ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វេទិកា​គណបក្ស​នយោបាយ​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​និង​​ព្រៃឈើ


លោក​ឈិត សំអាត នាយក​ប្រតិបត្តិ​នៃអង្គការ​ NGO Forum​ថ្លែង​ក្នុង​ទិវា​បុណ្យ​ខួបអភិរក្ស​​ទន្លេសេសាន។​
មន្ត្រីសង្គម​ស៊ីវិល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឱ្យ​តំណាង​គណបក្ស​ធំៗ​បង្ហាញ​ពីគោល​នយោបាយ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​និង​បរិស្ថាន​ក្នុង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច។​

ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ទស្សនៈ​គណបក្ស​នយោបាយ​អំពី​បរិស្ថាន​និង​ដីធ្លី​ក្នុង​ទី​រួម​ខេត្ត​មណ្ឌល​គីរី​លោកឈិត សំអាត ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​(Ngo Forum) ​បាន​លើក​ឡើង​ថា​ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជា​ភាគី​ដែល​កំពុង​តែ​រង​គ្រោះ​ផ្នែក​ដីធ្លី​និង​ផ្នែក​បរិស្ថាន​ខ្លាំង​ជាង​គេ​ ព្រោះ​ថា​តំបន់​ដែល​ពួក​គេ​រស់​នៅ​គឺ​ជា​តំបន់​ស្នូលនៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ការ​សាងសង់​ទំនប់។​

លោក​បន្ថែម​ថា ​មក​ដល់​ពេល​នេះ​ទើប​តែ​មាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​៧​សហគមន៍​ប៉ុណ្ណោះ​ ដែល​បាន​ទទួល​កម្មសិទ្ធិ​ដី​សមូហភាព ​ក្នុង​ទំហំ​ដី​តិច​ជាង​មួយ​ម៉ឺន​ហិចតា។​

គាត់​និយាយថា៖ «ខេត្ត​មណ្ឌល​គីរី រតនគីរីក្រចេះ ​ស្ទឹងត្រែង​ និង​ព្រះវិហារ​ជា​តំបន់​ដែល​មានជាតិ​ដើម​ភាគ​តិច​រស់​នៅ​ច្រើន​ជាង​គេ​ ហើយ​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​លើ​ធនធាន​ធម្មជាតិ ​រ៉ែ ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ​និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​ចូលរួម​ចំណែក​អភិវឌ្ឍជាតិ​យ៉ាង​ខ្លាំង​ក្លា។ ទន្ទឹម​នឹង​នេះ ​ បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​តំបន់​អភិវឌ្ឍ​ ដូចជា​ការ​បាត់​បង់​ព្រៃឈើ​ ជា​ពិសេស​ក្នុង​តំបន់​ព្រៃ​ឡង់ ​ការ​ផ្លាស់ប្តូរ​ទី​លំនៅ​ វិវាទ​ដី​ធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​និង​ក្រុមហ៊ុន»។

មាន​ប្រជា​ពលរដ្ឋ​ជាង​១០០​នាក់​បាន​ចូលរួម​ក្នុង​វេទិកា​នេះ។ ​ភាគច្រើន​នៃ​អ្នក​ចូលរួម​គឺ​ជា​ជនជាតិ​ដើម​ភាគតិច​ ដូចជា​ជនជាតិព្នង​ គួយ ចារាយ​ និង​គ្រឹង​មកពីខេត្តមណ្ឌល​គីរីរតនគីរី​ស្ទឹងត្រែង​ ក្រចេះ ​និង​ព្រះវិហារ​ដែល​ភាគ​ច្រើន​គឺជា​អ្នក​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី។​

អ្នក​ចូល​រួម​បាន​លើក​ឡើងពី​បញ្ហា​ប្រឈម​ជា​ច្រើន​របស់​ពួកគេ​ប្រាប់​អ្នក​តំណាង​គណបក្ស​នយោ​បាយ ​រួម​មាន ​ការ​បាត់​បង់​កម្មសិទ្ធិ​ដី​ធ្លី​និង​មុខ​របរ​ ដោយ​សារ​ការ​ផ្តល់សម្បទានដី​សេដ្ឋ​កិច្ច ​និង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ជា​ដើម។​

ពលរដ្ឋ​ជនជាតិ​គួយ​ម្នាក់​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មក​ពី​ខេត្ត​ស្ទឹងត្រែងបានរៀបរាប់ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​ក្នុង​សហគមន៍​របស់​ខ្លួន​ក្នុង​វេទិកា​នេះ។​

គាត់​និយាយថា៖​ «កន្លង​មក​មិន​មាន​ការ​ទប់ស្កាត់​បទ​ល្មើស​ទេ​ មាន​តែ​បន្ធូរ​ឱ្យ​បទ​ល្មើស​នឹង​ចូល​រាន​ដី​ព្រៃ។ ​សព្វថ្ងៃក្នុង​តំបន់​ព្រៃ​ឡង់​គឺ​ធំធេង​មែន​ទែន​ ដែល​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ ​៤​ទៅ​៥​កុងតឺណឺ​ក្នុង​មួយ​ថ្ងៃ។ ​រី​ឯ​ពលរដ្ឋ​ គាត់​ដឹក​ឈើពីរ​បី​ដុំ ​សមត្ថកិច្ច​នាំ​គ្នា​មើល​ ចាប់​គាត់។​ ប៉ុន្តែ​គេ​ដឹក​ទាំងឡានៗ អត់​មាន​សមត្ថកិច្ច​ណា​បើក​ភ្នែក​មើល​សោះ»។​

