ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ភាគ​តិច​បន្ត​ដោះស្រាយ​ទំនាស់​តាម​ប្រពៃណី ជា​ជាង​តាម​ផ្លូវ​តុលាការ


អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។
អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។
ខេត្ត​រតនគីរី៖ នៅពេល​ដែល​ជម្លោះ​ដីធ្លី​នៅតែ​បន្ត​កើត​មាន​មិន​ឈប់ឈរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​រតនគីរី​ក៏​ស្ថិត​ក្នុង​ជម្លោះ​សង្គម​យ៉ាង​រាលដាលនេះដែរ។ ​ក៏ប៉ុន្តែ​ក្រុម​ជនជាតិ​ភាគតិច​ចូល​ចិត្ត​ការ​ដោះស្រាយ​ទំនាស់​នេះតាម​លក្ខណៈ​ប្រពៃណីក្នុង​ចំណោម​ពួកខ្លួន​ ជាជាង​ការដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ។ ​មូលហេតុ​ដោយសារពួក​គេ​ពុំ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន។​

យន្តការ​ដោះស្រាយ​ជម្លោះ​ប្រពៃណី​គឺ​ឈរ​លើ​មូលដា្ឋន​នៃ​ការ​ចរចា ​និង​សម្រុះ​សម្រួល​គ្នា ​ហើយ​ចាំ​ចាច់​តម្រូវ​ឱ្យ​មានការ​ឯកភាព​ជា​ឯកច្ឆ័ន្ទពី​ភាគី​ជម្លោះ​ទាំង​សង​ខាង​ ចាប់​តាំង​ពីមេ​កន្ទ្រាញ ​ឬ​ចាស់​ទុំ​ក្នុង​ស្រុក​ភូមិរហូត​ដល់​រដ្ឋ​អំណាច​ស្រុក។​

កំពុង​ឈរ​នៅ​ក្នុង​សាល​ប្រជុំ​នៃ​ជនជាតិ​ភាគតិច​ធ្វើ​អំពី​ឈើ ​នៅ​ក្បែរ​បឹង​យក្ស​ឡោម ​លោក​មឿន សារ៉ាន់​បាន​ឆ្លង​កាត់​ជម្លោះ​ដីធ្លី​ជាមួយ​បង​ជីដូន​មួយ​របស់​គាត់​នៅ​ស្រុក​កូន​មុំ ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​រតនគីរី ​កាលពី​ឆ្នាំ​២០១២។​

មាន​សម្បុរខ្មៅ​ស្រអែម ​លោក​មឿន សារ៉ាន់​ជាជនជាតិ​គ្រឹង ​បានរៀបរាប់​ថា​ តម្លៃ​ដីឡើង​ថ្លៃ​ធ្វើ​ឲ្យបង​ជីដូន​មួយ​របស់​គាត់​រឹប​អូស​ដី​ដែល​បាន​ចែក​ឲ្យ​រូប​លោក​នោះ​យក​មក​លក់​វិញ។​
«ដំបូង​ពេល​ខ្ញុំ​ចេញ​ពី​ទីរួម​ខេត្ត​ទៅ​នៅ​ជនបទ​ហ្នឹង ​ខ្ញុំ​អត់​មាន​ដី​ទេ​ ហើយ​ខ្ញុំ​មាន​បង​ប្អូន​ម្នាក់។ គាត់​បាន​ចែក​ដី​មួយ​ប្លង់​ឱ្យ​ខ្ញុំ​ ប៉ុន្តែ​ដល់​ដី​ឡើង​ថ្លៃ​អញ្ចឹង​ គាត់​ទារ​យក​វិញ ​នាំ​ឱ្យ​មាន​ការ​ប្រកែក​ប្តឹង​ផ្តល់រក​មេភូមិ​ មេ​ឃុំ​ឱ្យ​ជួយ​ដោះស្រាយ​ សម្រប​សម្រួល។ ​យើង​ដោះស្រាយ​តាម​របៀប​ប្រពៃណី ​អត់​រក​ច្បាប់​អ្វី​ទេ»។​

