ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ខ្លះ ប្រតិកម្ម​នឹង​ការបន្ត​បិទ​រដ្ឋាភិបាល​សហព័ន្ធ និង​គម្រោង​ធ្វើ​របង​ស្នើ​ដោយ​លោក​ប្រធានាធិបតី ត្រាំ


វិមានសភាកាពីតុលរបស់សហរដ្ឋអាមេរិក។
វិមានសភាកាពីតុលរបស់សហរដ្ឋអាមេរិក។

ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ផ្នែក​ខ្លះ បាន​ឈាន​​ដល់​ថ្ងៃ​ទី​១៩​ហើយ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ពលរដ្ឋ​អាមេរិកាំង​ជាទូទៅ​ផង និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​នានា​ផង។​

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​សម្តែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​យូរ ដែល​ពួកគេ​ថា រឿង​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ផង និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ផង។ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​ឲ្យ​លោក​ប្រធានាធិបតី បើក​រដ្ឋាភិបាល​វិញ​ឲ្យ​បាន​ឆាប់។​

ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ផ្នែក​ខ្លះ បាន​ឈានដល់​ថ្ងៃ​ទី​១៩​ហើយ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ពលរដ្ឋ​អាមេរិកាំង​ជាទូទៅ​ផង និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​នានា​ផង។​ ពួកគេ​មើល​ឃើញ​ពី​ការ​ប៉ះពាល់​ដល់​ជីវភាព​ដោយសារ​ភាព​គ្មាន​ការងារ​ធ្វើ​ឬ​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​ សម្រាប់​មន្ត្រី​រដ្ឋការ​ខ្លះ​ ការបិទ​សេវាកម្ម​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ចំនួន ការ​បារម្ភ​អំពី​រឿង​ទ្រទ្រង់​ជីវភាព​ ការ​បង់​លុយ​ថ្លៃផ្ទះ​ និងការ​ចំណាយ​ផ្សេងៗ​ទៀត។ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បង្ហាញ​ឲ្យ​ឃើញ​ពីការ​មិន​គាំទ្រការ​បិទ​រដ្ឋាភិបាល​ដោយសារ​តែ​លោក​ប្រធានាធិបតី​ស.រ.អា​ ដូណាល់ ត្រាំ​មិន​បាន​ទទួល​លុយ​ពី​សភា​ចំនួន​៥ពាន់ ​៧ ​រយ​លាន​ដើម្បី​យក​ទៅ​សង់​ជញ្ជាំង​តាម​បណ្តាយ​ព្រំដែន​អាមេរិកនិង ​ប្រទេស​ម៉ិកស៊ិក​ ក្នុង​បំណង​ទប់ស្កាត់​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់ ​និង​ សន្តិសុខ អាមេរិក​នេះ​ទេ។

រូបឯកសារ៖ លោកស្រី សេង ជេណេត (Janet Seng) ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​រដ្ឋ​ភេនស៊ីវីនៀ។
រូបឯកសារ៖ លោកស្រី សេង ជេណេត (Janet Seng) ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​រដ្ឋ​ភេនស៊ីវីនៀ។

លោកស្រី ​ជេណេត សេង​ ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​រដ្ឋ​ភេនស៊ីវីនៀ​ បាន​ថ្លែង​ថា​ ​ប្រទេស​អាមេរិក​ដែល​ជា​មហា​អំណាច​ពិភពលោក​មិនគួរ​សាងសង់​របង​ទេ​ ហើយ​លោក​ស្រី​គាំទ្រ​សភា​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​ចំពោះ​នយោបាយ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

«ទី១​ ចំណាយ​ថវិកា​របស់​ជាតិ​ដែលមិន​ត្រូវនឹង​ចំណាយ។ ​ទី២ ​យើង​ដូចជា ​ដាក់គុក ខ្លួន​ឯង។​ អីចឹង​ ខ្ញុំអត់​គាំទ្រ​ទេ‍»។

