​នឹង​សេចក្តី​ព្រាងច្បាប់​កំណែទម្រង់​ស្ថាប័ន​ប៉ូលិសជាតិ ដោយ​ទាំង​ព្រឹទ្ធសភា​និង​រដ្ឋសភា​បាន​ព្រមព្រៀងចំពោះ​សេចក្តី​ព្រាងច្បាប់​មួយ​ចំនួន​ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ត្រូវ​កែប្រែ​ចំណុច​ណា​ខ្លះ​នោះ​ទេ។

ការ​ជំរុញ​ឲ្យ​មានការ​តាក់តែង​ច្បាប់​ថ្មី​នេះ កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​របស់​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​លោក George Floyd ដែល​ព្រឹត្តិការណ៍​នេះ​បានជំរុញឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​និង​ពិភពលោកប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​និង​ការ​ប្រើ​កម្លាំង​របស់​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់។​

ចំណុចខ្វែង​គំនិត​គ្នាសំខាន់​រវាង​សេចក្តី​ព្រាង​ច្បាប់​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ទាក់ទង​នឹងអភ័យឯកសិទ្ធិ​របស់​មន្ត្រី​ប៉ូលិស​ឬ​ហៅជា​ភាសា​អង់គ្លេស​ថា qualified immunity ដែលនេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ប្តឹង​មន្ត្រី​ប៉ូលិស​នៅ​ពេល​ដែល​ពួក​គេ​គិត​ថា​សិទ្ធិ​ពលរដ្ឋ​របស់​ពួក​គេ​ត្រូវ​បាន​ប៉ូលិសរំលោភ​បំពាន។

ក្រុម​ប្រជាធិបតេយ្យ​ចង់​ឲ្យ​គេ​លុប​ចោល​អភ័យឯកសិទ្ធិ​ប៉ូលិស​នេះ ប៉ុន្តែ​ក្រុម​សាធារណរដ្ឋ​និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រឆាំង​នឹង​ការ​លុប​ចោល​នេះ។

ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ចំពោះ​ការ​ប្រើ​កាមេរ៉ាជាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ច្រើន​ជាង​មុន​ការ​សម្លាប់​ដោយ​ចាប់​យក​ទៅ​ព្យួរ​ក ដោយ​គ្មាន​ការ​ជំនំ​ជំរះ​ទោស​ជា​បទ​ឧក្រិដ្ឋ​សហព័ន្ធ ការ​បណ្តុះបណ្តាល​មន្ត្រី​ប៉ូលិស និងការ​ប្រមូល​ទិន្នន័យ​ច្រើន​ជាង​មុន៕

XS
SM
MD
LG