ភ្នំពេញ —
បញ្ហាប្រឈមខ្លាំងបំផុតសម្រាប់ស្ត្រីជនជាតិដើមភាគតិចនៅភាគឦសានប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ នេះបើតាមតំណាងស្ត្រីជាជនជាតិដើមភាគតិចជាង២០នាក់មកពីតាមបណ្ដាខេត្តនានាដែលបានមកជួបជុំគ្នាក្នុងក្រុងភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីលើកឡើងពីការប្រឈមរបស់ពួកគេ។ សិក្ខាសាលាថ្នាក់ជាតិដែលមានរយៈពេលបីថ្ងៃនេះរៀបចំឡើងដោយសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា និងអ្នកការពារសិទ្ធិជនជាតិដើមភាគតិច។
ស្ត្រីអ្នកតំណាងដែលជាជនជាតិព្នង គួយ និងស្ទៀងជាដើម ដែលមកពីខេត្តចំនួន៨ បានលើកឡើងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយមិនមានការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានកំពុងតែយារយីដល់វប្បធម៌ ប្រភពស្បៀង និងវប្បធម៌ទំនៀមទម្លាប់របស់ពួកគេ ជាពិសេសស្ត្រីជនជាតិដើមភាគតិច។
លោកស្រីនួន ម៉ុន ជាជនជាតិគួយមកពីខេត្តព្រះវិហារ។
«ការឈូសឆាយរបស់ក្រុមហ៊ុនធ្វើឱ្យស្ត្រីជនជាតិដើមភាគតិចវេទនាក្នុងការប្រកបរបរចិញ្ចឹមជីវិត ដូចជាការទៅរកអនុផលព្រៃឈើ រកឱសថបុរាណ ទៅរកត្រីនៅត្រពាំងបឹងបួរគឺអត់មានទេ គឺគេលុប។ ដូច្នេះហើយបានជាមានការប្រឈមធ្ងន់ធ្ងរ ដូចជាក្រីក្រ ខ្វះលុយកាក់ឱ្យកូនទៅរៀនព្រោះវាបាត់បង់មុខរបរអស់ហើយ»។
ស្ត្រីជនជាតិដើមភាគតិចទាំងនោះក៏បានលើកឡើងដែរថា ជារឿយៗពួកគេបានរងគ្រោះពីការរើសអើង កេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្ស។ ហើយការដកហូតសិទ្ធិទាំងនេះប្រព្រឹត្តទៅ ព្រមគ្នាជាមួយអំពើហិង្សាដោយកងកម្លាំងប្រដាប់អាវុធ អ្នកមកតាំងទីលំនៅថ្មី អាជ្ញាធរ និងក្រុមហ៊ុនឯកជន។
អ្នកចូលរួមក៏បានលើកឡើងពីបញ្ហាប្រឈមផ្សេងៗទៀតដែរ ដូចជាការមិនទទួលបានការអប់រំ និងសេវាសុខភាពនៅតាមមូលដ្ឋានរបស់ខ្លួនជាដើម។
លោកងាច សាមិន ជាជនជាតិព្នង និងជាអ្នកសម្របសម្រួលគម្រោងនៃអ្នកការពារសិទ្ធិជនជាតិដើមភាគតិច ថ្លែងថា បញ្ហារបស់ស្ត្រីជនជាតិដើមភាគតិចមិនសូវបានលើកយកមកពិភាក្សានោះទេ។
«មូលហេតុដោយសារបញ្ហាមានច្រើន ប៉ុន្តែស្ត្រីជាកត្តាអាទិភាពសម្រាប់យើងលើកមកជជែក ដោយសារគាត់រងគ្រោះច្រើនក្នុងចំណោមជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិចយើងមានបញ្ហាច្រើន ដូចជាសិទ្ធិប្រើប្រាស់ដីធ្លីរបស់ពួកគាត់ត្រូវប្រឈមនឹងការរំលោភបំពាន ហើយក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួន មិនបានគោរពតាមគោលការណ៍ច្បាប់អ្វីទេ»។
សព្វថ្ងៃនេះកម្ពុជាមានជនជាតិដើមភាគតិច ឬជនជាតិខ្មែរលើចំនួនប្រហែល២៤ជនជាតិ ដូចជាព្នង ចារ៉ាយ គ្រឹង និងទំពួនជាដើម សរុបជាង២សែននាក់។
ពលរដ្ឋទាំងនេះភាគច្រើនរស់នៅភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ហើយប្រកបរបរកសិកម្មបែបប្រពៃណី និងអាស្រ័យអនុផលព្រៃឈើ។
ដោយឡែកជនជាតិដើមភាគតិចអម្បូរខ្លះទៀត ដូចជា មិល ខោញ ស្អូចជាដើម ត្រូវបានចាត់ថ្នាក់ក្នុងអម្បូរកំពុងរងការគំរាមកំហែង ឬជិតសាបសូន្យ។ នេះបើតាមការសិក្សាមួយរបស់អង្គការសហការកម្ពុជានៅឆ្នាំ២០១១។
លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី អះអាងថា រដ្ឋាភិបាលយកចិត្តទុកដាក់លើជនជាតិដើមភាគតិច ដូចជនជាតិខ្មែរទូទៅដែរ។
«គោលនយោបាយរបស់ក្រសួងកិច្ចការនារីគឺមិនប្រកាន់ទោះបីជាស្ត្រីហ្នឹងគាត់មកពីជនជាតិណាក៏ដោយ ឱ្យតែជាជនជាតិខ្មែរ។ ហើយយើងតែងតែយកចិត្តទុកដាក់ ជួយដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅភូមិភាគឦសានអញ្ចឹងក៏មានគម្រោង ទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាជួយពង្រឹងសមត្ថភាពរបស់ស្ត្រីដែលជាអ្នកដឹកនាំ ទាំងបងប្អូនជនជាតិ និងបងប្អូនដែលរស់នៅតំបន់នោះដែរ»។
បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ ស្ត្រីជនជាតិដើមភាគតិចទាំងនោះនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ អំពីបញ្ហាប្រឈមនិងសំណូមពររបស់ស្ត្រីជនជាតិដើមភាគតិច បញ្ជូនទៅក្រសួងពាក់ព័ន្ធនានា ដូចជាក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍជនបទ និងក្រសួងធនធានរ៉ែ និងថាមពលជាដើម៕