លោក​ស្រី​ថា ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​អាច​ប្រើវិធី​ផ្សេង​ដើម្បី​ពង្រឹង​សន្តិសុខ ព្រំដែន​ ដូចជា​បង្កើន​សមត្ថភាព​មន្ត្រី​ដែល​ធ្វើការ​នៅតាម​ព្រំដែន ​បំពាក់​កាមេរ៉ា សុវត្តិភាព ​និង​ពង្រឹង​ច្បាប់​ជាដើម។

លោកស្រី​បាន​បន្ថែម​ថា ​លោក​ប្រធានាធិបតី ​ត្រាំ​កំពុង​ចាប់​ពលរដ្ឋ​ជា​ចំណាប់​ខ្មាំង ធ្វើឲ្យ​ពលរដ្ឋ​អាមេរិកាំង​ ខ្មែរ​អាមេរិកាំង​ជួបការ​លំបាក​ ទាំង​អ្នក​រដ្ឋការក្តី ​ដោយ​សារ មធ្យោបាយ​បិទ​រដ្ឋាភិបាល​នេះ។

«ប្រសិន​បើកាន់​តែ​អូស​បន្លាយ​ពេល​យូរ​កាន់តែ​ប៉ះពាល់​ទៅដល់​ជីវិត​របស់​ពលរដ្ឋ​ក្នុង ស.រ.អា ​កាន់​តែខ្លាំង​ ពីព្រោះ​អ្វីដែល​គាត់​ជា​បុគ្គល​ គាត់ជា​ប្រធានាធិបតី​ហ្នឹង​ចង់​បាន គាត់ចង់​ជំរុញ​ធ្វើឲ្យ​ទាល់​តែ​បាន។​ អីចឹង​គាត់​មកចាប់​យើង​ធ្វើជា​ចំណាប់​ខ្មាំង។ ​អីចឹង​ខ្ញុំអត់​ពេញ​ចិត្ត​ទេ‍»។

រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ខ្មែរអាមេរិកាំង​ម្នាក់​នៅ​រដ្ឋម៉ារីលែន ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)
រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ខ្មែរអាមេរិកាំង​ម្នាក់​នៅ​រដ្ឋម៉ារីលែន ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)

លោក​ គុជ ច័ន្ទលី​ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ម៉ារីឡែន ​បាន​ថ្លែងថា​លោក​មិនគាំទ្រ​ការ​បិទ​ រដ្ឋាភិបាល​ និង​ការសង់​ជញ្ជាំង​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់​អស់ជាង​៥ពាន់​ លាន​ដុល្លារ​នោះ​ទេ។

«ការ​ទាមទារ​ថវិកា​យក​ទៅសង់​របងហ្នឹង​ ហើយ​ពួកខាង​គណបក្ស​ប្រជាធិបតេយ្យ ​មិន យល់ព្រម​ ហើយ​ប្រធានាធិបតី​ដូណាល់ ត្រាំ​បិទ​រដ្ឋាភិបាល​អីចឹង​គឺជា​សញ្ញា​កូនក្មេង លេងសើច​មួយ​របស់​ប្រធានាធិបតី ​ហើយមិន​មែន​គិតគូរ​ទៅដល់​ការ​រស់នៅ​របស់​ជន​ជាតិ​អាមេរិកាំង​ដែល​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អីចឹង ​ខ្ញុំមិន​គាំទ្រ​ទេ។​ ហើយ​ម្យ៉ាង​ ទៀត​ការ​ដែល​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន ​ម៉ិកស៊ិច​ អាមេរិកាំង​ហ្នឹង ​ខ្ញុំក៏​មិន​ គាំទ្រ​ដែរ​ពីព្រោះ​វាមាន​មធ្យោបាយ​ច្រើន​ណាស់​ ហើយ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ការ​សង់​ជញ្ជាំង​ហ្នឹងថែម​ទៅទៀត ​បើសិន​ជា​យើង​មិនចង់​ឲ្យអ្នក​រត់ចូល​មក​ស.រ.អា​ដោយ ខុសច្បាប់​តាម​ព្រំប្រទល់​ដែន​ហ្នឹង‍»។

