ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែ​រអាមេរិកាំង​គាំទ្រ​ការ​ជ្រើស​រើស​បេក្ខជន​អនុ​ប្រធានាធិបតី​ជាស្ត្រី


រូបឯកសារ៖ លោកស្រី Kamala Harris សមាជិកព្រឺទ្ធសភាអាមេរិកថ្លែងនៅវិមាន Capitol Hill កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោកស្រី Kamala Harris សមាជិកព្រឺទ្ធសភាអាមេរិកថ្លែងនៅវិមាន Capitol Hill កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ភ្លាមៗ​បន្ទាប់ពី​លោក ​ចូ បាយដិន (Joe Biden) ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ប្រកាស​ជ្រើសរើស​លោកស្រី​សមាជិក​ព្រឹទ្ធសភា​នៃរដ្ឋ​កាលីហ្វ័ញ៉ា ខាម៉ាឡា ហារីស (Kamala Harris) ​កាលពី​ថ្ងៃអង្គារ​ ឲ្យក្លាយជា​បេក្ខជន​អនុប្រធានាធិបតី​នោះ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា​បានគាំទ្រ​ការ​ជ្រើសរើស​នេះ​យ៉ាងខ្លាំង ​ដោយ​បាន​ចាត់ទុក​ថា នេះជា​គំរូ​នៃការ​លើក​កម្ពស់​តម្លៃស្ត្រី​ជា​ប្រវត្តិសាស្ត្រ។

លោកស្រី​ ស៊ូលី សារ៉ូ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ទីក្រុង​ឡងប៊ិច​ រដ្ឋកាលីហ្វ័ញ៉ា​ និងជា​បេក្ខជនក្រុមប្រឹក្សា​ក្រុង​ឡងប៊ិច ​បានថ្លែង​កោត​សរសើរ​លោកស្រី ​ខាម៉ាឡា ហារីស ​ថាជា​ស្ត្រី​មាន​បទពិសោធន៍​ដែល​អាច​លើក​កម្ពស់​តម្លៃស្ត្រី ​និង​ជួយ​សហគមន៍​ខ្មែរ ​ស្តាប់​បញ្ហា​ខ្មែរ​ច្រើន​ ប្រសិន​បើ​លោកស្រី​បាន​ក្លាយជា​អនុប្រធានាធិបតី។

«ខ្ញុំសប្បាយ​ចិត្ត​ហើយ​គាំទ្រគាត់។​ គាត់ស្ត្រី​ដែរ​ ប៉ុន្តែ​គាត់ពូកែ ​គាត់ខ្លាំង​ខាង​ច្បាប់»។

លោកស្រី​បាន​បន្ថែមថា ​លោកស្រី ​ហារីស​ អាច​ជួយ​ដល់​សេដ្ឋកិច្ច​ ការធានា​សុខភាព ​បញ្ហាអន្តោប្រវេសន៍​ ការបណ្តេញ​ជនជាតិ​ខ្មែរ​ចេញទៅ​ប្រទេស​កម្ពុជា​ដោយបង្ខំ​ និងបញ្ហា​សង្គមជាច្រើន​ទៀត​ ដោយសារ​ថា​ លោកស្រី​ដឹងពី​សុខទុក្ខ​របស់​ជន​អន្តោប្រវេសន៍​ច្រើន។

លោកស្រី ​ ខាម៉ាឡា ហារីស​ ជាជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​ និងកាត់អាស៊ី​ដំបូងផង​ហើយ​ ធ្លាប់បំពេញ​កិច្ចការ​ជាប្រធាន​រដ្ឋអាជ្ញា​ និងធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ។

លោក ​ខាន់យ៉ា ប្រាជ្ញ ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅក្នុង​ក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ ​រដ្ឋ​កាលីហ្វ័ញ៉ា​បានចាត់​ទុកការ​ជ្រើសរើស​ស្ត្រីឲ្យ​មាន​តួនាទី​ធំលំដាប់​កំពូល​ដឹកនាំ​ប្រទេស​គឺជាការ​ផ្តល់តម្លៃ​ស្ត្រី​យ៉ាងខ្លាំង ​ហើយនឹង​ជួយ​លើកទឹក​ចិត្តស្ត្រី​ក្មេងៗ​ឲ្យរឹតតែ​មានការ​តស៊ូនិង​ប្រឹងប្រែង​ឈានឡើង​ដល់​កម្រិត​កំពូល។

«ដូចថា​ពីដើម​មិនសូវ​មាន​អ្នករៀន​សូត្រ​ឲ្យឆ្លាត​ប៉ុន្មាន​ ដល់​ពេល​ឃើញ​អីចឹង​មនុស្ស​ស្ត្រីគឺ​ខ្លាំងចេញ​មកអីចឹង​ ហើយ​ដល់កូន​ខ្មែរស្រីៗ​ជំនាន់​ក្រោយហ្នឹង ​ឃើញ​អីចឹង​ខំរៀន»។

លោកបន្ត​ថា ការ​ដឹកនាំ​ប្រទេស​អាចមាន​ដំណើរការ​ល្អ ​ដោយសារ​តែមាន​ស្ត្រីជា​អ្នក​ផ្តល់ការ​ពិគ្រោះ​យោបល់​លើបញ្ហា​លម្អិត​ជាច្រើន។ ​ហើយ​លោក​អាចនឹង​ធ្វើទំនាក់​ទំនង​ដើម្បី​ស្វែងរកជំនួយ​ពីលោកស្រី​ចំពោះការ​សិក្សា​អប់រំ​ដល់​ពលរដ្ឋ​ខ្មែរ​និង​បញ្ហា​សុខមាលភាព​ផ្សេង​ទៀត។ លោក ​អ៊ីន សួន ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ទីក្រុង​អូកឡែន ​រដ្ឋកាលីហ្វ័ញ៉ា​ បាន​ថ្លែងថា​ ការជ្រើសរើស​បេក្ខជន​អនុប្រធានាធិបតី​ជាស្ត្រីនេះ​នឹងមាន​ការសាទរ​ខ្លាំងពី​សហគមន៍​អាស៊ី​ ហើយបង្កើន​ភាពក្លាហាន​ដល់​ស្រី្តខ្មែរ។

«ភាព​ក្លាហាន​នេះ​អាចជួយ​លើក​ទឹកចិត្ត​ដល់នារី​ខ្មែរ ​ដល់​នារីអាស៊ី ​ដល់ឃើញ​អីចឹងទៅ​ ខ្ញុំជឿ​ថា គាត់មាន​ការជឿ​ជាក់​ សប្បាយ​ចិត្ត»។

លោក​ជឿជាក់​ដែរថា​ លោកស្រី​ហារីស​ទំនងជា​អាចជួយ​កាត់បន្ថយ​ភាពតាន​តឹងនៃ​ការ​ចោទ​ប្រកាន់​រើស​អើង​ជាតិ​សាសន៍​ដែល​បាន​កើត​ឡើង​ចុង​ក្រោយ​នេះផង​ដែរ។

ការប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​ជាប្រធានាធិបតី​និង​អនុប្រធានាធិបតី ​រវាង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ​តាមរយ:​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅថ្ងៃ​ទី​៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG