សមាជិកសភាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដើម្បីបង្កើតកញ្ចប់ជួយសង្គ្រោះដ៏ធំមួយដើម្បីទ្រទ្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរដោយសារការខិតខំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ទីផ្សារភាគហ៊ុនបានធ្លាក់ចុះជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ក្រោយពីការខាតបង់កាលពីសប្តាហ៍មុនដែលបានធ្វើឱ្យអន្តរាយដល់ផលចំណេញស្ទើរតែទាំងអស់ដែលគេបានកត់ទុកក្នុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកដោយសារតែសកម្មភាពនៅតាមទីសាធារណៈទូទាំងប្រទេសបានផ្អាក។
ដោយរោងចក្រសហគ្រាស ភោជនីយដ្ឋាន និងសាលារៀនត្រូវបិទទ្វារ និងឧស្សាហកម្មទាំងមូលនៅដើរតតេះតតះ កម្មករកំពុងប្រឈមមុខនឹងការបញ្ឈប់ពីការងារ ការកាត់បន្ថយការងារជាច្រើនម៉ោង ឬត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកក្នុងការធ្វើការពេលមានជំងឺ ប្រសិនបើពួកគេខ្វះការអនុញ្ញាតឱ្យឈប់សម្រាកពេលឈឺដោយទទួលបានប្រាក់ខែ។
ទោះបីជាលទ្ធផលនៃការធ្វើតេស្តវិជ្ជមានត្រូវបានរកឃើញក្នុងចំណោមសមាជិកសភានៅក្នុងសភាទាំងពីរដែលបានបង្ខំឱ្យមានវិធានការផ្តាច់ខ្លួនក៏ដោយ ក៏មេដឹកនាំប្រជាធិបតេយ្យ និងសាធារណរដ្ឋបាននិយាយថា សមាជិកសភាត្រូវតែស្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ចប់ការងារលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច។
លោក Chuck Schumer មេដឹកនាំក្រុមសំឡេងភាគតិចនៃព្រឹទ្ទសភាមកពីទីក្រុងញូវយ៉ក បាននិយាយនៅក្នុងសាលប្រជុំព្រឹទ្ធសភាកាលពីសប្តាហ៍មុនថា «មេរោគនេះកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ យើងកំពុងរំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ច»។
ក្រុមសមាជិកសភា និងសេតវិមានបានរៀបចំផែនការជាដំណាក់កាលដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិក។
ដំណាក់កាលទី១គឺសមាជិករដ្ឋសភា ដំបូងផ្តោតលើការផ្តល់ថវិកាដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរុសកូរ៉ូណានេះ ដោយបានអនុម័តកញ្ចប់ថវិកាចំនួន៨ពាន់៣រយលានដុល្លារកាលពីដើមខែនេះ៕