លោក​បន្តថា​បើទោះ​ជា​មាន​របងក្តី ​ក៏មិន​រំពឹង​ឲ្យ​ប្រាកដ​ថាគ្មាន​ជន​អន្តោប្រវេសន៍​ ខុស ច្បាប់​ចូល​មក​កាន់​ប្រទេស​អាមេរិក​ដែល​កើត​ចេញ​ពី​ក្រុម​ជន​អន្តោប្រវេសន៍​ដែរ។

«ការបិទ​នៅពេល​នេះ​គឺថា​គឺជា​ការ​ផ្ចាញ់ផ្ចាល​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ ដែល ​មិនព្រម​អនុញាត​ឲ្យប្រើ​ប្រាស​លុយ​រដ្ឋាភិបាល​យក​ទៅ​សង់​ជញ្ចាំង​ឬរបង។ដូច្នេះ​ហើយខ្ញុំ​យល់ថា​នេះ​ជាការ​បិទ​រដ្ឋាភិបាល​ដោយ​ឥតមាន​ន័យ​ហើយ​មាន​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ធ្វើការ​នៅក្នុង​ក្រសួង​រដ្ឋាភិបាល​សហព័ន្ធ‍»។

លោកថា​ អ្នក​រដ្ឋការ​មិនមែន​មាន​លុយ​សន្សំ​ច្រើន​ អាចរក្សា​លំនឹង​ចំណាយ​បាន​យូរ​ទេ លោក​ឃើញ​ថាខ្លះ​ក៏ត្រូវ​គេ​រឹប​អូស​យកផ្ទះ​ដោយសារ​គ្មាន​លុយ​បង់​ ខ្លះត្រូវ​គេរឹប​អូស​យក​រថយន្ត ​ហើយ​ដែល​រឿងនេះ​បង្កឲ្យ​មានការ​ឈឺចាប់​កាន់តែខ្លាំង​ដែល​លោកថា​រដ្ឋាភិបាល​គួរ​ត្រូវ​បើក​ទ្វារ​វិញ​ឲ្យ​បាន​ឆាប់។

រូបឯកសារ៖ ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋវីជីនៀ។ (ចាប ចិត្រា/VOA)
រូបឯកសារ៖ ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋវីជីនៀ។ (ចាប ចិត្រា/VOA)

លោក ​យ័ប គឹមទឹង ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋវីជីនៀ ​បាន​ថ្លែង​ថា​ជនជាតិ ​អាមេរិកាំង ​និង ​ខ្មែរ អាមេរិកាំង ​អាចមាន​ផល​ប៉ះពាល់​ខ្លះ​ដោយសារ​មិនអាច​ទទួល​បាន​សេវាកម្ម​នានា ពីរដ្ឋាភិបាល​សហព័ន្ធ​ដែល​នៅបន្ត​បិទទ្វារ​ ហើយនឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ធ្វើការ ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ធ្វើការ​គ្មាន​ប្រាក់ខែ​សម្រាប់​មន្ត្រី​ឬបុគ្គលិក​ចាំបាច់ ​និង មន្ត្រី​ដែល​គេ​តម្រូវ​ឲ្យ​ឈប់​ធ្វើការ​ដោយសារ​តែអស់​ថវិកា​បើក។

«ប៉ុន្តែ​ពេល​ដែល​កំពុង​អត់មាន​ប្រាក់ខែ​ហ្នឹង​ ជួនកាល​អ្នកខ្លះ ​អត់មាន​លុយទៅ​បង់ ថ្លៃផ្ទះ​ បង់ថ្លៃ​ចំណាយ​អីផ្សេងៗ​ទៀត​ដែល​គេ​ត្រូវការ។​ ពេល​អីចឹង​ទៅ​វាអាច​មាន បញ្ហា​រកលុយ​បង្វិល​អត់​ទាន់‍»។