នៅ​ទីបំផុត ​លោក​សារ៉ាន់​បាន​ទទួល​សិទ្ធិ​កាន់កាប់​ដីរបស់ខ្លួន​បន្ត​ទៀត ​ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​នេះ។​

លោក​លើក​ឡើង​ថា ​ទីផ្សារដីធ្លីបាន​នាំ​ឲ្យ​សហគមន៍​ជនជាតិ​ភាគ​តិច​មាន​ជម្លោះ​ផ្ទៃ​ក្នុង។

«ឥឡូ​វ​ខុស​ពី​មុន​ឆ្ងាយ​ណាស់។​ ឥឡូវ​គេ​ឈ្លោះ​គ្នា​ច្រើន​រឿង​ដី​ធ្លី។ ​ពី​មុន​ដី​គ្មាន​តម្លៃ ​គេ​អត់​ខ្វល់​ទេ ​គេ​បោះបង់​ចោល ​ គេ​ទៅ​កាប់​ដី​ថ្មី​ធ្វើ​ចម្ការទៀត ​តែ​ឥឡូវដី​ឡើង​ថ្លៃ​ទៅ​ គេ​ឈ្លោះ​ប្រកែក​គ្នា​ ប្តឹង​ផ្តល់​គ្នា»។​

លោក​ឆាយ ធី ​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី ​ក៏​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជម្លោះ​នេះ​ដែរ។​ តួ​យ៉ាង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អង្គការ​អាដហុក​បាន​ទទួល​ពាក្យ​បណ្តឹងប្រហែល​៥០​ករណី​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។​ បណ្តឹង​ទាំង​នោះ​រួម​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​សហគមន៍​ជនជាតិ ​ជម្លោះ​រវាង​ជនជាតិ​ដើម​ជាមួយ​ឈ្មួញ​ដី​មាន​អំណាច ​និង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ​រឿង​ក្តី​ដែល​អង្គការ​នេះ​ទទួល​បាន​គឺ​សុទ្ធសឹង​តែ​ជា​ករណី​ដែល​បរាជ័យ​តាម​ដំណោះស្រាយ​ជម្លោះ​ប្រពៃណី​ ឬ​តាម​ផ្លូវ​តុលាការ។​ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក​ឆាយ ធី។​

លោក​យុង សាម ​អាយុ​៥២​ឆ្នាំ ​ជា​ប្រធាន​គណៈ​កម្មការ​បឹង​យក្ស​ឡោម និង​ជា​ជនជាតិ​ទំពួន។​ ដោយ​មាន​សំឡេង​រឌឺន​របៀប​អ្នកស្រុក​ដើម ​លោក​ពន្យល់​បន្ថែមថា៖​

«តាម​ប្រពៃណី​ គេ​ដោះស្រាយ​តាម​ចាស់​ទុំ​ ឬ​មេ​ភូមិ។ ​ចាស់​ទុំ​ហ្នឹងគឺ​គេ​មាន​ចាស់​ទុំ​ទាំង​សង​ខាង ​ឧទាហរណ៍​ភូមិ​«ក»​ក៏​មាន​ចាស់​ទុំ ភូមិ​«​ខ»​ក៏​មាន​ចាស់​ទុំ។​ គេ​មក​ជួប​គ្នា​ ដោះស្រាយ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​មាន​ហិង្សា​ ព្រោះ​ជនជាតិ​ដើម​ដូច​គ្នា។ ​ប្រសិន​បើ​ដោះស្រាយ​មិន​បាន​ជោគជ័យ ​ កន្លង​មក​គេ​កម្រទៅ​តុលាការ​ណាស់។ ​បើ​ដោះស្រាយ​តាម​ប្រពៃណី​ថ្នាក់ភូមិ​មិន​បាន​ជោគជ័យ ​គេ​ទៅ​រកឃុំ។​ ឃុំ​ហ្នឹង​ក៏​មាន​ឃុំ​ទាំង​សង​ខាង​ដូច​គ្នា។​ ជា​ទូទៅ​គេ​ដោះស្រាយ​ចប់​ត្រឹម​ថ្នាក់​ឃុំ»។

