ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋមួយចំនួនបានគាំទ្រវិធានការរបស់រដ្ឋាភិបាលអាមេរិក និងការជួយជ្រោមជ្រែងរបស់អ្នកនយោបាយអាមេរិកជួយពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាអត់ការងារធ្វើ បញ្ហាសេដ្ឋកិច្ចដោយសារបញ្ហាវិបត្តិកូវីដ១៩។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ចាប់តាំងពីខែមីនាមក សហរដ្ឋអាមេរិកផ្តល់ប្រាក់ឧបត្ថម្ភចំនួន១២០០ ដុល្លារ ដល់ពលរដ្ឋអាមេរិកាំងជិត២រយលាននាក់ ដែលជាប្រាក់ឧបត្ថម្ភតែមួយលើក ជាលើកដំបូង ទៅតាមលក្ខខណ្ឌមួយចំនួន ដូចជាប្រាក់ចំណូល និង អាយុពលរដ្ឋត្រូវទទួលបាន។ រដ្ឋាភិបាលអាមេរិកពេលនេះកំពុងឈានទៅរកការផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ដែលគណបក្សប្រជាធិបតេយ្យបានស្នើឡើង ហើយមានសញ្ញាយល់ព្រមពីក្រុមគណបក្សសាធារណរដ្ឋ ជាពិសេសសមាជិកព្រឹទ្ធសភា និងលោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ ប្រសិនបើមានការកែសម្រួលលក្ខខណ្ឌមួយចំនួន។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះគឺបន្ថែមពីលើប្រាក់ដែលត្រូវផ្តល់ឲ្យពលរដ្ឋគ្មានការងារធ្វើរយៈពេល៦ខែ ដែលទទួលបាន៦០០ ដុល្លារក្នុង ១ខែមុនកាត់ពន្ធផ្សេងៗ។
លោក យ័ប គឹមទឹង ខ្មែរអាមេរិកាំងនៅក្នុងរដ្ឋ វីជីនៀ បានថ្លែងថា ការដោះស្រាយរបស់រដ្ឋាភិបាលអាមេរិកាំងគឺទៅតាមកាលៈទេសៈព្រោះគេដឹងថា ពេលនេះកំពុងមានគ្រោះអាសន្នធំធ្វើឲ្យប្រជាជនអាមេរិកាំងអត់មានការងារធ្វើច្រើន។
«ដើម្បីកុំឲ្យមានបញ្ហាក្នុងសង្គមច្រើនគេត្រូវតែរកមធ្យោបាយដោះស្រាយ ហើយមធ្យោបាយដោះស្រាយទី១គឺឲ្យថវិកាទៅប្រជាជនរបស់គេដើម្បីចញ្ចឹមជីវិតរបស់គេក្នុងរយ:ប៉ុន្មានខែហ្នឹងបាទ»។
លោកថា លោកចង់ឲ្យមានការជួយបន្ថែមតែគឺសម្រាប់អ្នកណាដែលគ្មានការងារធ្វើ ព្រោះពេលមុនរដ្ឋាភិបាលជួយទាំងអ្នកមានការងារធ្វើនិងអ្នកអត់ការងារធ្វើ។
«តាមខ្ញុំដឹងគេមិនចង់ឲ្យប្រជាជនគេមិនទៅធ្វើការដើម្បីកុំឲ្យរោគហ្នឹងឆ្លងទៅវិញទៅមក តែលើកក្រោយនេះដោយសារគេដឹងរោគនឹងឆ្លងរបៀបយ៉ាងម៉េចទៅ ប្រហែលគេមិនឲ្យមនុស្សឈប់ធ្វើការទាំងអស់គ្នាទេ ព្រោះបើមិនអ៊ីចឹងទេ វាស្ទះសេដ្ឋកិច្ច»។
នៅក្នុងសហរដ្ឋអាមេរិករដ្ឋាភិបាលសហព័ន្ធនិង រដ្ឋាភិបាលប្រចាំរដ្ឋទាំង៥០បានបញ្ជាឲ្យមានការបិទកន្លែងជំនួញ សាលារៀន ភោជនីយដ្ឋាន ព្រះវិហារ វត្តអារាម កន្លែងធ្វើការ ឬត្រូវធ្វើការពីផ្ទះ ហាមមិនឲ្យមានការជួបប្រជុំចាប់ពីមនុស្ស១០នាក់ឡើងទៅ និងរក្សាគម្លាតពីគ្នាបន្ថែមពីលើការពាក់ម៉ាស់ លាងដៃ អនាម័យផ្សេងៗទៀត។ ពលរដ្ឋអាមេរិកាំងយ៉ាងតិច២០លាននាក់ក្នុងចំណោមជាង៣០០លាននាក់ អត់ការងារធ្វើ ហើយទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងពេលមានការវាយប្រហារពីវិបត្តិកូវីដ១៩។