លោក​ថ្លែង​បន្តថា​លោក​មិនចង់​ឃើញ​ មានការបិទ​រដ្ឋាភិបាល​ទេ​ ដោយសារ​ការប៉ះពាល់​ច្រើន។​តែទោះ​ជាមាន​បញ្ហា​ដូច្នេះ​មែន​ លោកថា​ បើមើល​មួយជ្រុង​ផ្នែក​ប្រព័ន្ធ​ ផ្ទៀង​ផ្ទាត់​នៃការ​ដឹកនាំ​រដ្ឋ​ក្នុង​ប្រទេស​អាមេរិក​វិញ​គឺបង្ហាញ​ឲ្យឃើញ​ពី​ដំណើរ​ការ​ ប្រជាធិបតេយ្យ។

«ដូច​យើង​ដឹង​ស្រាប់​ហើយ​ប្រធានាធិបតី ​មិនអាច​មាន​អំណាច​ផ្តាច់ការ ​ឲ្យពួក​រដ្ឋសភា ឬ ​មួយ​ព្រឹទ្ធសភា​សម្រេចចិត្ត​ទៅតាម​ប្រធានាធិបតី។ ​ហើយ​នៅពេល​ប្រធានាធិតី ​មិន​អាច​សម្រេច​បាន​អីចឹង​ទៅធ្វើ​ឲ្យ​អំណាច​ហ្នឹង​ចែកគ្នា​ជាមួយ​រដ្ឋសភា​និង​ព្រឹទ្ធសភា ដែល​រឿង​ហ្នឹង​ជាការ​ល្អមួយ‍»។

លោកថា​គណបក្ស​ទាំងពីរ​ត្រូវធ្វើ​ការ​ជាមួយគ្នា​ ត្រូវធ្វើ​ការ​ចរចា​គ្នា ​ដោះស្រាយ​បញ្ហា ជាតិ​ជាមួយ​គ្នា​ទោះជា​មិនអាច​ទទួល​បានអ្វី​គ្រប់យ៉ាង​ដែល​ចង់​បាន​រៀង​ខ្លួន​ក្តី។

លោក អ៊ិន សួន ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋកាលីហ្វ័ញ៉ា​។
លោក អ៊ិន សួន ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋកាលីហ្វ័ញ៉ា​។

លោក ​អ៊ិន សួន ​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋកាលីហ្វ័ញ៉ា​បាន​អះអាងថា​មានការ​សួរនាំ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំពោះ​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​ស.រ.អា​ក្នុង​ចំណោមពលរដ្ឋ​ចាស់ៗ​ដែល​ទទួល​សេវាកម្ម​រដ្ឋ។ ​លោកថា​ចំពោះ​ពួកគាត់ៗ​មិនខ្វល់​ទេ​រឿង​ សាងសង់​ឬ​មិន​សាងសង់​របង​ដែល​ប្រធានា​ធិបតី​ទាមទារនោះ​ តែ​គាត់​ព្រួយ​បារម្ភ ខ្លាច​ថា​រដ្ឋ​មិន​បើក​លុយឲ្យ​និង​គាត់​គ្មានការ​គាំពារ​រឿង​ប្រាក់​ចំណាយ​ផ្នែកសុខភាព​ពេល​គាត់ឈឺ។

«ពីរកន្លែង​ហ្នឹង​ដែល​គាត់​ព្រួយខ្លាំង​ ខ្លាច​ គាត់​ដាច់​លុយ​ដាច់​កាក់​ទៅ​ មានអី​បង់​ ថ្លៃ ផ្ទះ។​ ចុះបើ​គាត់ឈឺ​ទៅខាង​ធានា​សុខភាពរដ្ឋ ​Medicare ​គេអត់​ជួយ​ទទួល​បង់​ថ្លៃ​ពេទ្យ​ហ្នឹង​គាត់​ទៅណា?‍»។

