ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​ដើម​ភាគ​តិច​ខ្វះ​ការ​យល់ដឹង​អំពី​ការ​បោះឆ្នោត


ស្ត្រីជនជាតិ​ដើម​ភាគ​តិច​នៅ​​ភាគ​ឥសាន្ត​កំពុង​ស្បាញ​​ក្រណាត់។ រួបភាពផ្តល់ដោយ​ ICSO និង IOM។
ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មួយចំនួន​មិន​បាន​យល់ដឹង​អំពី​ការ​បោះឆ្នោត​ច្រើន​ទេ មូល​ហេតុ​ទំនង​ជា​បណ្តាល​មកពី​អនក្ខរភាព​និង​កង្វះ​ការ​យក​ចិត្តទុក​ដាល់​ផ្ទាល់​ពី​ពលរដ្ឋ​ទាំងនេះ។​

កំពុង​ស្ពាយកាផា​ពី​ក្រោយ​ខ្នងដើរ​ចេញ​ពី​ផ្សារ​នៅ​ទី​រួម​ខេត្ត​មណ្ឌល​គីរី​សំដៅ​ទៅ​ផ្ទះ​វិញ ​បន្ទាប់​ពី​លក់បន្លែ​អស់ ​ជឹម វី ​អាយុ​៤០ឆ្នាំ ​ស្ត្រី​ជនជាតិ​ព្នង ក្នុងស្រុកសែន​មនោរម្យ​ ខេត្ត​មណ្ឌល​គីរី ​បាន​និយាយ​ក្នុង​សំដី​រដឺន​ថា​ គាត់​ធ្លាប់​បាន​ទៅបោះឆ្នោត​៤​ដង​រួម​មក​ហើយ​ប៉ុន្តែមិន​ដឹង​ច្បាស់ថា​ បោះឆ្នោត​ដើម្បី​អ្វី​នោះ​ទេ។​

ស្រី្ត​ជា​ម្តាយ​កូន​បួននាក់នេះបន្ថែម​ថា ​អ្នកស្រី​ទៅ​បោះឆ្នោត​តាម​ចំណាំ​ពី​ការ​ណែនាំ​ពី​អាជ្ញាធរ​ប៉ុណ្ណោះ ​ដោយ​សារ​ខ្លួន​មិន​ចេះ​អក្សរ។​

អ្នកស្រី​និយាយ​ថា៖​ «គេ​ឱ្យ​គូស​អញ្ចឹង​ទៅ​ កន្លែង​មនុស្ស​បាច​ផ្កា។ ​គេ​ប្រាប់​អញ្ចឹង​ បោះ​តាម​អញ្ចឹង​រហូត​ទៅ។ ​ចេះ​តែ​គូសៗ​អញ្ចឹង​ទៅ ​អត់​ដឹង​ទេ។ ​គេ​ឱ្យ​គូស​ចំ​នេះៗ ​គូស​តាម​គេ។​ គូស​ផ្តេសផ្តាស​អញ្ចឹង​ទៅ ​មិន​ដឹង​គណបក្ស​ណា​ជា​គណបក្ស​ណា​ទេ»។​

ពលរដ្ឋ​ជនជាតិ​ព្នង​ម្នាក់​ទៀត​នៅ​ឃុំ​ដាក់ដាំ ​ខេត្ត​មណ្ឌល​គីរី​គឺអ្នកស្រី​គិ ​ហៀប អាយុ​២៧​ឆ្នាំ ​បានប្រាប់​ថា​ អ្នកស្រី​ទៅបោះ​ឆ្នោត​រាល់​ដង​ដោយមិនបាន​ដឹង​ពី​សារៈ​សំខាន់​នៃ​គោល​យោបាយ​របស់​គណបក្ស​និមួយៗ​នោះ​ទេ។​

អ្នកស្រី​ឲ្យដឹង​ថា៖​«អត់​ដឹង​ផង​ ឃើញ​គេ​ទៅ​បោះ​ ខ្ញុំ​ទៅ​បោះ​ដែរ។ ​ខ្ញុំ​អត់​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ផង។ ​បោះ​តាម​ចំណាំ។​ អ្នក​ដែល​ឈរ​ឈ្មោះដែល​យើង​ត្រូវ​បោះ​ឱ្យ។​ ខ្ញុំ​បោះ​ឱ្យ​តែ​គណបក្ស​ដដែល»។​

​ចំណែក​ឯពលរដ្ឋ​ជនជាតិ​ទៀង​កាត់​ខ្មែរ​ម្នាក់​មក​ពី​ខេត្ត​ក្រចេះ​គឺលោក​សន សាយ៉ាន​ អាយុ​៦៦​ឆ្នាំ​ បាន​ថ្លែង​ថា​ លោក​និង​អ្នកស្រុក​ផ្សេង​ទៀត​មិន​បាន​ទទួល​ព័ត៌មាន​ស៊ី​ជម្រៅពី​ការ​បោះឆ្នោត​ពី​សំណាក់​អាជ្ញាធរ​ទេ ​ដូច្នេះលោក​ត្រូវ​ស្វះស្វែង​រក​ដោយ​ខ្លួន​ឯង។​

លោក​និយាយ​ថា៖​ «គេអត់ប្រាប់​ខ្ញុំ​ទេ ​ហើយ​ខ្ញុំដឹង​តាម​ការ​ផ្សាយ​តាម​វិទ្យុ។ ខ្ញុំ​ទៅ​ពិនិត្យ​ខ្លួន​ឯង​នៅ​សាលា​ឃុំ​ក្រែង​បាត់​ឈ្មោះ​ខ្ញុំ»។​

ដោយឡែក​លោក​សន ហោច ​អាយុ​៥៩​ឆ្នាំ​ ជាជនជាតិ​ក្រចក់​ មក​ពី​ខេត្ត​រតនគីរី ​បាន​ថ្លែង​ប្រាប់​វីអូអេ​ ខេមរភាសា ​បន្ទាប់​ពី​ចេញ​ពី​ក្នុង​វេទិកា​ស្តីពី​គោល​នយោបាយ​គណបក្ស​ក្នុង​ខេត្ត​មណ្ឌល​គីរី​ កាលពី​ថ្ងៃពុធ​ថា លោក​និង​អ្នកស្រុក​ភាគ​ច្រើនបាន​ទទួល​ដំណឹង​ពីក្រុម​អាជ្ញាធរ​ថា​ ក្នុង​ខេត្ត​របស់​លោក​មាន​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ឈរ​ជា​តំណាង​គណបក្ស​សម្រាប់​ការបោះ​ឆ្នោតអាណត្តិ​នេះ។​

ជាមួយគ្នានេះ ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើមភាគតិច​មួយ​ចំនួន​ដែល​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស បានអះអាង​ថា​ ពួកគេមិន​ដឹង​ច្បាស់​ថា មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​ប៉ុន្មាន​ទេ​ក្នុង​អាណត្តិ​នេះ។​ ហើយ​ពួកគេ​ស្គាល់​ឈ្មោះ​គណបក្ស​កាន់​អំណាចតែ​មួយ​ប៉ុណ្ណោះ។​

សព្វ​ថ្ងៃ​នេះ​មាន​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ប្រហែល​២០​ជនជាតិ ​ដូចជា​ព្នង ​ចារាយ ​គ្រឹង ​និង​ទំពួន​ជា​ដើម។​ ពលរដ្ឋ​ទាំងនេះ​ភាគ​ច្រើន​រស់នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ ដូចជា ​ខេត្ត​មណ្ឌល​គីរី ​រតនគីរី ក្រចេះ ​និង​ស្ទឹងត្រែង​ ហើយ​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី​និង​អាស្រ័យ​អនុផល​ព្រៃឈើ។​

អ្នកស្រី​កែវ ដឺរ៉េ​ លេខាធិការ​អង្គការ​ខុមហ្វ្រែល​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​ដែល​ធ្វើ​ការ​ស្និទ្ធ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​តំបន់ ​បានកត់​សម្គាល់​ឃើញ​ថា ការ​ទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់​អំពី​ការ​បោះឆ្នោត​របស់​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ទាំង​នេះ​ប្រហែល​ជា​បណ្តាល​មកពី​ការខ្វះ​ការ​យក​ចិត្ត​ទុកដាក់​របស់​ពួកគាត់​ ដោយសារ​តែ​អ្នកស្រី​យល់​ថា​មាន​ការ​អប់រំ​ដល់​មូលដ្ឋាន​ជាច្រើន។​

ទោះ​បី​ជាយ៉ាង​ណា​អ្នកស្រី​គិត​ថា​ ក្រុមយុវជន​ជន​ជាតិ​ភាគតិច​មាន​ការ​យល់​ដឹងពី​ការ​បោះឆ្នោត​ប្រសើរជាង​មនុស្ស​វ័យ​ចំណាស់។​

អ្នកស្រី​និយាយ​ថា៖ «​ពួកគាត់​ដែល​មិន​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​ការ​បោះឆ្នោត​ហ្នឹង​គឺ​មាន​តែ​នៅ​តំបន់​ដាច់​ស្រយ៉ាល។​ ប៉ុន្តែ​អ្នក​ដែល​រស់​នៅ​ទីក្រុង​មាន​ការ​យល់​ដឹង​ប្រសើរ​ជាង​មុន។ ​ប្រសើរ​ជាង​មុន​ដោយសារ​គាត់​បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ ហើយ​មាន​ខិត្ត​ប័ណ្ណ​អី ​គាត់​ចេះ​អាន​ ចេះ​មើល។ អត់​ចេះ​អាន​ តែ​ចាស់​ៗ​ជំនាន់​មុន​ទេ»។​

ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា ​ដែល​មាន​គណបក្ស​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង។​

លោក​ទេព នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប.)​មាន​ប្រសាសន៍​ថា ​កង្វះ​បុគ្គលិក​និង​កង្វះ​ទំនាក់​ទនង​រវាង​ថ្នាក់ខេត្ត​ជាមួយ​នឹង​មូលដ្ឋាន​របស់ ខ្លួន​អាច​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ផ្តល់ព័ត៌មាន​ដល់អ្នក​បោះឆ្នោត​មាន​ការខ្វះ​ចន្លោះ។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​គ.ជ.ប.​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ អប់រំ​អំពី​ការបោះ​ឆ្នោត​ជាទូទៅ​បាន​ទូលំ ទូលាយ​ហើយ៕​
XS
SM
MD
LG