លោក​យុង សាម​គឺ​ជា​ចាស់​ទុំ​ក្នុង​ស្រុក​ម្នាក់ ​និង​ដែល​ធ្លាប់​ដោះស្រាយ​ទំនាស់​ជា​ច្រើន​នា​ពេល​កន្លង​មក​ផង​ដែរ។

លោក​បញ្ជាក់​ថា​ តាម​ប្រពៃណី​របស់​អ្នកស្រុក ​ប្រសិន​បើ​មាន​ការ​ខូច​ខាតអាច​មាន​ការ​សង​ជា​ស្រា​បិទ ​ជា​ជ្រូក ​ឬ​ប្រាក់​កាស​បន្តិច​បន្តួច​ទៅ​ភាគី​រង​គ្រោះ។​

បើ​តាម​លោក​យុង សាម ​ទោះ​បី​គ្មាន​ចរិត​ចាប់​បង្ខំ​ឱ្យ​អនុវត្ត​ដូច​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ក្តី​ យន្តការ​ប្រពៃណី​អ្នក​ស្រុក​នេះ​ភាគ​ច្រើន​ទទួល​បានជោគជ័យ​ក្នុង​ការ​បញ្ចប់​វិវាទ​។ ​លោក​អះអាង​ថា ​នេះ​ដោយ​សារចាស់​ទុំ​ក្នុង​ស្រុក​ជា​បុគ្គល​ ដែល​គេ​គោរព​ និង​គាត់​សម្រេច​ក្តី​ដោយ​យុត្តិធម៌​ ភ្ជាប់​ជាមួយ​ហេតុ​ផល​សមរម្យ ​និង​ម្យ៉ាង​ទៀតដោយ​សារ​ជនជាតិ​ដើម​ភាគ​តិចមិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​តាម​តុលាការ។​

«ករណី​ដល់​តុលាការ​ ទាល់​តែ​ករណី​បង្ក​របួស​ស្នាម​ ឬ​ក៏​ប្លន់​គេ​ ឬ​រំលោភ​គេ ​ទើប​ដល់​តុលាការ។ ​ទំនាស់​ជាមួយ​បង​ប្អូន​ខ្មែរ​យើង​ហើយ​និង​ក្រុមហ៊ុន​គឺ​ដោះស្រាយ​ផ្សេង។ ​ដោះស្រាយ​ហ្នឹង​គឺ​មិន​ដោះស្រាយ​តាម​ប្រពៃណី​ទេ ​ដោយ​សារ​គេ​កាន់​ច្បាប់​ គេ​រក​ច្បាប់។ ​ដល់​ពេល​រក​ច្បាប់​គឺ​ពិបាក​ត្រង់​ថា​ អ្នក​ដែល​មាន​លុយ​គឺ​ឈ្នះ​តែ​ម្តង ​អ្នក​អត់​គឺ​ចាញ់។ ​ដូច្នេះ​បាន​ជា​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគីរី​គេ​ច្រើន​តែ​ដោះស្រាយ​តាម​ប្រពៃណី»។

លោក​ម៉ង វិចិត្រ ​ប្រធាន​កម្មវិធី​នៅ​អង្គការ​សមាគម​ខ្មែរ​លើ​ យល់​ថា​ ការ​កាត់​ក្តី​តាម​បែប​ប្រពៃណី​គឺ​មាន​យុត្តិធម៌​ជាងតាម​ប្រព័ន្ធ​តុលាការ។​

«ការ​កាត់​តាម​បែប​ប្រពៃ​ណី​គឺ​យុត្តិធម៌​បំផុត ​ទោះ​បី​ជា​គាត់​អត់​ចេះ​អក្សរ​ និង​ច្បាប់​ ប៉ុន្តែ​អ្នក​ខុស ​គាត់​ថា​ខុស ​អ្នក​ណា​ត្រូវ​ គាត់​ថា​ត្រូវ។ ​ប៉ុន្តែ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សម័យ​ទំនើប ​មាន​លក្ខណៈ​លម្អៀង ​មាន​ការ​ប្រកាន់​បក្ស​ពួក​បន្តិច»។​

សព្វ​ថ្ងៃ​នេះកម្ពុជា​មាន​ជនជាតិ​ដើម​ភាគ​តិច​ ឬ​ជនជាតិ​ខ្មែរ​លើចំនួន​ប្រហែល​២៤ជនជាតិ ​ដូច​ជា​ព្នង ​ចារាយ ​គ្រឹង ​និង​ទំពួន​ជា​ដើម​ សរុបជាង​២​សែន​នាក់។​

ពលរដ្ឋ​ទាំងនេះ​ភាគ​ច្រើន​រស់នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ ដូចជា​ខេត្ត​មណ្ឌល​គីរី ​រតនគីរី ក្រចេះ ​និង​ស្ទឹងត្រែង​ ហើយ​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី​និង​អាស្រ័យ​អនុផល​ព្រៃឈើ។

ដោយ​ឡែក ​ជនជាតិ​ដើម​ភាគ​តិចអម្បូរ​ខ្លះ​ ដូចជា​មិល ​ខោញ ​ស្អូច​ជា​ដើម ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​អម្បូរ​កំពុងរង​ការ​គំរាម​កំហែង​ ឬ​ជិត​សាបសូន្យ។ ​នេះ​បើ​តាម​ការ​សិក្សា​មួយ​របស់​អង្គការ​សហការ​កម្ពុជា​នៅ​ឆ្នាំ​២០១១។​

លោក​ម៉ង វិចិត្រលើក​ឡើង​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​ដី​សមូហភាពរបស់​សហគមន៍ជនជាតិ​ដើម​ទៅ​ជា​កម្មសិទ្ធិ​ឯកជន ​បាន​ធ្វើ​ឲ្យ​មាន​វិវាទ​ និងការ​រង្គោះរង្គើរ​សាមគ្គី​ភាព​ក្នុង​ចំណោះជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។​

ជាមួយ​គ្នា​នេះ​ ទីផ្សារដីធ្លី​ទំនង​ជា​មូលហេតុ​មួយ​បន្ថែម​ទៀត​ដែល​ជំរុញ​ឲ្យ​សហគមន៍​ជនជាតិ​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ជួប​វិបត្តិ​ផ្ទៃ​ក្នុង​កាន់តែ​ច្រើន។ ​នេះ​បើ​ផ្អែក​តាមលោក​សាំ យ៉ុង​ ជា​ពលរដ្ឋជនជាតិ​ទំពួនរស់​នៅ​សហគម​ន៍​បឹង​យក្ស​ឡោម។

បុរស​អាយុ​៥១ឆ្នាំ​នេះ​កត់​សម្គាល់ថា​ ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មូល​ហេតុ​ចម្បង​នៃ​ទំនាស់​ផ្ទៃ​ក្នុង​របស់​សហគមន៍​ជនជាតិ​ភាគតិច​ គឺ​ដោយ​សារ​ទំនាស់​ដី​ធ្លី។​ ទំនាស់​បែប​នេះ​ច្រើន​កើត​ឡើង​រវាងក្រុម​ប្រជា​ពលរដ្ឋ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន។​

ទោះជាយ៉ាងណា ​លោក​សាំ យ៉ុង​បញ្ជាក់​ថា​ ការ​ដោះស្រាយ​ទំនាស់​នេះ​មិន​អាច​គេច​ផុត​ពី​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​នោះ​ទេ​ ត្បិត​ក្រុម​ហ៊ុន​ឯកជន​មិន​យល់​ព្រម​តាម​វិធី​សម្រុះ​សម្រួល​បែប​ប្រ​ពៃ​ណី​ទេ៕​
XS
SM
MD
LG