ទោះជា​យ៉ាងណា​ក្តី​លោក​សង្ឃឹម​ហើយ​ទទូចថា​រដ្ឋាភិបាល​នឹងបើក​ឡើង​វិញ​នៅ ពេល​ណាមួយ​ខាងមុខ​ ពេលអ្នក​ដឹកនាំ​ផ្សះផ្សា​គំនិត​ផ្ទុយគ្នា​បាន។

«រដ្ឋាភិបាល​អាមេរិកាំង​មិនមែន​ជា​រដ្ឋាភិបាល​មួយចង់​ចាញ់​ឈ្នះគ្នា​របៀប​រឿង​ផ្ទាល់​ ខ្លួន​ រឿង​ដើម្បី​អំណាច​អ្វីមួយ​ឬ​ដើម្បី​បក្ស​អ្វីមួយ​គឺអត់​ទេ។ ​ខ្ញុំសិក្សា​រៀនសូត្រ​មក​ពួក តំណាង​រាស្ត្រ​ក៏ដោយ​ ពួក​បុគ្គលិក​រដ្ឋបាល​ផ្នែក​ខាង​រដ្ឋាភិបាល​ក៏ដោយ ​គេគិត​ពី​រឿង​ ប្រយោជន៍​ជាតិ​ជាធំ។​ ពេលណា​ដែលមាន​បញ្ហា​អីធំៗ​កើតឡើង​អីទៅ​ ជួប​ជុំគ្នា​ទៅ​ ដោះ​ស្រាយ​ទៅ ​បញ្ហាហ្នឹង​អាចនឹង​ត្រឡប់​មក​ដូចដើម​វិញ ​អាចមាន​ថា​មាន​ទស្សនៈ ដោះ​ដូរគ្នាខ្លះ‍។​ ដោះ​ដូរគ្នាខ្លះ​ ចេញ ​ចូល​បន្តិច​ទៅ​ ត្រូវរ៉ូវគ្នា​វិញ ​ហើយ​រដ្ឋាភិបាល​ហ្នឹង​បើកទ្វារ​ឡើងវិញ ​គេមិន​ទុកឲ្យ​ប្រជាពលរដ្ឋ​គេ​មាន​បញ្ហា​អីយូរលង់​កើត​ទៅ​ជាធំ​ដុំ​អី​ ទេ​ តាមខ្ញុំ​បាន​សិក្សា​រៀនសូត្រ​កន្លង​មក»។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ បានថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​កាលពី​យប់ ថ្ងៃ​អង្គារ ​ពន្យល់​ពីគោល​បំណង​របស់​លោក ​និង​នៅតែ​ទទូច​ដល់​គណបក្ស​ប្រជាធិប​ តេយ្យ​ផ្តល់​ថវិកា​៥ពាន់​៧រយ​លាន​ដល់​លោក​ដើម្បី​សង់​ជញ្ជាំង​ឬរបង​ការពារ​ព្រំដែន ហើយ​រដ្ឋាភិបាល​នឹង​បើកទ្វារ​វិញបាន។​ តែក្រុម​សមាជិក​សភា​គណបក្ស​ប្រជាធិប​ តេយ្យ​បាន​ឆ្លើយ​តបភ្លាមៗ​ឲ្យលោក​ ត្រាំ​បើក​រដ្ឋាភិបាល​ ហើយ​និយាយ​គ្នា​បន្ត ​ខណៈ​ ដែល​គណបក្ស​ប្រជាធិបតេយ្យ​ផ្តល់​ថវិកា​តិចជាង​ការ​ទាមទារ​របស់​លោក​ត្រាំ​ រឿង​ការ​ ពារ​សន្តិសុខ​ព្រំដែន​នោះ៕

XS
SM
MD
LG