​មាន​តែ​តំណាង​គណបក្សពីរ​ទេ​ដែល​បានចូលរួម​ក្នុង​វេទិកា​នេះ​គឺ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ ដោយ​ឡែក​ពុំ​មាន​អ្នក​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ មក​ចូលរួម​នោះទេ ​ដោយ​មន្ត្រីតំណាង​ម្នាក់​បានប្រាប់​ថា​ ជាប់​រវល់។ ប៉ុន្តែ​មាន​តំណាង​មក​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត​ជំនួស​វិញ។​

លោកសុន ឆ័យ ​អ្នកតំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ ​យល់​ស្រប​ពី​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ក្នុង​វេទិកា​នេះ។​

លោក​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ដែល​បាន​ស្តាប់​ផ្ទាល់​ពីអ្វី​ដែល​ពលរដ្ឋ​បាន​លើក​ឡើង​ ពីព្រោះ​លោក​ជួប​ប្រទះ​រឿង​ហ្នឹង​រាល់​ថ្ងៃ​ជាក់​ស្តែង ​ហើយ​មាន​ការ​ឈឺ​ចាប់​ណាស់ ​ព្រោះ​ពួកគាត់​ខំ​ការពារ​ព្រៃ​ឈើ​យ៉ាង​លំបាក ​ហើយ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់ ​មាន​តែ​ការ​ដោះសារ​ ហើយ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​ហាក់​ដូចជា​មាន​អ្នក​ការ​ពារ​ពី​ក្រោយ​ខ្នង​ថែម​ទៀត»។​លោកសុន ឆ័យ បន្ថែម​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​គណបក្ស​លោក​មាន​គោល នយោបាយពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ​ដំឡើង​ប្រាក់​បៀរវត្ស​មន្ត្រី​រា​ជការ ​និង​សើរើ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ។​

លោក​ឈឹម សាខន ​អ្នក​តំណាងគណបក្ស​ហ៊្វុនស៊ិនប៉ិច ​ក៏បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ ​ហើយ​ប្រសិន​បើឈ្នះ​ឆ្នោត ​គណបក្ស​លោក​នឹង​ផ្តោតលើ​ការ​ពង្រឹងប្រសិទ្ធិភាព​នៃ​ការ​អនុវត្ត​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​

លោក​ស្វាយ សំអ៊ាង​ អភិបាល​រង​ខេត្ត​មណ្ឌល​គីរី​ ក៏​បានទទួល​ស្គាល់​ថា ​ពិត​ជា​មានការ​កាប់​ឈើ​ខុស​ច្បាប់​ ដូចពលរដ្ឋ​លើក​ឡើង​មែន​ ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ។​

លោក​និយាយ​ថា៖​ «បើ​ពលរដ្ឋ​មូលដ្ឋាន​នៅ​ទី​នោះ ​មិន​រាយ​ការណ៍​មក​ដល់​សមត្ថកិច្ច ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ថា​តើ​ការ​ទប់​ស្កាត់​ហ្នឹង​ វា​គ្រប់​ច្រក​ល្ហក​ ឬ​អត់ ​គឺ​វា​អត់​ទេ។ ​ទប់​ស្កាត់​ថ្ងៃ​ លួច​កាប់​យប់។​ យើងទៅ​យប់​ វា​លួច​កាប់​ថ្ងៃ។​ អញ្ចឹង​ត្រូវ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ពី​ប្រជា​ពលរដ្ឋ»។

ពលរដ្ឋថ្លែង​ថា​ ពួកគេ​បាន​រាយ​ការណ៍​ពី​បទល្មើស​ទាំង​នោះ​ជូន​ដល់​អាជ្ញាធរ​ហើយ​ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធិភាព​ ហើយ​ពេល​ខ្លះ​មានការ​គំរាម​ពី​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ទៀត​ផង។​
សព្វ​ថ្ងៃ​នេះ​មាន​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ប្រហែល​២០​ជនជាតិ ​ដូចជា​ព្នង ​ចារាយ ​គ្រឹង ​និង​ទំពួន​ជា​ដើម ​ដែល​ភាគ​ច្រើន​រស់នៅភាគ​ឦសាន្ត​ ដូចជា ​ខេត្ត​មណ្ឌល​គីរី ​រតនគីរី ក្រចេះ ​និង​ស្ទឹងត្រែង​ ហើយប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី​និង​អាស្រ័យ​អនុផល​ព្រៃឈើ។​

វេទិកា​នេះ​ធ្វើឡើង​ស្របពេល​ដែលការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ដែល​មាន​គណបក្ស​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង។​

អ្នក​ចូលរួម​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​បាន​បង្ហាញ​គោល​ជំហរ​ដូចៗ​គ្នា​ថា​ ពួក​គេនឹង​បោះឆ្នោត​ឱ្យគណបក្ស​ណា​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​និង​បរិស្ថានជូន​ពួកគេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG