ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​វិញ


ស្ត្រី​ម្នាក់​ពិនិត្យ​ព័ត៌មាន​ស្តីពី​ការ​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ពី​មុខ​មជ្ឈមណ្ឌល​ការងារ WorkNet នៅ​ក្នុង​ក្រុង Arlington Heights រដ្ឋ Illinois កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​ពិនិត្យ​ព័ត៌មាន​ស្តីពី​ការ​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ពី​មុខ​មជ្ឈមណ្ឌល​ការងារ WorkNet នៅ​ក្នុង​ក្រុង Arlington Heights រដ្ឋ Illinois កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ដែល​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​វិញ​ចេញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ចុះខ្សោយ​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែល​បាន​បិទ​មណ្ឌល​ពាណិជ្ជកម្ម​រាប់ពាន់​កន្លែង ថ្វី​បើ​ពួក​អ្នក​ព្យាករណ៍​សេដ្ឋកិច្ច​និយាយ​ថា តួ​លេខ​អ្នក​គ្មាន​ការងារ​ធ្វើ​ នឹង​នៅ​តែ​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ទៀត​ក៏​ដោយ។

លោក Kudlow បាន​ប្រាប់​ទូរទស្សន៍​ខ្សែកាប CNN ថា «ខ្ញុំ​គិត​ថា​ យើង​កំពុង​វិលត្រឡប់​ទៅ​កាន់​ភាព​ដូច​ដើម​វិញ​ហើយ។ ឆ្នាំ២០២១​នឹង​ក្លាយ​ជា​ឆ្នាំ​មាន​សេដ្ឋកិច្ច​ខ្លាំង»។

លោក​និយាយ​ទៀត​ថា ការ​បន្ថែម​ប្រាក់​គ្មាន​ការងារ​ធ្វើ​៦០០ដុល្លារ​ក្នុង​មួយ​សប្តាហ៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​បើក​ទៅ​ឱ្យ​មនុស្ស​គ្មាន​ការងារ​ធ្វើ​៤០លាន​នាក់​បន្ថែម​លើ​ប្រាក់​គ្មាន​ការងារ​ធ្វើ​របស់​រដ្ឋ​នីមួយៗ​ទំនង​ជា​បញ្ចប់​ដូច​ដែល​បាន​គ្រោងទុក​នៅ​ចុង​ខែ​កក្កដា​ក្រោយ។

លោក​បាន​និយាយ​ទៀត​ថា «យើង​កំពុង​បើក​ប្រាក់​ឱ្យ​ពលរដ្ឋ​ដែល​មិន​ធ្វើ​ការ។ប្រាក់​នោះ​មាន​ចំនួន​ច្រើន​ជាង​ប្រាក់ខែ​របស់​ពួកគេ​ទៀត»។ លោក​បាន​និយាយ​ទៀត​ថា ការ​ជួយ​ពួក​កម្មករ​ដែល​គ្មាន​ការងារ​ធ្វើ​ អាច​ជា​ការ​ត្រឹមត្រូវ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​បិទ​ពាណិជ្ជកម្ម​ដែល​បណ្តាល​មក​ពី​មេរោគ​កូរ៉ូណា ក៏​ប៉ុន្តែ​មិន​មែន​ជា​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​និយាយ​ទៀត​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ​កំពុង​នឹក​គិត «ពី​ប្រភេទ​រង្វាន់​លើក​ទឹក​ចិត្ត​ខ្លះ​សម្រាប់​ការ​វិលត្រឡប់​ទៅ​ធ្វើ​ការ​វិញ» សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ថ្វី​មិន​មាន​ចំនួន​ច្រើន​ដូចជា​ប្រាក់​បន្ថែម​គ្មាន​ការងារ​ធ្វើ​ប្រចាំ​សប្តាហ៍​ដែល​ឱ្យ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បាន​ផ្តល់​ឱ្យ​រយៈពេល​២ខែ​កន្លះ​ក៏​ដោយ។ សមាជិក​សភា​ខ្លះ​បាន​ស្នើ​ផ្តល់​ប្រាក់​ជួយ​ឧបត្ថម្ភ​ចំនួន​១ពាន់​២រយ​ដុល្លារ​បើក​ឱ្យ​ពួក​កម្មករ​ដែល​វិលត្រឡប់​ទៅ​ធ្វើ​ការ​វិញ៕

XS
SM
MD
LG