ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ជាប់​គាំង


អ្នកស្រី Karen Bass អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​លើ​កាំ​ជណ្ដើរ​វិមាន​រដ្ឋសភា​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២០។
អ្នកស្រី Karen Bass អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​លើ​កាំ​ជណ្ដើរ​វិមាន​រដ្ឋសភា​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២០។

កិច្ច​ប្រឹងប្រែង​របស់​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​អនុម័ត​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស បាន​ជាប់​គាំង ទោះបីជា​មាន​ការ​ទាមទារ​លើសលុប​ពី​គណបក្ស​ទាំង​ពីរ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប៉ូលិស​ក៏​ដោយ។ សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ផ្សេង​ទៀត ​ពេល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស។

ដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ ៣ រូប រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អនុម័ត​សំណើ​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស​ដ៏​ប្រទាំងប្រទើស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប៉ុន្តែ សំណើ​ច្បាប់​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ទេ ដោយ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ច្រានចោល​ការ​ទាមទារ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​ពង្រឹង​សំណើ​ច្បាប់​ស្រដៀង​គ្នា​នេះ​ដែរ​របស់​ព្រឹទ្ធសភា មុន​ពេល​ដែល​វា​ត្រូវ​បាន​ដាក់​ជា​ផ្លូវការ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា។

កិច្ច​ប្រឹងប្រែង​ដែល​ជាប់​គាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​ដ៏​ខ្លាំងក្លា​រវាង​គណបក្ស​ទាំង​ពីរ ដែល​ធ្វើ​ឲ្យ​សមាជិក​សភា​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​អាមេរិកាំង ដែល​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស និង​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​ទៀត​ដូចជា​រឿង​អន្តោប្រវេសន៍ និង​រឿង​គ្រប់គ្រង​កាំភ្លើង​ជា​ដើម។

សាធារណជន​អាមេរិកាំង​គាំទ្រ​លើសលុប​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក Floyd។ លោក Floyd បាន​ស្លាប់ បន្ទាប់ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​ប្រើ​ជង្គង់​សង្កត់​ពី​លើ​ក​លោក​អស់​ជាង ៨ នាទី។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល NORC សម្រាប់​ការ​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ​នៃ​កាសែត Associated Press បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិកាំង ២៩% ជឿ​ថា ការ​រុះរើ​ទាំងស្រុង​នៃ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជាតិ​គឺ​ចាំបាច់។

ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា ៤០% នៃ​អ្នក​ឆ្លើយ​សំណួរ​គិត​ថា ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជាតិ​ត្រូវតែ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំងក្លា ចំណែក​ឯ ២៥% បញ្ជាក់​ថា ប្រព័ន្ធ​នេះ​ត្រូវការ​ការ​កែប្រែ​បន្តិចបន្តួច​ប៉ុណ្ណោះ៕

XS
SM
MD
LG