លោក យ័ប គឹមទឹង អះអាងថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្របន្ថែមទៀតដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០០៨ នៅពេលសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ដែលមានការពន្យារពេលការជួយឧបត្ថម្ភប្រាក់សម្រាប់ពេលគ្មានការងារធ្វើពី៦ ខែដល់១ឆ្នាំ គឺរហូតដល់សេដ្ឋកិច្ចមានការរីកចម្រើនឡើងវិញ។ លោកបានបន្ថែមថាអ្នកនយោបាយគេចង់យកចិត្តប្រជាជនជួយពលរដ្ឋ ហើយចង់ចាយលុយរដ្ឋ តែក៏គេមានការប្រយ័ត្នដែរ ដោយសារពលរដ្ឋមិនសប្បាយចិត្ត បើសិនជាចាយវាយហួសហេតុ ខ្ជះខ្ជាយថវិការដ្ឋ។
«ម្ល៉ោះហើយពួកអ្នកនយោបាយហ្នឹងត្រូវតែប្រយ័ត្នព្រោះជួនកាលចាយលុយឃ្លាំងច្រើនពេកធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនគាំទ្រ ម្ល៉ោះហើយគេត្រូវប្រយ័ត្នដែរ គេត្រូវរកល្បិចម៉េចដើម្បីជួយប្រជាជន ហើយមិនឲ្យខាតសន្លឹកឆ្នោត»។
លោក គឹមទឹង បានអះអាងថា លោកបានទទួលប្រាក់ឧបត្ថម្ភ១២០០ ដុល្លារដូចពលរដ្ឋផ្សេងៗទៀត ហើយបានជួយសម្រាលជីវភាពមួយរយៈ ដោយសារតែភរិយាលោកមិនសូវបានធ្វើការងារក្នុងពេលមានវីរុសកូរ៉ូណា ហើយលោកត្រូវធ្វើការងារពីផ្ទះ។
លោក ម៊ុយ ចំរើន ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ចូលនិវត្តន៍ នៅរដ្ឋធានីវ៉ាស៊ីនតោន បានទទួលប្រាក់ឧបត្ថម១២០០ ដុល្លារដែរ។ លោកថា ប្រាក់នេះជួយសម្រួលខ្លះដល់ការបង់ពន្ធ និងចំណាយផ្សេងៗ។ លោក គាំទ្រពេញទំហឹងទៅលើការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងគ្រាលំបាក។
«នេះជាការល្អមួយដើម្បីជួយមនុស្សកុំឲ្យច្បាំងគ្នា កុំឲ្យអត់បាយព្រោះលុយគេដកពីពន្ធដារ ពីផ្ទះពីឡាន ពីដី ពីស្អីមកវិញ បាន តែមនុស្សគេមិនអាចធ្វើបាន ហើយម្យ៉ាងទៀតគឺគេការពារមុខជំនួញតូចៗដូចជាស្ថានីយប្រេង កន្លែងលក់ភីហ្សា (pizza)ជាដើម ។ ឥឡូវនេះគ្នាមានការងារធ្វើវិញហើយ»។
លោកថា សហរដ្ឋអាមេរិក បានចំណាយលុយ៣លាន លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋអាមេរិកាំងក្នុងម្នាក់១២០០ដុល្លារ នៅពេលវីរុសកូរ៉ូណា បន្ថែមលើប្រាក់ ៦០០ដុល្លារ សម្រាប់មនុស្សអត់ការងារធ្វើសម្រាប់រយៈពេល៦ខែ។ លោកថាប្រាក់នេះ មិនមែនជារឿងធំទេសម្រាប់សហរដ្ឋអាមេរិក ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ តែសំខាន់គឺដោះស្រាយបានទាន់ពេលវេលាសម្រាប់ប្រទេស ហើយឧបត្ថម្ភដល់ពិភពលោកទៀត ដើម្បីកុំឲ្យប្រទេសខ្លួននិងពិភពលោកធ្លាក់ចូលក្នុងភាពជ្រួលច្របល់ខ្លាំងដោយជំងឺកូវីដ១៩។
«ប្រទេសធំមួយជាអ្នកដឹកនាំប្រទេស ហើយសេដ្ឋកិច្ចលេខ១ក្នុងពិភពលោក គេគ្រោងការរឿងនេះមិនមែនម្សិលមិញទេ។ គេគ្រោងការយូរហើយ»។
លោករៀបរាប់ត្រួសៗថា សហរដ្ឋអាមេរិកបានចាត់វិធានការសេដ្ឋកិច្ចជាច្រើនរាប់បញ្ចូលទាំងការបញ្ចុះតម្លៃការប្រាក់ទាប ផ្តល់ប្រាក់ដល់ពលរដ្ឋ អនុគ្រោះពន្ធ និងបញ្ចុះតម្លៃសាំងឬទំនិញដើម្បីជួយដល់សេដ្ឋកិច្ច និងដល់ពលរដ្ឋ ដូចដែលពេលមានវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ផងដែរ។
លោក ជា មាស ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតមកពីទីក្រុងហ្វីឡាឌែលហ្វីយ៉ា រដ្ឋ ភេនស៊ីលវីនៀ បានអះអាងថា លោកមានការពេញចិត្តពីរបៀបធ្វើការងាររបស់រដ្ឋាភិបាលអាមេរិក និងអ្នកនយោបាយដែលគិតគូរពីសុខទុក្ខពលរដ្ឋ បន្ថែមពីលើការគាំទ្រដល់ការអនុម័តលើថវិកាបន្ថែមសម្រាប់ផ្គត់ផ្គង់អ្នកត្រូវការចាំបាច់ក្នុងពេលកូវីដ១៩នេះ។
«ចំពោះមតិខ្ញុំ ខ្ញុំថា ត្រូវតែអនុម័ត ឬ approve ដើម្បីជួយដល់អ្នកដែលត្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ផ្ទះសម្បែង ថ្នាំពេទ្យ ។អ្នកខ្លះត្រូវការទិញថ្នាំអី អត់មានលុយមិនដឹងទៅរកអីពីព្រោះអត់ការងារ។អ៊ីចឹងត្រូវការលុយហ្នឹងហើយដើម្បីជួយគាត់រស់មួយគ្រារហូតដល់មានដំណើរការសេដ្ឋកិច្ចដើរឡើងមកប្រក្រតីវិញ»។
លោកថាលោកគាំទ្រខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការស្នើឲ្យមានការបន្តឧបត្ថម្ភលើកទី២ទៀត ហើយក៏គាំទ្រគោលនយោបាយរបស់លោក ត្រាំក្នុងការផ្តល់ថវិកានិង គិតគូរពីសុខទុក្ខពលរដ្ឋដែរ។
«ប៉ុន្តែបើផ្អែកតាមស្ថានភាពជាក់ស្តែង ខ្ញុំយល់ស្របតាមប្រធានាធិបតីបច្ចុប្បន្នដែលគាត់ដឹកនាំការងារបច្ចុប្បន្ន ការពារផ្នែកសុខាភិបាល ការពារពីរឿងបញ្ហាផលិតផលនាំចូលពីក្រៅ ត្រូវបង្កើតផលិតផលក្នុងស្រុកឲ្យបានច្រើនដើម្បីបង្កើនការងារក្នុងស្រុកឲ្យបានច្រើន ហើយបើគោលនយោបាយការងារខ្ញុំហាក់បីដូចជាយល់ស្របជាមួយលោកប្រធានាធិបតីបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំជាង»។
លោកថា លោកបានទទួលប្រាក់ឧបត្ថម្ភ១២០០ ដុល្លារពីរដ្ឋាភិបាលដែរ ដែលប្រាក់នេះបានជួយដល់លំនឹងប្រាក់ចំណូល ទ្រទ្រង់គ្រួសារ នៅពេលមានការរាតត្បាតនៃកូវីដ១៩ ហើយភរិយាលោកមិនបានធ្វើការ ហើយលោកធ្វើការងារពីផ្ទះជាមន្រ្តីខាងសុខុមាលភាពសង្គម។
របាយការណ៍ចុងក្រោយរបស់ក្រសួងការងារសហរដ្ឋអារិកបានបញ្ជាក់ថាការងារចំនួន ៤លាន៨សែន ត្រូវបន្ថែមក្នុងទីផ្សារការងារឡើងវិញនៅខែមិថុនានេះ ក្រោយពេល ដែលពលរដ្ឋជាង២០ លាននាក់បានបាត់បង់ការងារចាប់ពីខែមេសាមក ក្រោយពីរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្ន ហើយបិទដំណើរការសេដ្ឋកិច្ច ចំពេលដែលវីរុសកូរ៉ូណាវាយលុកខ្លាំងនៅសហរដ្ឋអាមេរិក។
រហូតមកទល់ថ្ងៃសុក្រ ដើមខែកក្កដា សហរដ្ឋអាមេរិក មានចំនួនមនុស្សជិត២ សែន ៧ម៉ឺននាក់ បានឆ្លងវីរុសនេះ និងចំនួនមនុស្សស្លាប់ជិត ១សែន ៣ម៉ឺននាក់។ ដោយឡែកក្នុងពិភពលោកចំនួនមនុស្សជិត១១ លាននាក់ បានឆ្លងវីរុសនេះ និងមនុស្សជាង៥សែន ២ម៉ឺននាក់ បានស្លាប់ដោយសារវីរុសកូវីដ១៩ ដែលបានកើតឡើងដំបូងក្នុងទីក្រុងវូហាន ប្រទេសចិន ហើយបានរីករាលដាលពាសពេញពិភពលោក៕