ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេ​រំពឹង​ថា លោក Biden នឹង​ប្រកាស​ដៃគូ​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​ក្នុង​សប្ដាហ៍​នេះ


រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅក្នុង​ការធ្វើយុទ្ធនាការ​រក​សំឡេង​គាំទ្រ​មួយ​នៅក្នុង​ទីក្រុង New Castle រដ្ឋDelaware នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅក្នុង​ការធ្វើយុទ្ធនាការ​រក​សំឡេង​គាំទ្រ​មួយ​នៅក្នុង​ទីក្រុង New Castle រដ្ឋDelaware នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

កាសែត The New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden ទំនង​​នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ពុធ ដោយ​ស្រង់​សម្ដី​របស់​អ្នក​ដែល​ដឹង​អំពី​ដំណើរការ​ជ្រើសរើស​នេះ។ ​

លោក Joe Biden បេក្ខជន​ប្រធានាធិបតីពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ បាន​សម្ភាស​បេក្ខជន​ជុំ​ចុងក្រោយ​សម្រាប់​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​ជាមួយ​នឹង​លោក ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កំពុង​ត្រៀម​ប្រកាស​អំពី​ជម្រើស​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដែល​អាច​នៅក្នុង​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បុគ្គល​ម្នាក់​ដែល​ដឹង​អំពី​ដំណើរការ​នេះ​ ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​

លោក Biden និង​ដៃ​គូ​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ផ្លូវការ​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​ឯ​មហាសន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២០ ខែ​សីហា សប្តាហ៍​ក្រោយ។ គេ​រំពឹង​ថា លោក Biden នឹង​ប្រកាស​អំពី​ជម្រើស​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក នៅ​មុន​មហាសន្និបាត​របស់​បក្ស​ចាប់ផ្ដើម។ ​

កាសែត The New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden ទំនងនឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ពុធ ដោយ​ស្រង់​សម្ដី​របស់​អ្នក​ដែល​ដឹង​អំពី​ដំណើរការ​ជ្រើសរើស​នេះ។ ​

កាសែត​នេះ​ក៏​បាន​ចុះ​ផ្សាយ​ថា គណៈកម្មាធិការ​ដែល​ជ្រើសរើស​បេក្ខជន​ ជាក់ស្តែង​ត្រូវ​បាន​រំសាយ​ហើយ​ បន្ទាប់​ពី​បញ្ចប់​កិច្ចការ​របស់​ខ្លួន។ កាសែត​នេះ​ក៏​បាន​កត់សម្គាល់​ថា លោក Biden បាន​ហួស​កាល​បរិច្ឆេទ​ចាស់ក្នុង​ការ​ប្រកាស​ជម្រើស​របស់​លោក​រួច​ទៅ​ហើយ ហើយ​ថា លោក​អាច​ហួស​កាល​បរិច្ឆេទ​នេះ​ម្ដង​ទៀត។

អ្នកនាំ​ពាក្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​បដិសេធ​មិន​ព្រម​ផ្ដល់​អត្ថាធិប្បាយ​នោះ​ទេ។

អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៃ​រដ្ឋ California និង​អ្នកស្រី Susan Rice អតីត​ទីប្រឹក្សា​សន្ដិសុខជាតិ ដែល​ជា​សុទ្ធ​តែ​ជា​ស្ត្រី​ស្បែកខ្មៅ គឺ​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ចម្បង ដែល​អាច​នឹង​ត្រូវ​បាន​លោក Biden ពិចារណា​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធានាធិបតី។​

យោង​តាម​ក្រុមមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​ និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក Biden អ្នកស្រី Karen Bass សមាជិក​សភា​តំណាង​រដ្ឋ California ដែល​ក៏​ជា​ស្ត្រី​ស្បែក​ខ្មៅ​ផង​ដែរ​នោះ រួម​ជាមួយ​នឹង​ស្ត្រី​ ៦ នាក់​ទៀត សុទ្ធ​តែ​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​យ៉ាង​ម៉ឺងម៉ាត់​សម្រាប់​ការ​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធានាធិបតី​អាមេរិក។ អ្នក​ទាំង​៦ នាក់​នោះ​ក៏​រួម​មាន​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Tammy Duckworth តំណាងរាស្ត្រ​អ្នកស្រី Val Demings អភិបាល​រដ្ឋ New Mexico អ្នកស្រី Michelle Lujan Grisham និង​អភិបាល​រដ្ឋMichigan អ្នកស្រី Gretchen Whitmer ផង​ដែរ៕

XS
SM
MD
LG