ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​ប្រទេស​ចិន​ ពួក​អ្នក​ប្រើ​អ៊ីនធឺណិត​បង្ហាញ​ថា ​នៅ​ប្រទេស​ចិន​មាន​សភាព​ដូច​ការ​ធ្វើ​បាប​លោក ​George Floyd


អ្នក​ស្រី​ Morgan Ortagus ​ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ស.រ.អា.​និយាយ​ជាមួយ​ VOA តាមរយៈ Skype កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចោទ​ប្រកាន់​ថា​ ស.រ.អា.​លាក់ពុត​ចំពោះ​បញ្ហា​នៅ​ក្រុង​ហុងកុង ​ពួក​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​រូបថត​ដែល​បង្ហាញ​អំពើ​ឃោរឃៅ​របស់​ពួក​ប៉ូលិស​ចិន។​

អាជ្ញាធរ​ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ច្រើន​អំពី​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ប្រឆាំង​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ពេល​ត្រូវ​ពួក​ប៉ូលិស​អាមេរិក​ចាប់​ខ្លួន។ ​ការ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ចិន​នេះ​ ហាក់​ដូច​ជា​បាន​ផល​អវិជ្ជមាន​មក​វិញ​តាម​បណ្តាញ​សង្គម​ដោយ​មាន​ក្រុម​អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​ច្រើន​នាក់​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ចង្អុល​បង្ហាញ​អំពី​ប្រវត្តិ​របស់​ប្រទេស​ចិន​អំពី​ការ​រំលោភ​ដោយ​ពួក​ប៉ូលិស។​

ការ​តប​ត​គ្នា​តាម​បណ្តាញ​សង្គម​បាន​ចាប់​ផ្តើម​នៅ​ក្នុង​បណ្តាញ​ twitter ​មួយ​របស់​អ្នក​ស្រី​ Morgan Ortagus ​ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ស.រ.អា.​កាលពី​ថ្ងៃទី​៣០​ខែ​ឧសភា​អំពី​ផែនការ​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​ដាក់​កំហិត​ច្បាប់​សន្តិសុខ​ថ្មី​មួយ​លើ​ទីក្រុង​ហុងកុង។​ ដោយ​និយាយ​យោង​ដល់ ​ការ​ដាក់​កំហិត​នេះ​ ​អ្នក​ស្រី ​Ortagus​ បាន​អំពាវនាវ​ឲ្យ​អ្នក​ស្រឡាញ់​សេរីភាព​នៅ​ទូទាំង​ពិភព​លោក​ «គាំទ្រ​នីតិ​រដ្ឋ​ និង​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​ទទួល​ខុស​ត្រូវ» ​ការណ៍​ដែល​ចិន​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ថា​ ប្រព្រឹត្ត​តាម​គោលការណ៍​ «ប្រទេស​មួយ​ប្រព័ន្ធ​ពីរ» ​រយៈពេល​៥០​ឆ្នាំ​នៅ​ក្រោយ​ឆ្នាំ​១៩៩៧​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ដែនដី​អាណានិគម​នេះ​ទៅ​ឱ្យ​ប្រទេស​ចិន​វិញ។​

សមភាគី​ចិន​របស់​អ្នក​ស្រី​ Ortagus ​នៅ​ក្នុង​ក្រុង​ប៉េកាំង​គឺ​អ្នក​ស្រី​ Hua Chunying ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​តប​តាម​ Tweet ​ របស់​អ្នក​ស្រី​ផ្ទាល់​ដែល​ថា៖​ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។ នេះ​ច្បាស់​ណាស់​ជា​ការ​និយាយ​យោង​ដល់​ពាក្យ​សម្តី​ចុង​ក្រោយ​បង្អស់​របស់​លោក​ George Floyd ​នៅ​មុន​លោក​ស្លាប់​ក្នុង​ពេល​ឃាត់​ខ្លួន​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង​ Minneapolis ​រដ្ឋ​ Minnesota។​

Tweet ​ របស់​អ្នក​ស្រី ​Hua ​ជា​ការ​គូស​បញ្ជាក់​អំពី​អ្វី​ដែល​ពួក​មន្ត្រី​ចិន​បាន​ពណ៌នា​ថា​ ជា​ការ​លាក់​ពុត​របស់​រដ្ឋបាល ​លោក​ Trump ​ដែល​បាន​រិះគន់​ថា​ ការ​ឆ្លើយ​តប​របស់​ចិន​ចំពោះ​ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។​

ក៏​ប៉ុន្តែ​ក្នុង​ចំពោះ​ពួក​អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​វិញ ​អត្ថាធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ត្រូវ​បក​ស្រាយ​ផ្ទុយ​ពី​នេះ​ នៅ​ពេល​ពួក​គេ​ឆ្លើយ​តប​តាម​បណ្តាញ​សង្គម​ដោយ​បង្ហោះ​រូបភាព​ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ទី​លាន​ Tiananmen ​កាល​ពី​ឆ្នាំ​១៩៨៩​រហូត​ដល់​ការ​បង្ក្រាប​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​២០១៩។​

Tweet ​មួយ​បាន​និយាយ​ថា៖ ​«អ្នកស្រី Hua Chunying ​អាច​ដក​ដង្ហើម​បាន​នៅ​ពេល​ដែល​អ្នក​ដាក់​ញ្ញត្តិ​លោក Xu Chunhe ​បាន​ត្រូវ​វាយ​ដំ​រហូត​ដល់​ស្លាប់​ដោយ​ពួក​ប៉ូលិស។​ អ្នក​ស្រី​អាច​ដក​ដង្ហើម​បាន​ នៅ​ពេល​ដែល​ជន​ជាតិ​ចិន​បី​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេស​សំប៊ី។ ​ អ្នកស្រី​អាច​ដក​ដង្ហើម​បាន​នៅ​ពេល​ដែល​ប្រជារាស្ត្រ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង ​Wuhan ​ដោយសារ​ការ​គ្មាន​ព័ត៌មាន។ ​ឥឡូវ​នៅ​ពេល​មាន​អំពើ​ហិង្សា​នៅ​ស.រ.អា. អ្នកស្រី​ថា ​ មិន​អាច​ដក​ដង្ហើម​បាន​ទេ»។​

នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩​រាលដាល​ក្នុង​ទីក្រុង ​Wuhan​ ​អាជ្ញាធរ​ចិន​បាន​បង្ក្រាប​ការ​និយាយ​យោង​អំពី​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ និង​តាម​បណ្តាញ​សង្គម​ផង​ដែរ។​

ពួក​អ្នក​ប្រើ​អ៊ីនធឺណិត​ឯ​ទៀតៗ​បាន​ផ្សព្វ​ផ្សាយ​វីដេអូ​ដែល​បង្ហាញ​កលយុទ្ធ​ឃោរឃៅ​ដោយ​ពួកប៉ូលិស​សម្ងាត់​ និង​ពួក​ប៉ូលិស​ក្រុង​ហុងកុង​ដោយ​មាន​រួម​បញ្ចូល​រូបភាព​ដែល​នាំ​ឱ្យ​នឹក​ដល់​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដល់​លោក​ George Floyd។​ រូបភាព​មួយ​បង្ហាញ​អំពី​ស្ត្រី​ម្នាក់​បាន​ត្រូវ​ចាប់​ផ្តួល ​ហើយ​ប៉ូលិស​បាន​យក​ជង្គង់​សង្កត់​លើ​បំពង់​ក​អ្នក​ស្រី​ថែម​ទៀត​ផង។ ​រូបភាព​មួយ​ទៀត​បង្ហាញ​បុរស​ម្នាក់​បាន​ត្រូវ​ប៉ូលិស​យក​ដំបង​ឈើ​សង្កត់​ផ្ទប់​នឹង​ដី។ ​មួយ​ទសវត្សរ៍​ក្រោយ​មក​ «ខ្ញុំ​នៅ​តែ​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។​

អ្នក​ស្រី​ Li Ning ​ ជា​កូន​ស្រី​របស់​អ្នក​ដាក់​ញ្ញត្តិ ​Li Shulian ​ដែល​បាន​ស្លាប់​ដោយ​អាថ៌កំបាំង​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ «គុក​ងងឹត» ​មួយ​ក្នុង​បណ្តា​គុក​ងងឹត​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០០៩។ ​អ្នក​ស្រី​បាន​និយាយ​ប្រាប់​ VOA ថា ​ពាក្យ​ថា​ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន» ​ឮ​ខ្ទរខ្ទារ​សម្រាប់​អ្នក​ស្រី។​

អ្នក​ស្រី​បាន​និយាយ​ថា៖ ​«ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ​នៅ​ក្រោយ​ម្តាយ​ខ្ញុំ​ស្លាប់​មួយ​ទសវត្សរ៍​ទៅ​ហើយ​នោះ។​ គ្រួសារ​យើង​រង​អំពើ​អយុត្តិធម៌។​ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ទេ​ ឪពុក ​ម្តាយ​មីង ​និង​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា​យើង​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។​

អ្នក​ស្រី​ Li Ning ​បាន​ផ្ញើ​ញ្ញត្តិ​ទៅ​រដ្ឋាភិបាល​សុំ​ព័ត៌មាន​លម្អិត​អំពី​ករណី​ម្តាយ​របស់​អ្នក​ស្រី​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​តែ​គ្មាន​ទទួល​បាន​លទ្ធផល​ឡើយ។​

បញ្ហា​របស់​ម្តាយ​អ្នក​ស្រី​បាន​ចាប់​ផ្តើម​នៅ​ពេល​អ្នក​ស្រី​មាន​ជម្លោះ​អំពី​កិច្ចសន្យា​ជួល​ជា​មួយ​ទីភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​ក្រុង ​Lukou ​ដែល​ជា​ក្រុង​តូចមួយ​នៅ​ក្នុង​ខេត្ត​ Shangdong ​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស។​

អ្នក​ស្រី ​Li Shulian​ បាន​ទៅ​ក្រុង​ប៉េកាំង​ដើម្បី​ដាក់​ញ្ញត្តិ​អំពី​ករណី​របស់​អ្នក​ស្រី​នៅ​ចំពោះ​មុខ​ពួក​មន្ត្រី​ជាន់​ខ្ពស់។​ អ្នក​ស្រី​បាន​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​បាន​ត្រូវ​ឃុំឃាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រៅ​ផ្លូវការ​មួយ​ដែល​គេ​ហៅ​ថា​គុក​ងងឹត។​

ពន្ធនាគារ​ក្រៅ​ផ្លូវការ​ទាំង​នេះ​ដែល​មិន​ស្ថិត​នៅ​ក្រោម​ច្បាប់​មាន​ជា​រឿយៗ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ និង​ក្រោយ​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០០៨។

កាល​ពី​ឆ្នាំ​២០០៩​ ពួក​ប៉ូលិស​ក្រុង​ Lukou ​បាន​និយាយ​ប្រាប់​អ្នក​ស្រី ​Li Ning ​ថា​ ម្តាយ​អ្នក​ស្រី​បាន​ធ្វើ​អត្តឃាត ​ហើយ​បាន​ទារ​ប្រាក់​១សែន​១ម៉ឺន​៧ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​ឱ្យ​អ្នក​ស្រី​យក​សព​ម្តាយ​មក​បូជា ​តែ​អ្នក​ស្រី​បាន​ច្រាន​ចោល​សំណើ​នេះ។​

បន្ទាប់​មក​អ្នក​ស្រី​ Li Ning ​បាន​ចាប់​ផ្តើម​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទោះណា​ជា​មិន​មាន​ជោគជ័យ​យូរ​ហើយ​ក៏​ដោយ។​

អ្នក​ស្រី​ Li Ning ​បាន​និយាយ​ប្រាប់​ VOA ថា៖​ «ខ្ញុំ​បាន​ត្រូវ​ចង​ ឆ្នុក​មាត់ ​និង​ចាប់​ឃុំឃាំង​នៅ​ពេល​ខ្ញុំ​ដាក់​ញ្ញត្តិ​របស់​ខ្ញុំ​ផ្ទាល់។​ ដូច្នេះ​នៅ​ពេល​ខ្ញុំ​ឮ​ថា​ ពួក​ប៉ូលិស​ និង​ពួក​មន្ត្រី​បាន​គាំទ្រ​ក្រុម​បាតុករ​នៅ​ក្នុង​ស.រ.អា. ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់»។​

អ្នក​ស្រី​បាន​ឃើញ​រូបភាព​ពួក​ប៉ូលិស​និង​ពួក​ទាហាន​អាមេរិកាំង​លុត​ជង្គង់​ដើម្បី​បង្ហាញ​សាមគ្គី​ភាព​ជាមួយ​ក្រុម​បាតុករ​ចាប់​តាំង​ពី​ការ​ស្លាប់​របស់​លោក ​Floyd។​

អ្នក​ស្រី​ Li Ning ​បាន​និយាយ​ថា៖​ «ប្រព័ន្ធ​ប្រជាធិបតេយ្យ​ប្រហែល​មិន​ល្អ​ឥត​ខ្ចោះ​ទេ ​ក៏​ប៉ុន្តែ​ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មាន​វិធី​ផ្សេង​ពី​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម»៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG